អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុអ្វីពលរដ្ឋខ្មែរគួរពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន បាន​ជំរុញ​ឲ្យ​ពលរដ្ឋ​ដែល​មាន​លទ្ធភាព ងាក​ទៅ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី ជំនួស​យានយន្ត​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​។ លោក​បាន​ថ្លែង​ដូច្នេះ ក្នុង​ពេល​ដែល​ពិភពលោក​ទាំង​មូល កំពុង​ប្រឈម​នឹង​ការ​ឡើង​ថ្លៃ​នៃ​ប្រេង​ ដោយ​សារ​តែ​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​។ បើ​តាម​លោក ហ៊ុន សែន ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នឹង​អាច​ជួយ​ឲ្យ​ពលរដ្ឋ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃ​ប្រេងសាំង​បាន​។ តើ​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី ពិត​ជា​ចំណេញ​ជាងមែន​ឬ? ហើយ​ថា​តើ​កម្ពុជា​មាន​លក្ខខណ្ឌ​អំណោយ​ផល​ប៉ុនណ្ណា​សម្រាប់​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី?

យានយន្តអគ្គិសនី
យានយន្តអគ្គិសនី © សហការី
ផ្សាយពាណិជ្ជកម្ម

បើ​ទោះ​បី​ជា​កម្ពុជា​មិន​ទាន់​ជួប​វិបត្តិ​ខ្វះ​ប្រេង​ប្រើ​ប្រាស់​ដូច​ប្រទេស​មួយ​ចំនួន​ក្ដី ប៉ុន្តែ​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន យល់​ឃើញ​ថា វា​ល្មម​​ដល់​ពេល​​​ដែល​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​គិត​គូរ​អំពី​ការ​ផ្លាស់​ប្ដូរ​យានយន្ត​ដែល​ប្រើ​ប្រាស់​ប្រេង ទៅ​ប្រើ​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី​។ នោះ​ក៏​ព្រោះ​តែ​ប្រេង​ឥន្ធនៈ​នឹង​នៅ​តែ​មាន​តម្លៃ​ខ្ពស់ ឬ​អាច​នឹង​បន្ត​ឡើង​ថ្លៃ​ទៀត ខណៈ​សង្គ្រាម​រុស្ស៊ី​ឈ្លាន​ពាន​អ៊ុយក្រែន​នៅ​តែ​បន្ត​អូស​បន្លាយ​ ដោយ​គ្មាន​បង្ហាញ​សញ្ញា​ថា ​នឹង​អាច​បិទ​បញ្ចប់​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ឡើយ​។

បើ​និយាយ​អំពីការ​ជំរុញ​ឲ្យ​ប្រើ​ប្រាស់​​យានយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​កម្ពុជា បាន​ចាប់​ផ្ដើម​ធ្វើ​ការងារ​នេះ​តាំងពី​មុន​ពេល​ដែល​មាន​បញ្ហា​ឡើង​ថ្លៃ​ប្រេង​សាំង​មក​ម្ល៉េះ​។ លោក ស៊ុន ចាន់ថុល រដ្ឋ​មន្ដ្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ធ្លាប់​បាន​បង្ហាញ​ពី​មោទកភាព​ចំពោះ​កំណើន​នៃ​ការ​ចុះ​បញ្ជី​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​។ នៅ​ក្នុង​រយៈ​ពេល​​៥​ខែ​ដើម​ឆ្នាំ​២០២២​នេះ មាន​ការ​ចុះ​បញ្ជី​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​ចំនួន​៨៤​គ្រឿង ដែល​ចំនួន​នេះ កើន​ឡើង​ជាង​៨០០​ភាគរយ បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា ក្នុង​ឆ្នាំ​២០២១​។ រយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២១ ដែល​មាន​ការ​ចុះ​បញ្ជី​យានយន្ត​អគ្គិសនី​តែ​ចំនួន​៦​គ្រឿង​ប៉ុណ្ណោះ​។

ហេតុអ្វី​បាន​ជា​ពលរដ្ឋខ្មែរ ដែល​មាន​លទ្ធភាព គួរតែ​ពិចារណាអំពីការប្រើប្រាស់យានយន្តអគ្គិសនី?

ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី តិច​ឬ​ច្រើន វា​ពិត​ជា​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ ក្នុង​ពេល​​ដែល​តម្លៃ​ប្រេង​សាំង​នៅ​កម្ពុជា និយាយ​ដោយ​ឡែក និង​នៅ​ទូទាំង​ពិភពលោក និយាយ​ជា​រួម កំពុង​ឡើង​ថ្លៃ​។ នៅ​កម្ពុជា បើ​តាម​ការ​គូស​បញ្ជាក់​ពី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន ការ​បញ្ចូល​ថាមពល​អគ្គិសនី​យានយន្ត​ក្នុង​តម្លៃ​៤​ដុល្លារ អាច​ធ្វើ​ដំណើរ​បាន​១០០​គីឡូម៉ែត្រ ខណៈ​ការ​ចាក់​ប្រេង​ឥន្ធនៈ​យានយន្ត ត្រូវ​ចំណាយ​ជាង​១០​ដុល្លារ ឬ​លើស​ពី​នេះ​។

ទន្ទឹម​គ្នា​នេះ ពន្ធ​និង​អាករ​នាំ​ចូល​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី ទទួល​បាន​ការ​អនុគ្រោះ​ពី​​រដ្ឋាភិបាល​កម្ពុជា ដោយ​កំណត់​យក​ត្រឹម​៦៣​ភាគរយ​ប៉ុណ្ណោះ ខណៈ​រថយន្ត​ប្រើ​សាំង ជាប់​ពន្ធ​អាករ​ជា​មធ្យម​ចំនួន​១២០​ភាគរយ​។

មួយ​វិញទៀត ការ​ប្រើ​ប្រាស់​យានយន្ត​ដើរ​ដោយថាមពល​អគ្គិសនី ជា​និន្នាការ​សកល ដែល​បណ្ដា​ប្រទេស​ផ្សេង​ៗ​ទៀត​កំពុង​រុញ​ច្រាន​ឲ្យ​ទៅ​មុខ ដើម្បី​ជួយ​ដល់​បរិស្ថាន​ភព​ផែនដី​។ ជាក់​ស្ដែង​គណៈកម្មការ​អឺរ៉ុប ទើប​តែ​​សម្រេច​កាល​ពី​ថ្ងៃ​ទី​២៧​មិថុនា​ឆ្នាំ​២០២២​​កន្លង​ទៅ កំណត់វិធានការ​ហាមឃាត់​នូវរថយន្តដែលបំពាក់ដោយ​ម៉ាស៊ីនប្រើប្រេងសាំង ប្រេងម៉ាស៊ូត និង​រថយន្តហាយប្រ៊ីដ Hybride ចាប់​ពី​ឆ្នាំ​២០៣៥ត​ទៅ។ គ្រប់រថយន្តផលិតថ្មី លក់នៅ​លើ​ទីផ្សារអឺរ៉ុបទាំងអស់ គឺត្រូវតែជារថយន្តអគ្គិសនីទាំងស្រុង១០០ភាគរយ។​ ចំណែក​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​រយៈ​ពេល​វែង ស្ដី​ពី​អព្យាក្រឹត្យ​កាបូន​ឆ្នាំ​២០៥០ ដោយ​ជំរុញ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​រថយន្ត​អគ្គិសនី​ក្នុង​អត្រា​៤០​ភាគរយ និង​ម៉ូតូ​អគ្គិសនី​ក្នុង​អត្រា​៧០​ភាគរយ​។

សរុប​មក​វិញ ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី មិន​ត្រឹម​តែ​ផ្ដល់​ផល​ចំណេញ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​អ្នក​ប្រើ​ប្រាស់​ក៏​អាច​រួម​ចំណែក​ជួយ​ដល់​បរិស្ថានភព​ផែនដី​​ផង​ដែរ​។ ដ្បិត​តែ​មាន​ផល​ចំណេញ ប៉ុន្តែ​​កម្ពុជា​នៅ​មិន​ទាន់​មាន​លក្ខខណ្ឌ​អំណោយ​ផល​ល្អ​សម្រាប់​ការ​ប្រើ​ប្រាស់​យានយន្ត​អគ្គិសនី​នៅ​ឡើយ​ទេ​។ នោះ​ក៏​ព្រោះ​តែ​កម្ពុជា​នៅ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់ដំណើរការ​នៃ​យានយន្ត​អគ្គិសនី ដូច​ជា​កន្លែង​ផ្ដល់​សេវាកម្ម គ្រឿង​បន្លាស់ កម្មករ​ជំនាញ និង​កន្លែង​បន្សល់​ថ្ម​។ ចំណែក​​​វិសាលភាព​នៃ​​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​ទៀត​សោត ក៏​នៅ​មាន​កម្រិត ពុំ​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ​​។

យ៉ាង​ណា​ក៏​ដោយ ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​​យានយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន កំពុង​​ប្រឹង​ប្រែង​ខ្លាំង​ណាស់ ក្នុង​ការ​ដំឡើង​ស្ថានីយ​សាក​ថ្ម​យានយន្ត​អគ្គិសនី​នៅ​កម្ពុជា​។ ក្នុង​នោះ ក្រសួង​កំពុង​បន្ត​ស្វែង​រក​កិច្ច​សហការ​ពី​ក្រុមហ៊ុនប្រេង​ឥន្ធនៈ​ធំ​ៗ​នៅ​កម្ពុជា ក្នុង​ការ​បំពាក់​ឧបករណ៍​សម្ភារៈ​បញ្ជូល​ថាមពល​យានយន្ត​អគ្គិសនី​ឲ្យ​បាន​ច្រើន​​។ រហូត​មក​ទល់​ពេល​នេះ កម្ពុជា​មាន​គម្រោង​ដំឡើង​ស្ថាននីយ​សាក​ថ្ម​យានយន្ត​នៅរាជធានី​ភ្នំពេញ​ចំនួន​១០​​កន្លែង តាម​បណ្ដោយ​​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ​ចំនួន​​២​កន្លែង និង​នៅ​តាម​ផ្លូវ​ជាតិ​សំខាន់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា ផ្លូវ​ជាតិ​លេខ​១ ផ្លូវ​ជាតិ​លេខ​៥ ផ្លូវ​ជាតិ​លេខ​៦ និង​ផ្លូវ​ជាតិ​លេខ​៧​ជា​ដើម​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ