អានតួអត្ថបទ
សហរដ្ឋអាមេរិក

ទីក្រុង​ញូវយ៉ក​ត្រៀម​ប្រឈម​នឹង​ព្យុះសង្ឃរា Sandy

ទីក្រុង​ជាច្រើន ស្ថិត​នៅតាម​ឆ្នេរ​ប៉ែក​ខាងកើត​អាមេរិក ដោយ​រួម​បញ្ចូល​ទាំង​ទីក្រុង​ពាណិជ្ជកម្ម​New York ផង​កំពុង​ត្រៀមខ្លួន ទប់ទល់​នឹង​ព្យុះសង្ឃរា Sandy ដែល​នឹង​បោកបក់ទៅ​ដល់​ឆ្នេរ​អាមេរិក នៅថ្ងៃ​អង្គារ​ស្អែក។ ប្រជាជន​អាមេរិក​ប្រមាណ ៥០​លាន​នាក់​នឹង​អាច​ទទួល​រង​ផលប៉ះពាល់​ដោយសារ​ខ្យល់ព្យុះសង្ឃរា លើកនេះ ដែល​គេ​ចាត់​ទុក​ថា ជា​ព្យុះសង្ឃរា​ប្រវត្តិសាស្រ្ត នៅអាមេរិក។

​ខ្យល់ព្យុះ​សង្ឃរា​Sandyត្រូវ​គេ​ព្យាករ​ថា នឹង​​បោកបក់​ទៅដល់​ទីក្រុង​ញូវយ៉ក​ នៅថ្ងៃ​អង្គារ​ទី ៣០ តុលា ២០១២
​ខ្យល់ព្យុះ​សង្ឃរា​Sandyត្រូវ​គេ​ព្យាករ​ថា នឹង​​បោកបក់​ទៅដល់​ទីក្រុង​ញូវយ៉ក​ នៅថ្ងៃ​អង្គារ​ទី ៣០ តុលា ២០១២ REUTERS/Eduardo Munoz
ផ្សាយពាណិជ្ជកម្ម

ព្យុះសង្ឃរា Sandy ត្រូវ​គេ​រំពឹង​ថា នឹង​បក់​ឆ្លងកាត់​ទីក្រុង​ធំៗ​របស់​រដ្ឋ​ជាប់​ឆ្នេរ​ខាងកើត ដូចជា ញូវយ៉ក ហ្វីឡាដែលហ្វី វ៉ាស៊ីនតោន និង​បូស្តុន។ ព្យុះសង្ឃរា​មិន​ទាន់​បាន​បក់​ទៅដល់​នៅឡើយទេ ប៉ុន្តែ សកម្មភាព​នៅក្នុង​ទីក្រុង​ទាំងនេះ​សឹង​តែ​ជាប់​គាំង​ទាំងអស់។ ជាក់ស្តែង នៅ​ទីក្រុង​ពាណិជ្ជកម្ម​ញួវយ៉ក ដែល​មាន​ប្រជាជន​រស់នៅ ប្រមាណ ជាង ៨លាន​នាក់ ភាពអ៊ូអរ​នៅតាម​ផ្លូវថ្នល់​ត្រូវ​កាត់បន្ថយ។ តាំង​ពី​ល្ងាច​ថ្ងៃ​អាទិត្យ ម្សិលមិញ ចៅហ្វាយ​ក្រុង​ញូវយ៉ក​បាន​ប្រកាស​បិទ​ផ្លូវ​រទេះភ្លើង​ក្រោមដី សាលារៀន និង ស្ថាប័ន​រដ្ឋ​ជាច្រើន​ទៀត។ អគារ​ផ្សារភាគហ៊ុន​នៅញួវយ៉ក​ត្រូវ​ផ្អាក​បិទ​ទ្វារ​របស់ខ្លួន​មួយរយៈ ចំណែក​អាកាសយានដ្ឋាន​ទាំងបី​របស់​ទីក្រុង​ត្រូវ​បិទ​ចាប់ពីថ្ងៃ​ចន្ទ ក្នុង​ពេល​ដែល​​ជើងហោះហើរ ក្នុង​ស្រុក និង​អន្តរជាតិ​ជិត ៣០០០​ក៏ត្រូវ​គេ​លុប​ចោល​រួចហើយ​ដែរ។

នៅទីក្រុង​ញូវយ៉ក ប្រជាជន​ជិត​៤សែននាក់ ដែល​រស់នៅតំបន់​ទាប​ដែល​អាច​លិច​ទឹក ក៏​ត្រូវ​គេ​ជម្លៀស​ចេញ​ពី​ផ្ទះសម្បែង និង​ទៅជ្រក នៅជម្រក​សុវត្ថិភាព​៧០​កន្លែង​របស់​សាលាក្រុង។ ទាំង លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា និង​ចៅហ្វាយក្រុង​ញួវយ៉ក​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់​ឆ្លងកាត់​របស់​ព្យុះSandy សម្ងំ នៅក្នុង​ផ្ទះ លើកលែង​តែ​បុគ្គលិក​សម្រាប់​សេវាកម្ម​បន្ទាន់​ប៉ុណ្ណោះ ដូចជា​តុលាការ​កំពូល ជាដើម ដែល​គេ​អនុញ្ញាត​ឲ្យ​បន្ត​​ការងារ​ជាធម្មតា​របស់ខ្លួន។

បើតាម​មជ្ឈមណ្ឌល​ជាតិ​ផ្នែក​ព្យុះអាមេរិក ខ្យល់ព្យុះ​Sandy ដែល​បក់ ក្នុង​មហាសមុទ្រ​Atlantique ក្នុង​ល្បឿន ១២០​គីឡូម៉ែត្រ នឹង​បង្កើន​ល្បឿន និង​ទំហំ​កាន់តែធំ នៅពេល​វា​មក​ដល់​ដីគោក។ គេ​បាន​ប៉ាន់​ប្រមាណ​ថា គ្រាន់តែ​ខ្យល់ព្យុះ​មួយ​មុខ នឹង​បង្ក​ឲ្យ​មាន​ការខូចខាត ក្នុង​ទំហំប្រាក់ ៣ពាន់​លាន​ដុល្លារ នៅទីក្រុង​ញួវយ៉ក។ ប៉ុន្តែ អ្វី​ដែល​ធ្វើ​ឲ្យ​គេ​បារម្ភ​ខ្លាំងជាងនេះ គឺ​ខ្យល់ព្យុះសង្ឃរា​នេះ​នឹង​អាច​បក់​នាំ​ទឹកជំនន់​មក​ជន់លិច​ទីក្រុង។

កាលពីថ្ងៃ​ម្សិលមិញ អ្នកជំនាញ​ឆ្នេរ​ទីក្រុង​ញូវយ៉ក លោក​Nicolas Koch បាន​និយាយ​ប្រាប់​ទូរទស្សន៍​CNNថា តំបន់​មួយចំនួន​របស់​សង្កាត់​Manhattan នឹង​ត្រូវ​លិចទឹក ចំណែក​ផ្លូវរទះភ្លើង​ក្រោមដី​ជាច្រើន​នឹង​ត្រូវ​រងខូចខាត​ដោយសារ​ទឹកសមុទ្រ​ជន់លិច​លើកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ