អានតួអត្ថបទ
កម្ពុជា

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ប្រកាស​ស្វែង​រក​ចាប់​ជន​សង្ស័យ​ម្នាក់​ទៀត​

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ដឹកនាំ​ដោយ​លោក​ឱម យ៉ិនទៀង ​បាន​ប្រកាស​ជា​សាធារណៈ​ស្វែង​រក​​ចាប់​​ខ្លួន​​បុរស​​ឈ្មោះ ​​ពេជ្រ​ គង់យូ ​​អាយុ​៤៣​​ឆ្នាំ​​ដែល​​ជា​​បក្សពួក​​របស់​​ព្រះរាជ​អាជ្ញា​​តុលាការ​​ខេត្ត​​ពោធិសាត់ ​​លោក ​តុប ​ចន្ទសិរីវុធ​ ​ពី​​បទ​​ឃុបឃិត​​ប្រព្រឹត្ត​​អំពើ​​ចាប់​​បង្ខាំង​​មនុស្ស​​ដើម្បី​​ជម្រិត​​ទារ​ប្រាក់។​ ​លោក ​​ឱម យ៉ិនទៀង ​​បាន​​អំពាវនាវ​​ឲ្យ​​សាធារណជន​​សហការ​​ដើម្បី​​ឈាន​​ទៅ​​ចាប់​​ខ្លួន​​ជន​​សង្ស័យ​​ខាង​លើ​​ដែល​​កំពុង​​រត់​​គេច​​ពី​​សំណាញ់​​ច្បាប់។​

លោក​ ឱម យ៉ិនទៀង បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ ជួញ​គ្រឿង​ញៀន​
លោក​ ឱម យ៉ិនទៀង បង្ហាញ​របាយការណ៍​ស៊ើប​អង្កេត​អំពើ​ពុក​រលួយ​ ជួញ​គ្រឿង​ញៀន​ © ម៉េងហួរ
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តី​ជូនដំណឹង​ជា​សាធារណៈ​មួយ​ដែល​បាន​មក​ដល់​ដៃ​អ្នកកាសែត​នៅ​ចុង​សប្តាហ៍​នេះ ​លោក ​ឱម យ៉ិនទៀង​ ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ប្រកាស​ស្វែង​រក​ចាប់​ខ្លួន​បុរស​ឈ្មោះ​ពេជ្រ គង់យូ ​ម្ចាស់​ភោជនីយដ្ឋាន​មួយ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ឃុបឃិត​ប្រព្រឹត្ត​បទល្មើស​ជាមួយ​លោក​ តុប ចន្ទសិរីវុធ​ ព្រះរាជអាជ្ញា​តុលាការ​ខេត្ត​ពោធិសាត់​ដែល​តុលាការ​ផ្តន្ទាទោស​យ៉ាង​ធ្ងន់ធ្ងរ​ពី​បទ​ពុករលួយ។ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​អំពាវ​នាវ​​ឲ្យ​មហាជន​ទូទៅ​ចូល​រួម​សហការណ៍​ផ្តល់​ព័ត៌មាន​ដើម្បី​ឈាន​ទៅ​ចាប់​ខ្លួន​ជន​សង្ស័យ​ខាង​លើ​។

 

សេចក្តី​អំពាវនាវ​ជា​សាធារណៈ​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​បក្ខពួក​របស់​ព្រះរាជអាជ្ញា​តុលាការ​រូប​នេះ​​បាន​រត់​គេច​ខ្លួន​តាំងពី​ឆ្នាំ​២០១០​មក​បន្ទាប់​ពី​មាន​ដីកា​តាម​ចាប់ខ្លួន​របស់​តុលាការ​ខេត្ត​ពោធិសាត់​។ ​សកម្មភាព​ជា​បន្តបន្ទាប់​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​បាន​ធ្វើឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​និយាយ​ពី​អង្គភាព​នេះ​ជាញឹកញាប់​រយៈពេល​ចុងក្រោយ​នេះ។ ​កាលពី​ខែ​មុន​​នេះ ​​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ទើបតែ​បាន​ចាប់ខ្លួន​ចៅក្រម​តុលាការ​ខេត្ត​កណ្តាល​ពីរ​នាក់​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ទារប្រាក់​ពី​កូនក្តី​ជា​ថ្នូរ​នឹង​ការ​ដោះលែង។ ​ក្នុង​ចំណោម​ចៅក្រម​ទាំងពីរ​ ចៅក្រម​ម្នាក់​ត្រូវ​បាន​ដោះលែង​វិញ​ដោយសារ​រក​មិន​ឃើញ​បទ​ល្មើស​ រីឯ​ម្នាក់​ទៀត​កំពុង​ជាប់​មន្ទីរ​ឃុំឃាំង​ដើម្បី​រង់ចាំ​ការ​កាត់ទោស។

ចាប់តាំង​ពី​ការ​កកើត​អង្គភាព​នេះ​មក​ ប្រអប់​សំបុត្រ​ស​ជាច្រើន​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ដើម្បី​ទទួល​ពាក្យ​បណ្តឹង​ពាក់ពន្ធ័​អំពើ​ពុករលួយ។ ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏បាន​បញ្ចេញ​ស្នា​ដៃ​​ធំៗ​គួរឲ្យ​កត់សម្គាល់​មួយចំនួន​នៅ​ក្នុង​បេសកកម្ម​របស់​ខ្លួន។ ​ជាក់ស្តែង​ ចំណាត់ការ​ទៅ​លើ​​ព្រះរាជអាជ្ញា​តុប ចន្ទសិរីវុធ ​ការបំបែក​សំណុំរឿង​ពុករលួយ​ក្នុង​ស្ថាប័ន​ប្រឆាំង​គ្រឿងញៀន​ ការចាប់ខ្លួន​ចៅក្រម​តុលាការ​ខេត្ត​កណ្តាល ​និង​ចំណាត់ការ​ទៅលើ​មន្ត្រី​ពន្ធដារ​ដែល​ទារប្រាក់​លើស​ពី​ការកំណត់​ជាដើម។

អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ក៏​ធ្លាប់​បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​ថា​ មាន​សំណុំរឿង​ជាច្រើន​បាន​មក​ដល់​ដៃ​មន្ត្រី​ជំនាញ​របស់​ខ្លួន​ ហើយ​សំណុំរឿង​ទាំងនោះ​កំពុង​ត្រូវ​បាន​ចាត់ការ​ជា​បន្ត​បន្ទាប់​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ