អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អឺរ៉ុបបើក​ជំនួប​កំពូលស្តី​ពី​ជំនួយ​សម្រាប់​អ៊ុយក្រែន​ ក្រោម​សម្ពាធ​និង​​​កំហឹង​កសិករ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃព្រហស្បតិ៍​ទី​១កុម្ភៈ​២០២៤​នេះ សមាជិក​សហភាពអឺរ៉ុបទាំង​២៧​ប្រទេស​បាន​មក​ជួប​ជុំ​គ្នា​​បើក​ជំនួប​កំពូល​វិសាមញ្ញ​ ដើម្បី​ជជែក​អំពី​បញ្ហា​​ថវិកា​និងអនុម័ត​​ជំនួយ៥០ពាន់​លាន​អឺរ៉ូ​​សម្រាប់​អ៊ុយក្រែន។ ជំនួប​ប្រជុំ​ត្រូវ​រក​វិធី​​ជំនះ​ចិត្ត​ហុងគ្រីឱ្យ​បាន​ ហើយ​ត្រូវ​​ពន្លត់​កំហឹង​កសិករ​អឺរ៉ុប​ទៀត។ កសិករ​និង​ត្រាក់ទ័រ​រាប់​ពាន់គ្រឿង​​បាន​នាំ​គ្នា​ទៅ​ដល់​មុខ​សហភាព​អឺរ៉ុប​នា​ទីក្រុង​ព្រុចសែលប្រទេស​ប៊ែលហ្ស៊ិក។ ហេតុ​អ្វី​ហុងគ្រី​ជំទាស់​នឹង​ការ​ផ្តល់​ជំនួយ​ដល់​អ៊ុយក្រែន ? ហើយ​ហេតុ​អ្វី​បាន​ជា​កសិករ​អឺរ៉ុប​ផ្ទុះ​កំហឹង​រាល​ដាល​ខ្លាំង​ដូច្នេះ?

​​​​អឺរ៉ុបបើក​ជំនួប​កំពូលស្តី​ពី​ជំនួយ​សម្រាប់​អ៊ុយក្រែន​ ក្រោម​សម្ពាធ​និង​​​កំហឹង​កសិករ
​​​​អឺរ៉ុបបើក​ជំនួប​កំពូលស្តី​ពី​ជំនួយ​សម្រាប់​អ៊ុយក្រែន​ ក្រោម​សម្ពាធ​និង​​​កំហឹង​កសិករ AP - Virginia Mayo
ផ្សាយពាណិជ្ជកម្ម

ជំនួបកំពូល​វិសាមញ្ញ​អឺរ៉ុប​ថ្ងៃ​នេះ ជា​ជំនួប​ផ្តាច់ព័ត្រដែល​គេ​សង្ឃឹម​ថា​នឹង​អាច​បញ្ចុះ​បញ្ចូល​ហុងគ្រី​បាន​ និង​បង្ហាញ​សាមគ្គីភាព​ជា​ធ្លុង​មួយ​របស់​អឺរ៉ុប​ ក្នុង​ការ​ផ្តល់​ជំនួយដល់​​អ៊ុយក្រែន។  

តាំងពី​ផ្ទុះ​សង្គ្រាម​រុស្ស៊ី​ចូល​ឈ្លានពាន​អ៊ុយក្រែន​មក អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ជា​បន្ត​បន្ទាប់​ដល់​អ៊ុយក្រែន តែ​ក្នុង​ទម្រង់​ជា​ការ​ព្រមព្រៀង​អន្តររដ្ឋាភិបាល​ដែល​តម្រូវ​ឱ្យ​មាន​ការ​យល់ព្រម​ពី​​ជាតិ​នីមួយៗ​ជា​រៀង​រាល់​ឆ្នាំ។ ជា​បែប​បទ​ដ៏​ស្មុគស្មាញ ទើប​អឺរ៉ុប​ចង់​បង្កើត​កញ្ចប់​ថវិកាតែ​មួយ​​​​រួម​គ្នា​សម្រាប់​អ៊ុយក្រែន និង​ដើម្បី​ឱ្យ​អ៊ុយក្រែន​អាច​ព្យាករ​ហិរញ្ញវត្ថុ​បាន​ស្រួល​បន្តិច។

កញ្ចប់​គម្រោងជំនួយ​​ថវិកានេះ​មាន​តម្លៃ​ ​៥០ពាន់​លាន​អឺរ៉ូ ៖ ៣៣​ពាន់​លាន​ជា​ប្រាក់​កម្ចី​​ការ​ថោក និង​១៧ពាន់​លាន​ជា​ប្រាក់​ឧបត្ថម្ភ​ ក្នុងក្របខ័ណ្ឌ​ថវិកាអឺរ៉ុប​ពី​ឆ្នាំ​២០២៤-២០២៧។ ដើម្បី​អនុម័ត​គម្រោង​ថវិកា​នេះ​បាន សហភាព​អឺរ៉ុប​ត្រូវ​ការ​ការ​ព្រមព្រៀង​ពី​សមាជិក​ទាំង​២៧​ប្រទេស។

ប៉ុន្តែ​ ហុងគ្រី​ដែល​ដឹកនាំ​ដោយ​​លោកនាយករដ្ឋមន្ត្រី ​អ័របាន ជាប្រមុខ​ដឹកនាំ​ប្រទេស​បែប​ប្រជាភិថុត​តែ​ម្នាក់​គត់​ក្នុង​ចំណោម​សមាជិកសហភាពអឺរ៉ុប ដែល​នៅ​បន្ត​មាន​ទំនាក់ទំនង​ជិត​ដិត​ជាមួយ​នឹង​រុស្ស៊ី​ ​បាន​ប្រកាស​ជំហរ​ជំទាស់ ដោយ​​ទាមទារ​សុំ​ ​សើរើ​មើល​គម្រោង​ជំនួយ​អ៊ុយក្រែន​ជារៀង​រាល់​ឆ្នាំ​ តាម​រយៈ​ការ​អនុម័ត​ជា​ឯកច្ឆ័ន្ទ។​

ជំនួយ​សហភាពអឺរ៉ុប​ដោយ​គ្មាន​ហុងគ្រី​?

ប៉ុន្តែអឺរ៉ុប​​មិន​ចង់​ផ្តល់​ឱកាស​ឱ្យ​ហុងគ្រី​មាន​សិទ្ធិ​ប្រឆាំង​វេតូ​​សម្រាប់​ជាធ្នាក់​ទាមទារ​ការ​ដោះដូរ​អ្វី​មួយឡើយ​ ទើប​ចង់​លួង​លោម​និង​បញ្ចុះ​បញ្ចូល​រក​ផ្លូវ​កណ្តាល​មួយ​ដែល​ទទួល​យក​បាន​ទាំងអស់​គ្នា។ ​សហភាព​អឺរ៉ុប​ព្រម​​រៀប​ចំ​ការ​តស៊ូ​មតិថ្នាក់​ប្រមុខ​រដ្ឋ​-រដ្ឋាភិបាល​ ជុំ​វិញ​បញ្ហា​ថវិកា​ជំនួយ​នេះ ​ជា​រៀង​រាល់​ឆ្នាំ តែដោយ​គ្មាន​លទ្ធភាព​ប្រឆាំង​ទេ។

នេះ​ជាការ​បន្ទន់​ឥរិយាបថ​បន្តិច​របស់អឺរ៉ុប​ចំពោះហុងគ្រី​ហើយ។ ហើយ​នៅទី​បំផុតហុងគ្រី​ក៏​យល់​ព្រម។ អឺរ៉ុប​២៧​ប្រទេស​បាន​សម្រេច​ព្រមព្រៀង​គ្នា​បើក​​កញ្ចប់​ថវិកា​ជំនួយ​ដល់​អ៊ុយក្រែន​ក្នុង​ក្របខ័ណ្ឌ​សហភាព​អឺរ៉ុប។ នេះ​បើ​តាម​សារ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក​ Charles Michel។

បាតុកម្ម​កសិករ​បង្វែររបៀបវារៈ​នៃ​ជំនួប​​សហភាពអឺរ៉ុប?

ផ្តើម​នៅ​ប្រទេស​អាល្លឺម៉ង់ រ៉ូមានី ប៉ូឡូញ និងហូឡង់ ឥលូវ​រាលដាល​ដល់​វេន​កសិករ​បារាំង​និង​ប៊ែលហ្ស៊ិក ព្រមទាំង​អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្កាល់ ... សន្ទុះបាតុកម្ម​របស់ប្រជា​​កសិករ​អឺរ៉ុប​ កាន់​តែ​ខ្លាំង​ក្លា​ឡើង​ៗ។ នៅ​បារាំង​ បាតុករ​កសិករ​បាន​រំកិល​មក​កាន់​តែ​កៀក​ក្រុង​ប៉ារីស និង​បាន​ចូល​ដល់​ទីផ្សារ​បោះដុំ ​Rungis។ កសិករ​បារាំង ប៊ែលហ្សិក​បាន​នាំ​គ្នា​បិទ​ខ្ទប់​ច្រក​ផ្លូវ​នៅ​តាម​ព្រំ​ដែន​ប្រទេស​ទាំងពីរ តាំង​ពីព្រលប់​ ដើម្បី​បរិហារ​កិច្ចព្រមព្រៀង​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម​សេរី និង​ទាមទារ​ឱ្យរដ្ឋាភិបាល​សន្យា​ចាត់​វិធានការ ធំ​និង​​ច្បាស់​លាស់​។ នៅ​ព្រុចសែល រដ្ឋធានី​អឺរ៉ុប កសិករ ជាមួយ​ត្រាក់ទ័រ​ប្រមាណ​១ពាន់​គ្រឿង​បាន​ចូល​ទៅ​បិទ​ខ្ទប់​ច្រក​ចូល​ទៅ​កាន់​ទី​មាន​ជំនួប​កំពូល​សហភាព​អឺរ៉ុប។

កសិករ​អឺរ៉ុបផ្ទុះ​កំហឹង​ទាមទារ​ឱ្យ​សហភាព​អឺរ៉ុបផ្តល់​តម្លៃ​ដល់​ការងារ​របស់​ពួក​គេ។ ពួក​គេ​ត្អូញត្អែរ​អំពី​ការ​លំបាក ផ្នែក​រដ្ឋបាលផង ចំណូល​តិច​ផង វិបត្តិប្រេងឡើងថ្លៃផង​ បទដ្ឋានបរិស្ថានកាន់​តែ​ច្រើន និង​តឹងតែងឡើងៗផង​ តែ​ត្រូវ​​ប្រកួតប្រជែង​ជាមួយផលិតផល​នាំចូលពីបរទេស ដែល​គ្មាន​គុណភាពឆ្លើយ​តប​នឹង​​បទ​ដ្ឋាន​អឺរ៉ុបមាន​ជា​អាទិ៍​ការ​លើក​លែង​ចំពោះ​ផលិតផល​នាំ​ចូល​ពី​អ៊ុយក្រែន ដើម្បីជួយ​ប្រទេស​ដែល​រង​ការ​ឈ្លានពាន​ពី​រុស្ស៊ី។

ដើម្បី​បន្ធូរ​កំហឹង​​បាតុកម្ម​នេះ​ រដ្ឋាភិបាល​នីមួយៗ​បាន​សាកល្បង​ដោះស្រាយ​ និង​ប្រកាស​ប្តេជ្ញា​​ជួយ​ប្រជាកសិករ​។ ប៉ុន្តែ​ ជំនួយ វិធានការ​ថ្មីៗ​សម្រាប់​កសិករ ដែល​ជា​​ការ​សន្យា​របស់​រដ្ឋាភិបាល​បារាំង ក៏​ដូច​ជា​ការ​ធ្វើ​សម្បទានរបស់​​​គណៈកម្មការអឺរ៉ុប​​ ព្រម​កំរិត​ការ​ទិញ​និង​នាំ​ចូល​ផលិត​ផល​អ៊ុយក្រែន មិន​បាន​ធ្វើ​ឱ្យ​ពួកគេ​ស្ងប់​ចិត្ត ស្រាក​កំហឹង​ទេ។ ចំណាត់ការ​របស់​អាជ្ញាធរ​​​ធ្លាក់​មក​យឺត​ពេល​បន្តិច​ទៅ​ហើយ ហើយ​វិធានការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ការ​នាំ​ចូល​ ​ មិនគ្រប់គ្រាន់​ទេ​សម្រាប់​ការ​ពារ​ប្រជាកសិករ​អឺរ៉ុប។ ម្យ៉ាង​វិញទៀត ពេល​នេះ​សហភាព​អឺរ៉ុប​កំពុង​តែ​ចរចា​ស្វែង​រក​កិច្ចព្រមព្រៀង​ផ្តោះប្តូរ​សេរី​ ជាមួយ​បណ្តា​ប្រទេស​កសិកម្ម​ធំៗ​ដូច​ជា​ ប្រេស៊ីល អាហ្សង់ទីន អ៊ុយរ៉ាហ្កាយ​ ប៉ារ៉ាហ្កាយ។ គម្រោង​កិច្ចព្រមព្រៀង​នេះ​ជា​ក្តី​ព្រួយ​បារម្ភ​ខ្លាំង​ណាស់ សម្រាប់​ប្រជាកសិករអឺរ៉ុប និង​ដែល​បារាំង​មិន​ចង់ឃើញ​វា​កើត​ចេញ​ជា​រូប​រាង​ទេ។

ដូច្នេះ​ចង់​ឬ​មិន​ចង់​ និង​ទោះ​ជា​មិន​ផ្លូវការ ក៏​ជំនួប​កំពូល​អឺរ៉ុប​ថ្ងៃ​នេះ ត្រូវ​តែ​វិល​នៅ​ជុំ​វិញ​​បញ្ហាការពារ​ប្រយោជន៍​​ប្រជា​កសិករអឺរ៉ុប​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ