អានតួអត្ថបទ
ម៉ាលី-បារាំង

បារាំង​វាយ​កាន់កាប់​ក្រុង​សំខាន់​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម​នៅ​ខាងជើង​ម៉ាលី

កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ កងទ័ព​បារាំង​បាន​ចូល​កាន់កាប់​ទីក្រុង​ Kidal ដែល​ជា​ទីក្រុង​សំខាន់ និង​ចុងក្រោយ​របស់​ក្រុម​ឧទ្ទាម នៅប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។ គិតមក​ត្រឹមពេលនេះ រាល់​ទីក្រុង​ធំៗ​​របស់​ម៉ាលី​ទាំងអស់ ត្រូវ​បាន​កងទ័ព​បារាំង និង​កងទ័ព​ម៉ាលី វាយ​ដណ្តើម​កាន់កាប់។ ចំណែក​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​បាន​នាំគ្នា​រត់គេច ទៅ​លាក់​ខ្លួន នៅ​តំបន់​ភ្នំ និង​វាលខ្សាច់។ ប្រតិបត្តិការ​យោធា​ជំហាន​ទី១ ត្រូវ​បញ្ចប់ ហើយ​បារាំង​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ម៉ាលី​ចាប់ផ្តើម​ចរចា​ជាមួយ​ក្រុមឧទ្ទាម​ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​តាមផ្លូវ​នយោបាយ។

ទាហាន​បារាំង នៅ​ក្នុង​ប្រទេស​ម៉ាលី
ទាហាន​បារាំង នៅ​ក្នុង​ប្រទេស​ម៉ាលី REUTERS/Joe Penney
ផ្សាយពាណិជ្ជកម្ម

កងទ័ព​បារាំង​បាន​ចូល​កាន់កាប់​ទីក្រុង Kidal កាល​ពីថ្ងៃ​ពុធ​ម្សិលមិញ។ ក៏ប៉ុន្តែ ករណី Kidal នេះ ខុស​ពី​នៅ​តាម​ទីក្រុង​មុនៗ ដោយហេតុថា ក្រុង​មួយ​នេះ​មិនស្ថិតក្រោម​ការ​កាន់កាប់​របស់​ក្រុម​អ៊ីស្លាម​ជ្រុលនិយម ស្និទ្ធ​នឹង​អាល់កៃដា​​នោះទេ។ គឺ​ក្រុមឧទ្ទាម​ MNLA ដែល​មិនមែន​ជា​ក្រុមអ៊ីស្លាម​ជ្រុលនិយម ដែល​បាន​វាយ​ដណ្តើម​យក​ក្រុង Kidal ពី​ក្រុម​អ៊ីស្លាម​ជ្រុល​និយម កាល​ពី​សប្តាហ៍មុន។

ក្រុម​ MNLA នេះ បាន​សន្យា​ថា​នឹង​ជួយ​ទាហាន​បារាំង ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​ភេរវជន​អ៊ីស្លាម​ជ្រុលនិយម ប៉ុន្តែ បាន​ទាមទារ​កុំ​ឲ្យ​កងទ័ព​ម៉ាលី​ធ្វើ​ដំណើរ​ចូល​មក​ក្នុង​ក្រុង​ Kidal នេះ។ ហេតុដូច្នេះ​ហើយ​បាន​ជា កាល​ពី​ម្សិលមិញ​នេះ មាន​តែ​កងទ័ព​បារាំង​ប៉ុណ្ណោះ ដែល​ចូល​ទៅ​ក្នុង​ក្រុង​ Kidal ដោយ​មិនមាន​ការ​ប៉ះប្រយុទ្ធគ្នា​ណាមួយ ជាមួយ​នឹង​ក្រុមឧទ្ទាម MNLA នោះទេ។

គួររំឭកឡើងវិញ​ថា ក្រុមឧទ្ទាម MNLA នេះ ប្រយុទ្ធ​ទាមទារ​​ឯករាជ្យ នៅ​ក្នុង​​​តំបន់​ខាងជើង​ប្រទេស​ម៉ាលី​ ក៏ប៉ុន្តែ មិនចង់​​យក​ច្បាប់​អ៊ីស្លាម​ប្រកាន់​តឹង​យក​មក​អនុវត្ត ដូចជា​ពួក​ឧទ្ទាម​ជ្រុល​និយម​អានសារឌីន (Ansar Dine) នោះទេ។

នៅ​ថ្ងៃពុធ​ម្សិលមិញ​នេះ បារាំង​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ម៉ាលី បើក​ការចរចា​ជាមួយ​នឹង​ក្រុមឧទ្ទាម​ណា ដែល​មិនមែន​ជា​ក្រុម​ភេរវជន ហើយ​ដែល​គោរព​បូរណភាព​ទឹកដី​ម៉ាលី ដើម្បី​ស្វះស្វែង​រក​ដំណោះស្រាយ​​បញ្ចប់​ជម្លោះតាមផ្លូវ​នយោបាយ។

នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក​ Dioncounda Traoré ប្រធានាធិបតី​ស្តីទី​របស់​ម៉ាលី បាន​ប្រកាស​ថា ក្រុមឧទ្ទាម ដែល​រដ្ឋាភិបាល​អាចចរចា​ជាមួយ​បាន គឺ​មាន​តែ​ក្រុម​ MNLA នេះ​មួយតែ​ប៉ុណ្ណោះ។ ចំណែក​ក្រុម​​អ៊ីស្លាម​ជ្រុល​និយម អានសារឌីន ព្រមទាំង​ក្រុម​ឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម​ផ្សេងទៀត គឺ​​ជា​ក្រុម​ភេរវជន ដែល​រដ្ឋាភិបាល​ម៉ាលី​មិន​អាច​ចរចា​ជាមួយ​បាន​ជាដាច់ខាត។

រដ្ឋាភិបាល​បារាំង​ និង​រដ្ឋាភិបាល​ម៉ាលី ក៏​បាន​ធ្វើការ​អំពាវនាវ​ផងដែរ ដល់​ទាហាន និង​ប្រជាជន​ម៉ាលី កុំ​ឲ្យ​ធ្វើការសងសឹក​ចំពោះ​សហគមន៍​ Touareg នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។

និយាយ​ពី​ប្រតិបត្តិការ​យោធា​វិញ ជាមួយ​នឹង​ការ​វាយកាន់កាប់​ទីក្រុង Kidal ម្សិលមិញ​នេះ បេសកកម្ម​ដំណាក់កាល​​ទីមួយ ​របស់​កងទ័ព​បារាំង និង​ម៉ាលី ត្រូវ​បាន​បញ្ចប់ ក៏ប៉ុន្តែ នៅ​សល់​ដំណាក់​កាល​មួយទៀត គឺ​ការ​តាមប្រមាញ់​ក្រុមភេរវជន ដែល​នៅពេល​នេះ បាន​នាំគ្នា​រត់ទៅ​លាក់​ខ្លួន នៅ​តាម​តំបន់​វាលខ្សាច់ និង​តំបន់​ភ្នំ នៅ​ព្រំដែន​ខាងជើង ជាប់នឹង​ប្រទេស​អាល់ហ្សេរី។ យោងតាម​​អ្នក​ជំនាញ​ខាង​យុទ្ធសាស្រ្ត​ទ័ព​បារាំង​ ប្រតិបត្តការ​យោធា​ នៅ​ដំណាក់កាល​ទី២​នេះ គឺ​​ជា​ប្រតិបត្តិការ​ដ៏​​ស្មុគស្មាញ ហើយ​អាច​ត្រូវការពេលវេលា​យូរ មិនខុស​ពី​ការ​តាមប្រមាញ់​ប៊ិនឡាដិន នៅ​តំបន់​ភ្នំ ក្បែរព្រំដែន​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន កាល​ពី​ក្នុង​អំឡុង​ឆ្នាំ​២០០១​ប៉ុន្មាន​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ