អានតួអត្ថបទ
អេមីរ៉ាតអារ៉ាប់រួម

មហាសេដ្ឋីប្រេងអេមីរ៉ាតអារ៉ាប់រួមសាងសង់ព្រលានយន្តហោះធំជាងគេ​ក្នុងលោក

អេមីរ៉ាតអារ៉ាប់រួមនឹងមាន​អាកាសយានដ្ឋានដ៏ធំជាងគេក្នុងលោក ដែលមានសមត្ថភាពអាច​ទទួល​អ្នកដំណើរប្រមាណ ២៦០លាននាក់​ក្នុងមួយឆ្នាំ។ នៅ​ក្នុងសារ ចុះផ្សាយ​លើបណ្តាញ X កាលពីថ្ងៃអាទិត្យ​ទី ២៨​មេសា នាយករដ្ឋមន្រ្តីរបស់​អេមីរ៉ាតអារ៉ាប់រួម លោក​មូហាម៉េដ បិន រ៉ាស៊ីដ អាល់ ម៉ាកធូម បាន​សរសេរ​ថា លោកទើប​អនុម័តផែនការសាងសង់​ព្រលានយន្តហោះថ្មី​ដែលត្រូវការចំណាយទឹកប្រាក់ជាង ៣៤ពាន់លាន​ដុល្លារ។

មហាសេដ្ឋីប្រេងអេមីរ៉ាតអារ៉ាប់រួមសាងសង់ព្រលានយន្តហោះធំជាងគេ​ក្នុងលោក ដែលមានតម្លៃសាងសង់ជិត​៣៥ពាន់លានដុល្លារ
មហាសេដ្ឋីប្រេងអេមីរ៉ាតអារ៉ាប់រួមសាងសង់ព្រលានយន្តហោះធំជាងគេ​ក្នុងលោក ដែលមានតម្លៃសាងសង់ជិត​៣៥ពាន់លានដុល្លារ AP - Dubai government
ផ្សាយពាណិជ្ជកម្ម

មហាសេដ្ឋីប្រេង អេមីរ៉ាតអារ៉ាប់រួម​បាន​បោះមួយជំហានធំដើម្បីពង្រឹងតួនាទីរបស់ខ្លួន​ក្នុងនាមជាប្រទេស​នាំមុខគេ​នៅក្នុងពិភពលោក ក្នុងវិស័យអាកាសចរណ៍ស៊ីវិល។ តាមរយៈសារ​ក្នុងបណ្តាញសង្គម X កាលពីថ្ងៃ​អាទិត្យ​ទី ២៨​មេសា ប្រមុខដឹកនាំ​អេមីរ៉ាតអារ៉ាប់រួម  លោក​មូហាម៉េដ បិន រ៉ាស៊ីដ អាល់ ម៉ាកធូម បានប្រកាស​ថា ប្រទេស​របស់លោក​ចាប់ផ្តើម​ការដ្ឋានសាងសង់​អាកាសយានដ្ឋានថ្មី ដែលនឹងធំជាងគេ នៅក្នុងពិភពលោក និងមាន​សមត្ថភាពទទួលអ្នកដំណើរ​២៦០លាននាក់​ក្នុងមួយឆ្នាំ។

ព្រលានយន្តហោះយក្សរបស់អេមីរ៉ាត់អារ៉ាប់រួម នឹងលេចធ្លោ​នៅទីវាលខ្សាច់ ចម្ងាយ​ជាង​៤៥​គីឡូម៉ែត្រ​ពី​ព្រលានយន្តហោះ​ឌូបៃសព្វថ្ងៃ។ ជាការពង្រីកព្រលានយន្តហោះចាស់ ឈ្មោះ Al-Maktoum ដែលសព្វថ្ងៃ គេប្រើជា​កន្លែងសម្រាប់ចតយន្តហោះ​របស់ក្រុមហ៊ុនហោះហើរ​អេមីរ៉ាត ​កន្លែងចុះចតរបស់​យន្តហោះប្រណិតរបស់អ្នកមាន ឬកន្លែងតាំងពិព័រណ៌យន្តហោះរបស់អេមីរ៉ាតអារ៉ាប់រួម។

យោងតាម​នាយករដ្ឋមន្រ្តីអេមីរ៉ាតអារ៉ាប់រួម ជាមួយទឹកប្រាក់សាងសង់​ជាង ៣៤ពាន់លានដុល្លារ Al-Maktoum​នឹង​ក្លាយជា​អាកាសយានដ្ឋានដ៏ធំជាងគេ​ក្នុងពិភពលោក ធំជាង អាកាសយានដ្ឋាន​ក្រុងឌូបៃដល់​ទៅ ៥ដង ដោយ​មានទីលាន​ផ្លូវសម្រាប់ហោះចេញចូល ចំនួន ៦ខ្សែ

ខណៈពេល​ដែល​អាកាសយានដ្ឋាន​ជាទូទៅ ដូចជា​អាកាសយានដ្ឋាន​ឌូបៃ​ជាដើម មានតែ​២ខ្សែផ្លូវប៉ុណ្ណោះ។ អាកាសយានដ្ឋាន Al-Maktoum នឹង​មាន​ច្រកទ្វារ​ចូលទៅកាន់យន្តហោះ​ប្រមាណ ៤០០ ដែលជា​ចំនួនដ៏ច្រើនមិនធ្លាប់មាន​នៅតាមព្រលានយន្តហោះ។​​

អនាគត​ព្រលាន​យន្តហោះនឹងអាច​លេចចេញជារូបរាង នៅ​១០ឆ្នាំខាងមុខដើម្បីទទួល​អ្នកដំណើរជាង១៥០លាននាក់ ហើយនិងអាចទទួល​២៦០លាននាក់​ក្នុងមួយឆ្នាំ នៅពេល​ព្រលានយន្តហោះចាប់ដំណើរការពេញលេញ។ រដ្ឋាភិបាល​អេមីរ៉ាតអារ៉ាប់រួម ចង់​បាន​អាកាសយានដ្ឋានថ្មី ទៅជួយរំលែកបន្ទុក ឬ​ជំនួសតែម្តង ​អាកាសយានដ្ឋានឌូបៃ ដែលសព្វថ្ងៃនេះមមាញឹកខ្លាំង និង អាច​ទទួល​អ្នកដំណើរប្រមាណ ១២០លាននាក់ ប៉ុន្តែ មិនអាច​ពង្រីក​ខ្លួនឲ្យមានសមត្ថភាពទទួលមនុស្សច្រើនជាងនេះ ដោយសារ​ទីក្រុងព័ទ្ធជុំជិត។ ប្រធានក្រុមហ៊ុនហោះហើរ អេមីរ៉ាត ដែលជា​ក្រុមហ៊ុនរដ្ឋ គឺ​លោក អាម៉េដ បិន សាអេដ អាល់ ម៉ាកធូម បាននិយាយថានៅក្រោយការចប់ការសាងសង់ នៅប៉ុន្មានឆ្នាំខាងមុខ គេ​នឹង​ផ្ទេរ​រាល់ដំណើរការហោះហើរ​ពី​អាកាសយានដ្ឋាន​ឌូបៃ​ទៅកាន់អាកាសយានដ្ឋានថ្មី ។

ផ្ទុយពីព្រលានយន្តហោះឌូបៃ ព្រលានយន្តហោះថ្មី​ស្ថិតនៅកណ្តាល​វាលខ្សាច់។ ដូច្នេះ បើតាមប្រមុខរដ្ឋាភិបាល​អេមីរ៉ាតអារ៉ាប់រួម គម្រោងសាងសង់ព្រលានយន្តហោះដ៏ធំជាងគេ​នៅក្នុងពិភពលោក នឹងដំណើរការទៅស្របគ្នា​ជាមួយ​ផែនការបង្កើតក្រុងថ្មី​របស់​អេមីរ៉ាត អារ៉ាប់រួម ​ដើម្បីដោះស្រាយ​វិបត្តិ​លំនៅឋាន។

មុនឹងអាច​​ចាប់ផ្តើម​ការដ្ឋាន​សាងសង់​ព្រលាន​យន្តហោះថ្មី អេមីរ៉ាត់​អារ៉ាប់រួម​ធ្លាប់ជួបឧបសគ្គ និង​លើកពេល​ជាច្រើនដង ដោយសារ​វិបត្តិហិរញ្ញវត្ថុសកលឆ្នាំ ២០០៩។ នៅប៉ុន្មានសប្តាហ៍មុននេះ ឌូបៃទើបរងគ្រោះ​ត្រូវព្យុះភ្លៀងបោកបក់ រហូត​ធ្វើ​ឲ្យជន់លិច​ព្រលានយន្តហោះ ចំណែកយន្តហោះជាប់គាំងក្នុងទឹក មិនអាច​ហោះហើរបាន។

យ៉ាងណាក៏ដោយ ជាប្រទេស​មហាសេដ្ឋីប្រេង​ដែល​ចង់​ដើរតួនាទីសំខាន់​នៅក្នុងឆាកអន្តរជាតិ អេមីរ៉ាតអារ៉ាប់រួមនៅតែបន្តវិនិយោគទឹកប្រាក់រាប់ពាន់លាន​ដុល្លារ​ដើម្បីក្លាយជា​ប្រទេស​គោលដៅទេសចរណ៍ និងកន្លែង​ឆ្លងកាត់សំខាន់​របស់​យន្តហោះនៅក្នុងពិភពលោក។

នៅ​ឆ្នាំ ២០២២ ព្រលាន​យន្តហោះឌូបៃ​របស់​ប្រទេស​ដ៏តូចមួយនេះ​បានទទួល​អ្នកដំណើរ​ប្រមាណ ៦៦ពាន់លាន​នាក់​ក្នុងមួយឆ្នាំ។ ចំនួននេះបានធ្លាក់ចុះបើប្រៀបធៀប​នឹង​ឆ្នាំ ២០១៩ មុនសម័យកូវីដ នៅពេល​អាកាសយានដ្ឋានឌូបៃ​ទទួល​អ្នកដំណើរ ជាង ៨៦លាននាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ