តំបន់ស្វយ័ត គៀរឌីស្តង់ឆ្លៀតចង់ផ្តាច់ទឹកដីពីអ៊ីរ៉ាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៨:០៤
ប្រមុខការបរទេសអាមេរិក លោកចន ឃែរី កំពុងធ្វើទស្សនកិច្ច នៅតំបន់ស្វយ័ត គៀរឌីស្តង់ ក្នុងទឹកដីអ៊ីរ៉ាក់ ក្នុងបំណងស្វះស្វែងរកការបង្រួបបង្រួមគ្រប់ចលនានយោបាយ នៅអ៊ីរ៉ាក់ ដើម្បីទប់ទល់នឹងក្រុមជីហាត។ នៅថ្ងៃអង្គារនេះ លោកបានជួបនិយាយជាមួយ មេដឹកនាំតំបន់គៀរឌីស្តង់ ដែលជាតំបន់ស្វយ័ត មួយនៅអ៊ីរ៉ាក់។ នៅមួយថ្ងៃ មុនរដ្ឋមន្រ្តីការបរទេសអាមេរិកដាក់ជើងនៅតំបន់គៀរឌីស្តង់ មេដឹកនាំគៀរឌីស្តង់ទើបនឹងបានប្រកាសប្រាប់ទូរទស្សន៍អាមេរិកាំង CNN កាលពីថ្ងៃចន្ទ ពីគម្រោងចង់ប្រកាសទាមទារឯករាជ្យ ផ្តាច់តំបន់គៀរឌីស្តង់ចេញពីទឹកដីអ៊ីរ៉ាក់។
តំបន់គៀរឌីស្តង់ស្ថិតនៅភាគឦសានអ៊ីរ៉ាក់ មានសំបូររស់នៅដោយជនជាតិ គៀរឌីស្តង់ គឺមិនមែនប្រជាជនអ៊ីរ៉ាក់ទេ។ ជនជាតិគៀរឌីស្តង់ ជាជនជាតិមួយដែលរស់នៅបែកខ្ញែក នៅក្នុងប្រទេសចំនួន៤ គឺស៊ីរី តួកគី អ៊ីរ៉ាក់ និងអ៊ីរ៉ង់។ នៅទឹកដីអ៊ីរ៉ាក់ ប្រជាជនគៀរឌីស្តង់មានចំនួនប្រមាណ ៧លាននាក់។ តំបន់គៀរឌីស្តង់នេះ បានក្លាយជាតំបន់ស្វយ័ត នៅឆ្នាំ ២០០៥ និងមានការទទួលស្គាល់ពីរដ្ឋធម្មនុញ្ញអ៊ីរ៉ាក់។ តំបន់គៀរឌីស្តង់មានរចនាសម្ព័ន្ធ នយោបាយ សេដ្ឋកិច្ច មានកងទ័ព ជាតិមួយ និងរៀបចំការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំ ដូចប្រទេសធម្មតាមួយ។ តំបន់នេះមានរដ្ឋសភា រដ្ឋាភិបាល និងក្រសួងជាង១០ ពោល គឺគ្រប់ដំណើរការ នៅគៀរឌីស្តង់ មានលក្ខណៈដូចជាប្រទេសមួយ ប៉ុន្តែ ជាផ្លូវការ វាគ្រាន់តែ តំបន់ស្វយ័តមួយរបស់អ៊ីរ៉ាក់។ នោះបើទោះបីជាតំបន់គៀរឌីស្តង់មិនពឹងអាស្រ័យ ទៅលើថ្នាក់ដឹកនាំអ៊ីរ៉ាក់ ទាំងនៅក្នុងផ្នែកនយោបាយ និងសេដ្ឋកិច្ច។
ការវាយលុកលុយរបស់ក្រុមជីហាត នៅក្នុងទឹកដីអ៊ីរ៉ាក់បានផ្តល់ឱកាសច្រើនដល់តំបន់ស្វយ័ត គៀរឌីស្តង់ ដើម្បីសម្រេចគោលដៅរបស់ខ្លួន។ នៅពេលឃើញរដ្ឋាភិបាលអ៊ីរ៉ាក់កំពុងជួបការបែកបាក់ និងចុះខ្សោយនៅចំពោះមុខ ក្រុមអ៊ីស្លាមជ្រុលនិយម មេដឹកនាំតំបន់ស្វយ័ត គៀរឌីស្តង់ឯណោះវិញ ក៏បាននិយាយជាន់បន្ថែម ដោយថា “រដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងធ្លាក់ចុះ និងបែកបាក់គ្នាជាបំណែក។ អ្វីៗបានដួលរលំៗ តាំងពីកងទ័ព ពលទាហាន និងប៉ូលិស”។ តាមមេដឹកនាំ គៀរឌីស្តង់ លោកម៉ាស៊ូដ បារហ្សានី អ៊ីរ៉ាក់បានឈានចូលដល់សករាជថ្មី ដូច្នេះ វាដល់ពេលហើយ ដែលប្រជាជនគៀរឌីស្តង់ត្រូវសម្រេចលើជោគវាសនាខ្លួនឯង។
កន្លងមក បើទោះបីជាតំបន់ស្វយ័ត គៀរឌីស្តង់ មិនដែលធ្លាប់ធ្លោយមាត់ទាមទារឯករាជ្យពីរដ្ឋអំណាចអ៊ីរ៉ាក់ ប៉ុន្តែ តំបន់គៀរឌីស្តង់ធ្លាប់បានបានបង្ហាញពីមហិច្ឆតារបស់ខ្លួន ដើម្បីទាមទារយកខេត្ត ឬទីក្រុងផ្សេងទៀតរបស់អ៊ីរ៉ាក់ ដែលមានប្រជាជនគៀរឌីស្តង់ យកមកបញ្ចូល ភ្ជាប់ជាមួយតំបន់ស្វយ័តរបស់ខ្លួន។ ជាក់ស្តែង នៅប៉ុន្មានថ្ងៃចុងក្រោយនេះ កងទ័ពរបស់គៀរឌីស្តង់ដែលមានសមត្ថភាពប្រយុទ្ធខ្លាំងជាងក្រុមជីហាត បានវាយពួកនេះ បណ្តេញចេញពីទីក្រុងKirkukក្នុងទឹកដីអ៊ីរ៉ាក់។ តំបន់គៀរឌីស្តង់ស្រមៃចង់បានទីក្រុងនេះ មកបញ្ចូលទៅក្នុងតំបន់របស់ខ្លួន តាំងពីយូរណាស់មកហើយ ប៉ុន្តែ មិនហ៊ាន ដោយសារការជំទាស់របស់រដ្ឋាភិបាលទីក្រុងបាកដាត។ ប៉ុន្តែ ឆ្លៀតឱកាសដែលកងទ័ពអ៊ីរ៉ាក់ចាញ់ដៃរបស់ក្រុមជីហាត នៅទីក្រុងគៀរគុកនេះ ទាហានគៀរឌីស្តង់ក៏បានដៃ វាយដណ្តើមយកទីក្រុងនេះ ពីដៃជីហាត និងបញ្ចូលទៅក្នុងតំបន់របស់ខ្លួនតែម្តង។
តំបន់គៀរឌីស្តង់ គ្របដណ្តប់កំណប់ប្រេងជាច្រើនរបស់អ៊ីរ៉ាក់ ដូច្នេះ បើសិនជាតំបន់គៀរឌីស្តង់អាចផ្តាច់ចេញពីអ៊ីរ៉ាក់ នោះ តំបន់នេះ នឹងគ្រប់គ្រង ធ្វើជាម្ចាស់លើអណ្តូងប្រេងរាប់សិប ដែលរហូតមកដល់ពេលនេះ កំពុងជួយឲ្យតំបន់គៀរឌីស្តង់នៅអ៊ីរ៉ាក់ ជួបការសំបូរសប្បាយ។ ប្រជាជនដែលរស់នៅក្នុងតំបន់គៀរឌីស្តង់ មានជីវភាពខ្ពស់ជាងប្រជាជនអ៊ីរ៉ាក់ជាទូទៅ។ តំបន់នេះជួបស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច ដោយសារតែកងទ័ពរបស់តំបន់នេះ មានសមត្ថភាពខ្ពស់ និងជំនាញ អាចទប់ទល់នឹងក្រុមភេរវជន ឬក្រុមជីហាត។
រដ្ឋាភិបាលអ៊ីរ៉ាក់ ដែលកំពុងឃើញខ្លួនបាត់បង់ទឹកដី និងអណ្តូងប្រេង ពិតជាមិនសប្បាយចិត្ត ព្រោះខ្លួនអាចបាត់តបង់អណ្តូងប្រេង និងប្រាក់ចំណេញដែលបានពីប្រេង បើសិនជាគៀរឌីស្តង់ប្រកាសឯករាជ្យ។
មួយវិញទៀត នៅមានប្រទេសមួយចំនួនដែលមិនសប្បាយចិត្ត គាំទ្រចង់ឲ្យប្រជាជនគៀរឌីស្តង់ នៅអ៊ីរ៉ាក់ទាមទារឯករាជ្យ។ ប្រទេសទាំងនោះ មានដូចជាស៊ីរី អ៊ីរ៉ង់ ជាពិសេស តួកគីតែម្តង ដែលមិនចង់ឃើញ ប្រជាជនគៀរឌីស្តង់ នៅក្នុងទឹកដីតួកគី ចង់យកគំរូដើរតាម តំបន់ស្វយ័ត គៀរឌីស្តង់ នៅអ៊ីរ៉ាក់។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ តួកគីបានខិតខំខិតចូលចិត្តអាជ្ញាធរគៀរឌីស្តង់ នៅអ៊ីរ៉ាក់ ក្នុងបំណងជះឥទ្ធិពលរបស់ខ្លួនទៅលើក្រុមនេះ។ សម្រាប់គៀរឌីស្តង់នៅអ៊ីរ៉ាក់ តួកគីមិនមែនជាសត្រូវ ប៉ុន្តែ ជាអតិថិជនដែលទិញប្រេងរបស់តំបន់ស្វយ័ត គៀរឌីស្តង់ សម្រាប់យកទៅលក់នៅ អឺរ៉ុប។ បើតួកគីអាចគ្រប់គ្រងផ្នែកសេដ្ឋកិច្ចរបស់គៀរឌីស្តង់ នៅអ៊ីរ៉ាក់ នោះ តួកគីមិនបារម្ភទេថា ក្រុមគៀរឌីស្តង់នៅអ៊ីរ៉ាក់ នឹងអាចញុះញង់ឲ្យជនជាតិគៀរឌីស្តង់ នៅតួកគីធ្វើចលនាទាមទារផ្តាច់ទឹកដីពីរដ្ឋាភិបាលតួកគី។
អាមេរិកចង់ឲ្យគៀរឌីស្តង់ចូលរួមបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅអ៊ីរ៉ាក់
នៅអ៊ីរ៉ាក់ អាមេរិកមានឥទ្ធិពលទាំងទៅលើរដ្ឋាភិបាលអ៊ីរ៉ាក់ និងទៅលើតំបន់ស្វយ័ត គៀរឌីស្តង់។ តំបន់ស្វយ័ត គៀរឌីស្តង់នេះជាសម្ព័ន្ធមិត្តរបស់អាមេរិក បន្ទាប់ពីអាមេរិកបានជួយតំបន់នេះ ឲ្យរួចផុតពីការកាប់សម្លាប់រង្គាលរបស់សាដាម ហ៊ូសេន ក្នុងទសវត្សរ៍ ២០០០។ គឺអាមេរិកដែលធ្លាប់បណ្តុះបណ្តាលទាហានគៀរឌីស្តង់ និងបង្កើតតំបន់គ្មានការហោះហើរ ដើម្បីទប់ទល់នឹងការវាយប្រហាររបស់ទាហានស៊ុននីតរបស់សាដាម។
នៅពេលដែលក្រុមជីហាត វាយលុកដណ្តើមកាន់កាប់ទីក្រុងនៅអ៊ីរ៉ាក់ អាមេរិកមិនមែន មើលមិនឃើញពីជំហររបស់ តំបន់ស្វយ័ត គៀរឌីស្តង់ទេ។ នៅក្នុងជំនួបថ្ងៃនេះ ជាមួយមេដឹកនាំគៀរឌីស្តង់នៅអ៊ីរ៉ាក់ ប្រមុខការបរទេសអាមេរិកធ្លាប់ទាំងថ្លែងថា ភាពព្រងើយកន្តើយរបស់ទាហានគៀរឌីស្តង់មានលក្ខណៈអាក្រក់មើលណាស់ ព្រោះវាបានជំរុញឲ្យក្រុមជីហាតវាយយកទីតាំងកាន់តែច្រើនរបស់រដ្ឋាភិបាលអ៊ីរ៉ាក់។ អាមេរិកដឹងថា ទឹកដីដែលតំបន់គៀរឌីស្តង់វាយយកបានមកគ្រប់គ្រងពេលនេះ គឺពិបាកនឹងត្រលប់ក្លាយជាទឹកដីរបស់រដ្ឋាភិបាលអ៊ីរ៉ាក់វិញណាស់។ ប៉ុន្តែ យ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោនចង់ឲ្យក្រុមគៀរឌីស្តង់ចូលរួម នៅក្នុងការបង្រួបបង្រួមគ្រប់និន្នាការនយោបាយ ដើម្បីបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយឲ្យបានដាច់ខែមិថុនានេះ។ មើលទៅ គឺអាមេរិកដែលមិនចង់ឲ្យអ៊ីរ៉ាក់បែកបាក់តទៅទៀតនោះ ប្រហែលជាមិនគាំទ្រគំនិតសុំឯករាជ្យ ទាមទារផ្តាច់ទឹកដីរបស់គៀរឌីស្តង់នៅអ៊ីរ៉ាក់បានទេ។
សម្រាប់អាមេរិក ជនជាតិគៀរឌីស្តង់ដើរតួយ៉ាងសំខាន់ សម្រាប់ដោះស្រាយវិបត្តិដែលអ៊ីរ៉ាក់កំពុងជួបសព្វថ្ងៃនេះ។ នៅក្នុងប្រពៃណី សម្របសម្រួលអំណាចនៅអ៊ីរ៉ាក់ ប្រធានាធិបតីរបស់អ៊ីរ៉ាក់គឺជាជនជាតិគៀរឌីស្តង់ ចំណែកនាយករដ្ឋមន្រ្តីមកពីនិកាយស្ហីអ៊ីត និងតំណែងប្រធានរដ្ឋសភា ត្រូវប្រគល់ទៅឲ្យមនុស្សមកពីនិកាយស៊ុននីត។ ក្រុមគៀរឌីស្តង់មានអំណាច និងកងទ័ពដែលមានជំនាញ និងដែលអាចវាយយកឈ្នះលើក្រុមជីហាត។ អ្នកជំនាញវាយតម្លៃថា បើសិនជាជនជាតិគៀរឌីស្តង់លូកដៃ ចូលក្នុងរដ្ឋាភិបាលបង្រួបបង្រួមនៅពេលនេះ នោះជនជាតិគៀរឌីស្តង់ នឹងមានអំណាច និងឥទ្ធិពលខ្លាំងនៅក្នុងរដ្ឋាភិបាល ពោលគឺជាអ្នកគ្រប់គ្រងប្រទេស អ៊ីរ៉ាក់ នោះគឺសំខាន់ជាងការបង្កើតរដ្ឋឯករាជ្យគៀរឌីស្តង់ទៅទៀត។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ