អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋាភិបាល​អ៊ុយក្រែនបើក​យុទ្ធនាការ​ប្រឆាំងនឹង​ "ភេរវជន"​​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាព​នៅអ៊ុយក្រែន បាន​ឈាន​ចូល​ដល់​វគ្គ​ថ្មី ប្រកប​ដោយ​គ្រោះថ្នាក់ ! នៅ​ទី​បំផុត រដ្ឋាភិបាល​ក្រុង​គៀវ បាន​សម្រេច​ប្រើ​កម្លាំង​បាយ ដើម្បី​កុំ​ឱ្យ​សេណារីយោ​នៅគ្រីមេ កើត​ឡើង​ម្តង​ទៀត នៅ​ភាគ​ខាង​កើត​ប្រទេស។ ​​រដ្ឋាភិបាល​បាន​ប្រកាស​បើក​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវជន នៅ​Slaviansk ក្រុង​ដែល​ត្រួត​ត្រា​តាំង​ពី​ថ្ងៃសៅរ៍​ម្សិលមិញ ដោយ​​ក្រុម​ប្រដាប់​អាវុធ​ស្និទ្ធ​នឹង​រុស្ស៊ី។ ប៉ុន្តែ​សេចក្តី​សម្រេច​ចិត្ត​នេះ​អាច​ប្រថុយ​នឹង​គ្រោះ​ធ្លាក់​ក្នុង​អំពើ​ហិង្សា​បង្ហូរ​ឈាម និង​អន្តរាគមន៍​យោធា​ពី​សំណាក់​រុស្ស៊ី​ជិតខាង។ លោក​អគ្គលេខា​ធិការ​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​អត់​ធ្មត់​ និង​ជួប​ចរចា​គ្នា។

ក្រុម​ប្រដាប់​អាវុធ​ ពាក់​មុខ នៅ​មុខ​ទីស្នាក់ការ​ប៉ូលិស Slaviansk
ក្រុម​ប្រដាប់​អាវុធ​ ពាក់​មុខ នៅ​មុខ​ទីស្នាក់ការ​ប៉ូលិស Slaviansk REUTERS/Gleb Garanich
ផ្សាយពាណិជ្ជកម្ម

ប្រតិបត្តិការ​ប្រឆាំង​នឹង​ភេរវជន​បាន​ចាប់​ផ្តើម​មែន ! មាន​​ស្លាប់​ប៉ូលិស​ម្នាក់ និង​របួស​៥​នាក់​ផ្សេង​ទៀត ! នេះ​បើតាម​ប្រភព​ព័ត៌មាន​បណ្តោះ​អាសន្ន​ដំបូង។

 
ឧទ្ធម្ភាគចក្រ​របស់​យោធា​អ៊ុយក្រែន​បាន​ទៅ​ដល់​ Slaviansk នៃ​តំបន់ ​Donetsk មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ព្រំប្រទល់​រុស្ស៊ី និង​បាន​ហោះ​ឆ្វែល​យ៉ាង​ទាប ពេញផ្ទៃ​​ក្រុង។ កង​កម្លាំង​​មក​ពី​គ្រប់​កង​ពល​សន្តិសុខ​បាន​កោះ​មក​ប្រមូល​ផ្តុំ​គ្នា​ត្រៀម​ប្រយុទ្ធ !​ ជន​ស៊ីវិល​ត្រូវ​បាន​ណែនាំ​ឱ្យ​សំងំ​ក្នុង​ផ្ទះ​ ​កុំ​ចេញ​ក្រៅ​ក្រុង​ និង​អើត​តាម​បង្អួច ! នេះ​ជា​អនុសាសន៍​របស់​ក្រសួង​មហាផ្ទៃ។

►សូមអាន ៖ អ៊ុយក្រែន​អាច​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល ប្រឈម​នឹង​សកម្មជន​ផ្តាច់​ទឹក​ដី​និយម​នៅ​ភាគ​ខាងកើត

ប្រឈម​មុខ​នឹង​ការ​ស្ទុះ​ឡើង​ខ្លាំង​នៃ​កម្លាំង​ចង់​ផ្តាច់​ទឹក​ដី នៅ​ភាគ​ខាង​កើត​ប្រទេស​ នៅ​យប់​មិញ ប្រធានាធិបតី​ស្តី​ទី​អ៊ុយក្រែន បាន​​កោះ​ប្រជុំ​​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​ជា​បន្ទាន់ ប៉ុន្តែ​ទាំង​ប្រធានាធិបតី​ ទាំង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ គ្មាន​នរណា​ម្នាក់​ចង់​​បញ្ចេញ​យោបល់​ ទម្លាយ​ព័ត៌មាន​អ្វី​ឱ្យ​ដឹង​ជា​សាធារណៈ​ទេ។ ភ្នាក់ងារ​របស់​ក្រសួង​មហាផ្ទៃ​បាន​ត្រឹម​សេចក្តី​ប្រកាស​ព័ត៌មាន​ខ្លី​មួយ​ថា អ្នក​ចូល​រួម​ប្រជុំ​បាន​សិក្សា បញ្ហា​និង​វិធានការ​ ដែល​អាច​នាំ​ភាគ​ខាង​កើត​អ៊ុយក្រែន​ឱ្យ​បាន​ស្គាល់​ភាព​ធម្មតា​ឡើងវិញ។​ ខ័ណ្ឌ​ចប់ ! ប៉ុន្តែ គឺ​តាម​រយៈ​ទំព័រ​ប្រព័ន្ធ​សង្គម​ហ្វេសប៊ូក និង​នៅ​ព្រឹក​មិញ ដែល​រដ្ឋមន្ត្រី​ក្រសួង​មហា​ផ្ទៃ បាន​ប្រកាស​បើក​ប្រតិបត្តិការ​ ប្រឆាំង​នឹង​ភេរវជន ប្រឆាំង​នឹង​ក្រុមប្រដាប់​អាវុធ​បិទ​មុខ​ ស្និទ្ធ​នឹង​ម៉ូស្គូ។

ទាហាន​រុស្ស៊ី

ក្រុមប្រដាប់​អាវុធ ដែល​បាន​វាយ​លុក​ចូល​ទៅ​កាន់​កាប់​ស្ថាប័ន​រដ្ឋ​ និង​ទីស្នាក់​ការ​ប៉ូលិស​ពីរ​កន្លែង នៅ​ Slaviansk កាលពី​ថ្ងៃ​សៅរ៍​នេះ ជា​ក្រុម​ដែល​មាន​បំពាក់​អាវុធ​យុទ្ធភណ្ឌ​យ៉ាង​ត្រឹម​ត្រូវ មាន​មេ​មានកើយ​និង​ផែនការ​យ៉ាង​ច្បាស់​លាស់ ប៉ុន្តែនៅ​​លើ​​​ឯកសណ្ឋាន​ គ្មាន​ពាក់​អាំងស៊ីង​ ឬ​សញ្ញា​អ្វី​ទេ ធ្វើ​ដូច​ជា​ក្រុម​យុទ្ធជន​ប្រចាំ​តំបន់​ដូច្នោះ។ ពោល​គឺ​ដូចគ្នា​បេះ​បិទ​ទៅ​នឹង​សេណារីយោ​នៅ​គ្រីមេ។ គ្រាន់​តែថា​ពេល​នេះ ក្រុង​គៀវ​ បាន​ប្តូរ​យុទ្ធសាស្ត្រ ដោយ​ងាក​មក​ប្រើ​កម្លាំង​បាយ​ ជា​ជាង​ផ្លូវចរចា។ ឯ​ចំណែក​កង​ទ័ព​រុស្ស៊ី ក៏​មាន​បញ្ឈរ​ជើង​ជា​ស្រេច​នៅ​តាម​ព្រំដែន​ ប្រមាណ​ជា​៤​ម៉ឺននាក់។

មិន​តែ​ប៉ុណ្ណោះ បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន ក្រុម​អ្នក​បះបោរ​ចង់​ផ្តាច់​ទឹក​ដី​ មួយ​ភាគ មាន​បំពាក់​អាវុធ ផលិត​នៅ​រុស្ស៊ី គឺ​កាំភ្លើង​អាកា ១០០។ អាវុធ​ប្រភេទ​នេះ មាន​តែ​ប្រើ​តែ​នៅ​ក្នុង​ជួរ​កងពល​ទាហាន​រុស្ស៊ី​ប៉ុណ្ណោះ។ ដូច្នេះ​បើ​គេ​យក​​ទ្រឹស្តីមក​អនុវត្ត និង​គិតទៅ ឃើញ​ថា ក្រុម​អ្នក​ញុះញង់​រុស្ស៊ី ទំនង​ជា​បាន​ចូល​មក​ក្នុង​ទឹក​ដី​អ៊ុយក្រែន ដើម្បី​សាកល្បង​បង្ក​អស្ថិរភាព​​ ក្នុង​ប្រទេស​នេះ​ឱ្យ​បាន​ខ្លាំង​បំផុត និង​មុន​ពេលបោះឆ្នោតប្រធានាធិបតី​​មុន​អាណត្តិ​ថ្ងៃ​ទី ២៥​ឧសភា។

សហរដ្ឋអាមេរិកនិងបារាំងព្រមានដាក់ទណ្ឌកម្មបន្ថែម

ទាំង​បារាំង ទាំង​អាមេរិក សុទ្ធ​តែ​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ចំពោះ​ស្ថានភាព​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន និង​បាន​ប្រកាស​ត្រៀម​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី ប្រសិន​បើ​ម៉ូស្គូ​ មិន​ព្រម​​នៅ​ស្ងៀម​ ចេះ​តែ​បង្ក​ហេតុ​ញុះ​ញង់​ ឬ​ចូល​ធ្វើ​អន្តរាគមន៍​នៅ​ក្នុង​ប្រទេស​ជិត​ខាង​នេះ។ សូម្បី​តែ​ចិន​ ដែល​ធ្លាប់​សំងំ​ស្ងៀម​ តាំង​ពី​ដើម​មក​ ក៏​បាន​បញ្ចេញ​ប្រតិកម្ម​ព្រួយ​បារម្ភចំពោះ​ស្ថានការ​ណ៍​នៅអ៊ុយក្រែន ដោយ​សន្យា​ផ្តល់​ប្រាក់​ជំនួយ​ដល់​រដ្ឋាភិបាល​ក្រុង​គៀវ​នេះ ក្នុង​ក្រប​ខ័ណ្ឌ​អង្គការ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ។

ជាមួយ​នឹង​ការ​ទាមទារ​ឱ្យ​រុស្ស៊ី​ដក​ទ័ព​ចេញ​ពី​តាម​បណ្តោយ​ព្រំ​ដែន ដើម្បី​បន្ធូរ​បន្ថយ​សម្ពាធ​ លោក​ប្រមុខ​ការទូត​អាមេរិក ចន​ ឃែរី បាន​ បាន​ទូរស័ព្ទ​ទៅ​សមភាគីរុស្ស៊ី សែកហ្គៃ ឡាវ្រូស្ត ដើម្បី​រំលឹក​ពី​ផលវិបាក​ដែល​រុស្ស៊ី​ អាច​នឹង​ត្រូវ​ទទួល​រង​បន្ថែម​ទៀត។ ជាក់ស្តែង​ កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​អ្នក​ទទួល​ខុស​ត្រូវ​គ្រី​មេ​៦​រូប និង​ក្រុមហ៊ុន​ឧស្ម័ន​រុស្ស៊ី​មួយ​ហើយ។ នៅ​ថ្ងៃទី ២២​មេសា ខាង​មុខ លោកអនុប្រធានាធិបតី​អាមេរិក ជោ បៃឌិន ត្រូវ​អញ្ជើញ​ទៅ​អ៊ុយក្រែន​ទៀត ដើម្បី​​លើក​ទឹក​ចិត្ត​និង​គាំទ្រ​រដ្ឋាភិបា​ល​ក្រុងគៀវ ព្រមទាំង​ដើម្បី​ស្វែង​រក​វិធានការ​ការពារ​សុវត្ថិភាព​ថាមពល​ឧស្ម័ន​ឱ្យ​អ៊ុយក្រែន កុំ​ឱ្យ​រុស្ស៊ី​សំឡុត​បាន​ទៀត។

រុស្ស៊ី​រក្សា​គំនាប​​ដើម្បី​​​រដ្ឋ​សហព័ន្ធ​អ៊ុយក្រែន

ក៏​ប៉ុន្តែ​សម្រាប់​រុស្ស៊ី​ ការ​គំរាម​កំហែង​របស់​បស្ចឹម​ប្រទេស មិនសម​ហេតុ​ផល​ទេ លោក​ប្រមុខ​ការទូត​រុស្ស៊ី បាន​ទាមទារ​ឱ្យ​អាមេរិក​ រក​​​ភស្តុតាង​មក​បញ្ជាក់ ថា​អំពី​សកម្មភាព​របស់​ភ្នាក់ងារ​រុស្ស៊ី​ក្នុង​ភាគ​ខាង​កើត​អ៊ុយក្រែន។ រុស្ស៊ី​បាន​វាយ​បក​មក​វិញ ដោយ​ព្រមាន​ថា​អន្តរាគមន៍​យោធា​របស់​រដ្ឋាភិបាល​អ៊ុយក្រែន​លើ​ក្រុម​អ្នក​គាំទ្រ​រុស្ស៊ី​មិន​អាច​ទទួល​យក​បាន​ឡើយ ហើយ​ជា​ផលវិបាក គឺ​រុស្ស៊ី​អាច​នឹង​ព្យូរ​វត្តមាន​ មិន​ចូល​រួម​ក្នុង​ជំនួប​ចតុភាគី​ស្តី​ពី​អ៊ុយក្រែន គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី ១៧​មេសា​ខាង​មុខ។ សម្រាប់​ម៉ូស្គូ ការ​បះបោរ​របស់​ប្រជាជន​អ្នក​និយាយ​ភាសា​រុស្ស៊ី ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​គៀវ​ ជា​សកម្ម​ភាព​ស្រប​ច្បាប់ ដូច្នេះ​រដ្ឋាភិបាល​អ៊ុយក្រែន​មិន​ត្រូវ​ប្រើ​កម្លាំង​បង្ក្រាប​ឡើយ។

►សូម​អាន ៖ វិបត្តិ​អ៊ុយក្រែន​-គ្រីមេ អាមេរិក​រុស្ស៊ី​ដំឡើង​ទណ្ឌកម្ម​ដាក់​គ្នា

ជា​ផ្លូវ​ការ​ ម៉ូស្គូ​មិន​ត្រូវ​ការ​ប្រើ​ល្បិច​ឈ្លាន​ពាន​ យក​តំបន់​ឧស្សាហកម្ម​បាក់បែក​ ដូច​នៅ​គ្រីមេ​ទេ ជា​ថ្នូរ​នឹង​ជម្លោះ​ជាមួយ​ក្រុម​បស្ចឹម​លោក​ទេ ព្រោះគ្មាន​ផ្តល់​ប្រយោជន៍​ដល់​រុស្ស៊ី ទាំង​ផ្នែក​សេដ្ឋកិច្ច និង​នយោបាយ។ ប៉ុន្តែ​រុស្ស៊ី ចង់​ឃើញ​មាន​ការ​បង្កើត​រដ្ឋ​សហព័ន្ធ​នៅ​អ៊ុយក្រែន ដើម្បី​នាំ​ប្រទេស​ចេញ​វិបត្តិ ដោយ​ធានា​បាន​ទាំង​សន្តិសុខ​ដល់​តំបន់​គាំទ្រ​និង​និយាយ​ភាសា​រុស្ស៊ី។ បើ​តាម​អ្នក​​ឯក​ទេស ម៉ូស្គូ​នឹង​បន្ត​ដាក់​គំនាប​​រហូត​ទាល់​តែ​ក្រុង​គៀវ​ ព្រម​ធ្វើ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ