អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ទណ្ឌកម្ម​សេដ្ឋកិច្ច​​ហាក់​​មិន​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ញញើត​នឹង​ការ​លេប​ត្របាក់​យក​អ៊ុយក្រែន

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​បាន​បន្ត​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​បន្តបន្តាប់​លើ​រុស្ស៊ី ដើម្បី​ជំរុញ​ឲ្យ​រុស្ស៊ី​ បញ្ឈប់​នូវ​សកម្មភាព​ឈ្លានពាន​លើ​ទឹកដី​អ៊ុយក្រែន។ ទោះ​បី​ជា​យ៉ាង​ណា ទណ្ឌកម្ម​ទាំង​នោះ ត្រូវ​បាន​គេ​មើលឃើញ​ថា មិនសូវ​ជា​មាន​ប្រសិទ្ធិភាព ធ្វើ​ឲ្យ​រុស្ស៊ី​ភ័យ​រអារ​នោះ​ទេ ព្រោះ​ថា​បើ​សហភាព​អឺរ៉ុប​អាច​ធ្វើបាប​សេដ្ឋកិច្ច​រុស្ស៊ី រុស្ស៊ី​ក៏​អាច​ធ្វើបាប​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ វិញ​បាន​ដូច​គ្នា។ ប្រឈម​មុខ​នឹង​ភាព​ក្អេងក្អាង​របស់​រុស្ស៊ី នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​បាន​ថ្លែង​ដោយ​ចំៗ​ថា រុស្ស៊ី​មាន​មហិច្ឆិតា​លេប​ត្របាក់​អ៊ុយក្រែន​ទាំងមូល​តែ​ម្តង។

រូប​គំនូរ​ផែនទី​ អ៊ុយក្រែន នៅ​​ចន្លោះ រុស្ស៊ី ​និង សហភាពអឺរ៉ុប។ អ៊ុយក្រែន​ដែល​ស្ថិត​ក្នុង​ចង្កូម​របស់​រុស្ស៊ី ខំប្រឹង​ហុចដៃ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​​​​​
រូប​គំនូរ​ផែនទី​ អ៊ុយក្រែន នៅ​​ចន្លោះ រុស្ស៊ី ​និង សហភាពអឺរ៉ុប។ អ៊ុយក្រែន​ដែល​ស្ថិត​ក្នុង​ចង្កូម​របស់​រុស្ស៊ី ខំប្រឹង​ហុចដៃ​ឲ្យ​សហភាព​អឺរ៉ុប​ជួយ​​​​​
ផ្សាយពាណិជ្ជកម្ម

បទ​ឈប់បាញ់​មាន​តែ​នាម គ្រាប់​កាំភ្លើង​នៅ​តែ​ផ្ទុះ៖

ស្ថានភាព​ទូទៅនៅ​ភាគ​ខាងកើត​​អ៊ុយក្រែន​ ​គ្មាន​អ្វី​ប្រសើរ​ទេ តែ​វា​កាន់តែ​ធ្ងន់ធ្ងរ​ទៅៗ។ កងទ័ព​ទាំង​ពីរ នៅ​តែ​ធ្វើ​ការ​វាយ​ប្រហារ​គ្នា​ ទៅវិញ​ទៅមក​ដដែល។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពួក​ឧទ្ទាម​បាន​រាយការណ៍​ថា ពួក​គេ​បាន​គ្រប់គ្រង​ដែនដី​នៅ​តាម​ព្រំដែន​ភាគ​អាគ្នេយ៍​អ៊ុយក្រែន​ រហូត​ដល់​សមុទ្រ​អាហ្សូវ។ ការ​ត្រូតត្រា​តាម​បណ្តោយ​ព្រំដែន​របស់​ពួក​ឧទ្ទាម​ មាន​ន័យ​ថា បើ​រុស្ស៊ី​ចង់​បញ្ជូន​ទ័ព រឺ​អាវុធ​ចូល​បន្ថែម វា​រឹតតែ​ងាយ​ស្រួល។ ជាក់ស្តែង តាម​ពត៌មាន​ផ្លូវការ​របស់​ទីភ្នាក់ងារ​ពត៌មាន​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា រុស្ស៊ី​បាន​បញ្ជូន​ក្បួន​រថយន្ត​ចំនួន​ប្រមាណ​ជា​៣០០គ្រឿង​ បន្ថែម​ទៀត​ កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ចូល​ទៅ​ក្នុង​ដី​អ៊ុយក្រែន។ នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ​ដែរ កងទ័ព​រដ្ឋាភិបាល​អ៊ុយក្រែន​បាន​ផ្តល់​ដំណឹង​ថា មាន​ការ​បាញ់​តបត​គ្នា​ដោយ​កាំភ្លើង​ធំ​ រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួក​ឧទ្ទាម​និយម​រុស្ស៊ី ដើម្បី​កាន់កាប់​ព្រលាន​យន្តហោះ​ក្រុង​ដូនែតស្គ៍។ ជារួម កងទព័​រដ្ឋាភិបាល​បាន​រុញច្រាន​ពួក​ឧទ្ទាម​ឲ្យ​ដកថយ​ទៅ​វិញ។

ទណ្ឌកម្ម​សេដ្ឋកិច្ច​ជា​អាវុធ​មុខ​ពីរ៖
ដើម្បី​ឆ្លើយតប​ទៅ​នឹង អំពើ​ឈ្លានពាន​របស់​រុស្ស៊ី​ សហភាព​អឺរ៉ុប​បាន​សម្រេច​ដាក់​បន្ថែម នូវ​ទណ្ឌកម្ម​មួយ​ចំនូន​ទៀត​ ទៅ​លើ​រុស្ស៊ី។ ទណ្ឌកម្ម​ទាំង​នោះ គឺ​សំដៅ​រឹតត្បិត​ការ​រកស៊ី​របស់​ក្រុមហ៊ុន​រស្ស៊ី​មួយ​ចំនូន នៅក្នុង​ទីផ្សារហិរញ្ញវត្ថុអឺរ៉ុប ដូចជាក្រុមហ៊ុន​ប្រេង និង​ក្រុមហ៊ុន​ឧស្ម័ន​ធម្មជាតិ។ វិស័យ​ប្រេង​ និង​ឧស្ម័ន​ធម្មជាតិ ដែល​យើង​ហៅ​ថា​ហ្គាស​ហ្នឹង វា​ជា​វិស័យ​ចម្បង​ក្នុង​សេដ្ឋកិច្ច​របស់​រុស្ស៊ី។ ក្នុង​ពេល​នេះ យើង​មិន​ទាន់​មាន​ឃើញ​នូវ​លទ្ធផល​ជាក់ស្តែង​ជា​ផ្លែផ្កា​ របស់​ទណ្ឌកម្ម​ទាំង​នេះ​ទេ។ តែ​បើ​តាម​យោបល់​របស់​អ្នក​វិភាគ​សេដ្ឋកិច្ច អត្រា​តម្លែ​លុយ​រូប​ របស់​រុស្ស៊ី​បាន​ធ្លាក់​ចុះ​ជា​គំហុក​ ក្នុង​រយៈពេល​ ២-៣ ថ្ងៃ​ចុង​ក្រោយ​នេះ។ មាន​ន័យ​ថា ទណ្ឌកម្ម​របស់​អឺរ៉ុប​ចាប់ផ្តើម​ហុច​ផ្លែផ្កា​ខ្លះ​ហើយ។ មួយ​វិញ​ទៀត ទណ្ឌកម្ម​ដែល​អឺរ៉ុប​បាន​ដាក់​កាល​ពី​លើក​មុន ទាក់ទង​ទៅ​នឹង​ការ​នាំចូល​ទំនិញ​កសិកម្ម​របស់​អឺរ៉ុប​ទៅ​ក្នុង​រុស្ស៊ី ក៏​បាន​ចេញ​ជា​លទ្ធផល​ដែរ​ ដោយ​បាន​ធ្វើឲ្យ​តម្លៃ​បន្លែ ផ្លែឈើ និង​ជាពិសេស ទំនិញ​ដែល​ផលិត​ចេញ​ពី​ទឹក​ដោះគោ បាន​កើន​ឡើង​ជា​លំដាប់។ ប្រជាជន​រុស្ស៊ី​ចាប់ផ្តើម​ត្អូញត្អែរ​ហើយ​បាន​រិះគន់​រដ្ឋាភិបាល​របស់​លោក​ពូទីន។ លោក​បារ៉ាក់ អូបាម៉ា បាន​សន្យា​ថា អាមេរិក ក៏​នឹង​ដាក់​ទណ្ឌកម្ម​ទៅលើ​ក្រុមហ៊ុន​រក​ស៊ីប្រេង និង​ហ្គាស​របស់​រុស្ស៊ី​ដែរ។
 
ប៉ុន្តែ​ទោះបី​ជា​យ៉ាងណា ភាគី​រុស្ស៊ី​ហាក់​មិន​ភ័យខ្លាច​នឹង​ទណ្ឌកម្ម​ទាំងនេះ​ទេ។ ផ្ទុយ​ទៅ​វិញ រុស្ស៊ី​ថា​ ការ​ដាក់​ទណ្ឌកម្ម​ទាំង​នេះ វា​នឹង​រឹតតែ​ធ្វើ​ឲ្យ​គម្រោងការ​ស្វែង​រក​សន្តិភាព​នៅ​អ៊ុយក្រែន ធ្លាក់​ទឹក។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​បាន​និយាយ​ថា រុស្ស៊ី​និង​វាយបក​ទៅ​អឺរ៉ុប​វិញ ដោយ​ការ​ដាក់​ទណ្ឌកម្ម​មួយ​ចំនួន ដូចជា​ការ​បិទ​ដែន​អាកាល​រុស្ស៊ី មិន​ឲ្យ​យន្តហោះ​របស់​អឺរ៉ុប​ហោះ​កាត់ និង​បិទ​ការ​នាំចូល រថយន្ត​ជជុះ​របស់​អឺរ៉ុប ជាដើម។ តែ​ទោះ​យ៉ាង​ណា ដូច​យើង​ដឹង​​ស្រាប់​ហើយ ​ថា​ទណ្ឌកម្ម​សេដ្ឋកិច្ច​វា​ជា​អាវុធ​មុខ​ពីរ ដែល​ធ្វើបាប​ទាំង​ប្រទេស​អ្នក​នាំ​ចូល ទាំង​ប្រទេស​អ្នក​នាំ​ចេញ។ ដោយសារតែ​ខ្លាច​មាន​ផល​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ខ្លួន​ ប្រទេសសមាជិកអឺរ៉ុប បានរារែកក្នុងការដាក់ទណ្ឌកម្មលើរុស្ស៊ី។
 
ឱបជើង​អឺរ៉ុប​ឲ្យ​បាន​ជាប់​ដើម្បី​ការពារ​ខ្លួន៖
សូម​រំលឹក​ផង​ដែរ​ថា​ ដើមហេតុ​វិបត្តិ​នៅ​អ៊ុយក្រែន គឺ​ដោយសារ​កិច្ច​ព្រមព្រៀង​ដៃគូពិសេសមួយ​ដែល​អ៊ុយក្រែន មាន​គម្រោង​ចុះ​ជាមួយ​អឺរ៉ុប។ កាល​ជំនាន់​ដែល​លោក​យ៉ាណូកូវិជ្ឆ​នៅ​ជា​ប្រធានាធិបតី​អ៊ុយក្រែន រុស្ស៊ី​បាន​ផ្តល់​ប្រាក់​យ៉ាង​សន្ធឹក​សន្ធាប់​ ដើម្បី​ទិញ​ទឹកចិត្ត​រដ្ឋាភិបាល​អ៊ុយក្រែន កុំ​ឲ្យ​ធ្វើ​កិច្ច​ព្រមព្រៀង​នេះ ជាមួយ​អឺរ៉ុប។ ទី​បំផុត​បាតុកម្ម​ប្រឆាំង​រុស្ស៊ី និង​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​រណប​រុស្ស៊ី​បាន​ផ្ទុះឡើង។ រុស្ស៊ី​មួរម៉ៅ​ក្តៅ​ប្រហាយ​បាន​ពន្យុះ​ឲ្យ​ពួក​ឧទ្ទាម​ទាមទារ​បំបែក​ទឹកដី។ ប្រឈម​មុខ​នឹង​ភាព​ជាក់ស្តែង​ពី​មហិច្ឆិតា​របស់​រុស្ស៊ី​ក្នុង​ការ​ក្តោបក្តាប់​អ៊ុយក្រែន ឲ្យនៅ​ក្នុង​រង្វង់​គ្រូសារ​អតីត​សហភាព​សូវៀត អ៊ុយក្រែន​ត្រូវតែ​ស្វែង​រក​វិធី​ការពារ​ខ្លួន ដោយ​ងៀក​ទៅ​រក​សហភាព​អឺរ៉ុប ឲ្យបាន​កាន់​តែ​ជិត។

លោក​ប៉េត្រូ ប៉ូរ៉ូឆិនកូ ប្រធានាធិបតី​អ៊ុយក្រែន បាន​និយាយ​ថា លោក ព្រមទាំង​សភា​អ៊ុយក្រែន នឹង​អនុម័ត​កិច្ច​ព្រមព្រៀង​ពិសេស​ជាមួយ​សហភាព​អឺរ៉ុប ហើយ​កិច្ច​ព្រមព្រៀង​នេះ នឹង​ចូល​ជា​ធរមាន​នៅ​ខែ​វិច្ឆិកា។ លោក​ប្រធានាធិបតី​ក៏​បាន​បន្ថែម​ថា លោក​កំពុង​តែ​ខឹតខំ ធ្វើការ​ដើម្បី​រៀបចំ​ឲ្យ​អ៊ុយក្រែន​ទទួល​បាន​លក្ខន្តិកៈ​ពិសេស​មួយ​ ការពារ​ពី​អង្គការ​អូតង់ មុន​នឹង​អ៊ុយក្រែន​ក្លាយ​ជា​សមាជិក​ពេញសិទ្ធិ។

ដូច​ដែល​លោក នាយករដ្ឋមន្ត្រី​អ៊ុយក្រែន​បាន​មាន​ប្រសាសន៍​អញ្ចឹង មហិច្ឆិតា​រុស្ស៊ី មិនមែន មានតែ​ត្រឹម​តំបន់​គ្រីម៉េ រឺ​ភាគ​ខាងកើត​អ៊ុយក្រែន​ទេ ពោល​គឺ​រុស្ស៊ី​ចង់​លេប​ត្របាក់​ប្រទេស​អ៊ុយក្រែន​ទាំងមូល និង​តំបន់​ដទៃ​ទៀត​ដែល​ធ្លាប់​ស្ថិត​ក្រោម​អំណាច​កុម្មុយនិស្ត​របស់​សហភាព​សូវៀត។ មហិច្ឆិតា​របស់ លោក​ពូទីន គឺ​កសាង​អណាចក្រ​មួយ ដែល​ភាសា​រុស្ស៊ី​ហៅថា NOVOROSSIA ប្រែ​មក​ថា អាណាចក្រ​រុស្ស៊ីថ្មី​ ដែល​មាន​ឥទ្ធិពល​ប្រជែង​ជាមួយ​សហភាពអឺរ៉ុប​និង​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ