ផលវិបាកនៃការដកទ័ពដ៏ប្រញាប់ប្រញាល់របស់អាមេរិកពីអ៊ីរ៉ាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:១៤
ការវាយលុករបស់ក្រុមជីហាតរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ នៅអ៊ីរ៉ាក់ ដណ្តើមកាន់កាប់បានដែនដីមួយ ចំនួនធំ តែក្នុងរយៈពេលខ្លី សបញ្ជាក់ពីស្ថានភាពសន្តិសុខដុនដាបខ្លាំង គិតចាប់ពីពេលអាមេរិកដកកងទ័ពអស់ចេញពីអ៊ីរ៉ាក់ នៅចុងឆ្នាំ២០១១មក។ ឥឡូវនេះ សហគមន៍អន្តរជាតិកំពុងបារម្ភមិនត្រឹមតែស្ថិរភាពនៅអ៊ីរ៉ាក់ប៉ុណ្ណោះទេ តែគឺស្ថិរភាពសន្តិសុខនៅតំបន់ដើមបូព៌ាទាំងមូលតែម្តង។
ការដែលក្រុមជីហាតបានដណ្តើមកាន់កាប់ដែនដីមួយចំនួនធំ នៅអ៊ីរ៉ាក់ បច្ចុប្បន្ន បញ្ជាក់ច្បាស់ពីអស្ថិរភាពសន្តិសុខអ៊ីរ៉ាក់ ភាពអសមត្ថភាពរបស់កងទ័ពរដ្ឋាភិបាលស៊ីអ៊ីត ដែលអាមេរិកធ្លាប់ចំណាយថវិការាប់ពាន់លានដុល្លារ ជ្រោមជ្រែងបណ្តុះបណ្តាលក្រោយពេលរបបលោកសាដាំហ៊ូសេន ត្រូវដួលរលំ ក្នុងឆ្នាំ២០០៣។ ពេលនេះ ការវាយលុករបស់ក្រុមជីហាត ក៏គំរាមស្ថិរភាពតំបន់ដើមបូព៌ាផងដែរ។ ផលវិបាកទាំងនេះ បើមើលអោយដិតដល់ ក៏អាចមកពីថា អាមេរិកឆាប់ដកកងទ័ពចេញអស់ពីអ៊ីរ៉ាក់ពេក ទើបធ្វើអោយអាមេរិកបាត់បង់ឥទ្ធិពលនៅដើមបូព៌ា ធ្វើអោយក្រុមជីហាតឡើងចាង បង្កើនសកម្មភាពវាយប្រហារក្នុងតំបន់។
គួររំលឹកថា កាលពីឆ្នាំ២០០៧ ស្ថិរភាពសន្តិសុខអ៊ីរ៉ាក់ហាក់ចាប់ផ្តើមមានលំនឹងឡើងវិញ ក្រោយពេលអាមេរិកបានបញ្ជូនកងកម្លាំងពង្រឹងសន្តិសុខ២ម៉ឺននាក់ សម្រាប់ប្រតិបត្តិការប្រឆាំងក្រុមអាល់កៃដា។ ប៉ុន្តែ នៅឆ្នាំ២០០៨ ក្រោយពេលលោកអូបាម៉ា ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកមក អាមេរិកបានប្តូរជំហរនយោបាយថ្មី ដោយផ្តោតការងារសំខាន់ តែលើនយោបាយក្នុងស្រុក ដូចជាកំណែទម្រង់សុខភាព រឺក៏ការជំរុញសេដ្ឋកិច្ចជាដើម។ លោកអូបាម៉ាបានសម្រេចដកកងទ័ពអាមេរិកចេញអស់ពីអ៊ីរ៉ាក់ កាលពីចុងឆ្នាំ២០១១។
នយោបាយការបរទេសលោកអូបាម៉ា ផ្តល់អាទិភាពលើគោលការណ៍សន្តិភាព ព្រោះថា លោកអូបាម៉ាមិនចង់ឃើញសង្គ្រាមបំផ្លិចបំផ្លាញស្ថិរភាពប្រទេសដទៃ ដូចអាមេរិកអាណត្តិប្រធានាធិបតីប៊ុស ដែលបានផុសផុលធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ឆ្នាំ២០០៣ ឡើយ។ ហេតុដូច្នេះហើយ ទើបលោកអូបាម៉ាចៀសវាងនយោបាយសង្គ្រាម ដោយបានដកទ័ពចេញអស់ពីអ៊ីរ៉ាក់។ ក្រោយកាន់កាប់បូរណភាពអ៊ីរ៉ាក់៨ឆ្នាំមក ក្រោយគាស់រំលើងកងទ័ព ប៉ូលិស ក្នុងស្រុក ក្រោយបានជួយបណ្តុះបណ្តាលកងកម្លាំងអ៊ីរ៉ាក់ថ្មីៗ ក្រោយជ្រោមជ្រែងរដ្ឋាភិបាលចំរុះអ៊ីរ៉ាក់ អាមេរិកគិតថា អាចផ្តល់ទំនុកចិត្តដល់រដ្ឋាភិបាលលោកម៉ាឡាគិ ក្នុងការដឹកនាំអ៊ីរ៉ាក់ទៅរកសុខសន្តិភាពឡើងវិញ។
ប៉ុន្តែ អ្វីដែលរដ្ឋាភិបាលអូបាម៉ាមិនបានគិតស៊ីជម្រៅនោះ គឺថារដ្ឋាភិបាលអ៊ីរ៉ាក់ថ្មីដែលអាមេរិកជួយជ្រោមជ្រែងកន្លងមកនោះ ជារដ្ឋាភិបាលនិកាយស៊ីអ៊ីត។ ការដែលអាមេរិកជួយរដ្ឋាភិបាលនិកាយស៊ីអ៊ីត ក៏អាចធ្វើអោយគេនិយាយបានថា អាមេរិកបានចូលរួមប្រយុទ្ធប្រឆាំងនិកាយស៊ុននីតដូច្នោះដែរ។ លើសពីនេះទៀត ក្រោយពេលអាមេរិកដកទ័ពចេញអស់ពីអ៊ីរ៉ាក់ រដ្ឋាភិបាលអ៊ីរ៉ាក់និកាយស៊ីអ៊ីត បានរើសអើងអ្នកនយោបាយនិកាយស៊ុននីតរបស់លោកសាដាំហ៊ូសេន។ រដ្ឋាភិបាលអ៊ីរ៉ាក់ថ្មីប្រកាន់បក្សពួក ពុករលួយ ធ្វើអោយអ្នកកាន់និកាយស៊ុននីតខកចិត្តទាំងស្រុង។ អតីតមន្ត្រីនិងកងទ័ពនិកាយស៊ុននីតជំនាន់លោកសាដាំ ខឹងសម្បារ និងបានចុះចូលជាមួយក្រុមជីហាតនិកាយស៊ុននីត ដែលកំពុងវាយលុកនៅស៊ីរី។ ហេតុដូច្នេះហើយ ទើបក្រុមជីហាតរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់បានឡើងឥទ្ធិពលខ្លាំងក្លា ក្នុងតំបន់តែក្នុងរយៈពេលខ្លី។ ឃើញរដ្ឋាភិបាលអ៊ីរ៉ាក់ថ្មីធ្លាក់ចុះខ្សោយ ក្រុមជីហាតក៏ឆ្លៀតបង្វែរទិសប្រយុទ្ធ ទៅវាយលុកនៅអ៊ីរ៉ាក់វិញម្តង ហើយពួកគេវាយយកដែនដីអ៊ីរ៉ាក់បានស្រួលដូចបកចេក ព្រោះថា កងកម្លាំងអ៊ីរ៉ាក់ដែលទទួលបានការបណ្តុះបណ្តាលពីអាមេរិកកន្លងមកនោះ នៅមិនទាន់មានបទពិសោធន៍សមត្ថភាពគ្រប់គ្រាន់ ដូចកងទ័ពរបបលោកហ៊ូសេន ដែលចុះចូលជាមួយក្រុមជីហាតទេ។ នេះហើយជាបញ្ហាដែលអាមេរិកភ្លេចគិតអោយដិតដល់។
ដូច្នេះ នយោបាយការបរទេសបែបសន្តិភាពលោកអូបាម៉ា នយោបាយដកកងទ័ពអាមេរិកពីដើមបូព៌ា មានតែធ្វើអោយស្ថិរភាពតំបន់រងការគំរាមកំហែងទៅវិញទេ។ កន្លងមក មានការរិះគន់ថានយោបាយបរទេសលោកអូបាម៉ា ទន់ជ្រាយ។ ការរិះគន់នេះក៏មិនខុសទាំងស្រុងដែរ ជាក់ស្តែង ក្នុងវិបត្តិសង្គ្រាមស៊ីរី ប្រទេសលោកខាងលិចធ្លាប់ប្រាប់ថា មានភស្តុតាងថា រដ្ឋាភិបាលលោកអាសាដប្រើអាវុធគីមីសម្លាប់មនុស្ស តែអាមេរិកបានសម្រេចថា មិនធ្វើអន្តរាគមន៍យោធានៅស៊ីរីទេ។ អាមេរិកសុខចិត្តស្របតាមរុស្ស៊ី តំរូវអោយមានផែនការកំទេចអាវុធគីមីនៅស៊ីរីវិញ។
ទោះបីជានយោបាយអាមេរិករបស់លោកអូបាម៉ា ផ្តោតលើឥទ្ធិពលអាមេរិកនៅអាស៊ីប៉ាស៊ីហ្វិក គាំទ្រប្រទេសដៃគូ ប្រឈមនឹងឥទ្ធិពលចិន ក៏នយោបាយអាមេរិកហាក់នៅទន់ជ្រាយដែរ ព្រោះថា អាមេរិកចង់កាត់បន្ថយយុទ្ធសាស្ត្រ និងចំណាយយោធា នៅពេលចិនដំឡើងថវិកាយោធារៀងរាល់ឆ្នាំ។
ប៉ុន្មានខែចុងក្រោយនេះ នៅអ៊ីរ៉ាក់ ពេលក្រុមជីហាតវាយយកបានតំបន់ហ្វាលូចា រដ្ឋាភិបាលលោកម៉ាលិគី បានសុំអោយអាមេរិកជួយអ៊ីរ៉ាក់ ប៉ុន្តែ អាមេរិកហាក់នៅញញើត យឺតយ៉ាវនឹងសម្រេចវិធានការជាក់ស្តែង។ ក្រុមជីហាតដណ្តើមដែនដីកាន់កាប់មួយចំនួនធំ តែក្នុងរយៈពេលខ្លី ក៏អាមេរិកនៅតែមិនសម្រេចធ្វើប្រតិបត្តិការទ័ពអាកាស ទប់ស្កាត់ក្រុមជីហាតដែរ។ ប្រាកដណាស់ កន្លងមក អាមេរិកបានគាំទ្រក្រុមឧទ្ទាមនៅស៊ីរី ដែលប្រយុទ្ធជាមួយកងទ័ពលោកអាសាដ។ ក្នុងចំណោមក្រុមឧទ្ទាមដែលប្រយុទ្ធនៅស៊ីរីនោះ ក៏មានក្រុមជីហាតដែលកំពុងវាយអ៊ីរ៉ាក់បច្ចុប្បន្ននេះដែរ។ ដូច្នេះ នេះជាផលវិបាកធ្លាក់មកត្របាក់រដ្ឋាភិបាលលោកអូបាម៉ាខ្លួនឯងវិញ។
លោកអូបាម៉ានៅតែបញ្ជាក់ថា អាមេរិកមិនវាយប្រហារតាមជើងគោកទេ ក្រោយពេលដកទ័ពអស់ពីអ៊ីរ៉ាក់មក។ នយោបាយញញើតសង្គ្រាមនេះបានធ្វើអោយអ៊ីរ៉ង់ដែលបានខិតជិតអាមេរិក និងសន្យាសហការជាមួយអាមេរិកជួយអ៊ីរ៉ាក់ដែរនោះ រិះគន់លោកអូបាម៉ាថា ខ្វះឆន្ទៈច្បាស់លាស់ ក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម។
សូមបញ្ជាក់ដែរថា អាមេរិកចៀសវាងនយោបាយយោធាជ្រុលហួស នៅដើមបូព៌ា។ រដ្ឋាភិបាលលោកអូបាម៉ាមិនចង់អោយអាមេរិកពឹងផ្អែកលើតែលើប្រេងក្នុងតំបន់ដើមបូព៌ាទៀតទេ។ អាមេរិកពេលនេះ កំពុងតែសម្លឹងឃើញធនធានឧស្ម័នក្នុងស្រុកម្យ៉ាងឈ្មោះថា ស្ហ៊ីស ជួយអោយអាមេរិកអភិវឌ្ឈន៍ប្រទេស ស្របតាមនយោបាយសន្តិភាពរបស់លោកអូបាម៉ា។ ថ្វីបើរដ្ឋាភិបាលអូបាម៉ាអាចពេញចិត្តនឹងនយោបាយបែបផែនសន្តិភាពក៏ពិតមែន តែនយោបាយឆាប់ដកទ័ពចេញអស់ពីអ៊ីរ៉ាក់ កន្លងមក មិនបានជួយអ៊ីរ៉ាក់ទៅរកសន្តិភាពដូចការស្រមៃនោះទេ ក្រៅតែពីបង្កអោយមានការរើសអើងនិកាយសាសនា ការរំលោភសិទ្ធិមនុស្ស លើសពីនេះទៀត ពេលនេះ សន្តិសុខដើមបូព៌ាកំពុងរងការគំរាមកំហែងដោយការឡើងឥទ្ធិពលរបស់ក្រុមជីហាត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ