អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ទិវាសេរីភាពសារព័ត៌មាន៖ បញ្ហារើសអើងនិងគម្រាមកំហែងអ្នកកាសែត ទាមទារឲ្យមានការដោះស្រាយជាបន្ទាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​ទី​០៣​ខែ​ឧសភា​​ស្អែកនេះ គឺ​ជា​ទិវា​សេរីភា​ពសារព័ត៌មាន​។ សារព័ត៌មាន​នៅ​កម្ពុជា ត្រូវ​គេកត់​សម្គាល់​​ថា មាន​បរិមាណ​ច្រើន រីក​ដុះ​ដាល​ដូច​ផ្សិត​ត្រូវ​ទឹក​ភ្លៀង​។ ចំណែក​អ្នក​កាសែត​ក៏​មាន​ចំនួន​កើន​ឡើង​ជា​លំដាប់​ដែរ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​។ នេះ​គឺ​ជា​សញ្ញា​វិជ្ជមាន​មួយ​។ យ៉ាង​ណា​ក៏​ដោយ គេ​សង្កេត​ឃើញ​ថា ​ក្នុង​ពេល​ចុះ​បំពេញ​ភារកិច្ច អ្នក​កាសែត​មួយ​ចំនួន​នៅ​ស្រុក​ខ្មែរ នៅ​តែ​រង​ការ​រើស​អើង ​ការ​គម្រាម​កំហែង និង​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ពី​សំណាក់​អាជ្ញាធរ។ ជា​បញ្ហា​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ជា​បន្ទាន់​។ 

អ្នកសារព័ត៌មាន និងអ្នកកាសែត (រូបតំណាង)
អ្នកសារព័ត៌មាន និងអ្នកកាសែត (រូបតំណាង) © សហការី
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ចំនួន​អង្គភាព​សារព័ត៌មាន និង​បរិមាណ​អ្នក​កាសែត បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់​។ គិត​ត្រឹម​ឆ្នាំ​២០២១ អង្គភាព​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួន​សរុប​ជាង​២​ពាន់​អង្គភាព ក្នុង​នោះ​មាន​តាំង​ពី​វិទ្យុ ទូរទស្សន៍ ទីភ្នាក់ងារ​ព័ត៌មាន កាសែត​ជាតិ​និង​អន្ដរជាតិ ព្រម​ទាំង​សារព័ត៌មាន​និង​ទូរទស្សន៍​អនឡាញ​ផង​។

ស្ថាប័ន​សារព័ត៌មាន​មាន​ច្រើន អ្នក​កាសែត​ក៏​មាន​ច្រើន​ដែរ។ នេះ​គឺ​ជា​រឿង​ដ៏​គួរ​ត្រេក​អរ​ចំពោះ​វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា​។ ប៉ុន្តែ​ទន្ទឹម​គ្នា​នេះ វិស័យ​សារព័ត៌មាន​នៅ​កម្ពុជា នៅ​មាន​បញ្ហា​ច្រើន​ទៀត​ដែល​ទាមទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះ​ស្រាយ​ពី​ស្ថាប័ន​មាន​សមត្ថកិច្ច ដោយ​ចំពោះ​​​បញ្ហា​ប្រឈម​របស់​​អ្នក​កាសែត នៅ​ពេល​ពួក​គេ​ចុះ​ទៅ​​បំពេញ​ការងារ​។ បញ្ហា​ទាំង​នោះ​គឺ៖ ការ​រើស​អើង ការ​គម្រាម​កំហែង និង​អំពើ​ហិង្សាលើ​អ្នក​កាសែត ពី​សំណាក់​ភាគី​ពាក់ព័ន្ធ​ផ្សេង​ៗ​​។

និយាយ​ពី​ការ​រើស​អើង​។ ជា​រឿយ​ៗ គេ​តែង​តែ​ឮ​ព័ត៌មាន​ថា អ្នក​កាសែត​នៅ​ស្រុក​ខ្មែរ ដោយ​ចំពោះ​ស្ថាប័ន​កាសែត​ដែល​និយម​រិះគន់​រដ្ឋាភិបាល ត្រូវ​អាជ្ញាធរ​​បដិសេធ​មិន​ផ្ដល់​សម្ភាស ឬ​មិន​អនុញ្ញាត​ឲ្យ​ចូល​រួម​នៅ​ក្នុង​កម្មវិធី​មួយ​ចំនួន​របស់​រដ្ឋាភិបាល​។ ប៉ុន្តែ​មែន​ទែន​ទៅ ហេតុការណ៍​ដូច​គ្នា​នេះ​ក៏​កើត​ឡើង​ផង​ដែរ លើ​អ្នក​កាសែត​ពី​ស្ថាប័ន​ដែល​មាន​និន្នាការ​ស្និទ្ធ​នឹង​រដ្ឋាភិបាល ពី​សំណាក់​អតីត​គណបក្ស​ប្រឆាំង​​​​និង​អ្នក​គាំទ្រ​របស់​ពួក​គេ​​។

ចំពោះ​ការ​គម្រាម​កំហែង​​វិញ អ្នក​កាសែត​ជួប​តាំង​ពី​ការ​គម្រាម​ប្ដឹង​ផ្ដល់ រហូត​ដល់​គម្រាម​បាញ់​សម្លាប់​។ ដែល​នេះ វា​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន។ សេរីភាព​សារព័ត៌មាន ដែល​ត្រូវ​បាន​ធានា​ដោយ​ច្បាប់​កម្ពុជា​និង​ច្បាប់​សកល​​។ អ្នក​កាសែត​ខ្លះ មិន​គ្រាន់​តែ​ត្រូវ​បាន​រើស​អើង និង គម្រាម​កំហែង​​ប៉ុនណោះ​ទេ ពួក​គេ​ថែម​ទាំង​ត្រូវបាន​​ដក​ហូត​សម្ភារៈ​ផលិតព័ត៌មាន និង​រង​ការ​វាយ​ដំ​ថែម​ទៀត​។

ជា​ការ​ពិត​ហើយ​ថា រហូត​មក​ទល់​ពេល​នេះ សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា បាន​រីក​ចម្រើន​លូលលាស់​ទៅ​មុខ​គួរ​ឲ្យ​កត់​សម្គាល់ បើ​ប្រៀបធៀប​ទៅ​នឹង២៩​ឆ្នាំ​​មុន ដែល​កម្ពុជា​ចាប់​ផ្ដើម​បើក​ចំហ​ទៅ​កាន់​លទ្ធិ​ប្រជាធិបតេយ្យ​។ បើ​ទោះ​បី​ជា​យ៉ាង​ណា​ក្ដី សុវត្ថិភាព​របស់​អ្នក​កាសែត​នៅ​តែ​ជា​បញ្ហា​ដ៏​ធំធេង​មួយ​ដែល​ត្រូវ​ដោះ​ស្រាយ​។ អ្នក​កាសែត​ជាប់ពន្ធនាគារ អ្នក​កាសែត​ត្រូវ​គេ​ប្ដឹង​ឡើង​តុលាការ អ្នក​កាសែត​រង​ការ​គម្រាម​កំហែង ឬ​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ នៅ​តែ​កើត​ឡើង​ដដែល​ៗ និង​ជាប់​ជា​ប្រចាំ​។ បញ្ហា​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ចំណាត់ថ្នាក់​សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​នៅ​លើ​ឆាក​អន្ដរជាតិ ស្ថិត​នៅ​ក្នុង​លំដាប់​មិន​សូវ​ល្អ​ប៉ុន្មានឡើយ​។

ក្នុង​ន័យ​នេះ មន្ដ្រី​រដ្ឋាភិបាល​ អាជ្ញាធរ និង​ស្ថាប័ន​​ពាក់ព័ន្ធ គួរ​តែ​ចាប់​ផ្ដើម​ផ្លាស់​ប្ដូរ​ឥរិយាបថ​ចំពោះ​អ្នក​កាសែត ដោយ​គួរ​ចាត់​ទុក​អ្នក​កាសែត​ជា​ដៃ​គូ​សហការ​ក្នុង​ការ​អភិវឌ្ឍ​សង្គម មិន​មែន​ជា​បន្លា​នៅ​ក្នុង​កែវ​ភ្នែក​ឡើយ​។ ការ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួលយ​ក​វប្បធម៌​ពហុ​គំនិត ដែល​ជា​​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ក៏​ជា​កត្តា​សំខាន់​ផងដែរ ក្នុង​ការ​ធានា​សុវត្ថិភាព​អ្នក​កាសែត ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​អាច​បំពេញ​តួនាទី​បាន​ពេញ​លេញ​​។

ចំណែក​អ្នក​កាសែត​ខ្លួន​ឯង ដែល​អះអាង​ថា ជា​អ្នក​សារព័ត៌មាន​អាជីព ត្រូវ​តែ​ចាប់​ផ្ដើម​ពង្រឹង​ខ្លួន​ឯង​ឲ្យ​បាន​រឹង​មាំ តាម​រយៈ​ការ​គោរព​ក្រម​សីលធម៌​វិជ្ជាជីវៈ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​។ នៅ​ក្នុង​ទិស​ដៅ​នេះ ម្ចាស់​ស្ថាប័ន​សារព័ត៌មាន​ទាំង​ឡាយ គួរ​តែ​គិត​គូរ​ដល់​ជីវភាព​អ្នក​កាសែត និង​ពង្រឹង​ឯករាជភាព​នៃ​ស្ថាប័ន​របស់​ខ្លួនជា​ចាំ​បាច់។

​ព្រោះ​សូម​កុំភ្លេច​ថា សារព័ត៌មាន​ដែល​ជា​អំណាច​ទី​៤ ឥឡូវ​នេះ​ដើរ​តួ​កាន់​តែ​សំខាន់​ឡើង​ៗ​នៅ​ក្នុង​សង្គម​ខ្មែរ​។ ទាំង​នៅ​ក្នុង​ការ​ផ្ដល់​ព័ត៌មាន​ដល់​ម្ចាស់​ឆ្នោត​អំពី​ការ​ប្រព្រឹត្ត​របស់​អ្នក​នយោបាយ និង​ទាំង​ការ​ផ្សាយ​ការពិត ធ្វើ​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​សេចក្ដី​ត្រូវ​ការ​របស់​ពលរដ្ឋ​ដល់​អ្នក​នយោបាយ​និង​អ្នក​ដឹកនាំ ដើម្បី​ឈាន​ទៅ​រក​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹម​ត្រូវ​។ ការ​ផ្សព្វផ្សាយ​ព័ត៌មាន​បញ្ចើច​បញ្ចើ ប្រជាភិថុតិ ដើម្បី​តែ​ប្រយោជន៍​បុគ្គល គឺ​ជា​រឿង​ហួស​សម័យ​ហើយ​នៅ​ក្នុង​បរិបថ​ដែល​ពលរដ្ឋ​ខ្មែរ​កាន់​តែ​ច្រើន​ឡើង ចាប់​ផ្ដើម​យល់​ពី​សច្ចភាព​នៃ​ព័ត៌មាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ