អានតួអត្ថបទ
អ៊ីរ៉ង់

នុយក្លេអ៊ែរ៖« អ៊ីរ៉ង់​សម្រេច​ឈប់​លក់​ប្រេង​ឲ្យ​បារំាង និង​អង់គ្លេស ចំណែក AIEA ផ្តើម​បេសកកម្ម​លើកទី២ នៅ​អ៊ីរ៉ង់ »

នៅ​ថ្ងៃ​ចន្ទ ទី២០ កុម្ភៈ​នេះ គណៈប្រតិភូ​មួយ​ក្រុម​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅ​កាត់​ថា AIEA បាន​ផ្តើម​បេសកកម្ម​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ បេសកកម្ម​លើកទី២​របស់ AIEA បាន​ធ្វើ​ឡើង មួយ​ថ្ងៃ បន្ទាប់​ពី​អ៊ីរ៉ង់​បាន​ប្រកាស​ពី​ការ​ឈប់​លក់​ប្រេងឆៅ​ទៅ​ឲ្យ​ប្រទេស​បារំាង និង​អង់គ្លេស។ ចំណែក​ប្រទេស​សហរដ្ឋអាមេរិក​បាន​ព្រមាន​អ៊ីស្រាអែល​កុំ​ឲ្យ​វាយប្រហារ​អ៊ីរ៉ង់។

ប្រធានាធិបតី​អៀរ៉ង់ ថ្លែងក្នុង​សន្និសីទ​ស្តីពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ
ប្រធានាធិបតី​អៀរ៉ង់ ថ្លែងក្នុង​សន្និសីទ​ស្តីពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ©Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ដែល​អ៊ីរ៉ង់​បាន​សម្រេច​ឈប់​លក់​ប្រេង​ឲ្យ​ប្រទេស​បារំាង និង​អង់គ្លេស គឺ​ជា​ទង្វើ​សងសឹក​វិញ​របស់​អ៊ីរ៉ង់ ចំពោះ​សហភាព​អឺរ៉ុប​ដែល​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេងកាត​អ៊ីរ៉ង់ កាល​ពី​ថ្ងៃទី ២៣ មករា​កន្លង​ទៅ។ កាលណោះ ប្រទេស​សមាជិក​សហភាព​អឺរ៉ុប​ទាំង ២៧ បាន​ព្រមព្រៀង​គ្នា​បញ្ឈប់​រាល់​ការ​ចុះកិច្ចសន្យា​ទិញ​ប្រេង​ពី​អ៊ីរ៉ង់ ចាប់​ពី​ពេល​នេះ​ត​ទៅ។ រីឯ​កិច្ចសន្យា​ដែល​បាន​ចុះ​រួច​ហើយ នឹង​ត្រូវ​បញ្ចប់​ឲ្យ​អស់ នៅ​មុន​ថ្ងៃ​ទី១ កក្កដា ឆ្នាំ​២០១២ នេះ។ ទន្ទឹម​គ្នា​នេះ ក៏​មាន​ការ​ដាក់​ទ័ណ្ឌកម្ម​លើ​ធនាគារ​កណ្តាល​របស់​អ៊ីរ៉ង់​ផង​ដែរ។ គោលដៅ គឺ​ដើម្បី​កាត់​បន្ថយ ឬ​មួយ​ក៏​ផ្តាច់​ចំណូល​របស់​អ៊ីរ៉ង់ កុំ​ឲ្យ​អ៊ីរ៉ង់​មាន​លុយ​យក​ទៅ​បន្ត​អភិវឌ្ឍន៍​កម្មវិធី​នុយក្លេអ៊ែរ។ ក្រៅ​ពី​ប្រទេស​បារំាង និង​ប្រទេស​អង់គ្លេស អ៊ីរ៉ង​ក៏​បាន​ព្រមាន​ឈប់​លក់​ប្រេង​ឲ្យ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​ទៀត រួម​មាន ប្រទេស​អ៊ីតាលី អេស្បាញ ក្រិក ព័រទុយហ្កាល និង​ប្រទេស​ហូឡង់។ ក្រសួង​ការបរទេស​អ៊ឺរ៉ង់​បាន​បញ្ជាក់​ថា ការ​ដែល​ខ្លួន​មិន​ទាន់​សម្រេច​បញ្ឈប់​លក់​ប្រេង​ឲ្យ​ប្រទេស​អ៊ីតាលី អេស្បាញ ក្រិក ព័រទុយហ្កាល និង​ប្រទេស​ហូឡង់ មក​ពី​ហេតុផល​នយោបាយ​មនុស្សធម៌​របស់​អ៊ីរ៉ង់ និង​ពី​ស្ថានភាព​ដែល​សហភាព​អឺរ៉ុប​កំពុង​ជួប​ប្រទះ​នា​ពេល​បច្ចុប្បន្ន។

សហភាព​អឺរ៉ុប​មិន​សូវ​បារម្ភ​ពី​ការ​សងសឹក​វិញ​របស់​អ៊ីរ៉ង

បើ​យើង​គិត​ត្រឹម​តួលេខ​ពី​ខែ​មករា ដល់​ខែ​កញ្ញា​ឆ្នំា​ទៅ​មិញ ២០១១ អ៊ីរ៉ង់​បាន​នំា​ចេញ​ប្រេង​ប្រមាណ​ជា​ជាង ២លាន ៥សែន​បារីល​ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ មាន​តែ ២០% ដែល​នំា​ចូល​សហភាព​អឺរ៉ុប ពោល​គឺ​មាន​ជិត ៦០ម៉ឺន​បារីល​ក្នុង​មួយ​ថ្ងៃ។ ប្រទេស​អឺរ៉ុប​ដែល​ទិញ​ប្រេង​អ៊ីរ៉ង់​ច្រើន​ជាង​គេ មាន​អ៊ីតាលី ជាង ១៨ម៉ឺន​បារីល អេស្បាញ ជាង ១៦ម៉ឺន​បារីល និង​ប្រទេស​ក្រិក ជាង ១០ម៉ឺន​បារីល។ រីឯ​ប្រទេស​បារំាង និង​អង់គ្លេស​ទិញ​តិច​ជាង​គេ បារំាង​ទិញ​ជិត ៦ម៉ឺន​បារីល និង​អង់គ្លេស​ទិញ​តែ​ជាង ១ម៉ឺន​បារីល​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ។ ប្រេង​អ៊ីរ៉ង់​នៅ​សេសសល់ ៨០% ទៀត ភាគ​ច្រើន​បាន​លក់​ទៅ​ឲ្យ​ម៉ូយ​នៅ​ទ្វីប​អាស៊ី ក្នុង​នោះ ចិន គឺ​ជា​​ប្រទេស​ដែល​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​ច្រើន​ជាង​គេ គឺ​រហូត​ដល់​ទៅ ២០% ពោល​គឺ​ស្មើ​នឹង​សហភាព​អឺរ៉ុប​ទាំងមូល បន្ទាប់​មក ជប៉ុន ១៧% ឥណ្ឌា ១៦% និង​កូរ៉េ​ខាង​ត្បូង ៩%។

ដូច្នេះ សហភាព​អឺរ៉ុប​ដែល​បាន​ទិញ​ប្រេង​អ៊ីរ៉ង់​តែ ២០% មិន​បារម្ភ​ចំពោះ​សេចក្តីសម្រេចចិត្ត​របស់​អ៊ឺរ៉ង់​ទេ។ ត្រង់​ចំណុច​នេះ ទីក្រុង​តេហេរ៉ង់​ខ្លួន​ឯង​ក៏​បាន​ដឹង​ច្បាស់​ដែរ។ ក៏​ប៉ុន្តែ អ្វី​ដែល​អ៊ីរ៉ង់​បាន​សម្រេច​នា​ពេល​នេះ គ្រាន់​តែ​ជា​និមិត្តរូប​មួយ​ដែល​ចង់​បង្ហាញ​ប្រាប់​គេ​ឯង​ថា អ៊ីរ៉ង់​មិន​មែន​ចេះ​តែ​នៅ​ស្ងៀម ទុក​បណ្តោយ​ឲ្យ​អ្នក​ដទៃ​ធ្វើ​អ្វី ស្រេច​តែ​នឹង​ចិត្ត​ទេ។

AIEA បន្ត​បេសកកម្ម​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់

ថ្ងៃ​ចន្ទ ទី២០ កុម្ភៈ​នេះ គណៈប្រតិភូ​មួយ​ក្រុម​របស់​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ​ហៅ​កាត់​ថា AIEA បាន​ផ្តើម​បេសកកម្ម​លើកទី ២ ដែល​មាន​រយៈពេល ២ថ្ងៃ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។ បេសកកម្ម​លើក​ទី ២​នេះ គឺ​ជា​បេសកកម្ម​បន្ត​ពី​បេសកកម្ម​លើក​ទី ១ កាល​ពី​ចុង​ខែ​មករា​កន្លង​ទៅ។ គោលដៅ គឺ​បន្ត​ស្វែង​រក​ដំណោះស្រាយ​តាម​ផ្លូវទូត​ឲ្យ​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ បេសកកម្ម​នេះ​បាន​ធ្វើ​ឡើង ចំ​ពេល​ដែល​សហគមន៍​អន្តរជាតិ​កាន់​តែ​មាន​មន្ទិលសង្ស័យ​ពី​សមត្ថភាព​របស់​អ៊ីរ៉ង់​ក្នុង​ការ​ផលិត​គ្រាប់​បែក​បរិមាណូ។ នៅ​ក្នុង​របាយការណ៍​របស់ AIEA ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​ទី៨ វិច្ឆិកា ២០១១ បង្ហាញ​ថា អ៊ីរ៉ង់​​បាន​អភិវឌ្ឍ ព្រមទាំង​ធ្វើ​ការ​សាកល្បង​លើ​បច្ចេកវិទ្យា​មួយ​ចំនួន ដែល​ជា​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​យោធា​សុទ្ធសាធ ដូច​ជា​ការ​សាកល្បង​ផលិត​​ឆ្នួន​បំផ្ទុះ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ជាដើម។

ដូច្នេះ ទំាង​បេសកកម្ម​របស់ AIEA លើកទី ១ ក៏​មិន​ខុស​ពី​បេសកកម្ម​លើកទី ២ ថ្ងៃ​នេះ​ដែរ គឺ​ព្យាយាម​លាតត្រដាង និង​ស្វែង​រក​ការ​ពិត​ទាក់ទង​នឹង​ភាព​មន្ទិលសង្ស័យ​ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់។ ម្យ៉ាង​ទៀត បេសកកម្ម​របស់ AIEA ថ្ងៃ​នេះ​ក៏​បាន​ធ្វើ​ឡើង មួយ​ថ្ងៃ បន្ទាប់​ពី​អៀរ៉ង់​បាន​ប្រាប់​ពី​បំណង​របស់​ខ្លួន ចង់​ឲ្យ​មាន​កិច្ចចរចា ៦ភាគី​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​របស់​ខ្លួន​ឡើង​វិញ​នា​ពេល​ឆាប់ៗ​ខាង​មុខ។

អាមេរិក​ព្រមាន​អ៊ីស្រាអែល​កុំ​ឲ្យ​វ៉ៃ​អ៊ីរ៉ង់

ប្រទេស​អ៊ីស្រាអែល​ដែល​ជា​សត្រូវ​នឹង​អ៊ីរ៉ង់ ហាក់​ដូច​ជា​កាន់​តែ​កំញើញ​វាយប្រហារ​ទីតំាង​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ដោយ​លើក​យក​ហេតុផល​ពី​សន្តិសុខ​ផ្ទាល់​ខ្លួន។ ក៏​ប៉ុន្តែ អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល​បាន​ព្យាយាម​ទប់​អ៊ីស្រាអែល​កុំ​ឲ្យ​វ៉ៃ​អ៊ីរ៉ង់ ដោយ​សំអាង​ថា វា​មិន​ទាន់​ដល់​ពេល​ទេ។ ប្រតិកម្ម​ភ្លាមៗ​របស់​ទីក្រុង​វ៉ាស៊ីតោន​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រទេស​អ៊ីស្រាអែល តាម​រយៈ​នាយសេនាធិការ​របស់​ខ្លួន​បាន​ប្រកាស​ថា​កាល​ពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លង​ទៅ​ថា អ៊ីស្រាអែល​នឹង​ធ្វើ​ការ​សម្រេចចិត្ត​វាយប្រហារ​ប្រទេស​អ៊ីរ៉ង់​ដោយ​ខ្លួន​ឯង។ អាមេរិក​ក៏​បាន​បញ្ជូន​នាយសេនាធិការ​របស់​ខ្លួន​ទៅ​កាន់​អ៊ីស្រាអែល និង​បាន​ព្យាយាម​ពន្យល់​អ៊ីស្រាអែល​ថា នៅ​មិន​ទាន់​ដល់​ពេល​វេលា​ដែល​ត្រូវ​ប្រើ​កម្លំាង​បាយ​វាយប្រហារ​អ៊ីរ៉ង់​ទេ។ តាម​ពិត​ទៅ អាមេរិក​ចង់​ព្រមាន​ប្រាប់​អ៊ីស្រាអែល​ថា អ្នក​ដែល​ត្រូវ​សម្រេច​ប្រើ​កម្លំាង​ទ័ព​វាយប្រហារ​អ៊ីរ៉ង់ មិន​មែន​អ៊ីស្រាអែល​ទេ។ ម្យ៉ាង​ទៀត មាន​មូលហេតុ​សំខាន់ ២ ​ដែល​អាមេរិក​មិន​ចង់​វ៉ៃ​អ៊ីរ៉ង់​ពេល​នេះ ទីមួយ៖ មក​ពី​អាមេរិក​ដែល​ជា​ភាគី​ចរចា​ម្នាក់ នៅ​ក្នុង​ចំណោម​ភាគី​ចរចា​ទំាង ៦​ប្រទេស​ពាក់ព័ន្ធ​នឹង​សំណុំរឿង​នុយក្លេអ៊ែរ​អ៊ីរ៉ង់ នៅ​តែ​មាន​ជំនឿ​លើ​ដំណោះស្រាយ​ដោយ​សន្តិវិធី។ ទីក្រុង​វ៉ាស៊ីនតោន​បាន​មើល​ឃើញ​ថា ការ​ដាក់ទ័ណ្ឌកម្ម​សេដ្ឋកិច្ច​តាម​គ្រប់​បែប​លើ​អ៊ីរ៉ង់ និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក បាន​និង​កំពុង​ហុច​លទ្ធផល​បន្តិច​ម្តងៗ​ហើយ។ មូលហេតុ​ទី ២៖ មក​ពី​អាមេរិក​សម្លឹង​ឃើញ​ផលវិបាក​ដែល​នឹង​អាច​កើត​មាន​ឡើង​ជា​យថាហេតុ ព្រោះ​ថា សង្រ្គាម​ជាមួយ​អ៊ីរ៉ង់​នឹង​បង្ក​ឲ្យ​មាន​អស្ថិរភាព​ក្នុង​តំបន់ ឬ​ក៏​អាច​រាលដាល​ទៅ​ជា​សង្រ្គាម​មួយ​ដែល​គេ​ពិបាក​គ្រប់គ្រង និង​ពន្លត់​វា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ