ក្រុមប្រឹក្សាសន្តិសុខនឹងបញ្ជូនបន្ថែមកម្លាំងមួកខៀវទៅស៊ូដង់ខាងត្បូង
ចុះផ្សាយនៅថ្ងៃ៖
ការប្រយុទ្ធគ្នានៅតែមានសកម្មភាពខ្លាំងក្លា នៅស៊ូដង់ខាងត្បូង។ កម្លាំងទ័ពរដ្ឋាភិបាលបានប្រកាសត្រៀមខ្លួន ដើម្បី វាយសម្រុកទៅលើទីក្រុងបរ ដែលបានធ្លាក់ទៅក្នុងដៃរបស់ពួកឧទ្ទាម ដែលស្មោះស្ម័គ្រនឹងលោកអតីតអនុប្រធានាធិបតីរីក ម៉ាស្ហារ។ ទាហានមួកខៀវរបស់អង្គការសហប្រជាជាតិពង្រឹងសន្តិសុខ នៅតាមជំរំរបស់ខ្លួន ជាពិសេស នៅទីក្រុងបរ។ ទាហានមួកខៀវជនជាតិឥណ្ឌាពីរនាក់បានស្លាប់នៅក្នុងការវាយប្រហារមួយ របស់ក្រុមឧទ្ទាម កាលពីសប្តាហ៍មុន។ កាលពីថ្ងៃល្ងាចចន្ទទី ២៣ ធ្នូ លោកបាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានទាមទារឲ្យគេបញ្ជូនកងទ័ពមួកខៀវ ៥៥០០នាក់ និងប៉ូលិស៧០០នាក់ បន្ថែមទៀត ទៅស៊ូដង់។ ក្រុមប្រឹក្សាសន្តិសុខត្រូវបើកការប្រជុំបន្ទាន់ នៅថ្ងៃអង្គារដើម្បីសម្រេចលើការបបញ្ជូនក្រុមមួកខៀវ ទៅស៊ូដង់ខាងត្បូង។
លោកGerard Areaud ដែលជាប្រធានក្រុមប្រឹក្សាសន្តិសុខផ្ទាល់ បានបញ្ជាក់ហើយថា ទាហានមួកខៀវជាង ៥ពាន់នាក់ ដែលអង្គការសហប្រជាជាតិនឹងបញ្ជូនបន្ថែមទៅស៊ូដង់ នឹងមិនអាចជួយការពារជនស៊ីវិលបានទាំងអស់ទេ។ ដោយសារតែការប្រយុទ្ធគ្នា មានកាន់តែខ្លាំង ជនស៊ិវិលជាងបួនម៉ឺន ប្រាំពាន់នាក់ កំពុងរត់ភៀសខ្លួន នៅក្នុងជំរំជ្រកកោន នៅជំរំរបស់អង្គការសហប្រជាជាតិ នៅប្រទេសស៊ូដង់ខាងត្បូង។សូមបញ្ជាក់ថា នៅស៊ូដង់ ខាងត្បូង មន្រ្តីអង្គការសហប្រជាជាតិ ៧ពាន់ កំពុងប្រចាំការ ដែលក្នុងនោះ មានជាង៤ពាន់នាក់ ជាទាហានមួកខៀវ។
វត្តមានរបស់កម្លាំងមួកខៀវរបស់អង្គការសហប្រជាជាតិ នៅស៊ូដង់ខាងត្បូង គឺដើម្បីការពារជនស៊ីវិលដែលកំពុងរងគ្រោះ ដោយសារការប្រយុទ្ធគ្នារវាងកងទ័ព ភាគីទំាងពីរ។ កម្លាំងមួកខៀវត្រូវបានពង្រឹងខ្លាំង នៅជំរំរបស់អង្គការសហប្រជាជាតិ ក្នុងទីក្រុង បរ ព្រោះ នៅទីនោះ មានសំបូរអ្នករត់ភៀសខ្លួន ជាជនជាតិពិន្ធុ ឌិនកា ដែលជាជនជាតិភាគច្រើន របស់លោកប្រធានាធិបតីស៊ូដង់ខាងត្បូងបច្ចុប្បន្ន ប៉ុន្តែ ជាសត្រូវរកមុខរបស់ក្រុមឧទ្ទាម ដែលមកពីកុលសម្ព័ន្ធនុយអេ របស់លោកអតីតអនុប្រធានាធិបតី ម៉ាស្ហារ។
បើមើលទៅលើទីតាំងភូមិសាស្រ្ត និងទំហំប្រយុទ្ធគ្នារវាងភាគីបដិបក្ខទាំងពីរ កម្លាំងមួកខៀវបន្ថែម ជាង ៥ពាន់នាក់ ពិតជាមិនអាចជួយបន្ធូរបន្ថយស្ថានភាព នៅស៊ូដង់ខាងត្បូងបានទេ។ ប្រទេសស៊ូដង់មានទំហំធំមែនទែន គឺស្មើនឹងទំហំនៃប្រទេសអេស្ប៉ាញបូកចូលជាមួយប្រទេសព័រទុយហ្កាល់។
ប្រទេសស៊ូដង់ជួបសង្រ្គាមស៊ីវិលរ៉ាំរ៉ៃ ជាង២០ឆ្នាំ ទម្រាំ ស៊ូដង់ខាងត្បូងបានផ្តាច់ខ្លួន និងក្លាយជារដ្ឋឯករាជ្យ កាលពីឆ្នាំ ២០១១កន្លងទៅ។ រដ្ឋាភិបាលរបស់ស៊ូដង់ខាងជើង មិនចង់បាត់បង់ទឹកដីភាគខាងត្បូង ដែលសំបូរទៅដោយអណ្តូងប្រេងទេ។ គឺដោយសារផលប្រយោជន៍អណ្តូងប្រេង ដែលឧទ្ទាម ប្រមូលផ្តុំដោយជនជាតិពិន្ធុ ខំប្រឹងប្រយុទ្ធការពារទឹកដីភាគខាងត្បូង។ បច្ចុប្បន្ននេះទៀត បើមើលពីខាងក្រៅ ការប្រយុទ្ធគ្នានៅស៊ូដង់ខាងត្បូង ដែលផ្ទុះឡើង កាលពីថ្ងៃទី ១៥ធ្នូកន្លងទៅ មានលក្ខណៈនយោបាយ។ គឺទាហានរដ្ឋាភិបាលបើកការវាយប្រហារទៅលើក្រុមឧទ្ទាមដែលលោកប្រធានាធិបតី ចោទថា គាំទ្រអតីតអនុប្រធានាធិបតី ដែលប៉ុនប៉ងចង់ធ្វើរដ្ឋប្រហារ។
►សូមអាន៖ស៊ូដង់ខាងត្បូង ៖ ជម្លោះដណ្តើមអំណាច ក្លាយជាសង្គ្រាមស៊ីវិល ?
ប៉ុន្តែ គេមើលឃើញថា ការប្រយុទ្ធគ្នានៅស៊ូដង់ នេះ គឺមិនខុសអី ពីការប្រយុទ្ធដើម្បីទាមទារគ្រប់គ្រងប្រយោជន៍ប្រេង នៅស៊ូដង់ខាងត្បូងទេ។ មេទ័ព របស់រដ្ឋាភិបាលខ្លះ មិនមែនប្រយុទ្ធជាមួយពួកឧទ្ទាមជាតិពិន្ធុនុយអេ ដោយសារតែគេស្មោះស្ម័គ្រនឹងរដ្ឋាភិបាលទេ ប៉ុន្តែ គេប្រយុទ្ធ ព្រោះ គេចង់បានអំណាចគ្រប់គ្រងអណ្តូងប្រេង ដូចជានៅទីក្រុងBentiu ជាដើម។ អ្នកជំនាញខ្លះមើលឃើញថា ក្រុមមេទ័ពទាំងនេះនៅតែមានទំនាក់ទំនងជាមួយរដ្ឋាភិបាលស៊ូដង់ខាងជើង។ ដូច្នេះ វាអាចដែលថា រដ្ឋាភិបាលស៊ូដង់ខាងជើង អាចដើរតួនាទីសំខាន់ ឬអ្នករុញពីក្រោយឲ្យស៊ូដង់ខាងត្បូង ធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម។
►សូមអាន៖ ការបោះឆ្នោតប្រជាមតិដែលអាចបំបែកស៊ូដង់ចេញជាពីរប្រទេស
រដ្ឋាភិបាលស៊ូដង់ខាងត្បូងដែលទើបមានអាយុ ពីរឆ្នាំ អាចងាយជួបការបែកបាក់ ព្រោះ ស៊ូដង់ខាងត្បូងត្រូវបានផ្គុំ បង្កើតឡើង ដោយការចូលរួមគ្នាច្រើនពីជាតិពិន្ធុ។ ក្រុមទាំងនេះធ្លាប់រួមប្រយុទ្ធជាមួយគ្នា ដើម្បីទាមទារផ្តាច់ទឹកដីពីរដ្ឋាភិបាលខាងជើង។ ប៉ុន្តែ ដោយសារតែមេដឹកនាំ នយោបាយ មិនត្រូវគ្នា ដូច្នេះ ក្រុមជាតិពិន្ធុដែលគាំទ្រអ្នកនយោបាយ ក៏មិនត្រូវគ្នាដែរ។ ទាហានរដ្ឋាភិបាលមកពីក្រុមឌិនការ កំពុងប្រយុទ្ធជាមួយក្រុមនុយអេ ដែលជាក្រុមរបស់អតីតអនុប្រធានាធិបតីម៉ាស្ហារ។ ការប្រយុទ្ធគ្នារវាងកងទ័ព បានប្រែក្លាយជាការសម្លាប់ប្រកាន់ពូជាសាសន៍លើប្រជាជនស៊ីវិល។ ជាក់ស្តែង តាមមន្រ្តីអង្គការសហប្រជាជាតិ នៅក្នុងទីក្រុងជូបា ដែលគ្រប់គ្រងដោយទាហានរដ្ឋាភិបាល ប្រជាជនជាតិពិន្ធុ នុយអេ បានរត់ចូលជំរំភៀសខ្លួនរបស់អង្គការសហប្រជាជាតិ ដើម្បីគេចផុតពីការប្រយុទ្ធ និងការសម្លាប់រង្គាល។ ចំណែកនៅទីក្រុងAkobo ដែលធ្លាក់ក្នុងដៃរបស់ឧទ្ទាមនុយអេ គឺក្រុមប្រជាជនឌិនការវិញម្តង ដែលរត់រកជំនួយរបស់អង្គការប្រជាជាតិ ព្រោះ ដោយសារតែពួកគេត្រូវរងការយាយី សម្លាប់ពីក្រុមឧទ្ទាម ដែលមកពីក្រុមកុលសម្ព័ន្ធ នុយអេ។
អាមេរិកដាក់គំនាបឲ្យបើកការចរចា
តាំងពីថ្ងៃអាទិត្យ អង្គការសហប្រជាជាតិ និងមេដឹកនាំ នៅក្នុងពិភពលោក ជាពិសេស លោកប្រធានាធិបតីអាមេរិក បានជំរុញ ឲ្យមេដឹកនាំស៊ូដង់ខាងត្បូង ដែលជាភាគីជម្លោះ ចូលចរចាគ្នា ដើម្បីជៀសវាងសង្រ្គាមស៊ីវិល។ អាមេរិកផ្ទាល់ ដែលលូកដៃច្រើនជាងគេ ក្នុងការជំរុញឲ្យស៊ូដង់ខាងត្បូងទទួលឯករាជ្យ និងបំបែកខ្លួនពីស៊ូដង់ខាងជើង បានព្រមានទាំងលោកប្រធានាធិបតី និងអតីតអនុប្រធានាធិបតីដែលជាមេពួកឧទ្ទាម ថា អាមេរិកនឹងបញ្ឈប់ការគាំទ្រ ដល់រដ្ឋដ៏ក្មេងខ្ចីជាងគេនេះ បើសិនជាការចូលកាន់អំណាច នៅប្រទេសនេះ ធ្វើឡើង ការប្រើកម្លាំងយោធា។
►សូមអាន៖លោកអូបាម៉ាព្រមានក្រុមឧទ្ទាមស៊ូដង់ខាងត្បូង បន្ទាប់ពីទាហានអាមេរិកាំង៤រូបរងរបួស
ការព្រមានរបស់អាមេរិកអាចដាក់សម្ពាធទៅលើភាគីជម្លោះ ព្រោះថា ចង់ ឬមិនចង់ រដ្ឋាភិបាលស៊ូដង់ខាងត្បូង មិនចង់បាត់ការគំាទ្រពីមហាអំណាចអាមេរិកទេ ជាពិសេស នៅក្នុងពេលដែលប្រទេសស៊ូដង់ខាងត្បូង ទើបតែមានអាយុជាង ២ឆ្នាំ និងនៅតែរងការគំរាមកំហែងជាប់ជានិច្ចពីរដ្ឋាភិបាលស៊ូដង់ខាងជើង។
លោកប្រធានាធិបតីសាលវ៉ា គៀ បានប្រកាសធ្វើការចរចាដោយគ្មានលក្ខខណ្ឌជាមួយភាគីជម្លោះរបស់លោក ប៉ុន្តែ លោករីក ម៉ាស្ហារវិញ ដែលជាអតីតអនុប្រធានាធិបតី បណ្តេញចេញពីតំណែងបានទាមទារ កាលពីថ្ងៃចន្ទ ឲ្យលោកប្រធានាធិបតីដោះលែងរដ្ឋមន្រ្តី១០នាក់ ដែលស្និទ្ធនឹងលោក សិន។ រដ្ឋមន្រ្តីទាំង១០នាក់ ត្រូវទាហានរដ្ឋាភិបាលចាប់ដាក់ឃុំ បន្ទាប់ពីរងការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារទម្លាក់ប្រធានាធិបតី។ រហូតមកដល់ពេលនេះ លោកប្រធានាធិបតីស៊ូដង់ខាងត្បូងមិនទាន់មានចម្លើយយ៉ាងណាទេ។ ប៉ុន្តែ ចង់ ឬមិនចង់ លោកប្រធានាធិបតីត្រូវគេមើលឃើញថា ជាអ្នកត្រូវស្រាយ ចំណង ដែលលោកអាចបង្កើតឡើង។ ដោយសារតែលោកប្រធានាធិបតីបានប្រកាសបណ្តេញលោកអនុប្រធានាធិបតី ចេញពីតំណែង និងចាប់មន្រ្តីរដ្ឋាភិបាល ដែលធ្វើឲ្យពួកឧទ្ទាមដែលជាគ្នីគ្នារបស់លោកអតីតអនុប្រធានាធិបតីចេញមុខការពារមេកើយរបស់ខ្លួន និង ប្រយុទ្ធតបនឹងរដ្ឋាភិបាល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ