អានតួអត្ថបទ
កម្ពុជា

កម្មការិនី​៣នាក់​របួស​ធ្ងន់​ដោយ​គ្រាប់​កាំភ្លើង​សន្តិសុខ​រោងចក្រ

ការ​តវ៉ា​របស់​កម្មករ​កម្មការិនី​ នៅ​ក្នុង​រោងចក្រ​កៅវ៉េ​ ក្នុង​ខេត្ត​ស្វាយរៀង​ បាន​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ដែល​បណ្តាល​អោយ​កម្មការិនី​៣​នាក់​របួស​ធ្ងន់​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ ភ្នាក់ងារ​សមាគម​សិទ្ធិមនុស្ស​អាដហុក​បាន​អះអាង​អោយ​ដឹង​ថា នៅ​ពេល​កម្មការិនី​ប្រើ​ដុំ​ថ្ម​គប់​ចូល​ទៅ​ក្នុង​រោងចក្រ​នោះ គេ​ឃើញ​សន្តិសុខ​របស់​រោងចក្រ​បាន​ដក​កាំភ្លើង​បាញ់​សំដៅ​មក​កម្មការិនី​អ្នក​តវ៉ា។ ក្រុម​កម្មករ​បាន​ធ្វើ​កូដកម្ម​តវ៉ា​ ដើម្បី​ទាមទារ​អោយ​ថៅកែ​រោងចក្រ​បន្ថែម​ប្រាក់​ខែ។

កម្មការិនី​ ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង​សន្តិសុខ​រោងចក្រ នៅ​ស្វាយរៀង ថ្ងៃ​ចន្ទ ២០ កុម្ភៈ ២០១២
កម្មការិនី​ ដែល​រងរបួស​ដោយ​គ្រាប់កាំភ្លើង​សន្តិសុខ​រោងចក្រ នៅ​ស្វាយរៀង ថ្ងៃ​ចន្ទ ២០ កុម្ភៈ ២០១២ Adhoc/DR
ផ្សាយពាណិជ្ជកម្ម

ករណី​ដែល​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​ប្រើប្រាស់​កាំភ្លើង ​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​​នឹង​ថៅកែ​របស់​ខ្លួន​នោះ បាន​កើត​ឡើង​សា​ជា​ថ្មី​ទៀត។ ករណី​ទី​មួយ​ពាក់ព័ន្ធ​នឹង​ការ​តវ៉ា​ក្នុង​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​ខេត្ត​ក្រចេះ​ កាល​ពី​ខែ​មករា បាន​ឈាន​ដល់​មាន​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី​ ដែល​បាន​អំពាវនាវ​អោយ​មាន​ការ​ចាប់​ខ្លួន​ជន​ល្មើស​ទៀត​ផង។

នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​២០​កុម្ភៈ​នេះ បើ​យោង​តាម​របាយការណ៍​របស់​ភ្នាក់ងារ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ប្រចាំ​ខេត្តស្វាយរៀង សន្តិសុខ​នៃ​រោងចក្រ​កាត់ដេរ​មួយ ​ដែល​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត បាន​ដក​កាំភ្លើង​ខ្លី​បាញ់​មក​លើ​ក្រុម​អ្នក​តវ៉ា​ជា​កម្មការិនី។ ប៉ុន្តែ ​អ្នក​សង្កេតការណ៍​សិទ្ធិមនុស្ស​បញ្ជាក់​ថា ការ​បាញ់​រះ​មក​លើ​ក្រុម​កម្មការិនី​កើត​ឡើង​ក្រោយ​ការ​តវ៉ា​បាន​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ ដោយ​ក្រុម​កម្មការិនី​បាន​ប្រើ​ប្រាស់​ដុំ​ថ្ម​គប់​ចូល​ក្នុង​អគារ​ ដែល​ធ្វើ​អោយ​បាក់បែក​របស់របរ​មួយ​ចំនួន។

ទោះយ៉ាងណា​ក៏​ដោយ លោក​ចាន់ សូវេត ​មន្ត្រី​ស៊ើបអង្កេត​របស់​សមាគម​អាដហុក​ប្រចាំ​ការិយាល័យ​កណ្តាល​នៅ​ភ្នំពេញ​បាន​ថ្កោលទោស​ការ​ប្រើប្រាស់​អាវុធ ​ដើម្បី​បង្ក្រាប​ក្រុម​អ្នក​តវ៉ា​យ៉ាង​ដូច្នេះ។ ​លោក​អំពាវនាវ​អោយ​អាជ្ញាធរ​តាម​ចាប់​ខ្លួន​ជន​ល្មើ​សមក​ផ្តន្ទា​ទោស​ដូច​ករណី​នៅ​ខេត្ត​ក្រចេះ​ដែរ។

មិន​អាច​ទាក់ទង​សមត្ថកិច្ច​នគរបាល ​ដើម្បី​ចង់​ដឹង​ពី​ចំណាត់ការ​ផ្លូវ​ច្បាប់​ប្រឆាំង​អ្នក​ប្រើប្រាស់​អាវុធ​នៅឡើយ​ទេ នៅ​ល្ងាច​ថ្ងៃ​ចន្ទនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ