ពូទីនថ្លែងរបាយការណ៍ប្រចាំឆ្នាំទៅកាន់សភាឌូម៉ា
លោកពូទីនដែលថ្ងៃទី១១ មេសានេះ ថ្លែងពីលើវេទិកាសភាឌូម៉ា គឺដើម្បីលើកឡើងអំពីការងាររដ្ឋាភិបាលគាត់ ទាំងក្នុងឆ្នាំ២០១១កន្លងទៅ ទាំងបូកសរុបលទ្ធផលក្នុងរយៈពេល ៤ ឆ្នាំ ដែលគាត់ធ្វើជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០០៨មក។ ហើយជាលើកទី១ គឺក្នុងឋានៈជាប្រធានាធិបតីឈ្នះឆ្នោតដែលនឹងឡើងកាន់តំណែងកំពូលនេះ នៅថ្ងៃទី៧ ឧសភាខាងមុខ។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣៩
ជាបឋម គួរនិយាយថា ពិតជាក្នុងសម័យដែលលោកពូទីនធ្វើជានាយករដ្ឋមន្ត្រីតែម្តង ដែល ”ច្បាប់ស្តីអំពីរដ្ឋាភិបាល” តម្រូវឲ្យប្រមុខរដ្ឋាភិបាលរាយការណ៍ជូនពួកអ្នកតំណាងរាស្ត្រ អំពីសកម្មភាពគណៈរដ្ឋមន្ត្រីខ្លួននៃឆ្នាំកន្លងទៅ។ ជាក់ស្តែងដោយថ្លែងរបាយការណ៍បែបនេះជាលើកទី១ក្នុងឆ្នាំ២០០៩ លោកពូទីនបានរៀបរាប់អំពីវិធានការជំនះយ៉ាងជោគជ័យលើវិបត្តិ ឆ្នាំ២០០៨។ បន្ទាប់មក របាយការណ៍គាត់ក្នុងឆ្នាំ ២០១០ គឺអំពីស្ថិរកម្មនៃស្ថានការណ៍សេដ្ឋកិច្ច។ ហើយក្នុងឆ្នាំ២០១១ គឺអំពីចំណាត់ការឆ្ពោះទៅស្តារឡើងវិញ ចង្វាក់នៃកំណើនសេដ្ឋកិច្ច។ ឥឡូវ ក្នុងរបាយការណ៍ឆ្នាំ២០១២នេះ លោកពូទីនថ្លែងថា គិតមកទល់ចុងឆ្នាំ២០១១ ទំនោរវិបត្តិត្រូវបានរដ្ឋាភិបាលគាត់កំចាត់បានទាំងស្រុង។
តាមប្រសាសន៍លោកពូទីន ចំពោះលទ្ធផលនៃការងារដែលមានបំពេញបាន រដ្ឋាភិបាលគាត់គ្មានអ្វីគួរឲ្យអៀនខ្មាសឡើយ។ យ៉ាងណាមិញ៖ ផលិតផលសរុបក្នុងប្រទេស ហៅថា GDP បានកើនខ្ពស់ជាងសម័យមុនវិបត្តិទៅហើយ។ អតិផរណាក្នុងឆ្នាំ២០១១កន្លងទៅ ចុះមកនៅត្រឹម៦,១% ទល់នឹង ១៣,៣% កាលពី៤ឆ្នាំមុន។ ក្នុងឆ្នាំ ២០១១ កសិផលក្នុងប្រទេសបានកើនឡើង ២២% ហេតុដែលលើកទំហំនៃស្រូវសាលីដែលរុស្ស៊ីនាំចេញទៅក្រៅ ឡើងដល់ចំណាត់ថ្នាក់ទី២នៅក្នុងលោក។ ប្លែកខុសពីរដ្ឋភាគច្រើនក្នុងលោក ថវិកាជាតិរុស្ស៊ីបានបញ្ចប់ឆ្នាំហិរញ្ញវត្ថុ ២០១១ ដោយខ្ទង់ចំណូល លើសពីខ្ទង់ចំណាយ ទេតើ។ បើប្រៀបទៅនឹងប្រទេសលូតលាស់ជាច្រើន បែបយ៉ាង ស.រ.អា. ដែលបំណុលរដ្ឋវាត់ខ្ពស់ជាង ១០០% នៃ GDP ហើយនៅអឺរ៉ុបខាងលិច ទ្រនិចលេខមធ្យមនៃបំណុលនេះ គឺម្តុំ៩០%នៃ GDP បំណុលនេះរបស់រុស្ស៊ី គឺមានកម្រិតមិនដល់ទាំង ១០%ផង នៃ GDP ដែលពីក្នុងនោះ គឺតែ២% ប៉ុណ្ណោះដែលជំពាក់បរទេស។ ទ្រនិចលេខបំណុលរដ្ឋរបស់រុស្ស៊ី តាមដែលលោកពូទីនគូសបញ្ជាក់ គឺជាទ្រនិចលេខមួយដ៏ប្រសើរជាងគេ ទាំងក្នុងចំណោមប្រទេស G-8 G-20 និង BRICS។
ប៉ុន្តែលោកពូទីន នៅតូចចិត្ត ដោយសង្កេតឃើញថា គម្លាតរវាងចំណូលរបស់ពួកអ្នកមាន និងអ្នកក្រនៅរុស្ស៊ី នៅតែខ្ពស់ដដែល ដល់ទៅ១៦ដង បើប្រៀបទៅនឹងតួលេខបែបនេះ នៅបស្ចិមលោក ឧទាហរណ៍ នៅប្រទេសអាល្លឺម៉ង់ និងបារាំងដែលតែពី៥ ទៅ ៧ដងប៉ុណ្ណោះ។
សុន្ទរកថាលោកនាយករដ្ឋមន្ត្រីពូទីន នៅពីមុខសភាឌូម៉ារុស្ស៊ី ដែលលើកឡើងអំពីសមិទ្ធិផលរដ្ឋាភិបាលគាត់លើគ្រប់វិស័យនៃសេដ្ឋកិច្ចជាតិបានពន្យារទៅអស់ ១ម៉ោងនិង ៤០នាទី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ