ទីបំផុតសភាតំណាងអាមេរិក សម្រេចអនុញ្ញាតកញ្ចប់ថវិកា៦១ពាន់លានដុល្លារជួយអ៊ុយក្រែន
ឆ្លងកាត់ការទាមទារយ៉ាងទទូចពីសំណាក់រដ្ឋបាលលោកចូ បៃដិន និងឆ្លងកាត់ការចរចាអស់ជាច្រើនខែនៅក្នុងសភា ទីបំផុតសភាតំណាងសហរដ្ឋអាមេរិក បានសម្រេចកាលពីថ្ងៃសៅរ៍ទី២០មេសា យល់ព្រមអនុញ្ញាតកញ្ចប់ថវិកាដ៏ធំ ដើម្បីជួយអ៊ុយក្រែន។ កញ្ចប់ថវិកានេះ មានទំហំទឹកប្រាក់ចំនួន៦១ពាន់លានដុល្លារ ដែលផ្តោតខ្លាំងលើជំនួយសព្វាវុធ ដែលអ៊ុយក្រែនបានទទូចសុំ ខណៈនៅសមរភូមិ កងទ័ពអ៊ុយក្រែនកំពុងតែវាយដកដយ ដោយសារតែគ្មានគ្រាប់គ្រប់គ្រាន់។ ជំហានបន្ទាប់ ព្រឹទ្ធសភាអាមេរិកនឹងបោះឆ្នោតលើគម្រោងកញ្ចប់ថវិកានេះ នៅថ្ងៃអង្គារទី២៣មេសា។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៤៩
ថ្ងៃទី២០មេសា២០២៤ សភាតំណាងសហរដ្ឋអាមេរិក ដែលបក្សសាធារណរដ្ឋមានសំឡេងភាគច្រើន បានបោះឆ្នោតយល់ព្រមលើផែនការកញ្ចប់ថវិកាចំនួន ៩៥ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់។ ក្នុងចំណោមនេះ កញ្ចប់ថវិកាដើម្បីជួយអ៊ុយក្រែន គឺមានទំហំ ៦១ពាន់លានដុល្លារ។ លោក ចូ បៃដិន បានអបអរភ្លាម ដោយបានលើកឡើងថា សភា ខុនហ្ក្រេសអាមេរិកបានធ្វើរឿងមួយដែលសក្តិសមបំផុតនៅក្នុងប្រវត្តិសាស្ត្រ។ ដោយឡែក រុស្ស៊ីវិញបានប្រតិកម្មថា “ជំនួយថវិការរបស់អាមេរិកនេះ នឹងមកសម្លាប់ប្រជាជនអ៊ុយក្រែនកាន់តែច្រើនជាងមុនទៀត”។
សូមបញ្ជាក់ថា អស់រយៈពេលជាង១ឆ្នាំមកហើយ ដែលអ៊ុយក្រែនបានទទូចសុំជំនួយយោធាដ៏ធំនេះ ពីសហរដ្ឋអាមេរិក ដើម្បីបន្តធ្វើសង្គ្រាមទល់នឹងការឈ្លានពានរបស់រុស្ស៊ី។ តែគម្រោងសំណើថវិកាដែលលោកចូ បៃដិនបានស្នើនេះ បានជាប់គាំងនៅសភាតំណាង ដោយសារតែក្រុមសមាជិកសភាបក្សសាធារណរដ្ឋស្និទ្ធនឹងលោកដូណាល់ត្រាំ បានរារាំងមិនព្រមបោះឆ្នោត។
ការសម្រេចអនុញ្ញាតកាលពីថ្ងៃសៅរ៍ គឺជាលទ្ធផលនៃការចរចាយ៉ាងលំបាកលំបិនបំផុត រវាងសមាជិកសភាបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ។ លោក Mike Johnson ប្រធានសភាតំណាងមកពីបក្សសាធារណរដ្ឋ ដែលពីមិនមកតែងតែប្រឆាំងនឹងគម្រោងថវិកានេះ បានប្តូរចិត្តងាកមកយល់ព្រមវិញ ដោយលោកបានលើកឡើងថា “បើនិយាយឲ្យត្រង់ទៅ គឺលោកខុសចិត្តបញ្ជូនអាវុធនិងគ្រាប់ទៅឲ្យអ៊ុយក្រែន ជាជាងបញ្ជូនយុវជនអាមេរិកឲ្យទៅច្បាំង។
ការលទ្ធផលបោះឆ្នោតនៅសភា លោកចូ បៃដិន បានទូរស័ព្ទទៅនិយាយជាមួយលោក Mike Johnson និងលោកHakeem Jeffries ប្រធានសមជិកសភាបក្សប្រជាធិបតេយ្យ ដើម្បីថ្លែងសេចក្តីអរគុណ ដែលលោកទាំង២បានប្រឹងប្រែងចរចាអូសទាញ ដោយយកផលប្រយោជន៍ជាតិជាធំ។
គួរកត់សំគាល់ថា គិតត្រឹមពេលនេះគេមិនដឹងថា ក្នុងកញ្ចប់ថវិកា៦១ពាន់លានដុល្លារនេះ នឹងប្រើប្រាស់ទៅលើអ្វីខ្លះទេ។ ប្រភពខ្លះបានលើកឡើងថា ក្នុងកញ្ចប់ថវិកានេះ គឺមានមួយផ្នែកជាការទិញអាវុធថ្មីៗ របស់កងទ័ពអាមេរិក ហើយអាមេរិកនឹងបញ្ជូនអាវុធចាស់ ដែលមានក្នុងស្តុកយកទៅឲ្យអ៊ុយក្រែន។ អត្ថបទច្បាប់ស្តីពីផែនការជំនួយថ្មីរបស់អាមេរិកនេះ ក៏បានអនុញ្ញាតផងដែរ ឲ្យប្រធានាធិបតី អាចចយកទ្រព្យសកម្មរបស់រុស្ស៊ី មកលក់ ដើម្បីយកប្រាក់ទៅចំណាយ លើការកសាងអ៊ុយក្រែនឡើងវិញ។
យ៉ាងណាក៏ដោយ មតិខ្លះទៀត បានលើកឡើងថា ជំនួយថវិកាថ្មីរបស់អាមេរិកមកជួយអ៊ុយក្រែន គឺវាសឹងតែហួសពេលទៅហើយ ព្រោះថាដោយតែផែនការនេះនៅជាប់គាំងអស់ជាច្រើនខែ កងទ័ពអ៊ុយក្រែនត្រូវបង្ខំចិត្តវាយដកថយ បាក់ទឹកចិត្តប្រយុទ្ធ និងបរាជ័យជាច្រើនសមរភូមិណាស់ ដោយសារតែគ្មានសព្វាវុធ គ្មានគ្រាប់គ្រប់គ្រាន់។ នៅលើបណ្តាញសង្គមX លោក ដូណាល់ ទូស្គ នាយករដ្ឋមន្ត្រីប៉ូឡូញ បានសរសេរថា លោកសង្ឃឹមថាជំនួយនេះនឹងមិនយឺតពេលទៅចុះ ក្នុងការជួយអ៊ុយក្រែន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ