អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អ៊ុយក្រែន​អាចធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​ ប្រឈមនឹង​សកម្មជន​ផ្តាច់​ទឹកដី​និយម​នៅ​ភាគ​ខាងកើត?​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅអ៊ុយក្រែន ​ថ្ងៃ​អង្គារ​នេះ ក្រសួង​មហាផ្ទៃ​​បាន​​ចាប់​ប្រតិបត្តិការ​​​ប្រឆាំង​ក្រុមបាតុករ​គាំទ្រ​រុស្ស៊ី​នៅ​ក្រុង​ខាកគីវ Kharkiv ភាគខាងកើត​ប្រទេស។ ក្រុមបាតុករ​បានចូល​កាន់កាប់​អគារ​រដ្ឋបាលជាច្រើន​កន្លែង​នៅទីនោះ ​​ ទាមទារ​អោយ​មានការ​បោះឆ្នោត​ប្រជាមតិ ភ្ជាប់​ក្រុងខាកគីវ​ចូល​ក្នុង​ទឹកដី​រុស្ស៊ី ដូច​ជា​តំបន់គ្រីមេ​ដែរ។ កងកម្លាំង​អ៊ុយក្រែន​បាន​ចាប់​ខ្លួន​មនុស្ស​៧០នាក់ ជាប់​ចោទ​ពីបទ​បង្ក​​ចលាចល​​ជាសាធារណៈ និង​ធ្វើ​​សកម្មភាព​​ផ្តាច់ទឹកដី​​ ​ដោយ​ខុសច្បាប់។ រុស្ស៊ី​បានអំពាវនាវ​អ៊ុយក្រែន​អោយ​បញ្ឈប់​​នូវ​សកម្មភាព​រៀប​ជើងព្រួល​​យោធា​​ ​​នៅ​ភាគ​អាគ្នេយ៍​ ដោយ​​​ព្រមាន​ថា សកម្មភាព​នេះ​អាច​​ធ្វើអោយ​​​ផ្ទុះ​សង្គ្រាម​ស៊ីវិល​បាន។ ​

បាតុកម្ម​គាំទ្រ​រុស្ស៊ី នៅ​ ​Louhansk ភាគខាងកើត​អ៊ុយក្រែន​ កាលពីថ្ងៃ​៣០មិនា។
បាតុកម្ម​គាំទ្រ​រុស្ស៊ី នៅ​ ​Louhansk ភាគខាងកើត​អ៊ុយក្រែន​ កាលពីថ្ងៃ​៣០មិនា។ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ីព្រមាន​ក្រុងគៀវ​​​ថា ​ការ​​រៀបជើងព្រួល​យោធា​អ៊ុយក្រែន​​នៅ​ភាគខាងកើត​​អ៊ុយក្រែន​ ​អាច​បង្ក​ជាសង្គ្រាម​ស៊ីវិល​

រដ្ឋាភិបាល​អ៊ុយក្រែន​កំពុង​ភ័យ​ខ្លាច​​តំបន់​ផ្សេងៗ​ទៀត​នៅតាម​ភាគ​ខាងកើត​​ប្រទេស​ ​​ធ្លាក់​ក្នុង​ដៃ​​​រុស្ស៊ី​ដូចជា​គ្រីមេ​ដែរ ព្រោះថា​ តាំងពី​ថ្ងៃ​អាទិត្យ​មក ​សកម្មជន​គាំទ្រ​រុស្ស៊ី​នៅ​​ក្រុង​ភាគ​ខាងកើត​​​​ចំនួន​៣ គឺ​ក្រុង​ខាកគីវ ដូណេត និង​លូហ្កង់ បាន​​វាយលុក​អគារ​រដ្ឋបាល​ជាច្រើន​ និង​ទាមទារ​ធ្វើ​ប្រជាមតិ​ភ្ជាប់​ខ្លួន​ចូល​រុស្ស៊ី​។ ប្រសិន​បើ​​រដ្ឋាភិបាល​​អ៊ុយក្រែន​ហ៊ាន​ធ្វើខ្លាំង​ដៃ​ និង​ប្រើ​កម្លាំង​បាយ​ដាច់ខាត​ប្រឆាំង​នឹង​បាតុករ​គាំទ្រ​រុស្ស៊ី​ នោះ​ភាព​ចលាចល​​អាច​នឹង​ផ្ទុះ​ឡើង ​នៅ​តាម​តំបន់​ភាគខាងកើត ដែល​ជា​តំបន់​គាំទ្រ​រុស្ស៊ី ជាតំបន់​សំបូរ​ប្រជាជន​និយាយភាសា​រុស្ស៊ី ហើយ​ប្រហែល​ជា​អាច​ឈានទៅ​ដល់​សង្គ្រាម​ស៊ីវិល​ផង​ក៏ថាបាន​។ ​

គួររំលឹក​ថា ក្រុង​ខាកគីវ ដែល​កងកម្លាំង​អ៊ុយក្រែន​ធ្វើ​ប្រតិបត្តិការ​​​ប្រឆាំង​ក្រុមបាតុករ​គាំទ្រ​រុស្ស៊ី​ ​ថ្ងៃ​អង្គារ​នេះ ​មានប្រជាជន​​១លាន​៤សែននាក់រស់នៅ។ ក្រុងនេះ​ធ្លាប់​ជា​រដ្ឋធានី​របស់​អ៊ុយក្រែន​ ចន្លោះ​ឆ្នាំ​១៩១៧ ដល់​ឆ្នាំ​១៩៣៤ ​កាលពីអ៊ុយក្រែន​ស្ថិត​ក្នុង​អតីត​សូវៀត។ នៅពេល​នេះ ​ស្ថានភាពនៅ​ក្រុងខាកគីវ ក៏ដូច​ជា​​នៅ​ក្រុង​ភាគខាងកើត​​ផ្សេងទៀតដែរ​​​​​ គឺ​តានតឹង​ខ្លាំង​ណាស់ ព្រោះថា ប្រធានាធិបតី​​រដ្ឋាភិបាល​អន្តរកាល​អ៊ុយក្រែន​បាន​ប្រកាស​ប្រដូច​​ក្រុមផ្តាច់ទឹកដី​និយម​​នៅភាគខាងកើត​នេះ ​ទៅនឹង​ក្រុមភេរវជន​រឺក៏​ឧក្រិដ្ឋជន​​ដូច្នោះដែរ។ ការចាត់ទុក​បែបនេះ​ ​មិន​អាច​អោយសកម្មជន​គាំទ្ររុស្ស៊ី​​​​ទទួល​យក​បានទេ ព្រោះថា គោល​បំណង​​ចំបង​របស់​សកម្មជន​ទាំងនេះ​ គឺ​ចង់​ភ្ជាប់​តំបន់​ដែល​ពួកគេ​រស់នៅ​ ​ចូល​ទៅ​ក្នុង​ទឹកដី​រុស្ស៊ី​តែ​ប៉ុណ្ណោះ។ ពួកគេ​គ្មាន​បំណង​សម្លាប់​មនុស្ស​ រឺ​ក៏​បង្ក​ហេតុការណ៍​អ្វី​ធ្ងន់ធ្ងរ​នោះទេ។

ទន្ទឹម​នេះដែរ ​អ្វី​ដែល​គួរ​អោយ​បារម្ភ​កាន់តែ​ខ្លាំង​នោះ គឺ​ថា​ប្រធានាធិបតី​រុស្ស៊ី ពូទីន ធ្លាប់​បាន​សន្យា​ហើយ​ថា នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំងអស់​ដើម្បី​ការពារ​សុវត្ថិភាព​សន្តិសុខ​ប្រជាជន​ដែល​និយាយភាសា​រុស្ស៊ី​នៅ​ក្នុង​​បណ្តា​​ប្រទេស​ជា​អតីត​សាធារណរដ្ឋ​​របស់​សូវៀត។ ហើយ​នៅ​ពេលនេះ នៅ​តាមព្រំដែន​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី រុស្ស៊ីបាន​ដាក់​កងទ័ព​​​ខ្លួន​ ​ប្រមាណ​៤ម៉ឺននាក់​នៅទីនោះ។ ​ក្រុងខាកគីវ​ ក្រុង​ដូណេត និង​ក្រុង​លូហ្កង់ ដែល​​បាតុករ​គាំទ្រ​រុស្ស៊ី​​​បាន​ចូល​លុកលុយ​​អគារ​រដ្ឋាភិបាល​នោះ ស្ថិត​នៅ​មិនឆ្ងាយ​ពី​ព្រំដែន​រុស្ស៊ី​ប៉ុន្មានទេ។

ពិសេស​ថ្ងៃ​អង្គារ​នេះ ចំពេល​ដែល​​កងកម្លាំង​អ៊ុយក្រែន​កំពុង​បើក​ប្រតិបត្តិការ​ប្រឆាំង​សកម្មជន​ផ្តាច់ទឹកដី​ផងនោះ ​ប្រសិន​​មានហេតុការណ៍​អ្វី​កើតឡើង នោះកងទ័ព​​រុស្ស៊ី​អាច​នឹង​ចូល​មក​ជួយ​​ប្រជាជន​ក្នុងតំបន់​ភាគខាងកើត​អ៊ុយក្រែន​នេះ​ជាមិនខាន។ អ្វី​ដែល​រដ្ឋាភិបាល​អ៊ុយក្រែន​​បារម្ភ​នោះ គឺមិនមែន​ត្រឹមតែ​ជា​សង្គ្រាម​ស៊ីវិល​ប៉ុណ្ណោះទេ តែ​​​​ជា​ការ​ឈ្លានពាន​របស់​រុស្ស៊ី​នៅភាគខាងកើត​អ៊ុយក្រែន​​​តែម្តង។ ​​អ៊ុយក្រែន​មិន​ចង់​អោយ​ក្រុង​ភាគខាងកើត​ទាំងនេះ ផ្តាច់​ចេញ​ពី​ទឹកដី​ខ្លួន​ដូច​ជា​គ្រីមេ​នោះទេ។

 
ក្រសួង​មហាផ្ទៃ​​អ៊ុយក្រែន​​​ប្រតិបត្តិការ​​​ព្រមាន​​សកម្មជន​គាំទ្រ​រុស្ស៊ី​ នៅ​ភាគខាងកើត​ ​ ​

ថ្ងៃ​អង្គារ​នេះ ​ក្រសួង​មហាផ្ទៃ​អ៊ុយក្រែន​​បើក​ប្រតិបត្តិការ​ប្រឆាំង​​សកម្មជន​គាំទ្រ​រុស្ស៊ី នៅ​ក្រុង​ខាកគីវ​ ​គឺ​មិនដល់២ថ្ងៃ​ផង ក្រោយពេល​សកម្មជន​គាំទ្រ​រុស្ស៊ី​នៅ​ក្រុងខាកគីវ បាន​ចូល​លុកលុយ​អគារ​រដ្ឋបាល​​ច្រើនកន្លែង។ ​​​អាជ្ញាធរ​អ៊ុយក្រែន​​​ត្រូវតែ​លេង​ធ្ងន់ដៃ​បែបនេះ ពី​ដំបូង​ទី​​ ​ដើម្បី​​​ព្រមាន​ដល់​សកម្មជន​គាំទ្រ​រុស្ស៊ី ព្រមាន​​សកម្មជន​ផ្តាច់ទឹកដី​និយម​​ មិនថា​តែ​នៅ​ក្រុង​ខាកគីវ​ប៉ុណ្ណោះទេ តែ​​​ក៏​ព្រមាន​​​ជនផ្តាច់ទឹកដី​និយម​ផ្សេងទៀត នៅ​ភាគខាងកើត​ប្រទេស​ដែរ​ថា អាជ្ញាធរ​មានជំហរ​ដាច់ខាត​មិនបណ្តោយ​អោយ​​ទឹកដី​ភាគខាងកើត​ ​ធ្លាក់​ក្នុង​ដៃ​រុស្ស៊ី​ដូច​ជា​​គ្រីមេ​នោះទេ។ គួរ​រំលឹក​ថា រដ្ឋាភិបាល​អ៊ុយក្រែន​ធ្លាប់​មាន​បទ​ពិសោធន៍​ជូរចត់​​នៅ​គ្រីមេ​រួចហើយ។ ​នៅគ្រីមេ​កន្លងមក កងទ័ព​​អ៊ុយក្រែនមិនសូវ​ជា​តបត​នឹង​សកម្មជន​គាំទ្រ​រុស្ស៊ី​ប៉ុន្មានទេ កងទ័ពបាន​​បណ្តោយ​អោយ​ពួកគេ​ចូល​វាយលុក​អគារ រឺក៏ទីតាំង​យោធា​ផ្សេងៗ​បាន​ស្រួល​ តាំងតែ​ពីដំបូងទី។ ម្ល៉ោះហើយ អាជ្ញាធរ​អ៊ុយក្រែន​ឃើញថា ​សកម្មភាព​ទាំង​នេះ​បាន​សម្រួល​អោយ​​​កងកម្លាំង​​រុស្ស៊ី​ចូល​គ្រីមេ​យ៉ាងស្រួល​ កាលពី​ពេល​កន្លងទៅ។

នៅពេល​នេះ រដ្ឋាភិបាល​មិនអាច​ប្រហែលដៃដូច​ពេល​មុនទៀតទេ ទោះជា​ត្រូវប្រឈម​នឹង​សង្គ្រាម​ស៊ីវិល រឺ​ក៏អាច​ថា​ទោះជា​ត្រូវ​ប្រឈម​នឹងការប្រយុទ្ធ​ជាមួយ​កងទ័ព​រុស្ស៊ី ដែល​អាច​ចូល​មកជួយ​​ការពារ​សកម្មជន​គាំទ្រ​រុស្ស៊ី​ទាំងនោះ​ក្តី។ ​បើ​ហ៊ាន​ប្រហែស បណ្តោយ​រហូត​ដល់​ថ្នាក់​​តំបន់​ភាគខាងកើត​អ៊ុយក្រៃន​ទាំងនេះ ប្រកាស​ឯករាជ្យ និង​ធ្វើ​ប្រជាមតិ​ដូច​នៅ​គ្រីមេ នោះ​អ៊ុយក្រែន​នឹង​បាត់បង់​ទឹកដី​ភាគ​ខាងកើត​​ជាក់ជា​មិនខាន។ អាជ្ញាធរ​អ៊ុយក្រែន​ថែមទាំង​ចោទ​រុស្ស៊ី​ទៀតថា ការដែល​សកម្មជន​ផ្តាច់​ទឹកដី​និយម​គាំទ្រ​រុស្ស៊ី​ទាំងនេះ ​ចូល​លុកលុយ​អគារ​​រដ្ឋបាល​ កាលពី​ថ្ងៃ​អាទិត្យ​មកនោះ គឺជា​​ឆាកល្ខោនដែល​​រៀបចំ​ឡើង​ដោយ​រុស្ស៊ី។ អ៊ុយក្រែន​ចោទ​រុស្ស៊ី ថា ​បង្ក​ចលាចល​ក្នុងស្រុក ជម្រុញ​អោយ​ប្រជាជនភាគខាងកើត​បះបោរ​ ដើម្បី​​​រាំងស្ទះ​មិនអោយ​មាន​ការ​បោះឆ្នោត​​ប្រធានាធិបតី​អ៊ុយក្រែន​ ​ដែល​ត្រូវ​រៀបចំ​ធ្វើ​នៅ​ថ្ងៃ​២៥​ឧសភា​​ខាងមុខ​នេះ។ ​​​

 
ប្រឈម​នឹង​ការ​​គំរាម​ដាក់ទណ្ឌកម្ម​ពីសំណាក់​អាមេរិក និងសហភាពអឺរ៉ុប​ ​​រុស្ស៊ី​​​នៅ​តែ​បង្ហាញ​ជំហរ​ដាច់ខាត​បែបឯកោ​ ក្នុង​ឆាកអន្តរជាតិ

រុស្ស៊ី​ដឹងច្បាស់​ថា ទាំងអឺរ៉ុប និង​អាមេរិក មិន​ហ៊ាន​​លេងទណ្ឌកម្ម​ធ្ងន់ធ្ងរ​នោះទេ ព្រោះ​រុស្ស៊ី​​មាន​​អំណាចសម្រេចចិត្ត​​​ខាងផ្គត់ផ្គង់​​ឧស្ម័ន នៅ​អឺរ៉ុប។ ​កន្លងមក គេ​លឺតែ​ពាក្យ​គំរាម​ទណ្ឌកម្ម​​ផ្សេងៗ តែ​ទណ្ឌកម្ម​បែប​យ៉ាង​បង្ក​ក​ទ្រព្យសម្បត្តិ​ថ្នាក់ដឹកនាំ​​រុស្ស៊ី រឺ​ក៏​ហាម​ឃាត់​ការធ្វើ​ដំណើរ​ការទូត​នោះ វា​មិន​ធ្ងន់ធ្ងរ​អ្វី​​ទេ ក្នុង​ក្រសែ​ភ្នែក​ក្រុង​ម៉ូស្គូទេ។ ថ្មីៗនេះ​ ​ក្រុង​ម៉ូស្គូ​ថែមទាំង​លេងចាស់ដៃ​ទៅ​អ៊ុយក្រែនវិញ ដោយ​បាន​តម្លើង​ថ្លៃ​ឧស្ម័នដែល​លក់​អោយ​អ៊ុយក្រែន។ រុស្ស៊ី​ដឹង​​ថា អ៊ុយក្រែនជា​ប្រទេស​មាន​កសិកម្ម​ខ្លាំងក្លា តែ​​ម្សិលមិញ ​​រុស្ស៊ី​បាន​លេង​អ៊ុយក្រែន​មួយ​ក្បាច់​ទៀត ដោយ​បាន​​​ប្រកាស​ផ្អាក​​ការ​​នាំ​ចូល​​​​ផលិតផល​ទឹកដោះគោ​​អ៊ុយក្រែន​មួយចំនួន មិនអោយ​ចូល​​ទឹកដី​រុស្ស៊ី​ទៀតផង។

នៅថ្ងៃ​អង្គារ​នេះដែរ រុស្ស៊ី​បានប្រាប់ថា ត្រៀម​ចរចា​ជាមួយអ៊ុយក្រែន តែត្រូវតែ​​មាន​តំណាង​អ្នកទទួលខុសត្រូវ​មកពី​ភាគខាងលិច​អ៊ុយក្រែនចូលរួម​ការចរចា​នេះ។ សម្រាប់​រុស្ស៊ី​​​ រឿង​ចលាចល​ក្នុង​ស្រុក​​អ៊ុយក្រែន ​ជា​រឿង​របស់​ថ្នាក់ដឹកនាំអ៊ុយក្រែន។ រុស្ស៊ី​តប​ទៅ​អ៊ុយក្រែន​ថា ​មិនត្រូវ​យកគ្រប់​បញ្ហា​អ៊ុយក្រែន​មក​​​ទំលាក់​កំហុស​​លើ​រុស្ស៊ី​នោះទេ។ ​រុស្ស៊ី​ថែម​ទាំង​ស្នើជាដំណោះស្រាយ​វិបត្តិ​ ដោយ​សុំ​​អោយ​អ៊ុយក្រែន​រៀបចំ​កំណែទម្រង់​​​រដ្ឋធម្មនុញ្ញស៊ីជម្រៅ​ ​តាម​បែប​សហព័ន្ធ​ ហើយ​អាជ្ញាធរ​អ៊ុយក្រែន​​ត្រូវ​​​គិត​ផ្តល់​​អត្ថ​ប្រយោជន៍​ដល់​​គ្រប់តំបន់​ទាំងអស់​ក្នុង​ប្រទេស។ ​

រុស្ស៊ី​ដឹងច្បាស់​ណាស់ថា ​តំបន់​ភាគខាងកើតអ៊ុយក្រែន​​​មានទំនោរ​រក​​រុស្ស៊ី​ ហើយ​ការ​ដែល​ប្រជាជន​ចង់​បោះឆ្នោត​ប្រជាមតិ គឺ​ស្របតាម​លទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ​ដូច្នេះ តំបន់​ភាគខាងកើត​អ៊ុយក្រែន​​​​ងាយ​នឹងធ្លាក់​ក្នុង​ដៃ​រុស្ស៊ីណាស់។ អាជ្ញាធរ​អ៊ុយក្រែន រឺ​ក៏​សហគមន៍​អន្តរជាតិ​ ​ចង់​មិនចង់​ ក៏ត្រូវ​តែ​​ស្តាប់​យោបល់​រុស្ស៊ី​ច្រើន​ដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ