បទអន្តរាគមន៍របស់ប្រធានាធិបតីចប់អាណត្តិ នៅវិមានក្រេមឡាំង
គឺក្នុងសម័យប្រជុំពេញអង្គនៃ”ក្រុមប្រឹក្សារដ្ឋ” ដែលថ្ងៃនេះ លោកមេដវេដេវថ្លែងបូកសរុបតុល្យាការនៃការងារគាត់ក្នុងតំណែងជាប្រធានាធិបតីរុស្ស៊ី ពីឆ្នាំ២០០៨ ដល់២០១២ ជុំវិញអាទិភាពជាគនឹ្លះនៃការអភិវឌ្ឍន៍ប្រទេស។ លោកមេដវេដេវក៏លើកឡើងអំពីបញ្ហាទាំងឡាយ ដែលគាត់ត្រូវដោះស្រាយ បន្ទាប់ពីឆ្លងទៅបំពេញតួនាទី ជានាយករដ្ឋមន្ត្រីរុស្ស៊ី។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:២៨
ស្របនឹងពិធីការ សម័យប្រជុំពេញអង្គនៃ”ក្រុមប្រឹក្សារដ្ឋ” តែងប្រព្រឹត្តទៅ ៤ឆ្នាំម្តង គឺក្នុង “សាលវិជ័យ” នៃវិមានក្រេមឡាំង ដោយមានការចូលរួមនៃបណ្តាសមាជិករដ្ឋាភិបាល ថ្នាក់ដឹកនាំខុទ្ទកាល័យប្រធានាធិបតី អភិបាលខេត្តទាំង៨៣ដែលចំណុះសហព័ន្ធរុស្ស៊ី ប្រធានតុលាការកំពូល ប្រធានសភាទាំង២ជាន់ថ្នាក់នៃរដ្ឋសភារុស្ស៊ី បណ្តាតំណាងរាស្ត្រ ឥស្សរជនសង្គមដ៏ល្បីៗ និងពួក Businessman និយាយរួម គឺស្រទាប់ខាងលើនៃសង្គមរុស្ស៊ី។
លោកមេដវេដេវបានផ្តើមបទអន្តរាគមន៍ខ្លួន ដោយប្រកាសថា ក្នុង២សប្តាហ៍ទៀត គាត់ត្រូវផុតអាណត្តិជាប្រធានាធិបតី។ គាត់រំលឹកថា ៤ឆ្នាំមុន ពេលគាត់ឡើងកាន់អំណាច គាត់បានលើកជាអាទិភាព គឺពាក្យស្លោកដែលថា “សេរីភាព គឺប្រសើរជាង គ្មានសេរីភាព”។ ហើយក្នុង៤ឆ្នាំកន្លងទៅ ពាក្យស្លោកនេះ រមែងត្រូវពួកអ្នកកាសែតបកស្រាយដោយត្រឹមត្រូវជា”គោលជំនឿ” របស់គាត់។ លោកមេដវេដេវគូសបញ្ជាក់ថា បន្តស្ថិតនៅជាគោលដៅចម្បងរបស់គាត់គឺ៖ ការអភិវឌ្ឍន៍សេរីភាពស៊ីវិល និងសេរីភាពសេដ្ឋកិច្ច។
លោកមេដវេដេវជ្រោងលើកឡើងពាក្យ”សេរីភាព” ជាទង់នៃនយោបាយសេដ្ឋកិច្ច ក្នុងន័យថា បើប្រជាពលរដ្ឋមានសុខុមាលភាពសម្ភារៈមែនពិត នោះគេពិតជាមានសេរីភាព រហូតដល់អាចជ្រើសរើសទីកន្លែងសម្រាប់គេរស់នៅទៅផង។ នៅលើផ្លូវនៃជោគជ័យ៤ឆ្នាំកន្លងទៅ គាត់បានលើកយកតួលេខខ្លះមកបង្ហាញ បែបយ៉ាងខាងអតិផរណា ខាងកំណើនផលិតផលសរុបក្នុងប្រទេស ខាងជំនះលើភាពអត់ការងារធ្វើជាដើម។
តាមលោកមេដវេដេវ ភារកិច្ចចោទដោយរដ្ឋាភិបាលរុស្ស៊ី ទៅថ្ងៃមុខ គឺ៖ ធ្វើទំនើបកម្មលើគ្រប់វិស័យនៃជីវភាពប្រទេសជាតិ។ បង្រួញឲ្យបានទាប ជាអតិបរមា ការលូកដៃពីខាងរដ្ឋ ទៅក្នុងវិស័យឯកជន។ ទៅទល់ឆ្នាំ២០១៨ បង្កើតកន្លែងធ្វើការឲ្យបានចំនួន ២៥លានកន្លែងទៀត។ ទៅទល់ពេលនោះដែរ បង្កើនវ័យមធ្យមរបស់ពលរដ្ឋឲ្យកើនឡើង៤ឆ្នាំទៀត លុះរហូតដល់វ័យ៧៥ឆ្នាំដែលជាទ្រនិចលេខសំខាន់បំផុត ឆ្លុះឲ្យឃើញពីសុខុមាលភាពសង្គម។ល។ បទអន្តរាគមន៍របស់លោកមេដវេដេវដែលពន្យារទៅ៥៨នាទី ត្រូវបានសម័យប្រជុំទះដៃសាទរជាច្រើនដង និងតាមដានយកការណ៍នៅនឹងកន្លែងផ្ទាល់ ដោយអ្នកកាសែត ២៤៦នាក់ ពីក្នុងនោះ ៣០នាក់ជាជនបរទេស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ