អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ចរិត​អ្នក​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អស់​​រយៈ​ពេល​​ជាង​២០​ឆ្នាំ​​មក​ហើយ​​ដែល​​ប្រទេស​​កម្ពុជា​​បាន​​ប្រកាន់​យក​​រប​ប​​ប្រជា​ធិបតេយ្យ​​សេរី​​ពហុបក្ស​។ ​ទាំង​​អ្នក​នយោបាយ​​ទាំង​​ប្រជាពលរដ្ឋ​​បាន​​ស្គាល់​​ភាព​ចាស់​ទុំ​​ខាង​​ប្រជា​ធិប​តេយ្យ​​គួរ​​ឲ្យ​​កត់​សម្គាល់​។ ​យ៉ាង​ណា​ក៏​ដោយ ​ភាព​ចាស់​ទុំ​​នេះ​​នៅ​​មិន​ទាន់​​គ្រប់​គ្រាន់​​និង​​នៅ​​ផុយ​ស្រួយ​​យ៉ា​ង​ខ្លាំង​។ ​តាម​រយៈ​​សង្គ្រាម​ពាក្យ​សម្តី ​និង​​តាម​រយៈ​​ការ​អនុវត្ត​​ជាក់​ស្តែង​​នៅ​ក្នុង​​ឆាក​នយោបាយ​​ជាតិ​​ក៏​ដូច​ជា​​នៅ​ក្នុង​​គណបក្ស​នីមួយ​ៗ​ដែរ​ គេ​​អាច​​ស្វែង​យល់​បាន​​ពី​​ចរិត​«អ្នក​ប្រជាធិបតេយ្យ​»​នៅ​​កម្ពុជា​។ ​តើ​​អ្នក​នយោបាយ​​ខ្មែរ​​បាន​​ប្រកាន់​​ចរិត​​ជា​​អ្នក​ប្រជា​ធិប​តេយ្យ​​បាន​​កម្រិត​ណា​​ហើយ​ ?​

គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​
គណបក្ស​សង្គ្រោះ​ជាតិ​​ធ្វើ​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​តាម​បែប​លទ្ធិ​ប្រជាធិបតេយ្យ​ Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

រយៈពេល​ជាង២០ឆ្នាំ​ក្នុង​របត់​ប្រជាធិបតេយ្យ តើ​កម្ពុជា​បាន​បណ្តុះ​គ្រាប់ពូជ​នៃ​វប្បធម៌​នយោបាយ​ថ្មី​នេះ​បាន​កម្រិតណា? ដើម្បី​ឆ្លើយ​សំណួរ​នេះ គេ​គួរ​គប្បី​ពិនិត្យមើល​ចរិត​អ្នកនយោបាយ​មុនគេ​ពីព្រោះ​អ្នកនយោបាយ​គឺជា​តួអង្គ​សំខាន់​ជាងគេ​ក្នុងការ​បណ្តុះ​គ្រាប់ពូជ​ប្រជាធិបតេយ្យ។

ដែល​ហៅថា អ្នកប្រជាធិបតេយ្យ​គឺជា​អ្នក​ដែល​អាច​បន្សាំ​ខ្លួន​បាន​យ៉ាង​ល្អ​ទៅនឹង​វប្បធម៌​ពហុ​គំនិត ពោលគឺ​ពាក្យរិះគន់​ក្នុងន័យ​ស្ថាបនា ឬក៏​មតិផ្ទុយ​ពី​គំនិត​របស់ខ្លួន​មិនមែនជា​រឿង​គួរ​ឲ្យ​ខឹងច្រឡោត​ទេ។ ផ្ទុយទៅវិញ​វា​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ចំណុច​ខ្វះខាត​ដែល​ជួនកាល​ខ្លួនឯង​មើលមិនឃើញ។ ក្នុងន័យនេះ អ្នកប្រជាធិបតេយ្យ​តែង​ត្រៀមខ្លួន​ជានិច្ច​ក្នុង​ការទទួល​យកពាក្យ​រិះគន់ និង​ស្តាប់​មតិយោបល់​របស់​អ្នកដទៃ​ដើម្បី​កែលម្អ​ចំណុច​ខ្វះខាត​របស់ខ្លួន។ លើសពីនេះ ការទទួលខុសត្រូវ​គឺជា​លក្ខណៈសម្បត្តិ​មិនអាច​ខ្វះ​បាន។

ងាក​មក​មើល​ចរិត​របស់​អ្នកនយោបាយ​ខ្មែរ​វិញ មិន​ថា​ក្នុង​បក្ស​កាន់អំណាច​ឬ​ក្នុង​បក្ស​ក្រៅ​រដ្ឋាភិបាល​ទេ ពួកគេ​ច្រើនតែ​សប្បាយ​តែ​នឹង​ពាក្យ​សរសើរ។ តែបើ​មាន​ពាក្យរិះគន់​វិញ ប្រតិកម្ម​ច្រឡោត​ក៏​កើតឡើង​ភ្លាម​មួយ​រំពេច។ អ្នក​ដែល​ហ៊ាន​រិះគន់ បើជា​មនុស្ស​នៅក្នុង​បក្ស​ជាមួយគ្នា​នឹងត្រូវ​គេ​លាប​ពណ៌​ភ្លាម​ថា​ជា​មនុស្ស​ក្បត់បក្ស​ឬ​លក់ខ្លួន​ទៅ​ឲ្យ​បក្ស​ដទៃ។

ក្នុងករណី​ដែល​អ្នក​រិះគន់​នោះ​ស្ថិតក្នុង​មជ្ឈដ្ឋាន​ផ្សេង​វិញ កម្រ​ណាស់​ដែល​អ្នកនយោបាយ​ទទួលយក។ ជា​​ទូទៅ ពួកគេ​តែង​បញ្ចេញ​ប្រតិកម្ម​តបតយ៉ាងខ្លាំងៗរហូតដល់​ប្រើពាក្យ​ដៀលត្មះ ឬ​គ​ម្រោះ​គម្រើយ​គួរ​ឲ្យ​ស្រ​កៀរ​ត្រចៀក​ក៏មាន។ ដូច្នេះ អ្នក​ដែល​ចង់បាន​សុខ ចង់​មានមុខ​តំណែង និង​លាភសក្ការៈ​ត្រូវតែ​ពោល​ពាក្យ​សរសើរ​ដល់​មេ​កើយ​របស់ខ្លួន​ទោះជា​ការសរសើរ​នោះ​មិន​ស្មោះត្រង់​ក៏ដោយចុះ។

ជាការ​ពិត ធម្មជាតិ​របស់​មនុស្ស​ក្នុង​លោក​នេះ តែង​ចូលចិត្ត​ពាក្យ​សរសើរ។ ការសរសើរ​ដោយស្មោះ​ត្រង់​ចំពោះ​អំពើ​ល្អ​របស់​អ្នកណាម្នាក់​គឺជា​រឿង​ដែល​ត្រូវធ្វើ​ដើម្បី​ជាការ​លើកទឹកចិត្ត។ ក្នុងន័យនេះ មនុស្ស​មិនគួរ​កំណាញ់​ពាក្យ​សរសើរ​លើកទឹកចិត្ត​ដល់​អ្នកធ្វើ​ល្អ​នោះឡើយ។ ប៉ុន្តែ អ្វីដែល​ត្រូវ​ប្រយ័ត្ន​នោះ​គឺ​ពាក្យ​សរសើរ​ដែលមាន​ន័យ​បញ្ចើចបញ្ចើ​ហួសការ​ពិត។ ជាពិសេស​អ្នក​ដែល​ចាំតែ​ទះដៃ​ហៃអើ​នៅ​ជុំវិញខ្លួន​គឺជា​ថ្នាំពុល​ដ៏​គ្រោះថ្នាក់​សម្រាប់​មេដឹកនាំ​នយោបាយ។

គ្រោះថ្នាក់​នៅត្រង់ថា ពាក្យ​បញ្ចើ​ញ​បញ្ចើ និង​ហៃអើ​ទាំងនោះ​គឺជា​ថ្នាំ​សណ្តំ​ដែល​ធ្វើ​ឲ្យ​មេដឹកនាំ​នយោបាយ​ស្រវាំងភ្នែក​មើលលែងឃើញ​កំហុសឆ្គង ឬ​ចំណុច​ខ្វះខាត​របស់ខ្លួន។ ទីបំផុត ទាំងអស់គ្នា​នឹង​ធ្លាក់ទឹក​ដូច​ទស្សនៈវិជ្ជា​ដែល​បានបង្ហាញ​ក្នុង​រឿងព្រេង​ខ្មែរ«អា​ជ័យ​ធ្លាក់ទឹក» ជា​ឧទាហរណ៍​ស្រាប់។ រីឯ​គំនិត​បក្សពួក គ្រួសារ និង​អាត្មានិយម ដែល​នៅតែ​ស្តែងចេញ​យ៉ាងច្បាស់​នៅក្នុង​ពិភព​អ្នកនយោបាយ​ក៏​ជា​ភស្តុតាង​បង្ហាញថា​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នៅមានកម្រិត​ទាប​នៅ​ឡោះ​យ​ដែរ។ នៅពេលដែល​អ្នកនយោបាយ​សម្លឹង​ឃើញ​ផលប្រយោជន៍​ផ្ទាល់ខ្លួន​និង​បក្សពួក​ជាធំ ពួកគេ​ច្បាស់​ជា​ទុក​ផលប្រយោជន៍​សាធារណៈ​មួយអន្លើ​សិន​ជាមិនខាន។

ម្យ៉ាងទៀត ការធ្វើ​នយោបាយ​ចង់តែ​ឈ្នះ​តែ​ខ្វះ​ការទទួលខុសត្រូវ នយោបាយ​ប្រជាភិថុតិ នយោបាយ​យកជើងរាទឹក... ក៏​សុទ្ធសឹង​ជា​វិញ្ញាសា​ឆ្លុះបញ្ចាំង​ពី​ភាពទន់ខ្សោយ​នៃ​វប្បធម៌​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដែរ។ មូលហេតុ​គឺ​មកពី​អ្នកនយោបាយ​មួយចំនួន​នៅ​មិន​ព្រម​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ទទួលយក​វប្បធម៌​ពហុ​គំនិត។ ពួកគេ​នៅតែ​ស្ថិតក្រោម​ឥទ្ធិពល«អញ​និយម»យ៉ាងខ្លាំង​នៅឡើយ។ ម្យ៉ាងទៀត ទម្លាប់​ធ្វើ​នយោបាយ​យកតែ​ឈ្នះ​ក៏បាន​ធ្វើ​ឲ្យ​ការរិះគន់​គ្នា​មួយចំនួន​បាត់បង់​ន័យ​ស្ថាបនា​ហើយ​ធ្លាក់​ក្នុងការ​វាយប្រហារ​យក​ឈ្នះ​ចាញ់​ទៅវិញ។

សរុប​មកវិញ ទោះបីជា​ប្រជាធិបតេយ្យ​រីកលូតលាស់​គួរ​ឲ្យ​កត់សម្គាល់​ក៏ដោយ នៅមាន​កិច្ចការ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ដើម្បី​ពង្រឹង​គ្រឹះ​វប្បធម៌​មួយ​នេះ​ឲ្យ​បាន​រឹងមាំ។ អ្នកនយោបាយ និង​មន្ត្រី​អាជ្ញាធរ​គឺជា​អ្នក​ដែល​ត្រូវ​បង្ហាញ​គំរូ​មុនគេ។ ពួកគេ​គួរតែ​ព្យាយាម​បើក​ចិត្ត​ទូលាយ​ថែមទៀត​ដើម្បី​ទទួលយក​វប្បធម៌​ពហុ​គំនិត។

នៅពេលដែល​អ្នកនយោបាយ​ចេះ​រិះគន់​គ្នា​ក្នុងន័យ​ស្ថាបនា ចេះ​ទទួលយក​ការរិះគន់ និង​ចេះ​កែលម្អ​កំហុសឆ្គង​របស់ខ្លួន​ប្រកបដោយ​ការទទួលខុសត្រូវ នោះ​ទើប​សមជា«ចរិត​អ្នកប្រជាធិបតេយ្យ»។ បើ​ពុំ​ដូច្នោះ​ទេ ពាក្យ​ប្រជាធិបតេយ្យ​ដែល​គេ​នាំគ្នា​ប្រើ​សព្វថ្ងៃ នឹង​ក្លាយជា​ពាក្យបោកប្រាស់​តែប៉ុណ្ណោះ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ