អានតួអត្ថបទ
អ៊ីរ៉ង់

របាយការណ៍​ថ្មី​របស់ AIEA ដែល​បញ្ជាក់​ពី​កម្មវិធី​នុយក្លេអ៊ែរ​យោធា​របស់​អ៊ីរ៉ង់

នៅ​ថ្ងៃ​សុក្រ ទី២៤ កុម្ភៈ​ម្សិលមិញ ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តជាតិ ហៅកាត់​ជា​ភាសា​បារំាង​ថា AIEA បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​កម្រាស់ ១១ទំព័រ​ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ ជា​ថ្មី​ម្តង​ទៀត AIEA បាន​បញ្ជាក់​ពី​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បញ្ជាក់​ឲ្យ​បាន​ច្បាស់លាស់ ពី​ធាតុ​​ពិត​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។

លោក Yukiya Amano នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តជាតិ
លោក Yukiya Amano នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តជាតិ Reuters / Herwig Prammer
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​របាយការណ៍​លើក​មុន​ដែរ AIEA មិន​ញញើត​នឹង​ប្រឈម​មុខ​ទល់​នឹង​របប​ទីក្រុង​តេហេរ៉ង់​ទេ។ នៅ​ក្នុង​របាយការណ៍​ថ្មី​កម្រាស់ ១១ទំព័រ​របស់​ខ្លួន AIEA បាន​សរសេរ​ច្បាស់ៗ​ពី​អសមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​បញ្ជាក់​ថា កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ជា​កម្មវិធី​នុយក្លេអ៊ែរ​ស៊ីវិល។ ទន្ទឹម​គ្នា​នេះ និង​ក៏​ដូច​ជា​នៅ​របាយការណ៍​របស់​ខ្លួន​កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នំា ២០១១ ដែរ AIEA បាន​សម្តែង​ការ​ព្រួយបារម្ភ​របស់​ខ្លួន​ទាក់ទង​នឹង​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់​ក្នុង​គោលដៅ​យោធា។ របាយកាណ៍​ថ្មី​របស់ AIEA បាន​ធ្លាក់​មក ចំ​ពេល​​ដែល​សហគមន៍​អន្តរជាតិ​កំពុង​មាន​មន្ទិលសង្ស័យ​កាន់​តែ​ខ្លំាង​ឡើងៗ ពី​សមត្ថភាព​របស់​អ៊ីរ៉ង់​ក្នុង​ការ​ផលិត​គ្រាប់​បែក​បរមាណូ។

គួរ​ជម្រាប​ជូន​ថា ក្នុង​រយៈ​ពេល​ជិត​មួយ​ខែ​ចុង​ក្រោយ​នេះ ក្រុម​អ្នកឯកទេស​របស់​AIEA បាន​ទៅ​បំពេញ​បេសកកម្ម​ចំនួន​ពីរ​លើក​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដើម្បី​ព្យាយាម​ស្វែង​រក​ការ​ពិត​ទាក់ទង​នឹង​ការ​​មន្ទិល​សង្ស័យ​មួយ​ចំនួន​ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ប្រទេស​អ៊ីរ៉ង់។ ក៏​ប៉ុន្តែ លទ្ធផល​នៃ​បេសកកម្ម​ទំាង​ពីរ​លើក​ត្រូវ​បាន​នាយក AIEA ប្រកាស​ពី​បរាជ័យ និង​ការ​ខក​ចិត្ត។ បើ​យោង​តាម​ប្រភព​មួយ​ដែល​អាច​ទុកចិត្ត​បាន​ឲ្យ​ដឹង​ថា ក្រុម​អ្នកឯកទេស​របស់​AIEA ដែល​បាន​ទៅ​អ៊ីរ៉ង់​ទំាង​ពីរ​លើក​ចុង​ក្រោយ​នេះ មិន​អាច​ជួប​សន្ទនា​ផ្ទាល់​ជាមួយ​អ្នកទទួលខុសត្រូវ​ជាន់​ខ្ពស់​អ៊ីរ៉ង់​ទេ។

ម្យ៉ាង​ទៀត រដ្ឋអំណាច​អ៊ីរ៉ង់​ក៏​បាន​បដិសេធ​សំណើ​របស់​ក្រុម​អ្នកឯកទេស AIEA ដែល​ចូល​ទៅ​ពិនិត្យ​មូលដ្ឋាន​យោធា Parchin ដែល​ស្ថិត​នៅ​ខេត្ត​មួយ​ក្បែរ​ទីក្រុង​តេហេរ៉ង់។ ប៉ុន្តែ​លោក Ali Asghar Soltanieh អ្នក​តំណាង​អ៊ីរ៉ង់​នៅ AIEA បាន​បញ្ជេញ​ប្រតិកម្ម​ថា ដើម្បី​អាច​ចូល​ទៅ​ពិនិត្យ​កន្លែង​ណា​មួយ គេ​ត្រូវ​តែ​មាន​ការ​ព្រមព្រៀង​គ្នា​ជា​មុន​សិន។

យ៉ាង​ណា​ក៏​ដោយ AIEA ក៏​បាន​ប្រកាស​ឲ្យ​ដឹង​ផង​ដែរ ពី​បំណង​របស់​អ៊ីរ៉ង់​ដែល​ចង់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ AIEA ដើម្បី​បង្ហាញ​ពី​ធាតុ​​ពិត​នៃ​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ