អានតួអត្ថបទ
ស៊ូដង់ខាងត្បូង

លោក​អូបាម៉ា​ព្រមាន​ក្រុមឧទ្ទាម​ស៊ូដង់​ខាងត្បូង​ បន្ទាប់ពី​ទាហាន​អាមេរិកាំង​៤រូប​រងរបួស​

យោងតាម​​សារព័ត៌មាន​បារាំង​អាអេហ្វប៉េ នៅថ្ងៃ​អាទិត្យ​នេះ ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ធ្វើការ​ព្រមាន​ទៅ​ក្រុមឧទ្ទាម​​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ថា ប្រសិន​មាន​ករណី​ប្រើកម្លាំង​បាយ​ដណ្តើម​យក​អំណាច​មកកាន់កាប់​ នោះ​អាមេរិក​នឹង​ឈប់គាំទ្រ​​ប្រទេស​ស៊ូដង់​ខាងត្បូង​ដែល​ទើបបាន​ទទួលឯករាជ្យ​​កាលពី​​ឆ្នាំ​២០១១ តទៅទៀត​ហើយ។ លោក​អូបាម៉ា​ព្រមាន​បែបនេះ បន្ទាប់​ពី​ពេល​ដែល​ទាហាន​អាមេរិកកាំង​៤នាក់ បាន​រងរបួស​ នៅ​ស៊ូដង់​ខាងត្បូង​ កាលពីថ្ងៃ​សៅរ៍ នៅ​ពេល​ដែល​ពួកគេ​ព្យាយាម​ចុះចត​យន្តហោះ​ដើម្បី​ជម្លៀស​​ពលរដ្ឋអាមេរិក​នៅទីនោះ។

ទាហាន​ស៊ូដង់​ខាងត្បូង នៅ​រដ្ឋធានី​ជូបា ថ្ងៃ២១ធ្នូ ឆ្នាំ២០១៣
ទាហាន​ស៊ូដង់​ខាងត្បូង នៅ​រដ្ឋធានី​ជូបា ថ្ងៃ២១ធ្នូ ឆ្នាំ២០១៣ REUTERS/Goran Tomasevic
ផ្សាយពាណិជ្ជកម្ម

ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា បាន​ធ្វើការ​ព្រមាន​ទៅ​ក្រុមឧទ្ទាម​​ដែល​គាំទ្រ​អតីត​ប្រធានាធិបតី រៀក ម៉ាស្ហារ​ ​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ថា ​​ប្រសិន​ក្រុមឧទ្ទាម​ប្រើកម្លាំង​បាយ​ដណ្តើម​​មក​អំណាច​មកកាន់កាប់​ នោះ​អាមេរិក​នឹង​ឈប់គាំទ្រ​​​​ស៊ូដង់​ខាងត្បូង​ដែល​ជា​ប្រទេស​​ឯករាជ្យ​​​ក្មេងខ្ចី​​នេះ​ តទៅទៀត​ហើយ។

លោក​អូបាម៉ា​ព្រមាន​បែបនេះ បន្ទាប់​ពី​​ពេល​ដែល​យន្តហោះ​អាមេរិក​បីគ្រឿង បាន​រងការ​បាញ់​ប្រហារ​​​ កាលពីថ្ងៃ​សៅរ៍ នៅ​ជិត​ក្រុង​បរ ដែល​មានចំងាយ​ប្រមាណ​២០០គីឡូម៉ែត្រ​ពី​រដ្ឋធានី ជូបា។ ​​យន្តហោះ​ទាំងនេះ​​បាន​​ព្យាយាម​ចុះចត​នៅទីនោះ ​ដើម្បី​ជម្លៀស​​ពលរដ្ឋអាមេរិក​។ ទាហាន​អាមេរិកាំង​៤នាក់​ក្នុង​យន្តហោះ​ទាំងនេះ បាន​រងរបួស​ដោយសារ​ការបាញ់​នោះ។

ប្រមុខការទូត​អាមេរិក ចន ឃែររី ក៏បាន​ព្រមាន​​ប្រធានាធិបតី​​ស៊ូដង់ខាងត្បូង គឺ​លោក សាល់វ៉ា កៀ ដែរ​ថា ការ​បន្ត​ការប្រយុទ្ធ​ជាមួយ​ក្រុមឧទ្ទាម​​​អាចនឹង​​ធ្វើអោយមហន្តរាយ​ដល់​ឯករាជ្យភាព​របស់​ស៊ូដង់​ខាងត្បូង ដែល​ទើប​ទទួលបាន​កាលពី​ឆ្នាំ២០១១នោះ។

តាំង​ពី​ថ្ងៃ​១៥ធ្នូមក កងទ័ព​រដ្ឋាភិបាល​បាន​ប្រយុទ្ធ​គ្នា​ជាប្រចាំ ជាមួយ​នឹង​ក្រុមឧទ្ទាម​ដែល​​គាំទ្រ​អតីតប្រធានាធិបតី​រៀក ម៉ាស្ហារ។ កាលពី​ខៃកក្កដា ​ប្រធានាធិបតី​សាល់វ៉ា កៀ បាន​ទំលាក់អតីតប្រធានាធិបតី​ម៉ាស្ហារ​​​នេះ​ចេញពីតំណែង។ ​ គិតត្រឹម​តែ​ក្នុង​រដ្ឋធានី​ជូបា​​មួយ ការ​ប្រយុទ្ធ​​រវាង​កងទ័ព​រដ្ឋាភិបាលនិង​ក្រុមឧទ្ទាម​បាន​ធ្វើអោយ​មានមនុស្ស​ស្លាប់​យ៉ាងហោច​ណាស់ ៥០០នាក់។ ទោះជា​នៅ​តែ​មាន​ការប្រយុទ្ធ​ជាប្រចាំ​ក្តី មេបញ្ជាការកងទ័ព​ស៊ូដង់​ខាងត្បូង បាន​​ប្រកាស​ថា ប្រទេស​ជាតិ​មិន​ទាន់​ធ្លាក់​ក្នុង​សង្គ្រាម​ស៊ីវិល​នៅឡើយទេ។

​អង្គការ​សហប្រជាជាតិ​បាន​អំពាវនាវ​អោយ​ភាគី​ប្រឆាំង​ទាំងពីរ​ចរចា​គ្នា​រក​ដំណោះស្រាយ។​ ប្រធានាធិបតី​កៀ បាន​សន្យា​ថា នឹង​ច​ចា​ជាមួយ​​ ​អតីតប្រធានាធិបតី​ម៉ាស្ហារ​ ដោយ​គ្មាន​លក្ខខណ្ឌ​អ្វីទាំងអស់។

នៅថ្ងៃ​អាទិត្យ​នេះ អាមេរិក​និង​នីហ្សេរីយ៉ា​បាន​បញ្ជូន​បេសកជន​របស់ខ្លួន​ ទៅ​រដ្ឋធានី​ជូបា ដើម្បី​​ពង្រឹង​​​កិច្ចប្រឹងប្រែង​ការទូត​អន្តរជាតិ ក្នុងទិសដៅ​ចៀសវាង​​​មិនអោយ​សង្គ្រាម​ស៊ីវិល​បែកធ្លាយ​​ពេញ​ក្នុង​ទឹកដី​​ស៊ូដង់​ខាងត្បូង៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ