អានតួអត្ថបទ
កម្ពុជា

ជម្លោះ​CPP​ និង​CNRP​ រាល​ដាល​ដល់​ថ្នាក់​រាជធានី​

ក្រុម​ប្រឹក្សា​​រាជ​ធានី​​ភ្នំពេញ​​របស់​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ​​ចំនួន​៦នា​ក់​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍​​នេះ ​បាន​រៀប​ចំ​​សន្និសីទ​​សារព័ត៌​មាន​នៅ​​ទីស្នាក់ការ​​គណបក្ស​​ក្នុង​​សង្កាត់​​ចាក់​អង្រែ​លើ​​ដើម្បី​​ស្នើ​ឱ្យ​​សា​លា​​រាជធានី​​ដាក់​បញ្ចូល​​បេក្ខភាព​​គណបក្ស​ប្រឆាំង​​ចូល​ទៅ​​គណៈកម្មការ​​លទ្ធកម្ម​។ ​សន្និសីទ​​នេះ​​ធ្វើឡើ​ង ​បន្ទាប់​ពី​​ពួកគេ​​បាន​​ដើរ​​ចេញ​ពី​​កិច្ច​ប្រជុំ​​វិសាមញ្ញ​​របស់​​សាលា​​រាជធានី​។​

លោក​​កឹម ​​សុខា ​​និង ​​លោក​ហ៊ុន ​​សែន ​​ព្រមាន​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​ក្នុង​ការ​​ប្រើ​ប្រាស់​សភា​ទម្លាក់​រដ្ឋ​មន្ត្រី​ និង​ តំណែង​អនុ​ប្រធាន​រដ្ឋ​សភា​
លោក​​កឹម ​​សុខា ​​និង ​​លោក​ហ៊ុន ​​សែន ​​ព្រមាន​​គ្នា​​ទៅ​​វិញ​​ទៅ​​មក​ក្នុង​ការ​​ប្រើ​ប្រាស់​សភា​ទម្លាក់​រដ្ឋ​មន្ត្រី​ និង​ តំណែង​អនុ​ប្រធាន​រដ្ឋ​សភា​ RFI
ផ្សាយពាណិជ្ជកម្ម

ជម្លោះ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ឈានដល់​ជម្លោះ​ថ្នាក់​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ក្រុមប្រឹក្សា​រាជធានី​គណបក្សប្រឆាំង​ចំនួន៦រូប បាន​ដើរ​ចេញពី​កិច្ចប្រជុំ ហើយ​រៀបចំ​សន្និសីទ​សារព័ត៌មាន។ ជា​សន្និសីទ​សារព័ត៌មាន​ដើម្បី​ស្នើឱ្យ​ក្រុម​រាជធានី​ភ្នំពេញ ដាក់បញ្ចូល​បេក្ខភាព​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ចូលទៅ​ក្នុងគណៈ​កម្មការ​លទ្ធកម្ម​របស់​រាជធានី។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក កឹម សុភា សមាជិក​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

លោក​បាន​អះអាងថា តាម​ការសម្រេច​ប្រជុំ​ផ្ទៃក្នុងរ​បស់​សាលា​រាជធានី គឺ​ត្រូវ​ឱ្យមាន​សមាសភាព៣រូប​ក្នុង​មួយ​គណៈកម្មការ ដែល​បក្ស​កាន់អំណាច​មាន​ពីររូប គណបក្សប្រឆាំង​មួយរូប។

លោក​សង្កត់ធ្ងន់ថា ក្នុងការ​ប្រជុំ​សម្រេច​បង្កើត​គណៈកម្មកា​រ​នេះ សមាជិក​គណបក្ស​ប្រជាជន មិន​ព្រម​ឯកភាព។ លោក​បាន​ចោទ​ក្រុមប្រឹក្សា​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ថា ព្រួយបារម្ភ​ពី​ការប៉ះពាល់​ផលប្រយោជន៍​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រចាំរាជធានី​ភ្នំពេញ។ លោក បាន​បន្តថា គណៈកម្មការ​លទ្ធកម្ម​គឺជា​គណៈកម្មការ​ដែល​ត្រួតពិនិត្យ​និង​យល់​លំអិត​ផ្ទាល់​តែម្តង​លើ​រាល់​គម្រោង​វិនិយោគ​ដែល​ធ្វើឡើង​ក្នុង​ដែន​រាជធានី​ភ្នំពេញ។ សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ អះអាងថា រាល់​គណៈកម្មការ​ដែល​នឹង​សមាសភាព​ទាំងពីរ​គណបក្ស​គឺ​នឹង​អាច​ត្រួតពិនិត្យ​ឱ្យមាន​តម្លាភាព និង​ប្រសិទ្ធភាព​លើ​គម្រោង​អភិវឌ្ឍន៍​នានា​ដែល​សាលា​រាជធានី​ភ្នំពេញ​បាន​ទំលាក់​ឱ្យ​វិស័យ​ឯកជន។

ដោយឡែក​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង​ ឌី​ម៉​ង់ បាន​ឆ្លើយតប​ថា ការបែងចែក​គណៈកម្មកា​រ​នោះ​ដែល​យោងតាម​សេចក្តីប្រកាស​របស់​អន្តរក្រសួង​នោះ គឺ​មិនបាន​បែងចែក​ពី​កូតា​គណបក្សនយោបាយ​ដែល​ត្រូវ​ដាក់បញ្ចូល​នោះទេ។ ពោលគឺ​យ៉ាងតិច៣រូប​សម្រាប់​គណៈកម្មកា​រ​មួយ។ ដូចនេះ​មិនមែន​មានន័យថា​ត្រូវដាក់​គណបក្ស​ប្រជាជន២រូប និង​គណបក្ស​សង្គ្រោះ​ជាតិ១រូប​នោះទេ។

សូមបញ្ជាក់​ជូន​ថា ជម្លោះ​ក្នុងការ​ដឹកនាំ​រវាង​គ​ណ​បក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្នាក់​រាជធានី​នេះ​គឺ​កើតឡើង​តែ​ប៉ុន្មាន​ថ្ងៃ​តែ​ប៉ុ​ណ្ណោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​លោក កឹម សុខា បាន​បើក​ការវាយប្រហារ​ពាក្យសំដី​គំរាម​គ្នា​ទៅវិញទៅមក លើ​រឿង​បោះឆ្នោត​ទម្លាក់​រដ្ឋមន្ត្រី​នៃ​គណបក្សកាន់អំណាច និង​ការបោះឆ្នោត​ទម្លាក់​ដំណែង​អនុប្រធានរដ្ឋសភា​ពី​គណបក្ស​សង្គ្រោះ​ជាតិ​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ