អានតួអត្ថបទ
កម្ពុជា

អង្គការ​ សមាគម​យុវជន​ចំនួន​ ៧​ គាំទ្រ​សំណើ​កំណត់​អាណត្តិ​នាយក​រដ្ឋ​មន្ត្រី​

នៅ​​ព្រឹក​​ថ្ងៃ​​សុក្រ​​នេះ ​អង្គការ​ សមាគម​យុវជន​​ចំនួន ​៧​ដែល​ជា​​សមាជិក​​គណៈ​កម្មាធិកា​​រ​​យុវជ​ន​​ដើម្បី​​ឯកភាព ​និង​​អភិវឌ្ឍន៍​​បាន​ធ្វើ​​សន្និសីទ​កាសែត​​មួយ​​ស្តី​ពី​ “​ ការ​គាំ​ទ្រ​​ឲ្យ​​មាន​ការ​​កំណត់​​អាណត្តិ​​នាយក​រដ្ឋ​មន្ត្រី​"។ ​​ក្រោយ​​សន្និសីទ ​សមាគម​​ទាំង​នេះ ​បាន​ចេញ​​សេចក្តី​ថ្លែងការណ៍​​រួម​​ប្រកាស​​គាំទ្រ​​យ៉ាង​​ពេញ​ទំហឹង​​ចំពោះ​​ការ​កំណត់​​អាណត្តិ​​ត្រឹម​តែ​​ពីរ​​អាណត្តិ​។

ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នាក្នុងការគាំទ្រឲ្យមានការកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីឲ្យបានច្បាស់លាស់នៅកម្ពុជា។
ក្រុមអង្គការសង្គមស៊ីវិល ជួបជុំគ្នាក្នុងការគាំទ្រឲ្យមានការកំណត់អាណត្តិរបស់នាយករដ្ឋមន្ត្រីឲ្យបានច្បាស់លាស់នៅកម្ពុជា។ RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

“ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹមតែ​ពីរ​អាណត្តិ ឫ ១០ ឆ្នាំ គឺអាច​កាត់បន្ថយ​ឱ​កាស​បង្កើត​ឲ្យ​មាន​បក្ខពួកនិយម គ្រួសារនិយម ព្រមទាំង​អំពើពុករលួយ​នៅក្នុង​សង្គម"។ នេះ គឺជា​ការលើកឡើង​រប​ស់​ក្រុម​អង្គការ សមាគមយុវជន​ទាំង៧ នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​របស់ខ្លួន។

អង្គការ សមាគមយុវជន​ទាំងនេះ លើកឡើង​បន្តថា ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ក៏​នឹងធ្វើ​ឲ្យ​មាន​ភាព​សម្បូរបែប​នៅក្នុង​ការដឹកនាំ​កែទម្រង់​ស្ថាប័ន​ឲ្យ​កាន់តែ​មានការ​ចូលរួម​ពេញលេញ ប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព។ ហើយ​វា​ក៏​ផ្តល់​ឱកាស​ឲ្យ​អ្នកជំនាន់ក្រោយ ត្រៀមខ្លួន​គ្រប់គ្រាន់ ដើម្បី​ធ្វើជា​អ្នក​បន្តវេន​ដឹកនាំ​ប្រទេសជាតិ​ផងដែរ។

លោក សេង ឫទ្ធី ប្រធាន​គណៈកម្មាធិការ​យុវជន​ដើម្បី​ឯកភាព និង​អភិវឌ្ឍន៍​បាន​មានប្រសាសន៍ថា ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​ត្រឹមតែ​ពីរ​អាណត្តិ ជាការ​ចាប់ផ្តើម​ឲ្យ​មាន​ផែនការ​សម្រាប់​ចាកចេញ​ក៏ដូចជា​ការកែ​ប្រែជា​វិជ្ជមាន​សម្រាប់​ការដឹកនាំ​ប្រទេស។ ជាមួយគ្នានេះ លោក សេង ឫទ្ធី បានស្នើ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​ពិភាក្សាគ្នា​អំពី​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ ហើយ​បញ្ចូល​ទៅក្នុង​រដ្ឋធម្មនុញ្ញ និង ផ្តល់​ឱ​កាស​ដល់​សង្គម​ស៊ីវិល​បាន​ជួបពិភាក្សា និង ផ្តល់​មូលហេតុ​បន្ថែមទៀត។

ជា​ការ​ឆ្លើយ​តប​ គណបក្ស​សង្គ្រោះ​ជាតិ​បាន​ស្វាគមន៍​ចំពោះ​សំណើ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ។ លោក យ៉ែម បុញ្ញ​រិ​ទ្ធ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា គណបក្ស​របស់​លោកមា​ន​គោលនយោបាយ​កំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ មុន​ការស្នើសុំ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទៅទៀត។ ប៉ុន្តែ​លោក បញ្ជាក់ថា ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នឹងមិន​អាចទៅរួច​ទេ​ប្រសិន​ណា​គ្មាន​ការគាំទ្រ​ពី​គណបក្ស​ប្រជាជន​កម្ពុជា។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ គណបក្ស​ប្រជាជន​កម្ពុជា​មិនមាន​ការអត្ថាធិប្បាយ​បែប ណាមួយ​នៅឡើយ​ទេ​អំពី​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​នេះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី ០៣ កញ្ញា កន្លងទៅ សង្គម​ស៊ីវិល​ដែល​ធើ្វ​ការងារ​ខាង​បោះឆ្នោត បាន​ផ្តើម​ប្រមូល​ការគាំទ្រ​ឱ្យមាន​ការកំណត់​អាណត្តិ​នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រឹមតែ២អាណត្តិ។ការប្រមូល​ការគាំទ្រ​បានធ្វើ​ឡើង​ដំបូង​ជាមួយ លោក​ប៉ែន សុវណ្ណ  អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្រោយ​សម័យ​ប៉ុលពត និង​ជា​សមាជិកសភា​គណបក្ស​សង្គ្រោះ​ជាតិ។ នៅ​សប្តាហ៍​ក្រោយនេះ សង្គម​ស៊ីវិល​ក៏មាន​គម្រោង​ស្វែងរក​ការគាំទ្រ​ពី​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​ពីររូប​ទៀត គឺ​សម្តេចក្រុមព្រះ​នរោត្តមរណឫទ្ធិ និង​លោក អ៊ឹង ហួត ដែល​ធ្លាប់ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​ក្នុង​ទស្សវត្ស​ទី៩០៕
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ