អានតួអត្ថបទ
បារាំង-ម៉ាលី

បារាំង​ជំរុញឲ្យ​អ.ស.ប.​បញ្ជូន​កម្លាំង​មួកខៀវ​ទៅ​ម៉ាលី​ឲ្យបាន​ឆាប់

កាលពីថ្ងៃ​ពុធ ម្សិលមិញ បារាំង​បាន​ជំរុញ​ឲ្យ​អ.ស.ប.​បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ទៅកាន់​ប្រទេស​ម៉ាលី​ឲ្យ​បាន​ឆាប់បំផុត​តាម​ដែល​អាច​ធ្វើ​ទៅបាន ហើយ​កងកម្លាំង​អាហ្វ្រិក ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ាលី​នាពេលបច្ចុប្បន្ន​នេះ នឹង​ត្រូវ​ដាក់​បញ្ចូល​ទៅក្នុង​ក្របខ័ណ្ឌ​កងកម្លាំង​មួកខៀវ​របស់​អ.ស.ប.។ ការ​ប្រកាស​ទាមទារ​ឲ្យ​អ.ស.ប.​បញ្ជូន​កងរក្សា​សន្តិភាព​ទៅម៉ាលី​នេះ ធ្វើ​ឡើង នៅ​ក្រោយ​ពេល​ដែល​ប្រធានាធិបតី​បារាំង​បាន​ប្រកាស​ថា ចំនួន​កងទ័ព​បារាំង នៅ​ម៉ាលី នឹង​ត្រូវ​ចាប់ផ្តើម​ដកថយ​បន្តិចម្តងៗ ចាប់ពី​ខែ​មីនា​នេះ​ទៅ។

ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប.
ក្រុមប្រឹក្សា​សន្តិសុខ​អ.ស.ប. REUTERS/Lucas Jackson
ផ្សាយពាណិជ្ជកម្ម

អស់រយៈពេល​ជិត ១ខែ​ហើយ ដែល​បារាំង​បើក​ធ្វើ​ប្រតិបត្តិការ​យោធា​វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម​អ៊ីស្លាម​ជ្រុល​និយម នៅ​ប៉ែកខាង​ជើង​ប្រទេស​ម៉ាលី។ នៅពេលនេះ ទាហាន​បារាំង ដែល​មាន​វត្តមាន នៅ​ក្នុង​ប្រទេស​ម៉ាលី មាន​ចំនួន សរុប ៤ពាន់​នាក់ ប៉ុន្តែ បារាំង​ចង់​ចាប់ផ្តើម​ដកទ័ព​ចេញ​ពី​ម៉ាលី​ខ្លះៗមកវិញ ចាប់ពី​អំឡុង​ខែ​មីនា​ខាងមុខ​នេះ​ទៅ។

កាល​ពី​ម្សិលមិញ​នេះ នៅ​ក្នុង​កិច្ចប្រជុំ​បិទទ្វារ​របស់​ក្រុមប្រឹក្សា​សន្តិសុខ នៅ​ញូវយ៉ក ឯកអគ្គរដ្ឋ​ទូត​បារាំង​ប្រចាំ​អ.ស.ប. បាន​ស្នើសុំ​ឲ្យ​អ.ស.ប. បញ្ជូន​កងកម្លាំង​រក្សា​សន្តិភាព ទៅ​កាន់​ប្រទេស​ម៉ាលី​ឲ្យ​បាន​ឆាប់​បំផុត តាម​ដែល​អាច​ធ្វើ​ទៅបាន។

បារាំង ដែល​ជា​អតីត​មហាអំណាច​អាណានិគម នៅ​ម៉ាលី ​ចង់​ផ្ទេរ​បេសកកម្ម​រក្សា​សន្តិភាព​ទៅ​ឲ្យ​អ.ស.ប.​ឆាប់ៗ គឺ​ដើម្បី​ចៀសវាង កុំ​ឲ្យ​មាន​ការ​ចោទប្រកាន់​ថា កងទ័ព​បារាំង​​ស្ថិត​នៅ​ក្នុង​ប្រទេស​ម៉ាលី ក្នុង​រូបភាព​ជា​អាណានិគម​បែបថ្មី។ ម្យ៉ាងវិញ​ទៀត បារាំង​ចង់​ឲ្យ​អ.ស.ប. ចេញមុខ​សម្របសម្រួល ស្វែងរក​ដំណោះស្រាយ​នយោបាយ រវាង​រដ្ឋាភិបាល​ម៉ាលី និង​ក្រុមឧទ្ទាម​ Touareg ដែល​ជា​ក្រុម​ឧទ្ទាម​នៅ​ប៉ែក​ខាង​ជើង​ម៉ាលី ប៉ុន្តែ មិនមែន​ជា​ក្រុម​អ៊ីស្លាម​ជ្រុលនិយម។ វត្តមាន​របស់​កងកម្លាំង​មួកខៀវ​របស់​អ.ស.ប. ក៏​អាច​នឹង​ជួយ​ធានា​ផងដែរ កុំ​ឲ្យ​កងទ័ព​ម៉ាលី​ធ្វើការ​សងសឹក​ចំពោះ​ក្រុមជនជាតិ​ Touareg នៅ​ខាងជើង​ម៉ាលី។

រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​បារាំង​​បាន​ប្រាប់​អ្នក​សារព័ត៌មាន នៅ​ទីក្រុង​ប៉ារីស​ថា កងកម្លាំង​មួកខៀវ​របស់​អ.ស.ប.​ប្រហែល​ជា​អាច​នឹង​​ចាប់ផ្តើម​ដាក់ពង្រាយ​ទៅម៉ាលី​បាន នៅ​ក្នុង​ខែ​មេសា​ខាងមុខ ហើយ​នៅពេលនោះ កងទ័ព​អាហ្វ្រិក ដែល​ត្រូវ​បាន​ដាក់ពង្រាយ​រួចហើយ នៅ​ក្នុង​ប្រទេស​ម៉ាលី នឹង​ត្រូវ​ដាក់បញ្ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ នៃ​បេសកកម្ម​រក្សា​សន្តិភាព​របស់​អ.ស.ប.នេះ។

ក្នុង​អំឡុង​ពេលនេះ កងទ័ព​បារាំង​នៅ​តែ​បន្ត​ប្រឈមមុខ​នឹង​កងឧទ្ទាម​អ៊ីស្លាម​ជ្រុលនិយម ដែល​បាន​ដកខ្លួន​ថយ​ពី​ទីក្រុង ក៏ប៉ុន្តែ បាន​ប្រើ​តាក់ទិច​ទ័ពព្រៃ ដើម្បី​លបវាយឆ្មក់​ទៅ​លើ​កងទ័ព​បារាំង ដែល​ដើរល្បាត នៅ​ជុំវិញ​ទីក្រុង នៅ​ប៉ែក​ខាង​ជើង​ប្រទេស​ម៉ាលី។ ទាំងនេះ​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថា សង្រ្គាម​ប្រឆាំង​នឹង​ភេរវជន នៅ​ម៉ាលី អាច​នឹង​ត្រូវ​អូសបន្លាយពេល​យូរ​រ៉ាំរ៉ៃ ដូចជាករណី​អាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ