អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោត​ប្រធានាធិបតី​៖ អតីត​ឧត្តមសេនីយ៍​កំពុង​ក្លាយ​ជា​ប្រមុខ​ដឹកនាំ​ថ្មីឥណ្ឌូណេស៊ី​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ថ្ងៃ​នេះ ពលរដ្ឋ​ឥណ្ឌូណេស៊ីជិត២០៥​លាន​នាក់ ត្រូវ​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ និង​ ​​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​ថ្នាក់ជាតិ ៥៨០អាសនៈព្រមទាំង​ថ្នាក់តំបន់និងមូលដ្ឋាន​ចំនួន២ម៉ឺន​រូប​។ បេក្ខជនបី​​រូបបាន​ឈរ​ឈ្មោះ​​ប្រកួត​ប្រជែង​យក​តំណែង​​ប្រធានាធិបតីបន្តពីលោក​ចូកូ វីដូដូ ដែល​មិន​អាច​ឈរ​ឈ្មោះ​ជា​លើក​ទីបី។ បើ​តាម​លទ្ធផល​ប៉ាន់ស្មាន​បឋម​ បេក្ខជន​ប្រធានាធិបតី​ប្រាបូវូ ស៊ូប៊ីយានតូ ដែល​មាន​ជំហរ​បន្ត​នយោបាយ​របស់​​លោក​ចូកូវី កំពុង​នាំ​មុខ​ ជាមួយ​នឹង​សំឡេង​គាំទ្រ​ប្រមាណ​៥៥% សម្រាប់​ការ​រាប់​សន្លឹកឆ្នោត​៦០%។

លោក Prabowo Subianto បេក្ខជន​ប្រធានាធិបតី និង​បេក្ខជនអនុប្រធានាធិបតី Gibran Rakabuming Raka កំពុង​នាំ​មុខ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី ១៤កុម្ភៈ​២០២៤
លោក Prabowo Subianto បេក្ខជន​ប្រធានាធិបតី និង​បេក្ខជនអនុប្រធានាធិបតី Gibran Rakabuming Raka កំពុង​នាំ​មុខ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃទី ១៤កុម្ភៈ​២០២៤ REUTERS - AJENG DINAR ULFIANA
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​នេះ ពលរដ្ឋ​ឥណ្ឌូណេស៊ីជិត២០៥​លាន​នាក់ ត្រូវ​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ ដែល​មាន​​បេក្ខជន​បី​រូប ប្រកួត​ប្រជែង​គ្នាផង និង​ ត្រូវ​​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​ថ្នាក់ជាតិ ៥៨០អាសនៈ និង​ថ្នាក់តំបន់-​មូលដ្ឋាន​ចំនួន២ម៉ឺន​រូប។​

ជា​សរុប​ឥណ្ឌូណេស៊ី​ មាន​ការិយាល័យ​បោះឆ្នោត​ចំនួន ជាង​៨០ម៉ឺន​ការិយាល័យ ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ ដែល​ជា​ប្រជុំ​កោះ​តូច​ធំ​ចំនួន​ដល់​ទៅ​១៧០០០​កោះ លាត​សន្ធឹង​ពី​កើត​ទៅលិច ប្រវែង ៤៨០០​គីឡូម៉ែត្រ។

ប៉ា​ពូអាស៊ី​ នៅ​ភាគ​ខាងកើតបំផុត​នៃ​ប្រទេស ​បាន​ចាប់​ផ្តើម​បោះឆ្នោត​មុន​គេ នៅ​វេលា​ម៉ោង​៧ព្រឹក​ម៉ោង​ក្នុង​តំបន់ ដែល​ត្រូវ​ជា​ម៉ោង ១០យប់​ថ្ងៃអង្គារ​នៅ​ឡើយ​បើ​គិត​តាម​ម៉ោង​សកល ហើយអ្នក​​កោះស៊ូម៉ាត្រាភាគ​ខាង​លិច​បំផុត​នៃ​ប្រទេស ​ចាប់​បោះឆ្នោត​ក្រោយ​គេ។

​ជាង​ពាក់​កណ្តាល​នៃ​អ្នក​បោះ​ឆ្នោត ពោល​គឺ​១០៦លាន​នាក់​​​​ជាពលរដ្ឋ​វ័យក្មេង អាយុ​ក្រោម​៤០ឆ្នាំ។ នៅ​ឥណ្ឌូណេស៊ី ពលរដ្ឋ​មាន​សិទ្ធិ​ទៅ​បោះឆ្នោត​ តាំងពី​អាយុ​១៧​ឆ្នាំ​ទៅ ឬ​ក្រោម​នេះក៏​បាន​បើ​ពួក​គេ​រៀប​ការរួច។ អ៊ីចឹង​ហើយ​បាន​ជា​បេក្ខជន​ប្រធានាធិបតី​ ​ឃោសនា​ ​ទាក់ទាញ​ពលរដ្ឋ​ស្រទាប់​នេះខ្លាំងជាង​គេ​ ព្រោះ​ជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធសង្គម​ដ៏​ធំ​ដែល​​ងាយ​ទទួល​ព័ត៌មាន​មិន​ពិត​និង​ក្លែងក្លាយ​ផង។

តើ​បេក្ខជនប្រធានាធិបតី​​ជា​នរណាខ្លះ​?

នៅក្នុង​ការ​បោះឆ្នោត​ថ្ងៃ​នេះ ស្រប​តាម​រដ្ឋធម្មនុញ្ញ លោក ចូកូ វីដូដូ​ ប្រធានាធិបតី​ផុត​អាណត្តិ​មិន​អាច​ឈរ​ឈ្មោះ​បានទេ។ ឯបេក្ខជន​បីរូប​ដែល​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​នៅលើក​នេះ គឺ​ លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ រដ្ឋមន្ត្រីក្រសួងការពារ​ជាតិ​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន។ លោក​មានប្រជាប្រិយភាព​ខ្ពស់​ជាង​គេ។ បន្ទាប់​មក​គឺលោក​អានីស បាស្វេដាន អតីត​អភិបាល​ក្រុង​ហ្សាការតា និង​ លោក ហ្កងចារ ប្រាណូវូ អតីត​អភិបាល​ក្រុង​Java។

លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ អាយុ​៧២​ឆ្នាំ ជា​អតីត​ឧត្តមសេនីយ៍-​ជា​កូន​ប្រសារ​របស់​អតីត​មេដឹកនាំ​ផ្តាច់ការ​ឥណ្ឌូណេស៊ី លោក ស៊ូហាតូ។ នេះ​ជា​លើក​ទី​បួនហើយ​ដែល​លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ​ ​មក​ឈរ​ឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី។ ធ្លាប់​​ចាញ់លោក ចូកូវីដូដូ ដល់​ទៅ​ពីរ​ដងមែន​ តែ​លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​មាន​ប្រជាប្រិយភាព​ខ្ពស់នៅក្នុង​ការ​បោះឆ្នោត​លើក​នេះ ដោយ​ទំនង​ជា​អាច​ឈ្នះ នៅជុំទីមួយ​តែម្តង។​ នេះ​បើ​គេ​ជឿ​លើ​ការ​ស្ទង់មតិ​ចុងក្រោយ​មុន​បោះឆ្នោត និង​បើ​តាម​វិទ្យាស្ថានស្ទង់មតិ​ពីរ​ដែល​ផ្អែក​លើ​លទ្ធផលស្មាន​​នៃ​ការ​រាប់​សន្លឹក​ឆ្នោត​៦០%​ដំបូង។

​ប្រជាប្រិយភាព ​របស់​លោក​ប្រាបូវូ ស៊ូប៊ីយានតូ ទំនង​ដោយសារ​​ជម្រើស​បន្តមរតកនយោបាយ ​ពី​លោក​ចូកូវីដូដូផង និង​ដោយ​សារ​ជម្រើស​យក​លោក​ជីប្រង់រ៉ាកាប៊ូមីង រ៉ាកា ជា​អនុប្រធានាធិបតី​ផង។ អាយុ​៣៦​ឆ្នាំ ​អភិបាល​ក្រុង​ស៊ូរ៉ាការតាដែល​អាច​ឈរ​ឈ្មោះជា​អនុប្រធានាធិបតី​រួម​ជាមួយ​លោក​ប្រាបូវូ​​បាន​ដោយ​សារ​សាលក្រមដ៏​ចម្រូង​ចម្រាស​​របស់​តុលាការ​ធម្មនុញ្ញ ត្រូវ​ជា​កូន​ប្រុស​របស់​លោក​ចូកូវីដូដូ ដែល​បន្ត​មាន​ប្រជាប្រិយភាព​ដ៏​ខ្ពស់​ត្រដែត។ តាម​ច្បាប់​បេក្ខជន​ឈរ​ឈ្មោះ​ប្រធានាធិបតី​ត្រូវ​មានអាយុ​យ៉ាង​តិច​៤០ឆ្នាំ​ និង​អាយុ​ក្មេង​ជាង​នេះ បើធ្លាប់​ជាប់​ឆ្នោត​ជា​តំណាង​រាស្ត្រ​ថ្នាក់​តំបន់។

មាន​​និន្នការ​​ជា​អ្នក​អភិរក្ស​ និង​ ជាតិ​និយម​ ការពារ​​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ឥណ្ឌូណេស៊ី​ តាម​គំរូ​​​ប្រធានាធិបតី​ផុត​អាណត្តិ លោក ប្រាបូវូ ស៊ូប៊ីយានតូ រក្សា​​គោលនយោបាយការបរទេស​អព្យាក្រិត្យ​តាំងពី​ដើម​រៀង​មករបស់​ឥណ្ឌូណេស៊ី​ ដោយ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្រប់​មហាអំណាច​ ទើប​ធានាបាន​នូវផលប្រយោជន៍​ជាតិ។ តែ​លោកប្រាបូវូ ធ្លាប់​មានប្រវត្តិ​មិន​ល្អ​កាល​នៅ​ជា​មេទាហាន ដោយធ្លាប់​​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីម័រ​ខាង​កើត។

រដ្ឋ​ធានី​ថ្មី​

ដូច​ជា​បេក្ខជន​បក្ស​ប្រជាធិបតេយ្យតស៊ូ​​ឥណ្ឌូណេស៊ី​ លោក​ហ្កង់ចារ ប្រាណូវូ វ័យ៥៥ឆ្នាំ ដែលមាន​ប្រជាប្រិយភាពធ្លាក់​ចុះ​ជា​​លំដាប់ លោក ប្រាបូវូ ស៊ូប៊ីយានតូ បាន​សន្យា​ដូច​គ្នា​ថា​នឹង​បន្ត​អភិវឌ្ឍ​ក្រុង​នុសានតារ៉ា អនាគត​រដ្ឋធានីឥណ្ឌូណេស៊ី​ថ្មី​។

ការ​បោះឆ្នោត​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ថ្ងៃ​នេះ ក៏​ជា​វិញ្ញាសា​តេស្ត​ ឬអាច​ចាត់​ទុក​​ជា​ប្រជាមតិ​សម្រេច​រឿង​លើក​រដ្ឋ​ធានីហ្សាការតា ទៅ​នុសានតារ៉ានៃកោះ​បរនេអូដេរ។ រដ្ឋធានី​ នុសានតារ៉ា នឹង​ត្រូវ​សម្ពោធ​ជា​ផ្លូវការ​នៅថ្ងៃទី​១៧​សីហា​ ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ឥណ្ឌូណេស៊ី។ ប្រសិន​បើ​លោក​ប្រាបូវូ ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​អ្វី​នឹង​ដំណើរការ​អភិវឌ្ឍ​ដូចការ​គ្រោង​ទុក តែ​បើ​លោក អានីស បាស្វេដាន ជាប់​ឆ្នោត​វិញ លោក​បាន​ប្រកាស​ថា លោក​នឹង​បន្ត​ដឹកនាំប្រទេសពី​ហ្សាការតា មិនមែនពី​ក្រុង​នុសានតារ៉ាទេ ហើយ​លោក​ផ្តល់​អាទិភាព​ដល់​ការ​ដោះស្រាយ​បញ្ហា​ឱ្យ​ក្រុង​ហ្សាការតា ឱ្យ​តំបន់​ដែល​អាច​លិច​ទឹក​នៅ​ឆ្នាំ​២០៥០។

មាន​អាយុ​៥៤​ឆ្នាំ កើត​នៅ​ភាគ​ខាង​លិច​កោះ​Java ក្នុង​គ្រួសារ​បញ្ញាវន្ត លោក អានីស បាស្វេដាន ធ្លាប់​បាន​ទៅ​បន្ត​ការសិក្សា​នៅសហរដ្ឋ​អាមេរិក​និង​ជប៉ុន ខាង​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ។ មាន​កូន​បួន​នាក់ លោក​បានក្លាយ​ជា​សកលវិទ្យាធិការ​ក្រុង​ហ្សាការតា នៅឆ្នាំ​២០០៧ និង​ចូល​ប្រលូក​ក្នុង​ឆាក​នយោបាយ​ចាប់​ពី​ឆ្នាំ​២០១៣​ប៉ុណ្ណោះ ក្នុងនាម​ជា​អ្នក​នាំពាក្យ​ក្រុម​យុទ្ធនាការ​ឃោសនា​របស់​លោក​ចូកូវីដូដូនៅឆ្នាំ​២០១៤។

អតីត​សកលវិទ្យាធិការ អតីត​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​និង​វប្បធម៌​របស់​រដ្ឋាភិបាល​ទីមួយរបស់លោក​ចូកូវីដូដូ មុន​នឹង​ក្លាយ​ជា​អភិបាល​ក្រុង​ហ្សាការតានៅ​ឆ្នាំ​២០១៧ លោក អានីស បាស្វេដាន ប្រឆាំង​នឹង​គម្រោង​បង្កើត​រដ្ឋធានី​ថ្មី​របស់​ប្រធានាធិបតី​ផុតអាណត្តិ។ លោក​សង្ឃឹម​ថា យុទ្ធសាស្ត្រ​និង​ជំហរ​នយោបាយ​​ជា​បក្ស​ប្រឆាំង​ដ៏​ចម្បង​របស់​រដ្ឋាភិបាល​ផុត​អាណត្តិ នឹង​រុញ​ច្រានលោក​​ឱ្យ​បាន​ឡើង​ទៅ​ប្រកួត​ប្រជែងក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​​ជុំ​ទីពីរ ប្រឈម​នឹង​លោក ប្រាបូវូ ស៊ូប៊ីយានតូ នៅ​ខែ​មិថុនា។ ប្រជាប្រិយភាព​របស់​លោក​បាន​ស្ទុះ​ឡើង​ខ្លាំង និង​ឡើង​ជា​លំដាប់​ ​ក្រោយការ​តស៊ូមតិ​បី​ដង​តាមកញ្ចក់​ទូរទស្សន៍​ ដែល​បង្ហាញ​ថា​លោក​មាន​ថ្វីមាត់​ល្អ​ពូកែ​និយាយ។

លោក អានីស បាស្វេដាន ក៏មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​រង្វង់​អ្នក​អ៊ីស្លាម​អភិរក្ស តែ​ធ្លាប់​រង​ការ​ចោទ​ប្រកាន់ ក្នុង​ពេល​ឃោសនា​​ថា​បាន​បំផុស​បំផុល​ឱ្យ​មាន​ការ​បែង​ចែងរវាង​សហគមន៍​សាសនា ដោយ​ទាក់ទាញ​ឆ្នោត​ពី​ក្រុម​អ៊ីស្លាមនិយម រាប់​ទាំង​អ៊ីស្លាមជ្រុលនិយម​ផង ដើម្បី​ឈ្នះ​គូប្រជែង​គ្រិស្តសាសនា។

បើតាមអ្នក​វិភាគ លោក​អានីស ជា​បេក្ខជន​នៃ​ការ​ប្តូរផ្លាស់​មក​ធ្វើ​ជា​ស្នូល​នៃគ្រប់​​សុន្ទរកថា លោកប្រាបូវូ ការ​បន្ត​នយោបាយ​របស់​រដ្ឋាភិបាល​មុន ឯ​បេក្ខជន​ហ្កង់ចារ មិន​ច្បាស់​លាស់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ