អានតួអត្ថបទ
កម្ពុជា

ប្រជាពលរដ្ឋ​បុរីកីឡា​ចំនួន​៧​នាក់​ត្រូវ​បាន​ដោះលែង​អោយ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​

ប្រជាពលរដ្ឋ​​បុរីកីឡា​​ចំនួន​​៧​​នាក់​​ដែល​​ត្រូវ​​បាន​​ចាប់​​ខ្លួន​​កាល​ពី​​ជាង​​១​​ខែ​​មុន​​ដោយសារ​​ជម្លោះ​​ដីធ្លី​​នៅ​​ក្នុង​​តំបន់​​បុរី​កីឡា​​ជាមួយ​​ក្រុមហ៊ុន​​ ផាន អ៊ី ម៉ិច ​ត្រូវ​​បាន​​ដោះលែង​​អោយ​​នៅ​​ក្រៅ​ឃុំ​​បណ្តោះ​​អាសន្ន​​អស់​​ហើយ​​នៅ​​ថ្ងៃ​​សៅរ៍​​នេះ។​ ប៉ុន្តែ​​បើទោះបី​ជា​​យ៉ាង​​នេះ​​ក្តី​​ប្រជា​ពលរដ្ឋ​​និង​​អង្គការ​​ក្រៅ​​រដ្ឋាភិបាល​​អំពាវនាវ​​ដល់​ស្ថាប័ន​​តុលាការ​​អោយ​​លើក​លែង​​ការ​​ចោទ​​ប្រកាន់​​តែ​​ម្តង​​ ​ពោល​​គឺ​​មិនមែន​​គ្រាន់​តែ​​ដោះលែង​​អោយ​​នៅ​​ក្រៅ​ឃុំ​​ប៉ុណ្ណោះ​អាសន្ន​​ទេ។

ប្រជាពលរដ្ឋ​បុរី​កីឡា​ចំនួន​៧​នាក់​ត្រូវ​បាន​ដោះលែង​អោយ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​
ប្រជាពលរដ្ឋ​បុរី​កីឡា​ចំនួន​៧​នាក់​ត្រូវ​បាន​ដោះលែង​អោយ​នៅ​ក្រៅឃុំ​បណ្តោះអាសន្ន​ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ប្រជាពលរដ្ឋ​បុរីកីឡា​៥​នាក់ត្រូវ​បាន​ដោះលែង​កាល​ពី​យប់​មិ្សលមិញ​និង​២​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍នេះ។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស​និង​ប្រជាពលរដ្ឋ​ដែល​ទើប​ចេញ​ពី​ពន្ធនាគារ។

កាល​ពី​ដើម​ខែ​មករា​កន្លងមក អាជ្ញាធរ​មូលដ្ឋាន​បាន​រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០​គ្រួសារ​នៅ​ក្នុង​តំបន់​បុរីកីឡា​ដោយ​សំអាង​ថា ពួកគេ​មក​រស់នៅ​ទីនេះ​មិនមាន​ច្បាប់​ទំលាប់​គ្រប់គ្រាន់។

ក្នុង​អំឡុង​ពេល​រុះរើ អំពើ​ហិង្សា​បាន​កើត​ឡើង​រវាង​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​​ដែល​បណ្តាល​អោយ​មាន​ការ​ចាប់​ខ្លួន​មនុស្ស​ចំនួន​៧​នាក់​ក្នុង​នោះ​មាន​យុវជន​អាយុ​១៧​ឆ្នាំ​ចំនួន​២​នាក់។ យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​ពីរនាក់នេះ​ត្រូវ​បាន​តុលាការ​ដោះលែង​​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។

លោក ពុត សាមាន ប្រជាពល​រដ្ឋ​បុរីកីឡា​ដែល​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃស​កាល​ពី​ខែ​មករា​ក្នុង​អំពើហិង្សា​ហើយ​ត្រូវ​បាន​ដោះលែង​កាល​ពី​យប់​ម្សិលមិញ​បាន​និយាយ​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះថា លោក​មាន​ទឹកចិត្ត​រំភើប​និង​សប្បាយ​​រីករាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​ចាកចេញ​ពី​ពន្ធនាគារ​ព្រៃស។ ចិត្ត​រំភើបមែន​ដោយ​បាន​នៅ​ក្រៅ​ឃុំបណ្តោះ​អាសន្ន​ប៉ុន្តែ​បុរស​អាយុ​៣១​ឆ្នាំ​រូបនេះ​បាន​អំពាវនាវ​អោយ​តុលាការ​លើកលែង​ការ​ចោទ​ប្រកាន់​ទាំងស្រុង​មក​លើ​ពួកគេ។

មន្រ្តី​ស៊ើបអង្កេត​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ ​លោក អំ សំអាត បាន​បញ្ជាក់​នៅថ្ងៃ​សៅរ៍​នេះថា ការ​ដោះលែង​បណ្តោះ​អាសន្ន​នេះ​គឺ​ជា​ជំហាន​ល្អ​មួយ​សម្រាប់​ប្រជាពលរដ្ឋ​បុរីកីឡា​ប៉ុន្តែ​លោក​សំណូមពរ​អោយ​លើកលែង​ការ​ចោទ​ប្រកាន់​ទាំង​ស្រុង​មក​លើ​ប្រជាពលរដ្ឋ​ទាំងនោះ​តែ​ម្តង។

ប្រជាពលរដ្ឋ​បុរី​កីឡា​ចំនួន​៧​នាក់ដែល​ត្រូវ​បាន​ចាប់ខ្លួន​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្តិ​អំពើ​ហិង្សា​ដោយ​ចេត្តនា​និង​ការប្រឆាំង​នឹងមន្រ្តី​រាជ។លោក អំ សំអាត បាន​បន្ត​បញ្ជាក់​ទៀត​ថា ប្រជាពលរដ្ឋ​ទាំងនោះ​ទទួល​រង​ទុក្ខ​ទោស​ដោយសារ​តែ​ពួកគេ​ការពារ​ផ្ទះ​សម្បែង​ពួកគេ​តែ​​​ប៉ុណ្ណោះ។ ពួកគេ​មិនគួរ​ទទួល​រងការ​ចោទ​ប្រកាន់​ពី​តុលាការ​នោះ​ទេ។

សូម​បញ្ជាក់​ថា ទំនាស់​ដីធ្លី​នៅ​ក្នុង​តំបន់​បុរី​កីឡា​បាន​អូសប​​ន្លាយ​អស់​រយៈ​ពេល​ជា​ច្រើនឆ្នាំ​មក​ហើយ​រវាង​ប្រជាពលរដ្ឋ​និង​ក្រុមហ៊ុន​ឯកជន។ ប្រជាពលរដ្ឋ​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​ថា​បាន​រំលោភ​យកដី​របស់​ពួកគេ​ប៉ុន្តែ​ក្រុមហ៊ុន​បាន​បក​ស្រាយ​បញ្ច្រស​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ