អានតួអត្ថបទ
ម៉ាលី-បារាំង

ស្វែងយល់​ពី​វិបត្តិ​នៅ​ម៉ាលី​ដែល​ជំរុញឲ្យ​មាន​អន្តរាគមន៍​យោធា​របស់​បារាំង

កងទ័ព​បារាំង​បាន​ចូល​ធ្វើ​អន្តរាគមន៍ នៅ​ក្នុង​ប្រទេស​ម៉ាលី តាំង​ពីថ្ងៃ​សុក្រ ដើម្បី​ជួយ​ដល់​កងទ័ព​រដ្ឋាភិបាល​ម៉ាលី ទប់ទល់​នឹង​ក្រុម​ភេរវជន​អ៊ីស្លាម ដែល​ចង់​ប្រែក្លាយ​ប្រទេស​ម៉ាលី ទៅជា​រដ្ឋ​អ៊ីស្លាម ដូច​កាល​ពី​ពួកតាលីបង់​ធ្លាប់ធ្វើ នៅ​អាហ្វហ្កានីស្ថាន។ ​ទាហាន​មក​ពី​បណ្តា​ប្រទេស​នៅ​​អាហ្វ្រិក ប្រមាណ​ជា ២ពាន់​នាក់ នឹង​ត្រូវ​ដាក់ពង្រាយ​នៅ​ម៉ាលី នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ។ ការ​ដាក់ពង្រាយ​កងកម្លាំង​អន្តរជាតិ​នេះ គឺ​ធ្វើ​ឡើង នៅ​ក្នុង​ក្របខ័ណ្ឌ​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.។

ប្រទេស​ម៉ាលី​ត្រូវ​បែងចែក​ជាពីរ ដោយ​ប៉ែក​ខាងជើង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមឧទ្ទាម និង​ក្រុម​ភេរវជន​អ៊ីស្លាម អានសារឌីន (Ansar Dine)
ប្រទេស​ម៉ាលី​ត្រូវ​បែងចែក​ជាពីរ ដោយ​ប៉ែក​ខាងជើង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រុមឧទ្ទាម និង​ក្រុម​ភេរវជន​អ៊ីស្លាម អានសារឌីន (Ansar Dine) Latifa Mouaoued/RFI
ផ្សាយពាណិជ្ជកម្ម

វិបត្តិ​នៅ​ក្នុង​ប្រទេស​ម៉ាលី នៅ​ក្នុងពេលបច្ចុប្បន្ន​នេះ គឺ​ជា​ជម្លោះ​ប្រដាប់អាវុធ​ រវាង​ម្ខាង​កងទ័ព​រដ្ឋាភិបាល​ម៉ាលី និង​ម្ខាង​ទៀត ឧទ្ទាម​​ទាមទារ​ផ្តាច់​ដែនដី​ភាគ​ខាង​ត្បូង​ម៉ាលី ដែល​ហៅកាត់​តាម​ភាសា​បារាំង​ថា MNLA (Mouvement national pour la libération de l’Azawad) រួមដៃ​គ្នា​ជាមួយ​នឹង​​​ក្រុម​​ភេរវជន​​ដែល​មាន​ឈ្មោះ​ថា អានសារ​ឌីន (Ansar Dine) ដែល​ជា​ក្រុម​ស្និទ្ធិ​នឹង​អាល់កៃដា​ប្រចាំ​អាហ្វ្រិក​ខាង​ត្បូង ហើយ​ដែល​មាន​គោលដៅ​បង្កើត​ជា​រដ្ឋ​អ៊ីស្លាម​នៅ​ម៉ាលី ដូចដែល​ពួក​តាលីបង់​ធ្លាប់​ធ្វើ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន កាល​ពី​មុន​ភេរវកម្ម ១១ កញ្ញា ឆ្នាំ​២០០១។

ការវាយប្រយុទ្ធគ្នា​​បាន​ចាប់ផ្ទុះឡើង នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី កាល​ពី​ខែ​មករា ឆ្នាំ​២០១២​កន្លងទៅ។ នៅ​ខែ​មីនា ក្នុងពេល​កំពុង​ប្រឈមមុខ​នឹង​ក្រុមឧទ្ទាម និង​ក្រុម​ភេរវជន​អ៊ីស្លាម ​រដ្ឋាភិបាល​ម៉ាលី​ស្រាប់តែ​ត្រូវ​ប្រឈម​មុខ​នឹង​វិបត្តិ​មួយ​ទៀត ដែល​ជា​វិបត្តិ​ផ្ទៃក្នុង ដោយ​កងទ័ព​ម៉ាលី​​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ប្រធានាធិបតី ហើយ​ច្បាម​យក​អំណាច​មក​កាន់កាប់។

ឆ្លៀត​ក្នុងពេល​កងកម្លាំង​រដ្ឋាភិបាល​កំពុង​ស្ថិត​ក្នុង​ភាព​ចលាចល ដោយ​ការ​ប្រជែង​ដណ្តើម​អំណាច​គ្នា​នេះ ក្រុម​ឧទ្ទាម និង​ក្រុម​ភេរវជន​អ៊ីស្លាម​អានសារឌីន ក៏​បាន​វាយ​​ដណ្តើម​កាន់កាប់​បាន​ប៉ែក​ខាង​ជើង​ប្រទេស ហើយ​ម៉ាលី​ក៏​ត្រូវ​បែក​ជា​ពីរ។

នៅ​ប៉ែក​ខាង​ជើង​​ម៉ាលី នៅ​ក្នុង​តំបន់​ដែល​ពួកគេ​គ្រប់គ្រង ក្រុមភេរវជន​អ៊ីស្លាម អានសារឌីន ក៏​បាន​ប្រកាស​​អនុវត្ត​​ច្បាប់ Sharia ដែល​ជា​ច្បាប់​តឹងរ៉ឹង​បំផុត​របស់​អ៊ីស្លាម ហើយ​បាន​វាយ​កម្ទេច​​ទីតាំង​ប្រវត្តិសាស្រ្ត​មួយចំនួន នៅ​ក្នុង​ទីក្រុង​តុំប៊ុកទូ (Tombouctou) ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​បេតិកភ័ណ្ឌ​ពិភពលោក។ ទង្វើ​ទាំងអស់នេះ ធ្វើ​ឲ្យ​គេ​នឹកឃើញ​ទៅដល់​ ទង្វើ​របស់​ពួកតាលីបង់ ដែល​បាន​វាយកម្ទេច​រូបសំណាក់​ពុទ្ធរូប នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន កាល​ពី​ដើមឆ្នាំ​២០០១។

ដោយ​បារម្ភ​ខ្លាច ក្រុមភេរវជន​អានសារឌីន ប្រែក្លាយ​ប្រទេស​ម៉ាលី ទៅជា​រដ្ឋភេរវកម្ម ដូចដែល​ពួក​តាលីបង់​បាន​ធ្វើ​នៅ​អាហ្វហ្កានីស្ថាន ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. បាន​ចេញសេចក្តីសម្រេច​ជា​ឯកច្ឆន្ទ កាល​ពី​ខែធ្នូ អនុញ្ញាត​ឲ្យ​ដាក់ពង្រាយ​កងកម្លាំង​អន្តរជាតិ នៅ​ម៉ាលី។ កងកម្លាំង​អន្តរជាតិ​នៅ​ម៉ាលី​នេះ ភាគច្រើន​ត្រូវ​មក​ពី​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក ហើយ​នឹង​ត្រូវ​នាំមុខ​ដោយ​កងទ័ព​នីហ្សេរីយ៉ា។ ចំណែក​ប្រទេស​លោកខាងលិច រួមមាន​បារាំង អាមេរិក និង​អង់គ្លេស ជាដើម សន្យា​ជួយ​ខាង​ផ្នែក​ភស្តុភា និង​ខាង​ផ្តល់​ព័ត៌មាន​ចារកិច្ច។

ក៏ប៉ុន្តែ នៅក្នុងពេល​ដែល​កងកម្លាំង​អាហ្វ្រិក​មិនទាន់​ត្រៀមរៀបចំ​ខ្លួន​រួចរាល់ ដើម្បី​ដាក់ពង្រាយ​នៅ​ម៉ាលី​ផង ស្រាប់តែ នៅថ្ងៃទី១០ មករា ក្រុមភេរវជន​អ៊ីស្លាម អាន់សារឌីន ក៏​បាន​ចាប់ផ្តើម​​បើកការ​វាយលុក​​ពី​ទិសខាងជើង សំដៅ​​មក​រដ្ឋធានី​បាម៉ាកូ (Bamako)។ ទាហាន​រដ្ឋាភិបាល​ម៉ាលី​ត្រូវ​ទទួល​បរាជ័យ ហើយ​ទីក្រុង​កូណា (Kona) ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​ប្រមាណ​ជា ៦០០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​​របស់​ម៉ាលី ក៏​ត្រូវ​ធ្លាក់​ក្នុង​ដៃ​របស់​ពួក​អាន់សារឌីន។

ឆ្លើយតប​ទៅនឹង​ការ​ស្នើសុំ​របស់​ប្រធានាធិបតី​ស្តីទី​របស់​ម៉ាលី បារាំង ដែល​​ជា​អតីត​មហាអំណាច​អាណានិគម​នៅ​អាហ្វ្រិក ហើយ​ដែល​បច្ចុប្បន្ន​មាន​មូលដ្ឋាន​ទ័ព​​នៅ​ក្បែរៗ​ប្រទេស​ម៉ាលី​ស្រាប់ ក៏​បាន​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​ទ័ព​អាកាស វាយប្រហារ​លើ​ក្រុម​អាន់សារឌីន ដើម្បី​ជា​ជំនួយ​ដល់​កងទ័ព​ម៉ាលី ក្នុង​ការទប់ស្កាត់​កុំ​ឲ្យ​ក្រុមភេរវជន​ ​បន្ត​ដំណើរ​ចុះ​មក​រដ្ឋធានី​បាម៉ាកូ។ ប្រតិបត្តិការយោធា ដែល​ត្រូវ​នាំមុខ​ដោយ​បណ្តា​ប្រទេស​អាហ្វ្រិក ក៏​ប្រែក្លាយ​ទៅ​ជា​ប្រតិបត្តិការ​នាំមុខ​ដោយ​ប្រទេស​បារាំង​ទៅវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ