អានតួអត្ថបទ
រុស្ស៊ី

ពិធី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​ថ្មី​នៅ​រុស្ស៊ី

ថ្ងៃចន្ទ ទី៧ ឧសភា​នេះ នៅ​វិមាន​ក្រេមឡាំង​ក្រុង​ម៉ូស្គូ មាន​ប្រព្រឹត្ត​ទៅ ពិធី​ទទួល​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​នៃ​សហព័ន្ធ​រុស្ស៊ី ដោយ​លោក វ៉្លាឌីមៀរ ពូទីន អាយុ៥៩ឆ្នាំ ជំនួស​ប្រធានាធិបតី​ផុត​អាណត្តិ លោក ឌ្មីទ្រី មេដវេដេវ អាយុ៤៦ឆ្នាំ។

លោកពូទីន ប្រធានាធិបតីរុស្ស៊ី
លោកពូទីន ប្រធានាធិបតីរុស្ស៊ី ©Reuters
ផ្សាយពាណិជ្ជកម្ម

គួរ​រម្លឹក​ថា លោក​ពូទីន ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ត្រី បាន​ឈ្នះ​ឆ្នោត​ជាប់​ជា​ប្រធានាធិបតី ដោយ​សំឡេង​គាំទ្រ​ដល់​ទៅ​ជាង​៦៣% ​គឺ​ក្នុង​ការ​បោះឆ្នោត កាល​ពី​ថ្ងៃទី៤ មីនា​កន្លង​ទៅ។ លោក​ពូទីន ធ្លាប់​បាន​កាន់​តំណែង​កំពូល​នេះ​នៅ​រុស្ស៊ី​អស់​២អាណត្តិ​ទៅ​ហើយ ពី​ឆ្នាំ២០០០ ដល់​២០០៨ ដែល​កាលណោះ ១ អាណត្តិៗ​មាន​រយៈពេល​៤ឆ្នាំ។ ហើយ​សម្រាប់​អាណត្តិ​ថ្មី​របស់​គាត់ ចាប់​ពី​អំណើះ​ត​ទៅ ស្រប​នឹង​វិសោធនកម្ម​ដែល​មាន​អនុម័ត ភ្ជាប់​ទៅ​លើ​រដ្ឋធម្មនុញ្ញ គឺ​នឹង​ពន្យារ​ទៅ រហូត​ដល់​៦ឆ្នាំ។

ដោយ​បើក​ពិធី​​ដ៏​មហោឡារិក​​ថ្ងៃ​នេះ លោក​មេដវេដេវ ជា​ប្រធានាធិបតី​ចាក​ចេញ​ពី​តំណែង​ខ្លួន​បាន​ថ្លែង​សុន្ទរកថា សំដែង​សេចក្តី​សោមនស្ស​រីករាយ ដោយ​អំណាច​កំពូល​នៅ​រុស្ស៊ី បាន​ឆ្លង​ទៅ​ក្នុង​ដៃ​លោក​ពូទីន ជា ”អ្នកនយោបាយ​សម្បូណ៌​បទពិសោធន៍ និង​ជា​បុរសខ្លាំង”ឲ្យ​បាន​ប្រកប ដោយ​ជោគជ័យ ក្នុង​តួនាទី​ជា​ប្រមុខ​រដ្ឋ ពោរពេញ​ទៅ​ដោយ​នាទី​ទទួល​ខុស​ត្រូវ​ខាង​សមិទ្ធិ​នយោបាយ​ក្នុង និង​ក្រៅប្រទេស។

បន្ទាប់​មក លោក​ប្រធាន​តុលាការ​ធម្មនុញ្ញ វ៉ាឡេរី ហ្ស័កគីន បាន​ប្រកាស​ថា ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ប្រធានាធិបតី​ថ្មី មុន​នឹង​ចូល​កាន់​តំណែង​ខ្លួន ត្រូវ​ទទួល​ពាក្យ​សម្បថ។ ដោយ​ដាក់​បាត​ដៃ​ស្តាំ​របស់​គាត់​លើ​ក្រាំង​រដ្ឋធម្មនុញ្ញ លោក​ពូទីន​បាន​ថ្លែង​ថា ៖“ពេល​បំពេញ​អំណាច​ខ្លួន ជា​ប្រធានាធិបតី​នៃ​សហព័ន្ធ​រុស្ស៊ី ខ្ញុំ​សូម​ស្បថ​ថា នឹង​គោរព ហើយ​ការពារ​សិទ្ធិ និង​សេរីភាព​ពលរដ្ឋ គោរព និង​ការពារ​រដ្ឋធម្មនុញ្ញ​សហព័ន្ធ​រុស្ស៊ី ការពារ​អធិបតេយ្យ និង​ឯករាជ្យ សន្តិសុខ និង​បូរណភាព​រដ្ឋ ហើយ​បម្រើ​ប្រជាជន​ដោយ​ស្មោះ​ត្រង់។

ជា​ការ​កត់​សម្គាល់ ឃ្លា​សម្បថ​នេះ មាន​ពាក្យ ៣ម៉ាត់​ខ្លី​ជាង​ពាក្យ​សម្បថ​ដែល​ត្រូវ​បាន​ថ្លែង​ក្នុង​ពិធី​ទទួល​សច្ចាប្រណិធាន​ជា​លើក​ទី១ នៅ​ក្នុង​លោក កាល​ក្នុង​ឆ្នាំ​១៧៨៩ ដោយ​ប្រធាធាធិបតី​ទី១ នៃ​ស.រ.អា. លោក George Washington។

លុះ​ក្រោយ​ពី​លោក​ពូទីន​បាន​ថ្លែង​ពាក្យ​សម្បថ​ចប់​ទៅ ប្រធាន​តុលាការ​ធម្មនុញ្ញ​បាន​ប្រកាស​យ៉ាង​ឱឡារិក​​ថា ចាប់​ពី​អំណើះ​ត​ទៅ លោក វ៉្លាឌីមៀរ ពូទីន ជា​ប្រធានាធិបតី​ពេញ​សិទ្ធិ​នៃ​សហព័ន្ធ​រុស្ស៊ី។ ក្នុង​សុន្ទរកថា​ខ្លួន​ជា​ប្រធានាធិបតី​ថ្មី​ទៅ​ហើយ លោក​ពូទីន​បាន​សន្យា​បរិច្ចាគ​​រាល់​កម្លាំង​កាយចិត្ត ក្នុង​នាម​នៃ​សុខុមាលភាព​ប្រជាពលរដ្ឋ ដើម្បី​ធានា​នូវ​សន្តិសុខ បូរណភាព​ដែនដី​ប្រទេស និង​ឯករាជ្យជាតិ ព្រម​ទាំង​ដើម្បី​លើក​កម្ពស់​​ប្រទេស​រុស្ស៊ី​លើ​ឆាក​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ