ពូទីននិងមេដវេដេវផ្លាស់វេនគ្នាជាប្រធាន”បក្សកាន់អំណាច”
សំណើឲ្យផ្លាស់វេនបែបនេះទើបបន្លឺឡើងដោយលោកនាយករដ្ឋមន្ត្រីពូទីនជាប្រធានបក្សកាន់អំណាចសព្វថ្ងៃនៅរុស្ស៊ី ឈ្មោះបក្ស “ប្រទេសរុស្ស៊ីរួមធ្លុងមួយ”។ មូលហេតុមកពីរូបគាត់ក្នុងថ្ងៃចន្ទ៧ឧសភាខាងមុខត្រូវទទួលសច្ចាប្រណិធានចូលកាន់តំណែងជាប្រធានាធិបតីតែម្តងហើយបើគាត់បន្តស្ថិតនៅជាប្រធានបក្សដដែល នោះគឺវាបញ្ច្រាសនឹងប្រពៃណីនយោបាយ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:២២
លោកនាយករដ្ឋមន្ត្រីពូទីនទើបបានប្រកាសថា បន្ទាប់ពីគាត់ទទួលសច្ចាប្រណិធានឡើងកាន់តំណែងជាប្រធានាធិបតីថ្មីនៃប្រទេសរុស្ស៊ីនៅថ្ងៃ៧ឧសភាខាងមុខ គាត់នឹងដកខ្លួនចេញពីតួនាទីជាប្រធានបក្សកាន់អំណាចឈ្មោះ” ប្រទេសរុស្ស៊ីរួមធ្លុងមួយ “ ហើយគាត់សូមស្នើទៅលោកមេដវេដេវដែលពេលនោះត្រូវផុតអាណត្តិជាប្រធានាធិបតីទៅហើយឲ្យឡើងធ្វើជាប្រធាន“បក្សកាន់អំណាច”នោះជំនួសគាត់វិញ។
មូលហេតុតាមការពន្យល់បំភ្លឺរបស់លោកពូទីនកពី ៖
ទី១-ស្របនឹងប្រពៃណីនយោបាយជាការត្រឹមត្រូវជាង សម្រាប់រូបគាត់ កាលណាធ្វើជាប្រធានាធិបតីគឺត្រូវស្ថិតនៅពីលើរាល់គណបក្សនយោបាយទាំងអស់និងត្រូវដើរតួបង្រួបបង្រួមគ្រប់ប្រជាពលរដ្ឋក្នុងប្រទេស។
ទី២-ពិតជារូបលោកមេដវេដេវតែម្តងដូចដែលខ្ញុំបានសន្យាអ៊ីចឹង គឺនឹងត្រូវខ្ញុំស្នើឲ្យធ្វើជានាយករដ្ឋមន្ត្រីវិញ ហើយដែលបេក្ខភាពគាត់សម្រាប់ឡើងកាន់តំណែងនេះនឹងត្រូវរូបខ្ញុំពូទីនដាក់ជូនសភាឌូម៉ាអនុម័តបន្ទាប់ពីពិធីទទួលសច្ចាប្រណិធានថ្ងៃ៧ឧសភាភ្លាម។
ទី៣-ពិតជាសមហេតុសមផលជាងប្រសិនបើលោកមេដវេដេវ ជាអនាគតនាយករដ្ឋមន្ត្រីឡើងធ្វើជាប្រធាន “បក្សកាន់អំណាច” ពីព្រោះលោកមេដវេដេវធ្លាប់បានដឹកនាំទៅហើយបញ្ជីឈ្មោះបេក្ខជនបក្សនេះមានគ្នា៦០០នាក់ដើម្បីចូលប្រឡូកក្នុងការបោះឆ្នោតសភាកាលពីថ្ងៃទី៤ធ្នូឆ្នាំ២០១១កន្លងទៅ ដោយដណ្តើមបានជ័យជំនះដ៏ត្រចះត្រចង់។
ហើយទី៤-សំខាន់បំផុតលោកមេដវេដវក្នុងតំណែងជានាយករដ្ឋមន្ត្រី នឹងមានជា “ខ្នងបង្អែក” សម្រាប់ការងាររដ្ឋាភិបាលគាត់ គឺ ពួកអ្នកតំណាងរាស្ត្រភាគច្រើនដាច់ខាតរបស់បក្សនេះ ដែលប្រចាំ ក្នុងសភាឌូម៉ាដល់ទៅ ២៣៨ អាសនៈឯណោះ លើអាសនៈសរុប ចំនួន ៤៥០ ក្នុងសភាជាកត្តាសម្រួលដល់ការ អនុម័តយកច្បាប់ណា ដែលរដ្ឋាភិបាលត្រូវការចង់បានដើម្បីបំពេញការងារខ្លួនឲ្យបានប្រសិទ្ធិភាពកម្រិតខ្ពស់។
ជាការរំលឹកតំណែងជាប្រធានបក្ស” ប្រទេសរុស្ស៊ីរួមធ្លុងមួយ” ត្រូវបានបង្កើតឡើងកាលពីថ្ងៃ១៤មេសាឆ្នាំ២០០៨ ពេលដែលមហាសន្និបាតបក្សនេះបានអនុម័តវិសោធនកម្មភ្ជាប់ទៅនឹងលក្ខន្តិកៈបក្សហើយក្នុង៤ឆ្នាំកន្លងទៅតំណែងនេះតែងបានកាន់ដោយលោកពូទីនក្នុងតួនាទីជានាយករដ្ឋមន្ត្រីរុស្ស៊ី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ