ក្រុមហ៊ុនផលិតសឺមីកុងឌុកទ័រតៃវ៉ាន់TSMC ទទួលបានជំនួយអាមេរិក៦៦០០លានដុល្លារបង្កើតរោងចក្រនៅអារីហ្សូណា
ក្រសួងពាណិជ្ជកម្មអាមេរិក បានឲ្យដឹងនៅថ្ងៃចន្ទទី៨មេសាថា គេបានសម្រេចផ្តល់នូវជំនួយថវិកាវិនិយោគ ចំនួន៦៦០០លានដុល្លារ ទៅឲ្យក្រុមហ៊ុនតៃវ៉ាន់ TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះសឺមីកុងឌុកទ័រ ដ៏ធំឈានមុខគេនៃពិភពលោក។ ក្រុមហ៊ុនតៃវ៉ាន់នេះ នឹងវិនិយោគបង្កើតរោងចក្រទី៣របស់ខ្លួន នៅរដ្ឋអារីហ្សូណា ដើម្បីផលិតបន្ទះសឺមីកុងឌុកទ័រ ដ៏តូចនិងទំនើបចុងក្រោយគេបង្អស់។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៥២
ក្នុងថវិកាជំនួយអនុគ្រោះ ចំនួន៦៦០០លានដុល្លារនេះ គឺមានប្រមាណ៥០០០លានដុល្លារ ជាកម្ចីដែលរដ្ឋាភិបាលបាលអាមេរិក បានផ្តល់ឲ្យក្រុមហ៊ុនតៃវ៉ាន់ ជាមួយនឹងការប្រាក់ទាបបំផុត។ ផ្អែកតាមក្រសួងពាណិជ្ជកម្មអាមេរិក ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co (TSMC) បានសម្រេចយល់ព្រម បង្កើនការវិនិយោគ នៅសហរដ្ឋអាមេរិក។ ផែនការវិនិយោគ ដែលពីមុនមាន២៥០០០លានដុល្លារ ត្រូវបានដំឡើងដល់ ៦៥០០០លានដុល្លារ។ រោងចក្រទី៣របស់ TSMC នឹងត្រូវសាងសង់នៅក្រុង Phoenix រដ្ឋអារីហ្សូណា នៅរវាងឆ្នាំ២០៣០។
ប្រភពដដែលនេះ បានឲ្យដឹងថា ក្រុមហ៊ុនតៃវ៉ាន់ TSMC នឹងផលិតបន្ទះសឺមីកុងឌុកទ័រទំនើបចុងក្រោយបំផុត ទំហំ ២ណាណូម៉ែត្រ នៅរោងចក្រទី២របស់ខ្លួននៅរដ្ឋអារីហ្សូណា ចាប់ពីឆ្នាំ២០២៨ទៅ។ ចំណែកនៅរោងចក្រទី១វិញ ក្រុមហ៊ុន TSMC នឹងបង្កើនការផលិតក្នុងទំហំធំ នៅរវាងឆមាសទី១ឆ្នាំ២០២៥។
ក្រុមហ៊ុន TSMC Arizona បានសន្យាផងដែរ ថានឹងអភិវឌ្ឍន៍បណ្តាញផ្គុំឈានមុខ តាមរយៈការសហការជាមួយក្រុមហ៊ុនអាមេរិកផ្សេងទៀត ដើម្បីធ្វើយ៉ាងណា ឲ្យអតិថិជនអាចទិញបន្ទះសឺមីកុងឌុកទ័រ ដែលត្រូវបានផលិតឡើងទាំងស្រុងនៅលើទឹកដីអាមេរិក។
យោងតាមក្រសួងពាណិជ្ជកម្មអាមេរិក ការវិនិយោគថ្មីរបស់ ក្រុមហ៊ុនTSMC នៅរដ្ឋអារីហ្សូណានេះ នឹងបង្កើតការងារថ្មី ចំនួន៦០០០ការងារ នៅក្នុងវិស័យរោចក្រ និងការងារចំនួន ២ម៉ឺនបន្ថែមទៀត នៅក្នុងវិស័យសាងសង់។ ក្រុមហ៊ុនអាមេរិកចំនួន១៤ ដែលផ្គត់ផ្គង់វត្ថុធាតុដើម និងគ្រឿងផ្សំឲ្យក្រុមហ៊ុនTSMC បានបញ្ជាក់ឲ្យដឹងថា គេបានគ្រោងសាងសង់ពង្រីករោងចក្ររបស់គេ ដើម្បីឆ្លើយតបទៅនឹងការកំណើនវិនិយោគនេះ។
គួរបញ្ជាក់ថា Taiwan Semiconductor Manufacturing Co ហៅកាត់ថា TSMC គឺជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេបង្អស់ ដែលមានជំនាញផលិតបន្ទះសឺមីកុងឌុកទ័រដ៏តូច ដែលចាំបាច់បំផុតប្រើក្នុងឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាទំនើប។ ជាមួយនឹងការបង្កើតរោងចក្រនៅរដ្ឋអារីហ្សូណា ក្រុមហ៊ុនតៃវ៉ាន់នេះនឹងអាចសហការដោយផ្ទាល់ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗ ដូចជា Apple, Nvidia, Advanced Micro Devices និង Qualcomm ជាដើម។
ការសហការដោយផ្ទាល់និងកៀកបំផុត ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ព្រមទាំងសមត្ថភាពបច្ចេកវិទ្យាដែលគេចង់បាន និងដោយកាត់បន្ថយបញ្ហានានានៅក្នុងបណ្តាញផ្គត់ផ្គង់ ព្រមទាំងកាត់បន្ថយតម្លៃចំណាយថែមទៀត។ ការតាំងទីរោងចក្រផលិតនៅលើទឹកដីអាមេរិកនេះដែរ ក៏ជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដើម្បីការពារវិស័យបច្ចេកវិទ្យាឈានមុខនេះ ក្នុងករណីដែលថ្ងៃមុខ ចិនលើកទ័ពឈ្លានពានកោះតៃវ៉ាន់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ