អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន និង​អឺរ៉ុប​បាន​ឲ្យ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នយោបាយ និង​សេដ្ឋកិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃទី១៦ កញ្ញា​នេះ សភា​អឺរ៉ុប និង​សភាអ៊ុយក្រែន​រៀបចំ​បោះឆ្នោត​ដំណាល​គ្នា​ឲ្យ​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​នយោបាយ និង​សេដ្ឋកិច្ច​រវាង​សហភាព​អឺរ៉ុប និង​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​ចំណោម​កិច្ចព្រមព្រៀង​ទំាង​ពីរ​នោះ មាន​តែ​កិច្ចព្រមព្រៀង​នយោបាយ​ទេ​ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ រីឯ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ត្រូវ​បាន​ទីក្រុង​គៀវ ម៉ូស្គូ និង​គណៈកម្មការ​អឺរ៉ុប​សម្រេច​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នៅ​ដំណាច់​ឆ្នំា ២០១៥។ លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​បាន​ចាត់​ទុក​ថ្ងៃ​នេះ ជា​ថ្ងៃ​ប្រវត្តិសាស្រ្ត​មួយ​ដ៏​សំខាន់​សម្រាប់​ប្រទេស និង​ប្រជាជន​អ៊ុយក្រែន។ តែ​អ្វី​ជា​ការ​កត់សម្គាល់ ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​អ៊ុយក្រែន​កំពុង​បន្ត​អុកឡុក​ដោយ​ពួកអ្នកទាមទារ​ផ្តាច់ទឹកដី​និយម​គំាទ្រ​រុស្ស៊ី។

សភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារំាង
សភា​អឺរ៉ុប​ក្នុង​ទីក្រុង Strasbourg ប្រទេស​បារំាង Reuters/Vincent Kessler
ផ្សាយពាណិជ្ជកម្ម

កិច្ចព្រមព្រៀង​នយោបាយ និង​សេដ្ឋកិច្ច​រវាង​អ៊ុយក្រែន និង​សហភាពអឺរ៉ុប​ត្រូវ​បាន​គេ​រៀបចំ​អស់​រយៈ​ជា​យូរ​មក​ហើយ និង​ដែល​តាម​ការ​គ្រោង​ទុក ត្រូវ​ចុះ​ហត្ថលេខា​តំាង​ពី​ជំនួបកំពូល​អឺរ៉ុប​ក្នុង​ទីក្រុង​វីលនីញូស ប្រទេស​លីទុយអានី​ពី​ថ្ងៃទី២៨ ដល់​ថ្ងៃទី២៩ វិច្ឆិកា​ឆ្នំា ២០១៣។ តែ​កាលណោះ មួយ​សប្តាហ៍​មុន​នឹង​ជំនួបកំពូល​អឺរ៉ុប​ចាប់​ផ្តើម ប្រធានាធិបតី​អ៊ុយក្រែន​ជំនាន់​នោះ គឺ​លោក​វ៉ិចទ័រ អ៊ីយ៉ានូកូវិក​បែរ​ជា​បាន​សម្រេចចិត្ត​​មិន​ភ្ជាប់​ខ្លួន​ជាមួយ​អ៊ឺរ៉ុប ដោយ​ងាក​ទៅ​ឱបរឹត​ជាមួយ​រុស្ស៊ី​វិញ។ ជម្រើស​របស់​លោក​ប្រមុខរដ្ឋ​អ៊ុយក្រែន​អ៊ីយ៉ានូកូវិក​កាលណោះ​មក​ពី​លោក​យល់​ថា ការ​ដាក់​ទុន​រកស៊ី​ជាមួយ​រុស្ស៊ី​នឹង​អាច​ផ្តល់​ផលចំណេញ​ច្រើន​ជាង​អឺរ៉ុប។ តែ​គេ​ក៏​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា គឺ​ប្រហែល​ជា​រឿង​ប្រវត្តិសាស្រ្ត​ដែល​បាន​បង្ខំ​ឲ្យ​លោក​អ៊ីយ៉ានូកូវិក​សម្រេច​យ៉ាង​ដូច្នោះ ព្រោះ​ចូរ​កុំ​ភ្លេច​ថា អ៊ុយក្រែន​ជា​អតីត​សាធារណរដ្ឋ​ក្នុង​ជំនាន់​សហភាព​សូវៀត និង​ដែល​រុស្ស៊ី​សម័យ​លោក​ពូទីន​មិន​ចង់​ឃើញ​អតីត​កូនចៅ​របស់​ខ្លួន​ណា​មួយ​រត់​ទៅ​រក​ស្នេហា​ជាមួយ​អ្នក​ផ្សេង​ទេ ពិសេស​អ្នក​ដែល​រុស្ស៊ី​ពិបាក​និយាយ​ស្តាប់​គ្នា ដូច​ករណី​សហភាពអឺរ៉ុប​សព្វថ្ងៃ។

គួរ​ជម្រាប​ជូន​ថា មាន​អតីត​រដ្ឋ​ក្នុង​សម័យ​សហភាព​សូវៀត​ជា​ច្រើន​ដែល​បាន​ក្លាយ​ជា​រដ្ឋឯករាជ្យ​សព្វថ្ងៃ ដូច​ករណី​អ៊ុយក្រែន តែ​ត្រូវ​បាន​រស្ស៊ី​ក្នុង​សម័យ​លោក​ពូទីន​ព្យាយាម​អូស​ទាញ​ឲ្យ​ចូល​ជា​មួយ​ខ្លួន​តាម​រយៈ​ការ​បង្កើត​សហភាព​ពន្ធដារ។ គឺ​ទង្វើ​របស់​លោក​ប្រមុខ​រដ្ឋ​រុស្ស៊ី​ពូទីន​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​អ៊ុយក្រែន​ធ្លាក់​ក្នុង​វិបត្តិនយោបាយ​មួយ​យ៉ាង​ជ្រៅ​នៅ​ពេល​នេះ។

រុស្ស៊ី​កំពុង​បន្ត​ដាក់​គំនាប​លើ​អឺរ៉ុប និង​អ៊ុយក្រែន

សម្រាប់​ប្រទេស និង​ប្រជាជន​អ៊ុយក្រែន​ភាគច្រើន​គឺ​ច្បាស់​ណាស់ កិច្ចព្រមព្រៀង​ដែល​អឺរ៉ុប និង​អ៊ុយក្រែន​ទើប​ឲ្យ​សច្ចាប័ន​ថ្ងៃ​នេះ ពិត​ជា​ជោគជ័យ​មួយ​ដែល​ខ្លួន​បាន​រង់ចំា​អស់​ជា​យូរ​មក​ហើយ ដោយ​គេ​យល់​ថា ជោគវាសនា​អនាគត​របស់​ប្រទេស​អ៊ុយក្រែន​ត្រូវ​តែ​ឆ្លង​កាត់​តាម​ទំនាក់ទំនង​ជាមួយ​សហភាព​អឺរ៉ុប គឺ​មិន​មែន​ជាមួយ​ប្រទេស​រុស្ស៊ី​ដែល​ជា​អតីត​អាណាព្យាបាល។ រីឯ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ​ដែល​ជា​អ្នកនិយម​អឺរ៉ុប​មិន​ញញើត​នឹង​បាន​ចាត់​ទុក​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​មួយ​សម្រាប់​ប្រទេស​អ៊ុយក្រែន​ទំាង​មូល។ ចំណែក​ប្រទេស​រុស្ស៊ី​ឯណោះ នេះ​ពិត​ជា​ព្រឹតិ្តការណ៍​មួយ​ដែល​លោក​ពូទីន​មិន​អាច​សម្តែង​ការ​ត្រេកត្រអាល​ទេ។ តែ​ក៏​គេ​មិន​អាច​ថា ជា​រឿង​បរាជ័យ​សម្រាប់​ក្រុង​ម៉ូស្គូ​ដែរ ព្រោះ​ថា កិច្ចព្រមព្រៀង​ដែល​សភា​អឺរ៉ុប និង​សភា​អ៊ុយក្រែន​ឲ្យ​សច្ចាប័ន​ព្រម​គ្នា​ថ្ងៃ​នេះ​មាន​ពីរ​ផ្នែក គឺ​ផ្នែក​នយោបាយ និង​ផ្នែក​សេដ្ឋកិច្ច​ដោយ​ទាក់ទង​ជា​ពិសេស​លើ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ដោយ​សេរី​រវាង​សហភាពអឺរ៉ុប និង​អ៊ុយក្រែន។

នៅ​ក្នុង​ផ្នែក​ទំាង​ពីរ​នេះ គឺ​មាន​តែ​កិច្ចព្រមព្រៀង​នយោបាយ​ទេ​ដែល​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​ក្រោយ​ពី​ឲ្យ​សច្ចាប័ន​រួច។ ចំណែក​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ដែល​តាម​គម្រោង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃទី១ វិច្ឆិកា​ខាង​មុខ​ត្រូវ​បាន​ភាគី​រុស្ស៊ី អ៊ុយក្រែន និង​អឺរ៉ុប​សម្រេច​ដាក់​ឲ្យ​ចូល​ជា​ធរមាន​នៅ​ដំណាច់​ឆ្នំា ២០១៥ ឯណោះ។ នេះ​ក៏​ដោយសារ​តែ​មាន​ការ​ដាក់​គំនាប​ពី​រុស្ស៊ី​ដែល​ចង់​បន្ត​កិច្ចចរចា​ជាមួយ​អឺរ៉ុប​ជា​បន្ត​ទៀត។ តែ​ក្នុង​ពេល​រង់ចំា អ៊ុយក្រែន​អាច​បន្ត​ទទួល​ការ​បញ្ចុះ​តម្លៃ​ពន្ធដារ​លើ​ផលិតផល​របស់​​ខ្លួន​ដែល​នំា​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប។ ឃើញ​ថា ស្ស៊ី​នៅ​តែ​មាន​ប្រៀប​ជាង​អឺរ៉ុប និង​អ៊ុយក្រែន​តែ​ដដែល ព្រោះ​ថា គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​រវាង​អ៊ុយក្រែន និង​អឺរ៉ុប​នេះ​ឯង​ដែល​ទីក្រុង​ម៉ូស្គូ​ជំទាស់​ខ្លំាង​ជាង​គេ។ អ៊ីចឹង​ហើយ​បាន​ជា​មាន​ថ្នាក់ដឹកនំា​អឺរ៉ុប​ខ្លះ​បញ្ចេញ​ប្រតិកម្ម​រិះគន់ ទិតៀន​អឺរ៉ុប​ថា អឺរ៉ុប​បាន​ទុក​បណ្តោយ​ឲ្យ​រុស្ស៊ី​បង្វិលក្បាល​ស្រេច​តែ​នឹង​ចិត្ត និង​ថា នៅ​ក្រោយ​ឆ្នំា ២០១៥ រុស្ស៊ី​នឹង​អាច​សុំ​បន្ត​ពន្យាពេល​ចរចា​បន្ថែម​ទៀត​ក៏​អាច​ថា​បាន។

សភាអ៊ុយក្រែន​ពិនិត្យ​គម្រោង​ច្បាប់​ស្តីពី​ការ​លើកលែងទោស និង​ការ​ផ្តល់​លក្ខន្តិកពិសេស​ឲ្យ​តំបន់​ប៉ែកខាងកើត

គម្រោង​ច្បាប់​ទំាង​ពីរ​នេះ​ត្រូវ​បាន​ស្នើ​ឡើង​ដោយ​លោក​ប្រធានាធិបតី​អ៊ុយក្រែន​ប៉េត្រូ ប៉ូរ៉ូឆេនកូ និង​សម្រាប់​អនុវត្តន៍​តែ​នៅ​ក្នុង​តំបន់​ប៉ែកខាងកើត​ដែល​កំពុង​ទទួល​រងការ​បះបោរ​ទាមទារ​ផ្តាច់ទឹកដី​និយម។ ច្បាប់​លើកលែង​ទោស គឺ​សម្រាប់​តែ​ជនបះបោរ​ណា​ដែល​គ្មាន​បាតដៃ​ប្រឡាក់​ឈាម និង​អ្នក​ដែល​បាន​យល់ព្រម​ចុះចូល​ជាមួយ​រដ្ឋាភិបាល​អ៊ុយក្រែន។ តែ​ចំពោះ​អ្នកដែល​បាន​សម្លាប់​មនុស្ស រំលោភ​លើ​រាងកាយ​អ្នកដទៃ ឬ​ប្រព្រឹត្តិ​ទង្វើ​ភេរវនិយម​នឹង​មិន​អាច​ទទួល​ការ​លើកលែង​ទោស​ដោយ​ច្បាប់​នោះ​ទេ។ មួយ​វិញ​ទៀត ជន​ដែល​បាន​បាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២៩៨នាក់​ក៏​គ្មាន​សិទ្ធិ​រួច​ទោស​ដែរ។

ទាក់ទង​នឹង​គម្រោង​ច្បាប់​ផ្តល់​លក្ខន្តិកពិសេស​ឲ្យ​តំបន់​ប៉ែក​ខាងកើត លោក​ប្រមុខរដ្ឋអ៊ុយក្រែន​ចង់​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ស្វ័យ័ត​បណ្តោះអាសន្ន​មួយ។ តែ​ពួកអ្នកប្រឆំាង​ចង់​បាន​ឯករាជ្យ​ផ្តាច់​ចេញ​ពី​ការ​គ្រប់គ្រង​របស់​ទីក្រុង​គៀវ។ គម្រោង​បង្កើត​ច្បាប់​ទំាង​ពីរ​ខាង​លើ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង នៅ​ក្រោយ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឈប់​បាញ់​កាល​ពី​ថ្ងៃទី ៥ កញ្ញា និង​ក្នុង​បំណង​តែ​មួយ​គត់ គឺ​បិទបញ្ចប់​វិបត្តិ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ជិត ៣ ០០០នាក់​ក្នុង​រយៈពេល​ជាង ៥ខែ​កន្លង​ទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ