អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

២ឆ្នាំនៃ​សង្រ្គាម អ៊ុយក្រែនស្ថិត​ក្នុងស្ថានភាពទប់ទល់លើ​សមរភូមិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃទី២៤ កុម្ភៈ ២០២៤ ជាគម្រប់​​២ឆ្នាំ​នៃ​សង្រ្គាម​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន។​ សង្គ្រាម​បាន​ឈាន​ចូល​ដល់​ឆ្នាំ​ទីបី តែ​អ៊ុយក្រែន​ហាក់​ចុះ​ទន់​ដៃ។ ក្នុង​ខណៈ​ដែល​ជំនួយ​យោធា​របស់​ក្រុម​សម្ព័ន្ធមិត្តហូរ​ចូល​អ៊ុយក្រែន​យ៉ាង​យឺត​យ៉ាវ យោធា​​រុស្ស៊ី កំពុង​ស្ទុះ​ឡើង​កម្លាំង។ ប៉ុន្តែ​សាមគ្គី​ភាពមិន​ចុះ​ថយ​ទេ នៅថ្ងៃ​ទី​២៤​កុម្ភៈ​២០២៤​នេះ ប្រមុខ​ដឹកនាំ​ជា​ច្រើន​បាន​ធ្វើ​ដំណើរទៅ​ក្រុង​កៀវ ហើយ​ហ្សេ៧​បាន​បើក​ជំនួប​កំពូល​ស្តីពី​អ៊ុយក្រែន​ ដោយ​គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែងការណ៍​រួមរឹត​បន្តឹង​​ទណ្ឌកម្មលើ​រុស្ស៊ី​បន្ថែម​ទៀត។ ​

២ឆ្នាំនៃ​សង្រ្គាម អ៊ុយក្រែនស្ថិត​ក្នុងស្ថានភាពទប់ទល់
២ឆ្នាំនៃ​សង្រ្គាម អ៊ុយក្រែនស្ថិត​ក្នុងស្ថានភាពទប់ទល់ © АР
ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃទី ២៤​កុម្ភៈ​២០២២ ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន បាន​រំពឹង​ថា ប្រត្តិបត្តិការ​យោធា​​​រុស្ស៊ី ​នឹង​ដណ្តើម​យក​ក្រុងកៀវ​បាន​ដោយប្រើពេល​តែពីរ​បី​ថ្ងៃ​ តែ​កម្លាំង​តស៊ូ​របស់​អ៊ុយក្រែន​បាន​ជំរុញ​ឱ្យ​រុស្ស៊ី​ចាញ់​ដក​ខ្លួន​ចេញទៅ​វិញ ហើយ​សង្គ្រាម​ក៏​បាន​អូស​បន្លាយ តាំងពី​ពេល​នោះ​មក​ និង​មាន​រយៈ​​ពេលពីរ​ឆ្នាំពេញ​ នៅ​ថ្ងៃ​ទី ២៤​កុម្ភៈ​២០២៤​នេះ។ ក្នុង​ថ្ងៃ​ខួប​ពីរ​ឆ្នាំ​នេះ ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡេនស្គី បាន​ប្រកាស​ថា ​​អ៊ុយក្រែន​នឹងយក​​ឈ្នះ​សង្គ្រាម​បាន​។

​រុស្ស៊ី​កំពុង​មាន​ប្រៀប​លើ​អ៊ុយក្រែននៅ​​សមរភូមិ

ប៉ុន្តែ ក្នុង​អំឡុងពេល​ពេញ​មួយ​ឆ្នាំ​២០២៣​កន្លង​ទៅ​ កងទ័ព​​អ៊ុយក្រែន​ មិន​បាន​សម្រេច​ផែនការ​ប្រយុទ្ធ​របស់​ខ្លួន​ទេ។ គម្រោង​​វាយបក​យក​ទឹក​ដីវិញកាលពី​រដូវ​ក្តៅ​មិន​បាន​សម្រេច​ដូច​បំណងឡើយ។ កងទ័ព​រុស្ស៊ី​ស្រាប់​តែ​មាន​សន្ទុះ​ឡើង​វិញ និង​មាន​ប្រៀប​ខ្លាំង។​ ឯ​កងទ័ព​អ៊ុយក្រែនធ្លាក់​ដៃ​ បាន​ថ្ងូរ​ថ្ងូរ​អំពី​ភាពទន់​ខ្សោយ​របស់​ខ្លួន ​ព្រោះ​ខ្វះ​កម្លាំង​ទាហាន​មក​ប្តូរ​សាង​នៅ​លើ​សមរភូមិ ហើយ​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះ​ខាត​គ្រាប់​និង​សម្ភារៈជា​ខែល​​ការពារ​ដែន​អាកាស​ទៀត។ ទីតាំង​យុទ្ធសាស្ត្រ​ខ្លះ នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស ត្រូវ​បាន​រុស្ស៊ី​ដណ្តើម​យក​វិញផង។

សារសាមគ្គីភាពនិង​ជំនួយ

ស្ថានភាព​នៅ​សមរភូមិ​ប្រយុទ្ធ​លំបាកខ្លាំង​មែន។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រមុខ​អង្គការ​អូតង់ ដោយ​អះអាង​ថា​​ ប្រធានាធិបតី​រុស្ស៊ី នៅ​តែ​​​ចង់​គ្រប់គ្រង​អ៊ុយក្រែន​ ហើយ​គ្មាន​បញ្ចេញ​សញ្ញា​រក​សន្តិភាព​ឡើយ ប៉ុន្តែ​​សូម​កុំ​អស់​សង្ឃឹម​។

អំពើ​អាក្រក់​មិន​អាចឈ្នះ​​បាន​ទេ ! នេះ​ជា​ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស ដែល​បាន​ប្រកាស​នៅថ្ងៃ​ម្សិលមិញ ថា​អង់គ្លេស នៅ​ក្បែរ​និង​គាំទ្រ​អ៊ុយក្រែន​ជា​និច្ច​និង​ជា​រៀង​រហូត​ទៅ​។ លោក​ថែម​ទាំង​បាន​ប្រកាស​ផ្តល់​ជំនួយ​២៨៧​លានអឺរ៉ូ​ សម្រាប់យក​ទៅ​ផលិត​គ្រាប់​កាំភ្លើង ដែល​អ៊ុយក្រែន​កំពុង​ត្រូវការ​ជា​បន្ទាន់​ផង ​និង​បង្កើន​ស្តុកផង ព្រមទាំង​ជំនួយ​​ជិត​១០​លាន​អឺរ៉ូ​ទៀត សម្រាប់​ផ្នែក​​មនុស្សធម៌។ អង់គ្លេស​ជា​ម្ចាស់​ជំនួយដ៏​ចម្បង​មួយ​សម្រាប់​អ៊ុយក្រែន បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ សង្ឃឹម​ថាជំនួយប​ន្ថែម​​ទាំងនេះ នឹងនាំ​ជោគជ័យ​ និង​សណ្តាប់​ធ្នាប់អន្តរជាតិ​ឡើងវិញ។

ហ្សេ៧បន្ថែមទណ្ឌកម្ម​លើ​រុស្ស៊ី

នាយករដ្ឋមន្ត្រីកាណាដា ​​​លោកស្រី​ប្រមុខ​ដឹកនាំសហភាព​អឺរ៉ុប បាន​អញ្ជើញទៅដល់​ក្រុង​កៀវ​នៅថ្ងៃ​សៅរ៍​នេះ និង​បាន​អបអរ​ស្វាគមន៍​ភាព​តស៊ូ​ស្វិតស្វាញ​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​ ដោយ​បញ្ជាក់​ថា អឺរ៉ុប គាំទ្រ​អ៊ុយក្រែន ទាំង​ផ្នែក​ហិរញ្ញវត្ថុ សេដ្ឋកិច្ច​ យោធា​ និង​ផ្លូវ​ចិត្ត​រហូត​ទល់​តែ​ប្រទេស​អ៊ុយក្រែន​បានទទួល​សេរីភាពពេញ​លេញ។

នាយករដ្ឋមន្ត្រី​អ៊ីតាលី​ដែល​ជា​ប្រធាន​ផ្លាស់​វេនក្រុម​ប្រទេស​ហ្សេ​៧ ក៏​បាន​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ដោយ​ឥត​ព្រៀង​ទុក​នៅ​ទីក្រុង​កៀវ​ដែរ។ លោកស្រី​ ចចារ មេឡូនី នឹង​ដឹកនាំ​ជំនួបកំពូល​​ហ្សេ​៧​ស្តីពី​អ៊ុយក្រែន​ តាម​ប្រព័ន្ធ​វីដេអូ​ នៅ​រសៀល​ថ្ងៃ​សៅរ៍​ទី ២៤​កុម្ភៈនេះ។ ជំនួប​រយៈ​ពេល​មួយ​កន្លះ នឹង​បញ្ចប់​ទៅ​ដោយ​មាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​ជាមួយ​អ៊ុយក្រែន​ផង។ បើ​តាម​គម្រោង​ ហ្សេ​៧ គ្រោង​ដាក់​ទណ្ឌកម្ម​បន្ថែម​ដើម្បី​រឹត​បន្តឹង​សេដ្ឋកិច្ច​រុស្ស៊ី។

ដោយ​ឡែក​ក្នុង​ក្របខ័ណ្ឌទ្វេ​ភាគី អ៊ីតាលី​ក៏​នឹង​ចុះ​កិច្ចព្រមព្រៀង​សន្តិសុខ​ជាមួយ​អ៊ុយក្រែនដែរ ដូច​អ្វី​ដែល​ក្រុមហ្សេ​៧​បានសម្រេច​កាលពី​ខែ​កក្កដា​២០២៣។ ​បន្ទាប់​ពី​អង់គ្លេស​កាលពី​ខែ​មករា ​បារាំងអាល្លឺម៉ង់​និង​២៥​ប្រទេស​ផ្សេង​ទៀត​ ដូច​យ៉ាង​ប៉ូឡូញ បាន​សម្រប​តាម​គំនិត​ផ្តួច​ផ្តើម​បង្កើត​កិច្ចព្រមព្រៀងសន្តិសុខ​​ទ្វេភាគី​ជាមួយ​អ៊ុយក្រែន។ កិច្ចព្រមព្រៀង​សន្តិសុខ​នេះ នឹង​ជួយដល់​អ៊ុយក្រែន​នូវ​​សម្ភារៈ​បរិក្ខារយោធា ប្រតិបត្តិការ​ និង​ការ​បំពាក់បំប៉ន​យុទ្ធជន​អ៊ុយក្រែន ព្រមទាំង​ពង្រឹង​ឧស្សាហកម្ម​ការពារ​ជាតិ​អ៊ុយក្រែនទៀត។

ចំណែក​អាមេរិក ថ្វីបើ​មិន​ទាន់​អាច​ទម្លាយ​កញ្ចប់​ជំនួយ​យោធា​នៅសភា​បាន​មែន តែ​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​បន្ថែម​លើរុស្ស៊ី។ ជា​ទណ្ឌកម្ម​ដៅ​លើ​ក្រុម​ហ៊ុន​ដឹកជញ្ជូន​ប្រេង​ ចំនួន​១៤​ ដែល​រុស្ស៊ី​តែង​ប្រើ​សម្រាប់ពង្វាង​ទណ្ឌកម្ម​ និង​ប្រើ​សម្រាប់​នាំ​ចេញ​ប្រេង​ចេញ​ឱ្យ​បាន​ច្រើន​លើស​កូតា​កំណត់​របស់​លោក​ខាង​លិច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ