ស៊ែរប៊ី ប្រកាសស្វាគមប្រមុខរដ្ឋ ស៊ី ជីនពីង ដោយទទួលស្គាល់ថា តៃវ៉ាន់ជារបស់ចិន
បន្ទាប់ពីទស្សនកិច្ចនៅបារាំង ប្រធានាធិបតីចិន ស៊ី ជីនពីង បានអញ្ជើញទៅដល់នៅប្រទេសនៅស៊ែរប៊ី ហើយនិងបន្តដំណើរទស្សនកិច្ចទៅប្រទេសហុងគ្រី រហូតដល់ថ្ងៃសុក្រ។ ស៊ែរប៊ីនិងហុងគ្រី ជាប្រទេស២ដ៏សំខាន់នៅអឺរ៉ុប ដែលឋិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ«ផ្លូវ១ខ្សែក្រវាត់១»របស់ចិន។ ក្នុងពេលស្វាគមន៍ប្រមុខរដ្ឋចិន ប្រធានាធិបតីស៊ែរប៊ី បានប្រកាសជាសាធារណៈចំពោះមុខមហាជនរាប់ពាន់នាក់ ថា «តៃវ៉ាន់ ជារបស់ចិន»។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៣:១៤
ដោយចាត់ទុកទំនាក់ទំនងជាមួយចិនថាជាមិត្តភាពដែកថែប, ប្រធានាធិបតីស៊ែរប៊ីបានចេញទៅទទួលស្វាគមលោកប្រធានាធិបតី ស៊ី ជីនពីង ដោយផ្ទាល់ នៅព្រលានយន្តហោះ ក្នុងរដ្ឋធានីប៊ែលក្រាដ។ ជាការទទួលស្វាគមន៍ដ៏កិត្តិយសបំផុតទៀតនោះ ប្រធានាធិបតីស៊ែរប៊ី Aleksandar Vucic បានប្រកាសជាសាធារណៈថា «តៃវ៉ាន់ ជារបស់ចិន»។ នេះបើតាមទូរទស្សន៍ជាតិស៊ែរប៊ី RTS។
នៅស៊ែរប៊ី ចិនជាប្រទេសវិនិយោគធំជាងគេទី១។ វត្តមានឥទ្ធិពលចិនកាន់តែច្រើនឡើងៗនៅស៊ែរប៊ី ទន្ទឹមនឹងការវិនិយោគដ៏សន្ធឹកសន្ធាប់រាប់ពាន់លានអឺរ៉ូ ក្នុងផ្នែករ៉ែលោហៈ និងឧស្សាហកម្មសិប្បកម្ម។ ក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចស៊ែរប៊ី Sinisa Mali បានថ្លែងតាមកញ្ចក់ទូរទស្សន៍ជាតិថា ប្រទេសទាំង២ ក៏នឹងពិភាក្សាគ្នាអំពីគម្រោងវិនិយោគដ៏ធំសម្បើម១។
ចំពោះថ្នាក់ដឹកនាំចិន ការអញ្ជើញទៅដល់ស៊ែរប៊ី ក្នុងថ្ងៃទី៧ឧសភា ពុំមែនជារឿងចៃដន្យនោះទេ។ ដ្បិតថា នេះជាខួប២៥ឆ្នាំ ដែលកងទ័ពអាមេរិកនិងសម្ព័ន្ធមិត្តអូតង់ បានទម្លាក់គ្រាប់បែកនៅស្ថានទូតចិន បណ្តាលឲ្យស្លាប់មនុស្ស ៣នាក់។
បន្ទាប់ពីទស្សនកិច្ច២ថ្ងៃនៅស៊ែរប៊ី ថ្ងៃអង្គារនិងពុធ លោក ស៊ី ជីនពីង នឹងបន្តទៅប្រទេសជាប់ព្រំដែនគ្នា គឺ ហុងគ្រី។ ហុងគ្រី និង ស៊ែរប៊ី ជាប្រទេស២ដ៏សំខាន់នៅអឺរ៉ុប ដែលឋិតក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចិន។ ឋិតក្នុងគម្រោង«ផ្លូវ១ខ្សែក្រវាត់១» របស់ ចិន រដ្ឋបាលក្រុងប៉េកាំងបានផ្តល់កម្ចីវិនិយោគ ដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់ពីរដ្ឋធានីហុងគ្រី ទៅរដ្ឋធានីស៊ែរប៊ី។ រោងចក្រផលិតរថយន្តអគ្គិសនី BYD និងផលិតថ្មសាអគ្គិសនី របស់ចិន តាំងមូលដ្ឋាននៅប៉ែកខាងត្បូង ហុងគ្រី។ មិនត្រឹមតែអភិវឌ្ឍផ្លូវដែក ផ្លូវអាកាស ពង្រឹងពាណិជ្ជកម្មនោះទេ ប្រទេសទាំង៣ក៏សហការក្នុងវិស័យបច្ចេកវិទ្យាសិប្បនិមិត្ត និងសន្តិសុខទៀតផង។ ហុកគ្រី ជាប្រទេសសហភាពអឺរ៉ុបទី១ ដែលទទួលអនុញ្ញាតឲ្យទូរសព្ទចិនHuawei ប្រើកាំមេរ៉ាសម្គាល់មុខមនុស្ស ហើយចុះកិច្ចព្រមព្រៀងឲ្យនគរបាលចិន ចូលត្រួតត្រាសន្តិសុខសុវត្ថិភាពនៅហុងគ្រី ទៀតផង។
ហុងគ្រី មានទំនោរគាំទ្រចិនយ៉ាងពេញទំហឹង។ ជាច្រើនលើកច្រើនសាមកហើយ ដែលនាយករដ្ឋមន្ត្រី វិកទ័រ អកបាន ជួយការពារចិននៅចំពោះមុខទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ ឆ្នាំ២០១៦ ហុងគ្រី យកជើងរាទឹកចំពោះសេចក្តីថ្លែងការណ៍របស់អឺរ៉ុបក្នុងការថ្កោលទោសប៉េកាំងដែលបំពាននៅសមុទ្រចិនខាងត្បូង។ ឆ្នាំ២០២១ ហុងគ្រី ខ្ទាស់សេចក្តីប្រកាសថ្កោលទោសចិន ដែលរឹងបណ្តឹងច្បាប់សន្តិសុខជាតិហុងកុង។ ២០២៤ ហុងគ្រី ពន្យឺតទណ្ឌកម្មអឺរ៉ុបដែលចង់ដាក់ទោសក្រុមហ៊ុនចិន ដែលជួយជ្រោមជ្រែងផ្តល់គ្រឿងបង្គំយោធាឲ្យរុស្ស៊ី។
ផ្ទុយទៅវិញ ក្រុមអ្នកនយោបាយប្រឆាំងនៅហុងគ្រី ថ្លែងរិះគន់អំពីគម្រោងកិច្ចសន្យាវិនិយោគទុនរាប់លានដុល្លាររបស់ចិន ដែលគ្មានតម្លាភាព ប៉ះពាល់បំផ្លាញបរិស្ថាន ហើយនិង បង្កើតអំពើពុករលួយ ព្រមទាំងបង្កើតភាពមានបានតែចំពោះបក្សពួកក្រុមជិតស្និទ្ធនឹងនាយករដ្ឋមន្ត្រី វិកទ័រ អកបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ