អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ដំណោះស្រាយ​បញ្ហា​ក្នុងស្ថានភាព​«អង្ករក្លាយ​ជាបាយ»​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បាញ់​ប្រហារ​ទៅ​លើ​កម្មការិនី​រោងចក្រ​ដែល​ធ្វើ​បាតុកម្ម​ទាមទារ​សិទ្ធិ​នៅ​ឯ​ទីក្រុង​បាវិត​ខេត្ត​ស្វាយរៀង​កាលពី​ថ្ងៃ​ចន្ទ​គឺជា​ឧទាហរណ៍​ថ្មី​បំផុត​ចុងក្រោយ​មួយ​ទៀត​ដែល​ជា​លទ្ធផល​នៃ​ភាព​​យឺត​យ៉ាវ​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ ​ប៉ុន្តែ ​បន្ទាប់ពី​អំពើ​ហិង្សា​បាន​កើត​ឡើង​ភ្លាម​ ការ​ទាម​ទារ​របស់​កម្មករ​ត្រូវ​បាន​ដោះស្រាយ​ភ្លាមៗ​ដែរ។ ​ចំណែកឯ​ក្រសួង​សមត្ថកិច្ច​នានា​ក៏​បញ្ចេញ​ប្រតិកម្ម​យ៉ាង​លឿន​រហ័ស​ដើម្បី​សម្រួល​សភាពការណ៍។ ​យ៉ាងណា​ក៏ដោយ​ គេ​មិន​អាច​ប្រែ​ក្លាយ​បាយ​ឲ្យ​ទៅ​ជា​អង្ករ​វិញ​បាន​ឡើយ។ ​តើ​អ្វីទៅ​ជា​ដើមហេតុ​បណ្តាល​ឲ្យ​ផ្ទុះ​ហិង្សា​ជា​បន្តបន្ទាប់​បែបនេះ?

ការ​ប្រឈម​មុខ​ដាក់​គ្នា​​ងាយ​ណាស់​​នឹង​នាំ​ដល់​​អំពើ​​ហិង្សា​
ការ​ប្រឈម​មុខ​ដាក់​គ្នា​​ងាយ​ណាស់​​នឹង​នាំ​ដល់​​អំពើ​​ហិង្សា​ © ស៊ីវ​ ចាន់ណា
ផ្សាយពាណិជ្ជកម្ម

ការ​បាញ់​ប្រហារ​ទៅ​លើ​អ្នកភូមិ​ដែល​តវ៉ា​រឿង​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​មិន​ទាន់​ទាំង​ដោះស្រាយ​ចប់​ផង ​ករណី​បាញ់​ប្រហារ​មួយ​ទៀត​ទៅ​លើ​ក្រុម​កម្មការិនី​អ្នកតវ៉ា​នៅ​ខេត្ត​ស្វាយរៀង​ក៏​បាន​ កក្រើក​ឡើង​ម្តង​ទៀត។ ​កម្មការិនី​៣​នាក់​បាន​រង​របួស​ធ្ងន់​ដោយសារ​គ្រាប់​កាំភ្លើង​របស់​ជន​ប្រដាប់​អាវុធ។ ​ព្រឹត្តិការណ៍​នេះ​អាច​ឆ្លុះ​បញ្ចាំង​បាន​នូវ​ទិដ្ឋភាព​ច្រើន​យ៉ាង​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន។

 
ទិដ្ឋភាពទី១៖ ​អាវុធ​នៅតែ​ជា​ឧបករណ៍​ដ៏គ្រោះថ្នាក់​និង​ត្រូវ​បាន​គេ​ប្រើប្រាស់​បាន​យ៉ាង​ងាយ​នៅ​គ្រប់​ស្ថានភាព។ ​ត្រង់​ចំណុច​នេះ​ គេ​គួរ​កត់សម្គាល់​ថា ​ក្រោយ​ការ​ផ្ទុះ​អាវុធ​ទៅលើ​ក្រុម​កម្មករ​ ភាព​ច្របូក​ច្របល់​បាន​កើត​ឡើង។ ​ទាំង​សមត្ថកិច្ច​ ទាំង​កង​សន្តិសុខ​ក្រុមហ៊ុន​សុទ្ធតែ​អះអាង​ថា​ ខ្លួន​មិន​បាន​បាញ់​ទៅ​លើ​កម្មករ​ទេ។ ​ពួកគេ​បែរ​ជា​ទម្លាក់​ទំនួល​ខុស​ត្រូវ​ទៅ​លើ​ជន​មិន​ស្គាល់​មុខ​ថា​ជា​អ្នក​បាញ់​ទៅ​វិញ។ ​ទោះជា​ដោយ​ចេតនា​ឬ​អចេតនា​ក្តី​ បញ្ហា​នេះ​អាច​ស​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ការ​គ្រប់​គ្រង​អាវុធ​គឺ​ជា​រឿង​ធូរ​រលុង​ដែល​មិន​គួរ​បណ្តែត​បណ្តោយ។

ទិដ្ឋភាពទី២៖ ​នៅ​ក្រោយ​ពេល​ផ្ទុះ​អាវុធ​កើត​ឡើង ​គេ​សង្កេត​ឃើញ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​ហាក់​បាន​ដុតដៃ​ដុតជើង​យ៉ាង​ខ្លាំង​ក្នុង​ការ​ដោះស្រាយ​បញ្ហា។ ​ក្រសួង​ការងារ​និង​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បាន​ជួប​ប្រជុំ​គ្នា​ជា​បន្ទាន់​និង​បាន​ដោះស្រាយ​ការ​ទាមទារ​របស់​កម្មករ​យ៉ាង​ឆាប់​រហ័ស​ប្រៀប​ដូច​ផ្លេកបន្ទោរ។ ​ជនរងគ្រោះ​បាន​ទទួល​ការ​ឧបត្ថម្ភ​ភ្លាមៗ​ដែរ​ពី​អាជ្ញាធរ​ខេត្ត​ ខណៈ​ដែល​ចំណាត់ការ​របស់​សមត្ថកិច្ច​ក្រសួង​មហាផ្ទៃ​ក៏​ត្រូវ​បាន​ចាត់​ឡើង​ជា​បន្ទាន់​ដើម្បី​តាម​ចាប់​ជន​ដៃដល់។ ​ទាំង​នេះ​ជារឿង​ត្រឹមត្រូវ​ដែល​អាជ្ញាធរ​ត្រូវ​ធ្វើ។ ​ប៉ុន្តែ ​ភាព​រហ័ស​រហួន​របស់​សមត្ថកិច្ច​ក្នុង​ដំណាក់កាល​នេះ​មិន​ខុស​អ្វី​ពី​ស្ថានភាព​«គោ​ស៊ីស្រូវ​រួច​ទើប​ធ្វើ​របង»​នោះ​ឡើយ។​ ប្រសិន​បើ​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​រួសរាន់​ដោះស្រាយ​បញ្ហា​មុន​នេះ​បន្តិច​ប្រហែល​ជា​រឿង​នេះ​មិន​បាន​កើត​ឡើង​ឡើយ។ ​ប៉ុន្តែ ​ជាទូទៅ​ ការ​ដោះស្រាយ​បញ្ហា​មាន​សភាព​យឺត​យ៉ាវ​ដូច​អូស​ឫស្សី​បញ្ច្រាស​ចុង។ ​រោងចក្រ​ខ្លះ ​កូដកម្ម​បាន​កើត​ឡើង​រាប់​សប្តាហ៍​នៅ​តែ​គ្មាន​ដំណោះស្រាយ។ ​ទំនាស់​ដីធ្លី​រឹតតែ​អូស​បន្លាយ​វែង​ជាង​នេះ​ទៅ​ទៀត​ពោល​គឺ​ ទំនាស់​ខ្លះ​អូស​បន្លាយ​រាប់ឆ្នាំ​នៅ​តែ​ដោះស្រាយ​មិន​ចេញ។

ទិដ្ឋភាពទី៣៖ ​ការ​ប្រឈមមុខ​ដាក់​គ្នា​ងាយ​ណាស់​នឹង​នាំ​ដល់​អំពើ​ហិង្សា ​ជាពិសេស​អ្នក​កាន់​អាវុធ​ងាយ​ណាស់​នឹ​ងកេះកៃ​នៅ​ពេល​មាន​បញ្ហា​បន្តិច​បន្តួច ​នេះ​ជា​ចរិក​ធម្មជាតិ​របស់​មនុស្ស​មួយចំនួន​ដែល​មាន​អាវុធ​នៅ​ក្នុង​ដៃ។ ​នៅ​ក្នុង​សង្គម​កម្ពុជា ​អ្នកកាន់​អាវុធ​ច្រើន​តែ​គិត​ថា​ខ្លួន​មាន​អំណាច​ដែល​អ្នក​ផ្សេង​ត្រូវ​ខ្លបខ្លាច​ និង​មិន​ត្រូវ​តតាំង​ជាមួយ។ ​ហេតុដូច្នេះ​ហើយ​បាន​ជា​ពួកគេ​មិន​ញញើត​នឹង​បាញ់​ឡើយ​នៅ​ពេល​ដែល​មាន​អ្នក​ណា​ធ្វើ​ឲ្យ​ឃ្នើស​ចិត្ត។ ​ដូច្នេះ​ មុន​នឹង​ប្រគល់​អាវុធ​ឲ្យ​អ្នកណា​ម្នាក់​ប្រើ ​អ្នក​នោះ​គួរ​តែ​បាន​រៀន​សូត្រ​ឲ្យ​ច្បាស់លាស់​ពី​ច្បាប់​អាវុធ។ អ្វី​ដែល​ខ្មាន់​កាំភ្លើង​ទាំងឡាយ​គួរ​ចងចាំ​គឺ​ អាវុធ​មិន​មែន​សម្រាប់​ដោះស្រាយ​បញ្ហា​ជាមួយ​ពលរដ្ឋ​ស្លូតត្រង់​ឡើយ។

សរុប​មក​វិញ​ រាល់​បញ្ហា​អ្វី​ក៏ដោយ​ ការ​រួសរាន់​ដោះស្រាយ​គឺជា​មធ្យោបាយ​ល្អ​បំផុត​ដើម្បី​បញ្ចៀស​កុំឲ្យ​បញ្ហា​តូច​ក្លាយ​ជា​បញ្ហា​ធំ។ ​ការដោះស្រាយ​បញ្ហា ​តាមរ​បៀប​«គោ​ស៊ី​ស្រូវ​រួច​ទើប​នាំ​គ្នា​ធ្វើ​របង»​គឺ​ជា​រឿង​ហួស​ពេល​ដែល​មិន​អាច​កែប្រែ​បាន។ ​យ៉ាងណា​មិញ ​ការ​បាញ់​ប្រហារ​ទៅ​លើ​អ្នក​តវ៉ា​នៅ​ក្រចេះ ​នៅ​ស្វាយរៀង​ក៏ដូច​ជា​ករណី​ជាច្រើន​ទៀត​កាល​ពី​ពេល​កន្លង​ទៅ​នេះ​ដែរ​ វា​ប្រហែល​ជា​អាច​ចៀសវាង​បាន​ប្រសិន​បើ​គេ​រួសរាន់​ដោះស្រាយ​បញ្ហា​ជាមុន​នោះ។​ និយាយ​តាម​បែប​ផ្សេង​ គេ​ហាក់​ដូច​ជា​នាំ​គ្នា​ចាំ​ព្យាបាល​ជាជាង​រក​វិធី​ការពារ។ នេះ​ជា​និន្នាការ​ខុស​ឆ្គង​មួយ​ដែល​គួរ​តែ​កែ​តម្រូវ​ជា​ចាំបាច់​ពីព្រោះ​ចូរ​កុំភ្លេច​ថា​ បញ្ហា​ទាំង​នេះ​ជា​ដុំ​ពពក​ខ្មៅ​ដែល​បិទបាំង​ពន្លឺ​រស្មី​ប្រទេស​កម្ពុជា​ទាំង​សម្រាប់​នយោបាយ​ផ្ទៃក្នុង​ ទាំង​នៅ​លើ​ឆាក​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ