អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិ​អ៊ុយក្រែន​កំពុង​រុញច្រាន​ពិភពលោក​ចូល​ក្នុង​សង្រ្គាមត្រជាក់​ជា​ថ្មី ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិបត្តិ​អ៊ុយក្រែន​បាន​និង​កំពុង​ធ្វើ​ឲ្យ​ក្រុមប្រទេស​លោកខាងលិច​ឈឺ​ក្បាល​យ៉ាង​ខ្លំាង។ សង្រ្គាម​ពាក្យ​សម្តី​ក៏​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​បស្ចិមលោក និង​ប្រទេស​រុស្ស៊ី។ ជា​ថ្មី​ម្តង​ទៀត​នៅ​យប់​ថ្ងៃ​ចន្ទ ទី១៤ មេសា លោក​ប្រធានាធិបតី​អាមេរិក​បារ៉ាក់ អូបាម៉ា និង​លោក​ប្រធានាធិបតី​រស្ស៊ី​ពូទីន​បាន​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ដើម្បី​និយាយ​ពី​ព្រឹត្តិការណ៍​ដែល​កំពុង​កើត​មាន​នៅ​តំបន់​មួយ​ចំនួន​ស្ថិត​ប៉ែកខាងកើត​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​នោះ លោក​អូបាម៉ា​បាន​ស្នើ​លោក​ពូទីន​ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ប្រាប់​ក្រុម​ប្រដាប់អាវុធ​​គំាទ្រ​រុស្ស៊ី​ឲ្យ​ទម្លាក់​អាវុធ​ចុះ។ តែ​លោក​ពូទីន​បាន​ឆ្លើយ​ប្រាប់​លោក​អូបាម៉ា​ថា រុស្ស៊ី​នឹង​មិន​លូក​ដៃ​ចូល​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​អ៊ុយក្រែន​ទេ។

លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​លោកប្រធានាធិបតី​អាមេរិក​អូបាម៉ា
លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន និង​លោកប្រធានាធិបតី​អាមេរិក​អូបាម៉ា AFP PHOTO/Jewel Samad
ផ្សាយពាណិជ្ជកម្ម

ការ​ហៅ​ទូរស័ព្ទ​ទៅ​មក​ជា​ថ្មី​នៅ​យប់​ថ្ងៃ​ចន្ទ ទី១៤ មេសា​រវាង​លោក​ប្រធានាធិបតី​អាមេរិក​អូបាម៉ា និង​លោក​ប្រធានាធិបតី​ពូទីន​ត្រូវ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​ស្ថានការណ៍​នៅ​តំបន់​ប៉ែកខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​កំពុង​ឡើង​តានតឹង​ដល់​កំពូល។ ក្រុមអ្នកគំាទ្រ​រុស្ស៊ី​រស់ក្នុង​ទឹកដី​អ៊ុយក្រែន​ប្រដាប់​ដោយ​អាវុធ​កំពុង​បន្ត​ទាមទារ​ផ្តាច់​តំបន់​ទំាង​នោះ​ពី​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាល​អ៊ុយក្រែន រួច​ទៅ​រួមរស់​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី​ដូច​ករណី​តំបន់​គ្រីមេ​នា​ពេល​ថ្មីៗ​កន្លង​ទៅ។ សម្រាប់​ក្រុមប្រទេស​លោកខាងលិច​ដែល​មាន​អាមេរិក​ជា​មេខ្លោង រូបភាព​ទំាង​អស់​នេះ​មិន​មែន​កើត​មាន​តែ​ឯកឯង និង​ក៏​មិន​បាន​កើត​មាន​ដោយ​ចៃដន្យ គ្មាន​អ្នក​ជួយ​ជម្រុញ​ពី​ក្រោយ​ដែរ មាន​ន័យ​ថា គឺ​លោក​ប្រធានាធិបតី​រុស្ស៊ី​ពូទីន​ជា​អ្នក​នៅ​ពី​ក្រោយ​ដោយ​មិន​អាច​ប្រកែក​បាន។

នៅ​ក្នុង​កិច្ចសន្ទនា​រវាង​លោក​អូបាម៉ា និង​លោក​ពូទីន លោក​អូបាម៉ា​បាន​ស្នើ​លោក​ពូទីន​ឲ្យ​ជួយ​អន្តរាគមន៍​ប្រាប់​ក្រុមអ្នកគំាទ្រ​រុស្ស៊ី​ឲ្យ​ដាក់​អាវុធ​ចុះ។ តែ​លោក​ពូទីន​បាន​ឆ្លើយ​តប​ភ្លាមៗ​ថា លោក​មិន​លូកដៃ​ចូលជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​អ៊ុយក្រែន​ទេ។ ទន្ទឹម​គ្នា​នេះ លោក​ពូទីន​ថែម​ទំាង​បាន​ស្នើ​លោក​អូបាម៉ា​ប្រើប្រាស់​ឲ្យ​ប្រើ​អស់​លទ្ធភាព​ការទូត​ដែល​អាមេរិក​មាន​ដើម្បី​ចៀសវាង​ការ​ប្រើប្រាស់​កម្លំាងបាយ និង​ការ​បង្ហូរឈាម។ សម្រាប់​លោក​ពូទីន ការ​ចោទ​ទំាង​អំបាលម៉ាន​ពី​បស្ចិមលោក​ដែល​ថា រុស្ស៊ី​ជា​អ្នក​បង្ក​អស្ថិរភាព​នៅ​អ៊ុយក្រែន​សព្វថ្ងៃ គឺ​ជា​ការ​ចោទ​ប្រកាន់​ដែល​គ្មាន​ភស្តុតាង​ច្បាស់លាស់។ ដូច្នេះ អាមេរិក និង​រុស្ស៊ី​នៅ​តែ​បន្ត​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ ទៅ​មក និង​បន្ត​រក្សា​ជំហរ​របស់​គេ​តែ​រៀងៗ​ខ្លួន។

អ៊ុយក្រែន​បារម្ភ​ពី​ការ​ផ្ទុះ​សង្រ្គាមផ្ទៃក្នុង

ស្ថានការណ៍​នៅ​តំបន់​ប៉ែកខាងកើត​អ៊ុយក្រែន​កំពុង​បន្ត​ធ្លាក់​ដុនដាប​កាន់​តែ​ខ្លំាង។ ក្រុម​ប្រដាប់អាវុធ​គំាទ្រ​រុស្ស៊ី​មិន​ព្រម​ចាកចេញ​ពី​អគាររដ្ឋបាល​ដែល​ពួក​គេ​បាន​ចូលកាន់កាប់​តំាង​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ រីឯ​រដ្ឋាភិបាល​ទីក្រុង​គៀវ​ដែល​បាន​សន្យា​បើក​ការ​វាយប្រហារ​ដណ្តើម​យក​អគារ​ទំាង​នោះ​មក​វិញ ក៏​នៅ​មិន​ទាន់​បាន​ធ្វើ​អ្វី​ដែរ។ នេះ​ក៏​ដោយសារ​ថា ទី១ អាច​មក​ពី​រដ្ឋាភិបាល​ទីក្រុង​គៀវ​ញញើត​ខ្លាច​តែ​ការ​ធ្វើ​អន្តរាគមន៍​តាម​ផ្លូវ​យោធា​របស់​ខ្លួន​ជា​ចំណុច​ចាប់​ផ្តើម​នៃ​ការ​ផ្ទុះ​សង្រ្គាមផ្ទៃក្នុង​រវាង​ប្រជាជន​អ៊ុយក្រែន​ដែល​មាន​សន្តានចិត្ត​ចំពោះ​អឺរ៉ុប និង​ប្រជាជន​អ៊ុយក្រែន​ដែល​មាន​សន្តានចិត្ត​ចំពោះ​រុស្ស៊ី។ នៅ​ក្នុង​ចំណោម​ប្រជាជន​អ៊ុយក្រែន​ទំាង ៤៦លាននាក់ មាន ១៥លាននាក់​ដែល​មាន​ដើមកំណើត​រុស្ស៊ី។

នៅ​ក្នុង​ករណី​ណា​ដែល​សង្រ្គាមផ្ទៃក្នុង​អ៊ុយក្រែន​បាន​ផ្ទុះ​ឡើង​មែន នោះ​រុស្ស៊ី​មាន​លេស​ពេញ​ទី​ដើម្បី​ចូល​ខ្លួន​​អន្តរាគមន៍​ដើម្បី​ការពារ​សន្តិសុខ និង​ផលប្រយោជន៍​របស់​ប្រជាជន​ខ្លួន​ដែល​កំពុង​​រស់នៅ​ក្នុង​ទឹកដី​អ៊ុយក្រែន។ នៅ​ពេល​នោះ ទឹកដី​អ៊ុយក្រែន​នឹង​ចៀស​មិន​រួច​ពី​ការ​ពុះ​ចែក​ជា​ពីរ​បំណែក នៅ​ម្ខាង គឺ​អ៊ុយក្រែន-រុស្ស៊ី​ស្ថិត​ប៉ែកខាង​កើត និង​ខាងត្បូង នៅ​ម្ខាង​ទៀត គឺ​អ៊ុយក្រែន-អឺរ៉ុប​ស្ថិត​ប៉ែកកណ្តាល និង​ខាងលិច។ ទី២ អាច​ថា​សហគមន៍​អន្តរជាតិ​បាន​អំពាវនាវ​រដ្ឋាភិបាល​ទីក្រុង​គៀវ​ឲ្យ​រក្សា​ភាព​អត់ធ្មត់ កុំ​អាល​ប្រើ​កម្លំាងបាយ ដោយ​ទុក​ឲ្យ​ពួក​គេ​បន្ត​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវ​ការទូត​ជាមួយ​ប្រទេស​រុស្ស៊ី។

រហូត​មក​ដល់​ពេល​នេះ រុស្ស៊ី​បន្ត​ច្រាន​ចោល​លើ​ការ​ចោទ​ប្រកាន់​របស់​សហគមន៍​អន្តរជាតិ។ តែ​គេ​មិន​ត្រូវ​ភ្លេច​ទេ​ថា ករណី​តំបន់​គ្រីមេ ជា​ភស្តុតាង​ជាក់ស្តែង​មួយ​មិន​អាច​ប្រកែក​បាន។ ចំណែក​ក្រុមប្រដាប់​អាវុធ​ដែល​កំពុង​កាន់កាប់​អគារ​រដ្ឋបាល​ជា​ច្រើន​នៅ​តំបន់​ប៉ែកខាងកើត​អ៊ុយក្រែន ក៏​មាន​បង្កប់​ដោយ​គេញសម្ងាត់​រុស្ស៊ី និង​ទាហាន​រុស្ស៊ី​ចេញ​មុខ​ដែរ។ ទន្ទឹម​គ្នា​នេះ រុស្ស៊ី​ក៏​បាន​ដាក់​ពង្រាយ​កម្លំាង​ទ័ព​របស់​ខ្លួន​ប្រមាណ​ជា ៤០ ០០០នាក់​នៅ​តាម​បណ្តាយ​ព្រំដែន​ជា​មួយ​អ៊ុយក្រែន។ សំណួរ​ដែល​កំពុង​ចោទ​សួរ​នៅ​ពេល​នេះ​គឺ​ថា តើ​សង្រ្គាម​ត្រជាក់​នឹង​អាច​ផ្ទុះ​ជា​ថ្មី​ដែរ ឬ​យ៉ាង​ណា?។ ក្រុមអ្នកវិភាគ​ទូទៅ​បាន​យល់​ឃើញ​ថា ប្រហែល​ជា​មិន​អាច​កើត​មាន​ជា​ថ្មី​ទេ​នៅ​ក្នុង​សតវត្ស​ទី២១​យើង​នេះ ព្រោះ​ថា អាមេរិក និង​រុស្ស៊ី​មិន​មែន​ល្ងង់​វ៉ៃគ្នា​ដោយសារ​តែ​ប្រទេស​អ៊ុយក្រែន​មួយ​ទេ។

អ៊ុយក្រែន​ស្គាល់​អស្ថិរភាព​នយោបាយ​តំាង​ពី​ក្រោយ​ទទួល​បាន​ឯករាជ្យ

តំាង​ពី​ប្រទេស​អ៊ុយក្រែន​ទទួល​ឯករាជ្យ​បាន ២៥ឆ្នំា​មក អតីត​សាធារណរដ្ឋ​សហភាព​សូវៀត​មួយ​នេះ​ស្គាល់​តែ​ការ​បែកបាក់ ប្រេះឆា​ផ្ទៃក្នុង​មក​ដល់​សព្វថ្ងៃ។ នៅ​ម្ខាង គឺ​ក្រុម​ដែល​មាន​សម្មានចិត្ត​ចំពោះ​អឺរ៉ុប និង​នៅ​ម្ខាង​ទៀត គឺ​ក្រុម​ដែល​នៅ​មិន​ទាន់​អាលោះអាល័យ​ពី​រុស្ស៊ី​ដែល​ជា​អតីត​គូស្នេហ៍។ ២៥ឆ្នំា​ក្រោយ​ទទួល​បាន​ឯករាជ្យ​មក សម្មានចិត្ត​រវាង​ប្រជាជន​អ៊ុយក្រែន​ដែល​ស្រឡាញ់​អឺរ៉ុប និង​ប្រជាជន​អ៊ុយក្រែន​ដែល​ស្រឡាញ់​រុស្ស៊ី​នៅ​តែ​មាន​ឥទ្ធិពល​ខ្លំាង ព្រម​ទំាង​បាន និង​កំពុង​ពុះ​ចែក​អ៊ុយក្រែន​ជា​ពីរ​ចំណែក​ទៀត​ផង​នា​ពេល​នេះ។

កន្លង​មក ការ​ផ្លាស់ប្តូរ​របប​ដឹកនំា​នៅ​អ៊ុយក្រែន​ក្រោយ​ការ​ជាប់​ឆ្នោត​ភ្លាម ច្រើន​ធ្វើ​ឡើង​ក្រោម​រូបភាព​បដិវត្តន៍​ប្រជាជន។ ប្រភព​វិបត្តិ​សព្វថ្ងៃ​ក៏​បាន​កើត​ចេញ​ពី​ការ​ធ្វើ​បដិវត្តន៍​ផ្តួលរំលំ​ថ្នាក់ដឹកនំា​ដែល​មាន​ទំនោរ​រក​រុស្ស៊ី។ ដូច្នេះ ដើមចម​នៃ​អស្ថិរភាព​នយោបាយ​នៅ​អ៊ុយក្រែន​ពី​ពេល​មុន និង​ពេល​ឥឡូវ គឺ​កើត​ចេញ​ពី​ការ​បាក់បែក​ផ្ទៃក្នុង​តែ​ម្តង។ ការ​បែកបាក់​ផ្ទៃក្នុង​ដែល​បាន​ផ្តល់​ផល​ចំណេញ​ឲ្យ​អ្នកផ្សេង ដូច​ករណី​បាត់​តំបន់​គ្រីមេ​ទៅ​ខាង​រុស្ស៊ី​នា​ពេល​ថ្មីៗ​នេះ។ ដូច្នេះ មាន​តែ​ការ​ឯកភាព​ផ្ទៃក្នុង​ទេ ដែល​អ៊ុយក្រែន​អាច​ស្គាល់​សុខសន្តិភាព និង​ទប់​ស្កាត់​ការ​បាត់បង់​ទឹកដី​បន្ថែម​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ