អានតួអត្ថបទ
អៀរ៉ង់-អ៊ីស្រាអែល

តើអ៊ីស្រាអែល​ចង់និង​អាចវាយ​ប្រហារ​ដោយខ្លួនឯង​ទៅលើ​អៀរ៉ង់​ដែរឬទេ?​

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ អាមេរិក​និង​អឺរ៉ុប​បាន​និង​កំពុង​បន្ត​ខ្នះខ្នែង​ទប់​ចិត្ត​អ៊ីស្រាអែល​កុំ​ឲ្យ​ធ្វើ​ប្រតិបត្តិការ​យោធា​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​អៀរ៉ង់។ ​ទន្ទឹម​នេះ ​អៀរ៉ង​កំពុង​បន្ត​ធ្វើ​សមយុទ្ធ ​ត្រៀម​ការពារ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​ខ្លួន។ រីឯ​មេ​បញ្ជា​ការ​កង​ទ័ព​អ៊ីស្រាអែល​វិញ គឺ​ឧត្តមសេនីយ៍​Benny Gantz បាន​ថ្លែង​របៀប​ជា​ការ​ព្រមាន​បា្រប់​ទីក្រុង​តេហេរ៉ង់​ដោយ​ប្រយោល​​ថា«អ៊ីស្រាអែល​ត្រូវ​តែ​ចេះ​ការពារ​ខ្លួន​ឯង ហើយ​ការ​ថែ​រក្សា​សន្តិសុខ​នៃ​ប្រទេស គឺ​ជា​ភារកិច្ច​របស់​យើង​ដែល​ជា​កង​ទ័ព»។ តើ​អ៊ីស្រាអែល​តែ​ឯង​មាន​សមត្ថភាព​យោធា​គ្រប់គ្រាន់​ដែរ​ឬ​ទេ ដើម្បី​វាយ​ប្រហារ​ទៅ​លើ​អៀរ៉ង់?

យន្តហោះប្រដេញរបស់​អ៊ីស្រាអែល
យន្តហោះប្រដេញរបស់​អ៊ីស្រាអែល © RFI
ផ្សាយពាណិជ្ជកម្ម

 

អ៊ីស្រាអែល​ដែល​ឡោមព័ទ្ធ​ដោយ​សត្រូវ​តាំង​ពី​ឆ្នាំ​១៩៤៨​មក​ម្ល៉េះ មិន​ដែល​រារែក​ឡើយ​ក្នុង​ការ​ធ្វើ​សង្គ្រាម និង​ធ្វើ​ប្រតិបត្តិការ​យោធា​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​យុទ្ធសាស្រ្ត​នានា​របស់​បណ្តា​ប្រទេស​សត្រូវ។ រដ្ឋ​ថ្មីថ្មោង​មួយ​នេះ​ដែល​ទើប​មាន​ចំណាស់​៦៤​ឆ្នាំ​ប៉ុណ្ណោះ បាន​ធ្វើ​សង្គ្រាម​ធំៗ​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​ក្នុង​តំបន់ ចំនួន​បួន​ដង​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​១៩៤៨ ១៩៥៦ ១៩៦៧ និង​១៩៧៣។ មិន​តែ​ប៉ុណ្ណោះ អ៊ីស្រាអែល​ក៏​ធ្លាប់​បាន​វាយ​ប្រហារ​ដែរ​ទៅ​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​របស់​អៀរ៉ាក់​នៅ​ឆ្នាំ​១៩៨១ និង​របស់​ស៊ីរី​នៅ​ឆ្នាំ​២០០៧។

ម្ល៉ោះ​ហើយ ក្នុង​ពេល​មួយ​ដែល​ប្រទេស​អៀរ៉ង់​កំពុង​លួច​ផលិត​អាវុធ​នុយក្លេអ៊ែរ និង​ក្នុង​ពេល​មួយ​ដែល​ទីក្រុង​តេហេរ៉ង់​ចេះ​តែ​គំរាម​ម្តង​ហើយ​ម្តង​ទៀត​ថា នឹង​លុប​បំបាត់​អ៊ីស្រាអែល​ចេញ​ពី​ផែនទី​ពិភពលោក ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​ទៅ​លើ​ទី​តាំង​នុយក្លេអ៊ែរ​របស់​ប្រទេស​អៀរ៉ង់ កំពុង​ក្លាយ​ជា​លទ្ធភាព​មួយ​ដែល​ពិបាក​ចៀសវាង។ ដូច​នេះ សំណួរ​ដែល​ចោទ​ឡើង​គឺ​មិន​មែន«តើ​អ៊ីស្រាអែល​អាច​នឹង​វាយ​ប្រហារ​ទៅ​លើ​អៀរ៉ង់​ដែរ​ឬ​ទេ?» តែ​គឺ «តើ​អ៊ីស្រាអែល​មាន​សមត្ថភាព​យោធា​គ្រប់គ្រាន់​ដែរ​ឬ​ទេ ដើម្បី​វាយ​ប្រហារ​ទៅ​លើ​អៀរ៉ង់​ដោយ​ខ្លួន​ឯង?»

បើ​មាន​មែន ប្រតិបត្តិការ​យោធា​របស់​អ៊ីស្រាអែល​នឹង​សំដៅ​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​ទាំង​បួន​របស់​អៀរ៉ង់ នោះ​គឺ​ទីតាំង​នុយក្លេអ៊ែរ​នៅNatanz នៅFordo នៅArak និង​នៅ​Ispahan។ គឺ​សុទ្ធសឹង​ជា​ចំណុច​យុទ្ធសាស្ត្រ​ដែល​មាន​ចម្ងាយ​ប្រមាណ​១ ៥០០​គ.ម យ៉ាង​តិច​ពី​ប្រទេស​អ៊ីស្រាអែល។ នេះ​ជា​បញ្ហា​ទីមួយ​ដែល​នឹង​ចោទ​ឡើង ពីព្រោះ​យន្តហោះ​ប្រដេញ​របស់​អ៊ីស្រាអែល គឺ​យន្តហោះ​ធុន F-151 និង​ធុនF-161 ដែល​អាច​ហោះ​ទៅ​មក​បាន​យ៉ាង​ឆ្ងាយ​៣០០០​គ.ម នឹង​ត្រូវ​ការ​ចាក់​សាំង​នៅ​លើ​អាកាស។ មិន​តែ​ប៉ុណ្ណោះ បើ​យោង​ទៅ​តាម​ពួក​អ្នក​ជំនាញ​យោធា​អាមេរិកាំង អ៊ីស្រាអែល​នឹង​ត្រូវ​ការ​ប្រើប្រាស់​យន្តហោះ​ប្រដេញ​មិន​តិច​ជាង​១០០​គ្រឿង​ទេ ដើម្បី​សង្ឃឹម​ថា​នឹង​អាច​ទទួល​ជោគជ័យ​បាន​នៅ​ក្នុង​ប្រតិបត្តិការ​យោធា​នេះ ហើយ​ជោគជ័យ​នេះ​ទៀត​សោត​គឺ​វា​មិន​ប្រាកដប្រជា​ទៅ​ទៀត។ ក៏​ប៉ុន្តែ ក្រុម​នាយ​ទាហាន​អ៊ីស្រាអែល​ដែល​ហាក់​ដូច​ជា​ចង់​ដាក់​សម្ពាធ​ចិត្តសាស្ត្រ​ទៅ​លើ​អៀរ៉ង់​កាន់​តែ​ខ្លាំង បាន​និយាយ​អះអាង​ថា​ការ​វាយ​ប្រហារ​ទៅ​លើ​អៀរ៉ង់ គឺ​ជា​ប្រតិបត្តិការ​មួយ​ដែល​មាន​លក្ខណៈ​ពិបាក តែ​ដែល​គេ​អាច​ធ្វើ​ទៅ​កើត។

ក្រៅ​ពី​បញ្ហា​ចម្ងាយ ក៏​មាន​ចោទ​ឡើង​ដែរ​បញ្ហា​ផ្លូវ​អាកាស​ដែល​កងទ័ព​អ៊ីស្រាអែល​ត្រូវ​ដោះស្រាយ​និង​ជ្រើសរើស។ អាច​មាន​សេណរីយ៉ូបី។ ទី​មួយ គឺ​ផ្លូវ​អាកាស​តាម​ច្រក​ប៉ែក​ខាង​ជើង​នៃ​ប្រទេស ច្រក​ដែល​នឹង​តម្រូវ​ឲ្យ​យន្តហោះ​ចម្បាំង​អ៊ីស្រាអែល​ហោះ​កាត់​តាម​ប្រទេស​តួកគី។ ទី​ពីរ គឺ​ផ្លូវ​អាកាស​តាម​ច្រក​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស ដោយ​ត្រូវ​ហោះ​កាត់​តាម​ប្រទេស​អារ៉ាប៊ីសាវឌីត។ និង​ទី​បី គឺ​ជា​ផ្លូវ​អាកាស ដែល​នឹង​តម្រូវ​ឲ្យ​មាន​ការ​ហោះហើរ​ឆ្លង​កាត់​តាម​ប្រទេស​ហ៊្សកដានី​និង​ប្រទេស​អៀរ៉ាក់។ សេណារីយ៉ូ​ចុង​ក្រោយ​មួយ​នេះ អាច​ជា​ជម្រើស​របស់​អ៊ីស្រាអែល​ពីព្រោះ​វា​ជា​ផ្លូវ​ជិត​ជាង​គេ ហើយ​បើ​មាន​ការ​អនុញ្ញាត​ពី​ប្រទេស​ ហ៊្សកដានី វា​គឺ​ជា​ការ​ស្រេច ដ្បិត​ប្រទេស​អៀរ៉ាក់​បច្ចុប្បន្ន​គ្មាន​ប្រព័ន្ធ​ការពារ​អាកាស​ទេ មាន​ន័យ​ថា យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​អាច​នឹង​ហោះ​កាត់​ដែន​អាកាស​របស់​ប្រទេស​នេះ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

ក្រៅ​ពី​បញ្ហា​ចម្ងាយ នៅ​មាន​បញ្ហា​ជុំវិញ​ប្រសិទ្ធភាព​នៃ​សព្វាវុធ​ទៀត។ តើ​គ្រឿង​សព្វាវុធ​របស់​អ៊ីស្រាអែល​អាច​ទម្លុះ​ផ្ទាំងស៊ីប​មួយ​ដែល​ឋិត​នៅ​ក្រោម​ដី​បាន​ដែរ​ឬ​ទេ ពីព្រោះ​ម៉ាស៊ីន​ប្រតិករ​នុយក្លេអ៊ែរ​របស់​អៀរ៉ង់ សុទ្ធ​តែ​ត្រូវ​បាន​កប់​ជ្រៅ​ក្រោម​ដី និង​ត្រូវ​បាន​ស្រោប​ការពារ​ដោយ​បេតុង​ទៅ​ទៀត?
ត្រង់​ចំណុច​នេះ និង​បើ​យោង​ទៅ​តាម​ពួក​អ្នក​ជំនាញ​ខ្លះ អ៊ីស្រាអែល​មាន​គ្រាប់បែក​ធុន​GBU-28 ដែល​ជា​គ្រាប់បែក​អាច​ទម្លុះ​បេតុង​បាន និង​ដែល​មាន​ទម្ងន់​រហូត​ដល់​ទៅ​២ ២៥០​គីឡូ ប៉ុន្តែ​គេ​មិន​ដឹង​ថា គ្រាប់​បែក​ប្រភេទ​នេះ អាច​ទម្លុះ​ជ្រៅ​ទៅ​ក្នុង​ដី​បាន​ប៉ុន្មាន​ម៉ែត្រ​ទេ។

និយាយ​រួម អ៊ីស្រាអែល​ដែល​មិន​អាច​បណ្តោយ​ឲ្យ​ទីក្រុង​តេហេរ៉ង់​ចំណេញ​ពេល​វេលា​ក្នុង​ការ​ផលិត​គ្រាប់បែក​បរមាណូ ពិត​ជា​ចង់​វាយ​ប្រហារ​ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​សំខាន់ៗ​របស់​អៀរ៉ង់។ ប៉ុន្តែ វា​ជា​ប្រតិបត្តិការ​យោធា​មួយ​សែន​ពិបាក បើ​សិន​ជា​អ៊ីស្រាអែល​ត្រូវ​ធ្វើ​ការ​វាយ​ប្រហារ​ដោយ​ខ្លួន​ឯង។ ប្រតិបត្តិការ​យោធា​នឹង​មាន​លក្ខណៈ​ងាយ​ស្រួល​និង​ប្រកប​ទៅ​ដោយ​ប្រសិទ្ធភាព​ខ្ពស់ បើ​សិន​ជា​អាមេរិក​និង​អ៊ីស្រាអែល​ពួត​ដៃ​គ្នា​វាយ​ប្រហារ​ទៅ​លើ​អៀរ៉ង់ ដោយសារ​ថា​អាមេរិក​អាច​នឹង​ប្រើប្រាស់​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​បារ៉ែន និង​នៅ​កៀហ្សីស៊ីស្ថាន។ មិន​តែ​ប៉ុណ្ណោះ អាមេរិក​ក៏​អាច​បាញ់​ពី​នាវា​ចម្បាំង​របស់​ខ្លួន​ប្រចាំ​នៅ​ក្នុង​តំបន់​មីស៊្សីល​ម្យ៉ាង​ដែល​ជា​ភាសា​អង់គ្លេស​គេ​ហៅ​ថា​Cruise ទៅ​លើ​ទីតាំង​នុយក្លេអ៊ែរ​របស់​អៀរ៉ង់។ ក៏​ប៉ុន្តែ ក្នុង​ខណៈ​នេះ ទីក្រុង​វ៉ាស៊ីនតោន​ដូច​ជា​មិន​ទាន់​ចង់​ប្រថុយប្រថាន​ធ្វើ​អន្តរាគមន៍​យោធា​ទៅ​លើ​ប្រទេស​សត្រូវ​មួយ​នេះ​របស់​ខ្លួន​នៅ​ឡើយ​ទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ