អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តើហេតុអ្វីទើបខ្មែរគួរនាំគ្នាចាយប្រាក់ «រៀល»?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្មី​ៗ​នេះ នៅ​តាម​បណ្ដាញ​សង្គម មាន​ការ​ជជែក​វែក​ញែក​យ៉ាង​ផុលផុស​អំពី​ការ​ប្រើ​ប្រាស់​រូបិយបណ្ណជាតិ​ខ្មែរ ដែល​យើង​ស្គាល់​គ្រប់​គ្នា​ថា ប្រាក់ «រៀល​»។ គិត​ត្រឹម​ឆ្នាំ​២០២២​នេះ វា​មាន​រយៈ​ពេល​៤២​​ឆ្នាំ​ហើយ ​ដែល​ប្រទេស​កម្ពុជា​បាន​ដាក់​ឲ្យ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ ក្រោយ​របប​ខ្មែរ​ក្រហម​បាន​ដួល​រលំ​ទៅ។ ៤២​​ឆ្នាំ​មក​នេះ គេ​សង្កេត​ឃើញ​ថា ​ការ​ចរាចរ​ប្រាក់​រៀល​​នៅ​មាន​កម្រិត​នៅ​ឡើយ បើ​ធៀប​ទៅ​នឹង​ការ​ចាយ​​​ប្រាក់​ដុល្លារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន បើ​ទោះ​បី​ជា​ធនាគារ​ជាតិ​នៃ​កម្ពុជា តែង​តែ​ជំរុញ​លើក​ទឹក​ចិត្ត​ឲ្យ​ពលរដ្ឋ​ងាក​មក​ប្រើ​ប្រាស់​ប្រាក់​រៀល​យ៉ាង​ណា​ក៏​ដោយ​។ តើ​ហេតុ​អ្វី​ទើប​គេ​គួរ​នាំ​គ្នា​ចាយ​លុយ​រៀល​នៅ​លើ​ទីផ្សារ?

រូបិយប័ណ្ណប្រាក់រៀលខ្មែរ
រូបិយប័ណ្ណប្រាក់រៀលខ្មែរ © សហការី
ផ្សាយពាណិជ្ជកម្ម

រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ​ហើយ​បាន​ជា​គេ​សង្កេត​ឃើញ​ថា នៅ​តាម​បណ្ដា​ប្រទេស​ភាគ​ច្រើន​លើ​សកល​លោក គឺ​មាន​តែ​រូបិយប័ណ្ណ​ជាតិ​របស់​ប្រទេស​នោះ​ប៉ុណ្ណោះ ដែល​អាច​ធ្វើ​ចរាចរ​នៅ​លើ​ទី​ផ្សារ​បាន​។ ប៉ុន្តែ​នៅ​ប្រទេស​កម្ពុជា ការ​ប្រើ​ប្រាស់​រូបិយប័ណ្ណ​មាន​លក្ខណៈ​ដាច់​ដោយ​ឡែក​។ ពោល​គឺ កម្ពុជា​ប្រើ​ប្រាស់​ក្រដាស​ប្រាក់​ច្រើន​ប្រភេទ​ មិន​មែន​ប្រើ​ប្រាស់​តែ​ប្រាក់​រៀល ដែល​ជា​រូបិយប័ណ្ណ​ជាតិ​នោះ​ទេ​។

នៅ​ភាគ​ខាង​កើត ខេត្ត​ខ្មែរ​ដែល​ជាប់​ព្រំ​ដែនប្រទេស​វៀតណាម ​និយម​ចាយ​លុយ​ដុង​ រូបិយវត្ថុ​របស់​វៀតណាម​​។ ចំណែក​នៅ​ខាង​លិច ខេត្ត​ខ្មែរដែល​​ជាប់​ព្រំដែន​ប្រទេស​ថៃ និយម​ចាយ​លុយ​បាត រូបិយវត្ថុ​របស់​ថៃ​។ ដោយ​ឡែក ខេត្តនិង​រាជធានី​​ខ្មែរ​ដែល​មិន​ជាប់​ព្រំដែន​ប្រទេស​ដទៃ និយម​ចាយ​លុយ​ដុល្លារ​របស់​អាមេរិក​​។ លុយ​ដុល្លារ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ទូលំ​ទូលាយ​បំផុត​ នៅ​កម្ពុជា​។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ ប្រជាពលរដ្ឋ​ខ្មែរបាត់​បង់​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល លែង​សូវ​ប្រើ​ប្រាក់​ប្រាក់​រៀល​ដែល​ជា​រូបិយប័ណ្ណ​ជាតិ ហើយ​ងាក​មក​​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ​ទៅ​វិញ​។

បច្ចុប្បន្ន លុយ​រៀល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​ក្រប​ខណ្ឌមាន​ដែន​​កំណត់​មួយ​ចំនួន ដូច​ជា​ការ​បង់​ពន្ធ​គ្រប់​ប្រភេទ​ជូន​រដ្ឋ ការបើក​​ប្រាក់​បៀរវត្ស​មន្ដ្រី​រាជការ ការ​ទូទាត់​ប្រាក់​សេវាកម្ម​របស់​រដ្ឋ និង​ការ​ទិញ​ដូរ​ក្នុង​ទំហំ​ទឹក​ប្រាក់​តូច នៅ​តាម​ទី​ផ្សារ​មួយចំនួន​។ ប៉ុន្តែ​សម្រាប់​ការ​កំណត់​តម្លៃ ការ​ទូទាត់ និង​សន្សំ ភាគ​ច្រើន​លើស​លុប គឺ​ប្រើ​ប្រាស់​​ជា​លុយ​ដុល្លារ​អាមេរិក​។ ជា​ការ​ពិត​ហើយ​ថា គេ​អាច​ទូទាត់ជា​​ប្រាក់​រៀល​បាន​ដែរ បើ​ទោះ​បី​ជា​មាន​ការ​កំណត់​តម្លៃ​ជា​ប្រាក់​ដុល្លារ​អាមេរិក​ក៏​ដោយ​។ ប៉ុន្តែ​សេវា​ទូទាត់​ជា​ប្រាក់​រៀល អាច​នឹង​តម្រូវ​ឲ្យ​គិត​ថ្លៃ​ខ្ពស់ជាង​​បន្តិច​។

នៅ​ក្នុង​របាយការណ៍ប្រចាំ​ឆ្នាំ​២០២១ ធនាគារ​ជាតិ​នៃ​កម្ពុជា ​បាន​ប្រកាស​អំពី​ការ​រីកចម្រើន​ផ្នែក​​សេដ្ឋកិច្ច ​និង​វិស័យ​ធនាគារថា សេដ្ឋកិច្ច​ស្រុកខ្មែរ​ ឆ្នាំ២០២១ មាន​កំណើន​វិជ្ជមាន​ឡើងវិញ បន្ទាប់​ពី​ធ្លាក់​ចុះ​កាលពី​ឆ្នាំ២០២០។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​ធនាគារជាតិនៃកម្ពុជា ​កម្រិត​ខ្ពស់​នៃ​ដុល្លារូបនីយកម្ម បាន​ដាក់​សម្ពាធ​លើ​ការ​អនុវត្ត​នយោបាយ​រូបិយវត្ថុ​ខ្មែរ។ ការណ៍​នេះ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា ​​និន្នាការ​នៃ​ការប្រើ​លុយដុល្លារ​នៅ​កម្ពុជា ​​មិនមាន​ការ​ថយចុះ​ទាល់តែ​សោះ បើទោះបីជា​កម្ពុជា​មាន​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ហើយ​​​មាន​អត្រា​អតិផរណា​មិន​ខ្ពស់​ហួសហេតុ​​ក៏ដោយ។

ជា​ការ​ពិត​ហើយ​ថា ការអនុញ្ញាត​ឲ្យ​ចាយលុយដុល្លារ​យ៉ាង​ទូលំទូលាយ​​បែបនេះ​អាច​បញ្ចៀស​​មិន​ឲ្យ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​ចលនា​ហូរ​ចេញ​មូលធន​ទៅ​ក្រៅ​ប្រទេស និង​​ជួយ​សម្រួលកម្ពុជា​​ក្នុង​ការ​ធ្វើ​សមាហរណកម្ម​ក្នុង​ពាណិជ្ជកម្ម​អន្ដរជាតិ​។ ប៉ុន្តែ​ក្រៅ​ពី​គុណ​ប្រយោជន៍​ទាំង​នេះ ការ​ចាយ​លុយ​ដុល្លារ ក៏​អាច​បង្ក​នូវ​ផល​វិបាក​អវិជ្ជមាន​ច្រើន​ផង​ដែរ​ដល់​សេដ្ឋកិច្ច​ខ្មែរ​។

ដំបូង​បង្អស់ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ ឬ​ដុល្លារូបនីយកម្ម នាំ​មក​នូវ​ការ​ខាត​បង់​ចំណូល ដែល​ទទួល​បាន​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​ជាតិ​។ មាន​ន័យ​ថា កម្ពុជា​ត្រូវ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​។ ហើយ​ការ​បាត់​បង់​សិទ្ធិ​លើ​ការ​បោះ​ពុម្ព​ក្រដាស​ប្រាក់​នេះ មាន​ន័យ​ថា រដ្ឋ​បាត់​បង់​ចំណូល ដែល​បាន​មក​ពី​ការ​បោះ​ពុម្ព​រូបិយវត្ថុ​។ លើស​ពី​នេះ ការ​ប្រើ​ប្រាស់​ប្រាក់​ដុល្លារ បាន​ធ្វើ​ឲ្យ​មាន​ការ​រាំង​ស្ទះ​ដល់​ការ​អនុវត្ត​គោលនយោបាយ​​រូបិយវត្ថុ និង​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់ ចំពោះ​ស្ថិរភាព​ហិរញ្ញវត្ថុ​របស់​កម្ពុជា​។ ដោយ​ឡែក ទាក់ទង​នឹង​បញ្ហា​សង្គម​វិញ ដុល្លាររូបនីយកម្ម ​បាន​រួម​ចំណែក​បង្កើត​ឲ្យ​មាន​គម្លាតរវាង​អ្នក​មាន​និង​អ្នក​ក្រ​។ ដូច​បាន​លើក​ឡើង​ខាង​ដើម​ហើយ​ថា ការ​ទិញ​ដូរ​នៅ​កម្ពុជា ភាគ​ច្រើន​ត្រូវ​បាន​កំណត់​ជា​ប្រាក់​ដុល្លារ​។ ហើយ​មាន​តែ​បុគ្គល​ដែល​មាន​ធនធាន​ហិរញ្ញវត្ថុ​ជា​ដុល្លារ ឬ​ជន​បរទេស​ប៉ុណ្ណោះ ដែល​អាច​ទិញ​ទំនិញ​ទាំង​នោះ​បាន​។ ចំណែក​ពលរដ្ឋ​ដែល​មាន​ប្រាក់​ខែ​ជា​ប្រាក់​រៀល ត្រូវ​ប្រឈម​មុខ​នឹង​ការ​ខាត​បង់​យ៉ាង​ច្រើន នៅ​ពេល​ពួក​គេ​ដូរ​ប្រាក់​ជា​ដុល្លារ​។

ក្នុង​បរិបទ​នេះ ការ​បង្កើន​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ដែល​ជារូបិយប័ណ្ណ​ជាតិ គឺ​ជា​រឿង​ចាំ​បាច់ ដែល​គួរ​ពិចារណា​ ព្រោះ​ថា វា​​ជា​​ការ​គ្រប់គ្រង​នយោបាយ​រូបិយវត្ថុ​យ៉ាងពេញលេញ​ដោយ​ខ្លួនឯង។ ការ​ចាយ​ប្រាក់​រៀល ​មិនត្រឹមតែ​ផ្តល់​ផលប្រយោជន៍​ដល់​សេដ្ឋកិច្ច​ជាតិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជា​​មោទកភាព​របស់​ជាតិ​ខ្មែរ​ទាំងមូល​ផងដែរ ព្រោះ​រូបិយប័ណ្ណ​ជាតិ ជា​និមិត្ត​រូប​ដ៏​សំខាន់​មួយ​នៃ​អធិបតេយ្យ​ជាតិ​។ ដូច្នេះ ​ដើម្បី​ឲ្យ​លុយរៀល​ត្រូវ​បាន​គេ​ប្រើប្រាស់​ច្រើន និង​ជា​មោទកភាព​របស់​ជាតិ​ខ្មែរ​បាន រដ្ឋាភិបាល​កម្ពុជា​ចាំបាច់​ត្រូវ​តែ​ដាក់ចេញ​នូវ​នយោបាយ ដើម្បី​ស្តារ​ទំនុកចិត្ត​លើ​លុយរៀល​ឡើងវិញ​។

នៅ​ពេល​ដែល​ប្រទេស​កម្ពុជា​ពង្រឹង​ទំនុក​ចិត្ត​លើ​ប្រាក់​រៀល​ក្នុង​ចំណោម​ប្រជាពលរដ្ឋបាន នៅ​ពេល​នោះ ឥទ្ធិពល​របស់​ប្រាក់​ដុល្លារ​នឹង​ថយ​ចុះ​ជា​បណ្ដើរ​ៗ និង​ជា​ស្វ័យ​ប្រវត្តិ​។ ការ​លើក​ដម្កើង​ការ​ប្រើ​ប្រាស់​ប្រាក់​រៀល​នៅ​តាម​ធនាគារ​ក្នុង​ស្រុក ក៏​ដូច​ជា​ការ​កំណត់​ការ​ទូទាត់​ជា​ប្រាក់​រៀល ក៏​ជា​មធ្យោបាយ​ក្នុង​ការ​ធ្វើ​បដិ​ដុល្លារ​រូបនីយកម្ម​ប្រកប​ដោយ​ប្រសិទ្ធភាព​ដែរ​។ ការ​ប្រើ​ប្រាស់​ប្រាក់​រៀល ប្រសិន​បើអាច​​ធ្វើ​បាន​យ៉ាង​ទូលំទូលាយ នោះ​វា​នឹង​ជួយ​ពង្រឹង​ប្រសិទ្ធភាព​ អធិបតេយ្យ​ភាព និង​ឯក​រាជភាពនៃ​នយោបាយរូបិយវត្ថុ​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​ផ្ដល់​ការ​​គាំទ្រដល់​ការ​ស្តារ និង​ពង្រឹងភាពធន់​នៃ​សេដ្ឋកិច្ចខ្មែរ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត​ផង​​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ