អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​អ៊ុយក្រែន៖ ​បទ​ឈប់បាញ់​បាន​រលាយ​ដូច​ផ្សែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

បទ​ឈប់បាញ់​រវាង​កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន និង​ពួក​ឧទ្ទាម​បះបោរ​និយម​រុស្ស៊ី បាន​ចូល​ជា​ធរមាន​ មិន​ទាន់​ទាំង​បាន​មួយ​ថ្ងៃ​ស្រួលបួល​ផង នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ មាន​ដំណឹង​ផ្តល់​ឲ្យ​ថា ភាគី​ទាំងពីរ​បាន​ចាប់ផ្តើម​បាញ់​តបត​គ្នា​ឡើង​វិញ នៅ​តំបន់​ក្រុង ដូនែតស្ក៍ និង​ ក្រុង​មួយ​ទៀត​ នៅ​ភាគ​ខាងត្បូង​អ៊ុយក្រែន ជាប់​មាត់​សមុទ្រ​ខ្មៅ ឈ្មោះ ក្រុង​ម៉ារីយោប៉ូល។

ទី​កន្លែង​ដែល​មាន​ការ​ផ្ទុះ​អាវុធ​នៅ​យប់​ថ្ងៃ​សោរ៍​ទី​៦ កញ្ញា នៅ​ខាងលិច ​ក្រុង​ម៉ារីយោប៉ុល
ទី​កន្លែង​ដែល​មាន​ការ​ផ្ទុះ​អាវុធ​នៅ​យប់​ថ្ងៃ​សោរ៍​ទី​៦ កញ្ញា នៅ​ខាងលិច ​ក្រុង​ម៉ារីយោប៉ុល REUTERS/Vasily Fedosenko
ផ្សាយពាណិជ្ជកម្ម

គ្រាប់​កាំ​ភ្លើង​ផ្ទុះ​សាជាថ្មី​នៅ ដូនែតស្ក៍ និង ម៉ារីយោប៉ុល៖

បទ​ឈប់បាញ់​ដែល​លោក​ប៉េត្រូ ប៉ូរ៉ូឆិនកូន បាន​ចុះ​ហត្ថលេខា​ កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី បាន​ចូល​ជា​ធរមាន​នៅ​ល្ងាច​ថ្ងៃ​ដដែល។ ប៉ុន្តែ​តាម​ការ​ផ្តល់​ពត៌មាន​ចុងក្រោយ បទ​ឈប់បាញ់​នេះ បាន​ត្រូវ​ភាគី​ទាំងពីរ​គោរព​មិន​បាន​មូយ​ថ្ងៃ​ផង ព្រោះ​គ្រាប់បែក គ្រាប់​កាំភ្លើង​បាន​ចាប់ផ្តើម​ផ្ទុះ​សា​ជាថ្មី។ នៅ​ក្បែរ​ព្រលាន​យន្តហោះ ក្រុង​ដូនែតស្ក៍ គេ​បាន​ឃើញ​ផ្សែង​ខ្មៅ​ខ្មួលខ្មាញ់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។ ប្រជាជន​ក្បែរ​នោះ ក៏​បាន​ឮ​សូរ​សំឡេង​គ្រាប់​កាំភ្លើង​ធំ ជាច្រើន​គ្រាប់​ ផ្ទុះ​នៅ​ក្បែរ​នោះដែរ។ ព្រលាន​យន្តហោះ​ក្រុង​ដូនែតស្ក៍ គឺ​ស្ថិត​ក្រោម​ការ​កាន់កាប់​របស់​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន ឯ​ចំណែក​ទីក្រុង​ដូនែតស្ក៍​ ជា​ទីតាំង​របស់​ពួក​ឧទ្ទាម។ អញ្ចឹង​មាន​ន័យ​ថា គឺ​ច្បាស់​ជា​ពួក​ឧទ្ទាម​ហើយ​ ដែល​បាន​បាញ់​កាំភ្លើង​ធំ​ សំដៅ​ទីតាំង​ទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន។

ដូចគ្នា​ដែរ នៅ​ក្រុង​ម៉ារីយោប៉ូល ដែល​ស្ថិត​នៅ​ជាប់​មាត់​សមុទ្រ​ខ្មៅ ​ដែល​ទីក្រុង​យុទ្ធសាស្រ្ត​សំខាន់​មួយទៀត​របស់​ពួក​ឧទ្ទាម ក៏​មាន​ការ​ប្រឈម​មុខ​គ្នា​ជា​ថ្មី​ដែរ រវាង​ភាគី​ទាំង​ពីរ កាល​ពី​យប់​ថ្ងៃ​សៅរ៍។ ប្រជាជន​ដែល​រស់នៅ​ក្បែរ​នោះ បាន​ចេញ​ពី​កន្លែង​ពួន​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ បាន​សង្កេត​ឃើញ ស្នាម​បន្សល់​ទុក​ពី​ការ​បាញ់​តទល់​គ្នា​ រវាង​ពួក​ឧទ្ទាម និង កងទ័ព​អ៊ុយក្រែន។ រហូត​ដល់​ព្រឹក​ថ្ងៃ​អាទិត្យ កន្លែង​ខ្លះ ដែល​បាន​ផ្ទុះ​ឆេះ នៅ​មិនទាន់​រលត់​ផង។ អ្នកស្រុក​បាន​អះអាង​ថា ពួក​ឧទ្ទាម​បាន​បាញ់រះ សំដៅ​ទៅ​លើ​កងទ័ព​អ៊ុយក្រែន ​ដែល​ឈរ​ជើង​នៅ​ច្រក​ត្រួត​ពិនិត្យ​ការ​ចេញចូល​ក្បែរ​កំពង់ផែ។ អជ្ញាធរ​ក្រុង​ម៉ារីយោប៉ូល បាន​ផ្តល់​ដំណឹង​ថា មាន​ស្រី្ត​ម្នាក់​បាន​ស្លាប់ និង​មនុស្ស​បី​នាក់​ផ្សេង​ទៀត​ រង​របួស​ធ្ងន់​ដោយសា​គ្រាប់​កាំភ្លើង។

កិច្ច​ព្រមព្រៀង​ឈប់បាញ់​ដែល​គ្មាន​ន័យ​ហើយ​អ៊ុយក្រែន បាក់​ស្រុត​ក្រោម​អំណាច​របស់​ពូទីន៖
តាម​ពិត​ទៅ តាំង​ពី​ដំបូង​ម្លេះ គ្មាន​នរណា​ទុកចិត្ត​ទេ ថា​បទ​ឈប់បាញ់​ ទំលាក់​អាវុធ​នឹង នឹង​ត្រូ​បាន​គោរព។ ទាំង​សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​អង្គការ​អូតង់ ម្នាក់ៗ​សុទ្ធសឹង​តែ​បាន ត្រៀម​ជើងព្រួល ជាស្រេច​ក្នុង​ករណី​ ដែល​នៅ​តែ​មាន ការ​ប្រយុទ្ធ​គ្នា។ មហិច្ឆិតា​របស់​រុស្ស៊ី និង​ពួក​ឧទ្ទាម​ផ្តាច់​ទឹកដី មិនមែន​ចប់​ត្រឹម​ហ្នឹង​ទេ។ ពួក​ឧទ្ទាម​បាន​និយាយ​ហើយ​ថា ពួក​គេ​ចុះហត្ថលេខា​លើ​បទ​ឈប់បាញ់ តែ​មិនមែន​មាន​ន័យថា ពួក​គេ​ឈប់​ទាមទារ​ផ្តាច់​ទឹកដី​ទេ។ ឈ្មោះ​ថា​បទ​ឈប់បាញ់​មែន​ពិត តែ​ការពិត​ វា​ដូច​ការ​ចុះ​ហត្ថលេខា​សុំ​ចុះចាញ់​របស់​អ៊ុយក្រែន​អញ្ចឹង។ អ៊ុយក្រែន​គ្មាន​ជម្រើស​អី ក្រៅ​តែ​ពី​ទទួល​យក​បទ​ឈប់បាញ់​ទេ ព្រោះ​ថា​ទាហាន​ខ្លួន បាក់​កំម្លាំង ខ្វះសព្វ​ខ្វះគ្រប់ គ្មាន​ជំរើស​អ្វី​ក្រៅ​តែ​ពី​ដកថយ​នោះ​ទេ។

មួយ​វិញ​ទៀត វា​ស​បង្ហាញ​ឲ្យ​ឃើញ​កាន់​តែ​ច្បាស់​ អំពី​អំណាច របស់​លោក​ពូទីន ទៅ​លើ​ពួក​បះបោរ។ គ្រាន់​តែ​ពូទីន​ថា​ឲ្យ​ធ្វើ​ដាក់​អាវុធ ពួក​នេះ​ដាក់​អាវុធ​ភ្លាម។ លោក​ពូទីន​ដែល​តែងតែ​និយាយ​ថា វិបត្តិ​នៅ​អ៊ុយក្រែន​ជា​រឿង​ផ្ទៃក្នុង​អ៊ុយក្រែន គ្មាន​អ្វី​ទាក់ទង​នឹង​រុស្ស៊ី​ទេ តែ​ដល់​ទៅ​ទី​បំផុត​ អ្នកណា​ដែល​មក​ចាត់ចែង ដាក់​លក្ខខណ្ឌ​ផ្សេងៗ​ ឲ្យ​មាន​បទ​ឈប់បាញ់ គឺពូទីន។ កាល​ពី​ខែ​កក្កដា បើ​សិន​ជា​គ្មាន​ជំនួយ​ពី​ទាហាន និង​អាវុធ​របស់​រុស្ស៊ី ម្លេះ​ទាហាន​រដ្ឋាភិបាល​អ៊ុយក្រែន​កាន់កាប់​ដែនដី​មួយ​ភាគ​ធំ​មក​វិញ​ហើយ។ រុស្ស៊ី​បញ្ជូន​ទាំង​រថក្រោះ ទាំង​ទាហាន​ចូល​ទៅ​ជួយ​ពួក​ឧទ្ទាម​យ៉ាង​គគ្រឹក​គគ្រេង។ បើ​តាម​ការ​វិភាគ រុស្ស៊ី​ជ្រុល​លូក​ដៃ​ប៉ុណ្ណេះ​ហើយ លោក​ពូទីន​មិន​អាច​បណ្តោយ​ឲ្យ​អ៊ុយក្រែន​របូត​ពី​ដៃ​បាន​ទេ។ រុស្ស៊ី​នឹង​ជួយ​ពួកឧទ្ទាម​ដល់​ទី​បំផុត រហូត​ទាល់តែ​អ៊ុយក្រែន​អស់​ជម្រើស ព្រម​កាត់​ទឹកដី​ភាគ​ខាងកើត​ចោល​ឲ្យ​ពួក​ឧទ្ទាម។

សាមគ្គី​គ្នា​ដើម្បី ទប់ទល់​ជាមួយ​កល្បិច​រុស្ស៊ី៖
អង្គការ​អូតង់ បាន​សម្រេច​ផ្តល់​ប្រាក់​១៥លាន​អឺរ៉ូ​ ជួយ​ទាហាន​អ៊ុយក្រែន មិន​ត្រឹម​តែ​ប៉ុណ្ណោះ កងទ័ព​សម្ពន័្ធមិត្ត​របស់​អង្គការ​អូតង់​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​ នៅ​តាម​ប្រទេស​ក្បែរ​អ៊ុយក្រែន ដូចជា​ប៉ូឡូញ និង​អាល្លឺម៉ង់។ សមយុទ្ធ​យោធា​នេះ សំដៅ​ដោយ​ចំៗ ទៅ​ដល់​រុស្ស៊ី ថា​បើ​ហ៊ាន​បំពាន​ប្រទេស​សមាជិក​អូតង់ អូតង់​នឹង​តបត។ សហភាព​អឺរ៉ុប​វិញ បាន​សន្យា​ថា​នឹង​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ថ្មី​បន្ថែម លើ​រុស្ស៊ី ចាប់​ពី​ថ្ងៃ​ចន្ទ​ស្អែក​នេះ។ តែ​អ្វីៗ​វា​ស្ថិត​លើ​ការ​សម្រេច​ចិត្ត​របស់​ប្រទេស​សមាជិក​របស់​អឺរ៉ុប។

លោក​បារ៉ាក់​អូបាម៉ា បាន​និយាយ​ហើយ​និយាយ​ទៀត ថា​ប្រយត្ន័​ធា្លក់​ចូលអន្ទាក់​របស់​រុស្ស៊ី​របស់​លោក​ពូទីន ដែល​កំពុង​តែ​ស្រេកឃ្លាន​ពង្រីក​ឥទ្ធិពល។ ចង់​រឺ​មិន​ចង់ ក្នុង​កាលៈទេសៈ​នេះ គ្រប់​គ្នា​ត្រូវ​បង្ហាញ​ពី​គោលជំហរ​សាមគ្គីភាព ដើម្បី​ទប់ទល់​ជាមួយ​រុស្ស៊ី ព្រោះ​ថា​ថ្ងៃ​នេះ រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន ថ្ងៃ​ស្អែក​ថា​មិនត្រូវ​រុស្ស៊ី​នឹង​ត្របាក់​ប្រទេស​អ៊ឺរុប​​ណា​មួយ​ផ្សេង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ