អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បារាំង​ប្រារព្ធ​ពិធី​បុណ្យជាតិ​១៤កក្កដា ដោយ​ផ្តល់​កិត្តិយស​ដល់​ទាហាន​អាហ្វ្រិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃនេះ គឺ​ជា​ថ្ងៃ​បុណ្យជាតិ​បារាំង ​១៤កក្កដា។ ជា​ថ្ងៃ ដែល​បារាំង​តែងតែ​​ប្រារព្ធ​ធ្វើ​ពិធី​អបអរសាទរ ដោយ​មាន​ក្បួន​ព្យុហយាត្រា​យោធា​ នៅ​​តាម​ដងវិថី​ដ៏ល្បីល្បាញ​ ឈ្មោះ​ Champs-Elysées​ ក្នុង​ក្រុង​ប៉ារីស។ នៅ​ក្នុង​ពិធីព្យុហយាត្រា​ឆ្នាំនេះ បារាំង​បាន​អញ្ជើញ​កងទ័ព​អាហ្វ្រិក​មក​ចូលរួម​ជា​ភ្ញៀវកិត្តិយស។

កងទ័ព​មក​ពី​អាហ្វ្រិក ដែល​ដើរបើកឆាក ក្នុង​ពិធី​ព្យុហយាត្រា ១៤ កក្កដា ២០១៣
កងទ័ព​មក​ពី​អាហ្វ្រិក ដែល​ដើរបើកឆាក ក្នុង​ពិធី​ព្យុហយាត្រា ១៤ កក្កដា ២០១៣ AFP PHOTO / LIONEL BONAVENTURE
ផ្សាយពាណិជ្ជកម្ម

ថ្ងៃ​១៤ កក្កដា ត្រូវ​បាន​ប្រជាជន​បារាំង​ចាត់​ទុក​ជា​និមិត្ត​រូប​ នៃ​ការចាប់​ផ្តើម​​បដិវត្តន៍​ផ្តួល​រំលំ​របប​រាជានិយម ព្រោះ ថ្ងៃ​ទី​១៤ កក្កដា ឆ្នាំ​១៧៨៩ គឺ​ជា​ថ្ងៃ​ដែល​ប្រជាជន​បារាំង នៅ​ក្រុង​ប៉ារីស បាន​ងើប​ឡើង​បះបោរ​ប្រឆាំង​នឹង​របប​រាជា​និយម។

នៅ​ព្រឹក​ថ្ងៃ​១៤ កក្កដា ១៧៨៩​នោះ ប្រជាជន​បារាំង បាន​នាំ​គ្នា​ចូល​ទៅ​ដណ្តើម​យក​កាំភ្លើង​ពី​ឃ្លាំង​ទុក​អាវុធ​មួយ នៅ​ប៉ារីស។ បាន​កាំភ្លើង​ហើយ ពួក​គេ​ក៏​នាំ​គ្នា​ទៅ​គុក​ Bastille ​ដែល​តំណាង​អំណាច​ផ្តាច់ការ​របស់​ស្តេច។ ក្រុម​បះបោរ​នេះ​​​វាយ​ដណ្តើម​​បាន​គុក​ Bastille ហើយ​ដោះលែង​អ្នក​ទោស​ នៅ​ក្នុង​នោះ​ទាំង​អស់។

​ថ្ងៃ​១៤ កក្កដា ឆ្នាំ ១៧៨៩​នោះ​ហើយ ដែល​ជា​ចំណុច​ចាប់​ផ្តើម​នៃ​បដិវត្តន៍​បារាំង ផ្តួល​រំលំ​របប​រាជា​និយម​ផ្តាច់ការ ហើយ​បង្កើត​ជា​របប​សាធារណរដ្ឋ​វិញ។ ក៏ប៉ុន្តែ រហូត​ដល់​ឆ្នាំ​១៨៨០ (​ជិត​១០០​ឆ្នាំ​ក្រោយ​មក) ទើប​រដ្ឋាភិបាល​សាធារណរដ្ឋ​បារាំង​បាន​ចេញ​ច្បាប់​មួយ កំណត់​យក​ថ្ងៃ​១៤ កក្កដា ជា​ថ្ងៃ​​បុណ្យ​ជាតិ។

ចាប់​តាំង​ពី​ពេល​នោះ​មក នៅ​ថ្ងៃ១៤ កក្កដា រៀង​រាល់​ឆ្នាំ បារាំង​តែងតែ​រៀបចំ​​ធ្វើ​ព្យុហយាត្រា​យោធា ការប្រគុំតន្រ្តី និង​ការ​បាញ់​កាំជ្រួច ដើម្បី​អបអរ​សាទរ​ពិធីបុណ្យ​ជាតិនេះ។

នៅក្នុង​ពិធីព្យុហយាត្រា នៅ​ថ្ងៃ​អាទិត្យ​នេះ ​បារាំង​បាន​​អញ្ជើញ​ទាហាន​អាហ្វ្រិក​ឲ្យ​ដើរ​បើកឆាក​ ដើម្បី​ជា​ការ​បញ្ជាក់​អំពី​មិត្តភាព​ រវាង​បារាំង និង​បណ្តា​ប្រទេស​អាហ្វ្រិក ជាពិសេស ដើម្បី​ផ្តល់​កិត្តិយស​ដល់​ទាហាន​អាហ្វ្រិក ដែលបាន​ចូលរួម​ជាមួយ​ទាហាន​បារាំង ក្នុងការ​វាយរំដោះ​តំបន់​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី ពី​ដៃ​ភេរវជន។

គួររំឭកឡើងវិញថា កាល​ពី​ខែ​មករា កន្លងទៅនេះ កងទ័ព​បារាំង​គឺ​ជា​អ្នកនាំមុខគេ ក្នុង​ប្រតិបត្តិការ​វាយប្រហារ​ទៅលើ​ក្រុម​ភេរវជន ដែល​កាន់កាប់​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី ហើយដែល​ព្យាយាម​វាយសម្រុក​ឆ្ពោះ​មក​​រដ្ឋធានី​បាម៉ាកូ។ ដោយសារ​តែ​អន្តរាគមន៍​យោធា​របស់​កងទ័ព​បារាំង ទើប​គេ​អាច​ទប់ស្កាត់​ក្រុម​ភេរវជន​មិន​ឲ្យ​វាយដណ្តើម​យក​បាម៉ាកូ​បាន ហើយ​ថែម​ទាំង​បាន​រំដោះ​ទឹកដី​ប៉ែក​ខាងជើង​របស់​ម៉ាលី ពី​ដៃ​ភេរវជន​​មកវិញ។ អន្តរាគមន៍​យោធា​នៅ​ម៉ាលី​នេះ ដឹកនាំ​ដោយ​កងទ័ព​បារាំង ក៏ប៉ុន្តែ មាន​ប្រទេស​អាហ្វ្រិក​ចំនួន ១២ប្រទេស​ ក៏​បាន​បញ្ជូន​ទាហាន​ម្នាក់បន្តិចៗ​មក​ជួយ​បារាំង​ដែរ។

ហេតុដូច្នេះហើយ​បាន​ជា​បារាំង​អញ្ជើញ​កងទ័ព​ម៉ាលី រួមជាមួយ​នឹង​កងទ័ព​មក​ពី​ប្រទេស​អាហ្វ្រិក ទាំង ១២ប្រទេស​នេះ មក​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​ថ្ងៃនេះ។ ក្រៅពី​ទាហាន​នៅ​ក្នុង​ក្បួន​ព្យុហយាត្រា បារាំង​ក៏​បាន​អញ្ជើញ​មេដឹកនាំ​ប្រទេស​អាហ្វ្រិក​ទាំងអស់​នេះ បូករួម​ជាមួយ​នឹង​លោក​អគ្គលេខាធិការ​អ.ស.ប បាន គីមូន ផងដែរ ឲ្យ​ធ្វើ​ជា​ភ្ញៀវ នៅលើ​វេទិកា​កិត្តិយស​​​ជាមួយ​លោក​ហ្វ្រង់ស័រ​ ហូឡង់។

តាមពិត ការ​អញ្ជើញ​កងទ័ព​អាហ្វ្រិក​​ឲ្យ​មក​ចូលរួម​ក្នុង​ពិធី​ព្យុហយាត្រា​នេះ ក្រៅពី​ចង់​​ផ្តល់​កិត្តិយសដល់​ប្រទេស​ដែល​ចូលរួម​ក្នុង​ប្រតិបត្តិការ​រំដោះ​ម៉ាលី និង​បង្ហាញ​ពី​ការ​ផ្តល់​តម្លៃ​ទៅលើ​មិត្តភាព​បារាំង-អាហ្វ្រិក នៅ​មាន​គោលដៅ​សំខាន់​មួយ​ទៀត គឺ​ចង់​បង្ហាញ​ដល់​ប្រជាជន​បារាំង អំពី​តួនាទី​របស់​កងទ័ព​បារាំង នៅលើ​ឆាកអន្តរជាតិ ពីព្រោះ​ថា អន្តរាគមន៍​យោធា​នៅ​ក្រៅប្រទេស ដែល​មាន​កងទ័ព​បារាំង​ជា​អ្នក​នាំមុខ ដូចជា​ករណី​នៅម៉ាលី​នេះ គឺ​ជា​រឿង​ដ៏កម្រ​បំផុត ហើយ​វា​ជា​ប្រតិបត្តិការ​យោធា ដែល​សហគមន៍​អន្តរជាតិ​នាំ​គ្នា​លើក​សរសើរស្ទើរតែ​គ្រប់គ្នា។ ដូច្នេះ​វាជា​មោទនភាព​មួយ​សម្រាប់​​កងទ័ព​បារាំង និង​សម្រាប់​ប្រជាជន​បារាំងទូទៅ។

សម្រាប់​លោក​ហ្វ្រង់ស័រ ហូឡង់​ ជោគជ័យ​នៃ​ប្រតិបត្តិការ​យោធា​នៅ​ម៉ាលី​នេះ កាន់តែ​មាន​សារៈសំខាន់​ទៅទៀត ក្នុងនាម​​លោក​ជា​ប្រធានាធិបតី និង​ជា​អគ្គមេបញ្ជាការ​កងទ័ព​បារាំង ពីព្រោះ​ថា ចាប់តាំងពី​ចូលកាន់តំណែង​ជា​ប្រធានាធិបតី​បារាំង​មក លោក​ហ្វ្រង់ស័រ ហូឡង់ ដូចជា​មិនបាន​បញ្ចេញ​ស្នាដៃ​អ្វី​ធំដុំ​ ជាជោគជ័យ​ដែល​អាច​យក​មកបង្អួត​​ប្រជាជន​បារាំង​បានទេ។ បញ្ហា​សេដ្ឋកិច្ច​ក៏​ដោះស្រាយ​មិនបាន។ សេដ្ឋកិច្ច​មាន​កំណើន​តិចតួច ឬ​ក៏​គ្មាន​កំណើន​សោះ។ ចំណែក​ឯ​អត្រា​អ្នក​អត់ការងារ​ធ្វើ​វិញ​​ខ្ពស់​កប់ពពក។ មានតែ​អន្តរាគមន៍​យោធា​នៅ​ម៉ាលី​នេះ​ឯង​ដែល​ជា​ជោគជ័យ​ដ៏កម្រ ដែល​លោក​ហូឡង់​ អាចយក​មក​បង្អួត​ប្រជាជន​បារាំង​បាន ជាពិសេស ក្នុងពេល​​បច្ចុប្បន្ន​នេះ ដែល​ប្រជាប្រិយភាព​របស់​លោក​​កំពុង​តែ​ធ្លាក់ចុះ​ដុនដាប​ខ្លាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ