អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ភាព​ជ្រុល​និយម​​គឺ​ជា​​ប្រភព​​នៃ​​ការ​បែក​បាក់​​សង្គម​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្គម​​ខ្មែរ​​បច្ចុប្បន្ន​​កំពុង​ស្ថិត​​ក្នុង​​សភាព​​បែក​បាក់​​គួរ​​ឲ្យ​​ព្រួយ​បារម្ភ​។ ​ការ​បែក​បាក់​​ក្នុង​​ពិភព​​អ្នក​នយោបាយ​​ជា​​រឿង​​មួយ ​ប៉ុ​ន្តែ ​ការ​បែក​បាក់​​រវាង​​អ្នក​គាំ​ទ្រ​​នយោបាយ​​ឬ​ក៏​​រហូត​ដល់​​ក្នុង​សង្គម​​សង្ឃ​​ផង​​គឺ​ជា​​រឿង​​គួរ​​ឲ្យ​​កត់​សម្គាល់​​មួយ​ទៀត​។ ​ទស្សនៈ​​ជ្រុល​និយម​រៀង​ៗ​ខ្លួន​​រហូត​ដល់​​និយាយ​​ស្តាប់​​គ្នា​​លែង​​បាន​​គឺ​ជា​​មូល​ហេតុ​​ចម្បង​​មួយ​​នៃ​​ការ​បែក​បាក់​​ដែល​​កំពុង​​នាំ​​សង្គម​​ទៅ​រក​​គ្រោះ​ថ្នាក់​។ ​ដូច្នេះ ​មាន​តែ​​ការ​ប្រកាន់​​ផ្លូវ​កណ្តាល​​ស្រប​តាម​​គន្លង​​ព្រះ​ពុទ្ធ​សាសនា​​ទេ​​ទើប​​អាច​​កាត់​បន្ថយ​​ការ​បែក​បាក់​​នេះ​​បាន​។​

នៅពេលដែលនិយាយស្តាប់គ្នាលែងបាន ​អំពើ​ហិង្សា​ក៏កើតឡើង
នៅពេលដែលនិយាយស្តាប់គ្នាលែងបាន ​អំពើ​ហិង្សា​ក៏កើតឡើង RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពី​ក្រោយ​ការបោះឆ្នោត​អាណត្តិ​ទី៥នេះ​មក គឺ​នៅពេលដែល​ប៉ូល​នយោបាយ​ទាំងពីរ​ឡើងមក​ប្រឈមមុខ​លើស​ង្វៀន​នយោបាយ ស្នាម​ប្រេះឆា​នៃ​សង្គម​ខ្មែរ​ហាក់ដូចជា​កាន់តែ​បង្ហាញ​ច្បាស់​ជាង​មុន។

មិន​ត្រឹមតែ​អ្នកនយោបាយ​ទេ តែ​អ្នកគាំទ្រ​គណបក្ស​ទាំងពីរ​ក៏​បង្ហាញ​ពី​ទស្សនៈ​មិន​ចុះសម្រុង​យ៉ាងខ្លាំង​ណាស់ដែរ។ ក្រុម​អ្នក​ប្រកាន់​តឹង​សម្លឹង​ឃើញ​គណបក្ស​របស់ខ្លួន​ល្អឥតខ្ចោះ ខណៈដែល​គូបដិបក្ខ​វិញ​គឺជា​សត្រូវ​ដ៏​គ្រោះថ្នាក់​ដែល​ត្រូវ​កម្ចាត់។ ទស្សនៈ​បែបនេះហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​និយាយ​ស្តាប់​គ្នា​មិនបាន​និង​ចូលគ្នា​មិន​ចុះ។ នៅ​ទីបំផុត ពេល​ក្តៅ​ចុង​ច្រមុះ​រៀងខ្លួន ពួកគេ​ក៏​ផ្តើម​ជះ​កំហឹង​ដាក់គ្នា​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន។

ជាការ​ពិតណាស់ វា​ជា​រឿង​ធម្មតា​ទេ​ដែល​មនុស្ស​តែងមាន​ទស្សនៈ​ខុសគ្នា​មិន​ថា​ជាតិ​សាសន៍​ណា​ឬ​សង្គម​ណា​នោះទេ។ ជាពិសេស​ទៅទៀត ក្នុងសង្គម​ប្រជាធិបតេយ្យ ពហុ​មតិ​គឺជា​មូលដ្ឋានគ្រឹះ​ដែល​មិនអាច​ខ្វះ​បាន​ពីព្រោះ ពហុ​មតិ​នេះហើយ​ដែល​អាចជួយ​រុញ​ការអភិវឌ្ឍ​ប្រទេស​ឲ្យ​លឿន​ទៅមុខ​ស្របតាម​ក្រឹ​ត​ក្រម«ប្រទេសមួយ​ជា​របស់​ទាំងអស់គ្នា»គឺ​មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​ក្រុម​ណាមួយ​ឡើយ។

ប៉ុន្តែ ដើម្បី​ឲ្យ​ពហុ​មតិ​មានតម្លៃ វា​ទាល់តែ ទី១ មតិយោបល់​ទាំងនោះ​ត្រូវបាន​បញ្ចេញ​ក្នុងន័យ​ស្ថាបនា​និង​ប្រកបដោយ​ការទទួលខុសត្រូវ និង​ទី២ វា​ទាល់តែ​មនុស្សម្នាក់ៗចេះ​ទទួលយក​គំនិត​ស្ថាបនា​របស់​អ្នកដទៃ​ដើម្បី​កែលម្អ​ឬ​បំពេញបន្ថែម​ចំណុច​ខ្វះខាត​ឬ​កំហុសឆ្គង​របស់ខ្លួន។ នៅក្នុង​សង្គម​ប្រជាធិបតេយ្យ គេ​ផ្តល់​តម្លៃ​ដល់​ការចូលរួម​ក្រោម​ហេតុផល​ថា «គំនិត​ច្រើន​ប្រសើរ​ជាង​គំនិត​តែមួយ»។

ប៉ុន្តែ នៅក្នុង​សង្គម​ខ្មែរ គេ​ប្រាកដជា​បាន​ស្គាល់​សុភាសិត​មួយ​ថា«គ្នា​តិច​អន្សម​ខ្លោច គ្នា​ដូច​ស្រមោច​អន្សម​ឆៅ»។ តាមរយៈ​សុភាសិត​នេះ ដូនតា​ខ្មែរ​ចង់​បង្ហាញថា ពេលខ្លះ​មាន​គ្នាច្រើន​ក៏​គ្មាន​ប្រយោជន៍​អ្វី​ដែរ​ប្រសិនបើម្នាក់ៗគិតតែ​ប្រចាំ​គ្នា​ឬក៏​មើលបំណាំ​គ្នា​នោះ។ យ៉ាងណាមិញ ក្នុង​បរិបទ​បច្ចុប្បន្ន ពហុ​គំនិត​មិន​ត្រឹមតែ​មិន​បានជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​ប្រទេស​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​ទេ តែ​វា​បែរជា​ធ្វើ​ឲ្យ​ខូចប្រយោជន​ទ​ទៅវិញ​ក៏មាន។

ការបែកបាក់​គ្នា​យ៉ាងខ្លាំង​ក្នុងសង្គម​បច្ចុប្បន្ន​គឺជា​ឧទាហរណ៍​ជាក់ស្តែង។ ជា​ញឹកញាប់ អ្នកនយោបាយ​ដែលមាន​និន្នាការ​ខុសគ្នា​ពិបាក​និយាយ​គ្នា​ឬក៏​ចូលគ្នា​មិន​ចុះ​តែម្តង។ ចំណែក​អ្នកគាំទ្រ​នយោបាយ​វិញ​ក៏​បែកបាក់​គ្នា​ខ្លាំង​ណាស់ដែរ។ ភាគីនីមួយៗសម្លឹងមុខ​គ្នា​ដូចជា​គូសត្រូវ​ស្លាប់​រស់ ហើយក៏​ដៀលត្មះ ជេរប្រមាថ​គ្នា​ឥត​ត្រា​ប្រណី។ អ្វីដែល​ធ្ងន់ធ្ងរ​ជាង​នេះ សូម្បី​ក្នុងសង្គម​ព្រះសង្ឃ​ដែលជា«ស្រែបុណ្យ»របស់​ប្រជា​ពុទ្ធបរិស័ទ​ក៏​ស្គាល់​ការបែកបាក់​មិនគួរ​ឲ្យ​ជឿ​ដែរ។ មិនគួរ​ឲ្យ​ជឿ​នៅត្រង់ថា ទី​វត្ត​អារាម​មួយចំនួន​ដែលជា​តំណាង​ឲ្យ​ភាព​ស្ងប់​សុខ​នោះ បែរជា​កើតមាន​ជម្លោះ​បែក​ផ្សេង​ទៅវិញ។

ដូច្នេះ ប្រសិនបើ​សូម្បីតែ«ឧ​ត្ត​ម​ភេទ»មួយចំនួន​ក៏​គ្មាន​សេចក្តី​ស្ងប់​សុខ​ក្នុង​ចិត្ត​ផង ប្រសិនបើ​អ្នកនយោបាយ​បែកបាក់​គ្នា​យ៉ាងខ្លាំង និង​ប្រសិនបើ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​បោះបង់​ផ្លូវកណ្តាល​ដែលជា​ស្នូល​នៃ​ទស្សនវិជ្ជា​ព្រះពុទ្ធសាសនា​ចោល​ទៅហើយនោះ ប្រាកដ​ណាស់​ថា សង្គម​ខ្មែរ​ទាំងមូល​នឹងត្រូវ​លេប​ត្របាក់​ដោយ​ទស្សនៈ​ជ្រុលនិយម​ជាមិនខាន។ ភាពជ្រុលនិយម​ដែល​កើតចេញពី​ភាព​រ៉ាំរ៉ៃ​នៃ​បញ្ហា ការ​អស់ជំនឿ និង​ការឈឺចាប់ផ្សេងៗជា​រឿង​មួយ រីឯ​ភាពជ្រុលនិយម​ដែល​កើតចេញពី​មនោគមន៍វិជ្ជា​នយោបាយ​ងប់​ង​ល់​និង​ការជឿជាក់​ស៊ុប​ហួសហេតុ​ទៅលើ​អ្នកណាម្នាក់​រហូត​ចាត់ទុក​អ្នក​យល់​ផ្សេង​ពី​ខ្លួន​ថា​ជាស​ត្រូវ​គឺជា​រឿង​មួយទៀត។

ដើម្បី​កាត់បន្ថយ​ភាពជ្រុលនិយម ទាំង​អ្នកនយោបាយ ទាំង​អ្នកគាំទ្រ​ត្រូវ​ចេះ​ទទួលយក​មតិ​រិះគន់​តាមបែប​ត្រជាក់​ពីគ្នា​ទៅវិញទៅមក។ តាមពិត​វិធី​ត្រជាក់​មានតម្លៃ​ណាស់​សម្រាប់​ផ្នត់គំនិត​សង្គម​ខ្មែរ​ដូច​សុភាសិត​មួយ​ពោលថា«ក្តៅ​ស៊ីរាក់ ត្រជាក់​ស៊ី​ជ្រៅ»។ ប៉ុន្តែ ពេលខ្លះ ដោយសារតែ​ធម៌​ត្រជាក់​គ្មាន​ប្រសិទ្ធភាព ធម៌​ក្តៅ​ក៏​ចូលមក​ជំនួស។

សរុប​មកវិញ មានតែ​ការ​ងាក​មករក​ផ្លូវកណ្តាល​វិញ​ទេ​ដែលជា​ប្រភព​នៃ​ភាពសុខដុមរមនា​រប​ស់​សង្គម​ខ្មែរ។ ការបោះបង់​ផ្លូវកណ្តាល​ហើយ​ប្រកាន់យក​ទស្សនៈ​ជ្រុលនិយម​មិន​ខុសពី​ការបើក​ច្រក​ឲ្យ​វប្បធម៌«កំហឹង​ទល់​កំហល់»ចូលមក​លុកលុយ​ក្នុង​ខ្លួន​ក៏ដូចជា​ក្នុងសង្គម​ទាំងមូល​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ