អានតួអត្ថបទ
អ៊ុយក្រែន

នាយក​រដ្ឋមន្តី្រ​​អ៊ុយក្រែន​​អញ្ជើញ​ទៅ​​ភាគ​ខាង​កើត​ប្រទេស ដើម្បី​សាក​ល្បង​បញ្ចុះ​កម្តៅ​បះបោរ

ក្រុម​អ្នក​បះបោរ​ចង់​​ផ្តាច់​ទឹក​ដី នៅភាគ​ខាង​កើត​អ៊ុយក្រែន កំពុង​បន្ត​កាន់​កាប់​ស្ថាប័ន​រដ្ឋ​ របស់​ក្រុង​ពីរ ដែល​និយាយ​ភាសា​រុស្ស៊ី។ ក្រុម​ប្រដាប់​អាវុធ​មិន​ស្គាល់​មុខ បាន​នាំ​គ្នា​សម្រុក​ចូល​អុក​ឡុក​ប៉ុស្តិ៍​ប៉ូលិស​ទៀត។ ​សម្ពាធ​មិន​បានធូរ​ថយ​ឡើយ ! សហគមន៍​អន្តរជាតិ​បន្ត​ដាក់​គំនាប​។ វ៉ាស៊ីនតោន​ទើប​បាន​ប្រកាស​ឱ្យក្រុម​ប្រទេស​មហា​អំណាច​ឧស្សហកម្ម​ទាំង​២០​​គិត​គូរ​ជួយ​អ៊ុយក្រែន។ចំនែក​ដំណោះស្រាយ​ការទូត​ក៏​កំពុង​សស្រាក់​សស្រាំ។ នាយករដ្ឋមន្ត្រីអ៊ុយក្រែន បាន​ចុះ​ទៅ​ផ្ទាល់​ដល់​ភាគ​ខាង​កើត​ប្រទេស​ នៅល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ។

នាយក​រដ្ឋមន្ត្រី​ Arseni Iatseniouk ធ្វើ​សុន្ទរកថា​នៅ​ Donetsk ថ្ងៃ​សុក្រ​ទី ១១​មេសា ២០១៤
នាយក​រដ្ឋមន្ត្រី​ Arseni Iatseniouk ធ្វើ​សុន្ទរកថា​នៅ​ Donetsk ថ្ងៃ​សុក្រ​ទី ១១​មេសា ២០១៤ REUTERS/Andrew Kravchenko/Pool
ផ្សាយពាណិជ្ជកម្ម

ខុស​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន នៅពេល​បំពេញ​ទស្សនកិច្ច​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន បាន​ប្រើ​​ភាសា​​បែប​​ផ្សះផ្សា សន្យា​ស្វែង​រក​លំនឹង​រវាង​អំណាច​​កណ្តាល​និង​អំណាច​តំបន់​ និ​ង​សើរើ​ច្បាប់​រដ្ឋធម្មនុញ្ញ​ឱ្យ​បាន​មុន​ថ្ងៃ​ទី ២៥​ឧសភា ព្រមទាំង​សន្យា​រក្សា​សិទ្ធិ​សេរីភាព​នៃ​ការ​ប្រើ​ភាសា​ដែល​មិន​មែន​ជា​ភាសា​អ៊ុយក្រែន។ ​លោក​ប្រមុខ​រដ្ឋាភិបាល​ ​មិន​​បាន​ជួប​​​​ក្រុម​បះបោរដោយ​ផ្ទាល់​ និង បាន​បដិសេធ ​មិន​ចូល​គន្លងបង្កើតរដ្ឋ​​សហព័ន្ធ​ដូច​ការ​ទាមទារ​របស់​ក្រុម​ស្និទ្ធ​នឹង​មូស្គូ​ទេ។

 
តាម​ការពិត​ប្រមុខ​រដ្ឋាភិបាល​អ៊ុយក្រែន​ដឹង​ច្បាស់​ថា​ មិន​អាច​រង់ចាំ​សម្បាទា​អ្វី​ពី​ក្រុម​បះបោរ​ឡើយ តែ​ត្រូវ​ការ​ទាក់ទាញ​បណ្តាជន​អ៊ុយក្រែន​ភាគ​ខាង​កើត​ដែល​មិន​មែន​ជា​អ្នក​ជ្រុល​និយម​។ កម្មវត្ថុ​របស់​អំណាច​កណ្តាល​អ៊ុយក្រែន គឺធ្វើ​យ៉ាង​ណា​ឱ្យ​ចលនា​បះបោរ​ថប់​ដណ្តើម​អស់​កម្លាំង​ដោយ​ខ្លួន​ឯង តាម​រយៈ​ការ​ទប់​ស្កាត់​កុំ​ឱ្យ​ក្រុម​នេះ​បាន​ទទួល​ការ​គាំទ្រ​ច្រើន​ពី​​សំណាក់​បណ្តា​ជន​អ៊ុយក្រែននៅ​ភាគ​ខាង​កើត​​និយាយ​ភាសា​រុស្ស៊ី។

ប៉ុន្តែ​ស្ថានភាព​ជាក់ស្តែង ​នៅថ្ងៃ​សៅរ៍​នេះ ​ ក្នុង​ខណៈ​ដែល​ក្រុម​បះបោរ​​​នៅ​តែ​បន្ត​កាន់​កាប់​មន្ទីរ​ស្ថាប័ន​រដ្ឋបាល តាំង​ពី​មួយ​សប្តាហ៍​មក​ហើយ មិន​ព្រម​ដក​ខ្លួន​ចេញ ក្រុម​ប្រដាប់​អាវុធ​មួយ​ក្រុម​ផ្សេង​ទៀត​ពាក់​មុខ​បាំង​ជិត បាន​វាយ​លុក​ចូល​កាន់​កាប់​ស្នង​ការ​ស្ថាន​ប៉ូលិសមួយ នៅមិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុង Donetsk។​ ការ​ប៉ះទង្គិច​មាន​លក្ខណៈ​តាន​តឹង​ខ្លាំង ព្រោះ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ការ​ប្រឈម​មុខ​ជាមួយ​ក្រុម​បាតុករ​ ខុស​ពី​ការ​ប្រឈម​មុខ​នឹង​ភេរវជន។

លើ​ផ្លូវ​ការ​ទូត​វិញ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប​បាន​ឆ្លើយ​បញ្ជាក់​ថា​ពិត​ជា​នឹង​មាន​ជំនួប​ចតុ​ភាគី​ស្តី​ពី​អ៊ុយក្រែន​ នៅ​ថ្ងៃ​ទី ១៧​មេសា​ខាង​មុខ​ នៅទីក្រុង​ហ្សឺណែវ តែ​មិន​សង្ឃឹម​ឃើញ​លទ្ធផល​ទេ។ ក្នុង​ពេល​រង់ចាំ​នេះ សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ទណ្ឌកម្ម​ថ្មី​បន្ថែម​​ដាក់លើ​ក្រុម​អ្នក​ទទួល​ខុស​ត្រូវ​គ្រីមេ៧​រូប​ និង​ក្រុមហ៊ុន​ឧស្ម័ន​ដែល​គ្រប់គ្រង​ដោយ​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ