អានតួអត្ថបទ
សហរដ្ឋ​អាមេរិក

ទីក្រុង​ញូវយ៉ក​ក្លាយ​ជា​ទីក្រុង​ខ្មោច ពេល​​ព្យុះសង្ឃរា Irène បក់កាត់

តាំងពី​ថ្ងៃសៅរ៍ ទី ២៧ ព្យុះកំបុតត្បូង​Irène ដែល​បោសសម្អាត ទីក្រុង​ជាប់មាត់សមុទ្រ​ភាគខាងកើត​អាមេរិក​បាន​សម្លាប់​មនុស្ស​៩​នាក់ និង​ធ្វើ​ឲ្យ​មនុស្ស​ជាង ១លាន គ្មាន​ភ្លើង​ប្រើប្រាស់។ នៅថ្ងៃ​អាទិត្យ​នេះ ព្យុះ​សង្ឃរា Irène បាន​ទៅ​ដល់​ទីក្រុង​ញូវយ៉ក ជាទី​ដែល​មនុស្ស​ជាង ២សែននាក់​ត្រូវ​គេ​ជម្លៀសចេញ​ពី​ផ្ទះសម្បែង។

ឡាន​តាក់ស៊ី​បើក​កាត់អគារ​ដែល​សរសេរ​ប្រកាស​អាសន្ន​ពី ព្យុះសង្ឃរា Irène ក្នុង​​សង្កាត់​Manhattan ក្នុង​ទីក្រុង​ញូវយ៉ក
ឡាន​តាក់ស៊ី​បើក​កាត់អគារ​ដែល​សរសេរ​ប្រកាស​អាសន្ន​ពី ព្យុះសង្ឃរា Irène ក្នុង​​សង្កាត់​Manhattan ក្នុង​ទីក្រុង​ញូវយ៉ក ©Reuters
ផ្សាយពាណិជ្ជកម្ម

 

វា​គឺ​ជារឿង​ស្លាប់ និង​រស់។ បើនរណា​មិន​បាន​ចាកចេញ​ទេ គេ​ត្រូវ​ស្ថិតនៅ​កន្លែង​ដដែល និង​មិន​ត្រូវ​ផ្លាស់ទី​ទេ ព្រោះវា​យឺតពេល​ហើយ។ នេះ​ជា​សំដី​ដាស់តឿន​របស់​ចៅហ្វាយក្រុង​ញូវយ៉ក នៅពេល​ព្យុះ​សង្ឃរា Irène​បក់​ខិត កាន់តែ​ចូលជិត​ទីក្រុង​ញូវយ៉ក។
 
ទីក្រុង​ញូវយ៉ក ដែល​ជា​ទីក្រុង​សេដ្ឋកិច្ច ទេសចរណ៍​អាមេរិក បាន​ប្រែក្លាយ​ជា ទីក្រុង​ខ្មោច គ្មាន​មនុស្ស​ដើរ ដែល​នេះ មិនធ្លាប់​មាន​ទេ ពីមុនមក។ អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ នៅក្នុង​សង្កាត់​Manhattan រងខ្យល់​បក់​ដែល​រត់ក្នុង​ល្បឿន ១៣០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ ឡានក្រុង រទេះភ្លើង​ក្រោមដី ហាងទំនិញ ភោជនីយដ្ឋាន កន្លែង​កំសាន្ត ក្នុង​សង្កាត់​ដែល​ធ្លាប់តែ​អ៊ូអរ មាន​មនុស្ស​រាប់ពាន់​ឆ្លងកាត់ ក្នុង​មួយៗ​ម៉ោង ត្រូវ​បិទ​ស្ងាត់ជ្រងំ។
 
ព្រលាន​យន្តហោះ​បី​របស់​ទីក្រុង​វិញ ត្រូវ​បិទ មិន​ឲ្យ​ហោះហើរ តាំងពី​ថ្ងៃ​សៅរ៍។ ភាពរញ៉េរញ៉ៃ​កើតមាន​ពេញ​ព្រលាន​យន្តហោះ នៅពេល​ជើងហោះហើរ​រាប់ពាន់​ត្រូវ​លុបចោល។ បើតាម​ការវាយតម្លៃ របស់​អ្នកជំនាញ ខ្យល់ព្យុះ​នឹង​បង្ក​ឲ្យ​មាន​ការខូចខាត​ធ្ងន់ធ្ងរ មាន​តម្លៃ​ពី ៥ ទៅ ១២​ពាន់​លាន​ដុល្លារ។
 
ពេល​បក់​ប៉ះដី​គោក​ក្នុង​រដ្ឋ​ភ្លាម ព្យុះ Irène​បាន​បន្ថយ​ឥទ្ធិពល​របស់ខ្លួន ធ្លាក់​ចុះខ្សោយ ពី​កម្រិត​លេខពីរ មក​ត្រឹម​លេខមួយ ក្នុង​ពេល​ដែល​ព្យុះ​ប្រភេទ​នេះ​អាច​មាន​កម្រិត​ដល់​លេខប្រាំ។ ទោះជា​បន្ថយ​ឥទ្ធិពល​ខ្លួន​បន្តិច ព្យុះ​ Irène​ដែល​មាន​ល្បឿន​ជាង​១០០​គីឡូម៉ែត្រ ក្នុង​មួយ​ម៉ោង និង​មាន​អង្កត់ផ្ចិត ដល់​ទៅ ៨៤០​គីឡូម៉ែត្រ នៅតែ​បង្ក​គ្រោះថ្នាក់ ព្រោះ ក្រៅតែ​ពីមាន​ខ្យល់ខ្លាំង វា​នាំមកនូវ​ទឹកភ្លៀង បង្ក​ជា​ទឹកជំនន់ និង​ការ​រលំ​បាក់ដី។
 
ទីក្រុង​ញូវយ៉ក មួយ​ផ្នែក​ដែល​ធ្លាប់តែ​បញ្ចេញ​ភ្លើង​ចិញ្ចាច ចិញ្ចែង ទៅក្នុង​ទឹកសមុទ្រ ត្រូវ​ងងឹត​សូន្យសុង និង​រងបោកបក់​ដោយ​ខ្យល់​ព្យុះកំបុតត្បូង Irène។ គ្រោះមហន្តរាយ​ធម្មជាតិ ដែល​ទីក្រុង​ញូវយ៉ក​មិន​ធ្លាប់​ជួបប្រទះ​ទេ​ ក្នុងរយៈពេល ២០​ឆ្នាំ​ចុងក្រោយ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ