អានតួអត្ថបទ
អ៊ីរ៉ង់

នុយក្លេអ៊ែរ៖​ អ៊ីរ៉ង់​​ប្រកាស​​ប្រាប់ពី​​ការជឿនលឿន​​នៃ​កម្មវិធី​​បរមាណូ​ហើយត្រៀម​​ជាស្រេច​​នឹងចរចា​​

ប្រទេស​អ៊ីរ៉ង់​បាន​ប្រកាស​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ពី​ការជឿនលឿន​ថ្មីៗទៀត​ជាច្រើន​នៃ​កម្មវិធី​នុយក្លេអ៊ែរ​របស់ខ្លួន​ ​ ជាពិសេស​ពាក់ព័ន្ធ​នឹងការ​រៀបចំ​ឧបករណ៍​ centrifugeuses ​ឲ្យ​ប្រកបដោយ​ប្រសិទ្ធិភាព​ ​ ហើយនិង​ការផលិត​ឥន្ធនៈ​ចម្រើនធាតុ​២០%​។​ ទន្ទឹមគ្នានេះ​ ទីក្រុង​តេហេរ៉ង់​បាន​ថ្លែងថា​ ​ គេត្រៀម​លក្ខណៈ​ជាស្រេច​នឹង​ចាប់មាន​កិច្ចចរចា​ឡើងវិញ​ជាមួយ​ប្រទេស​មហាអំណាច។

​លោកប្រធានាធិបតី​អ៊ីរ៉ង់​ ​Mahmoud​ Ahmadinejad ​​និង​​អ្នកវិទ្យាសាស្ត្រ​​នុយក្លេអ៊ែរ​​អីរ៉ង់​​ជាច្រើននាក់​
​លោកប្រធានាធិបតី​អ៊ីរ៉ង់​ ​Mahmoud​ Ahmadinejad ​​និង​​អ្នកវិទ្យាសាស្ត្រ​​នុយក្លេអ៊ែរ​​អីរ៉ង់​​ជាច្រើននាក់​ Reuters / President.ir
ផ្សាយពាណិជ្ជកម្ម

ការចម្រើនធាតុ​ជាតិ​ uranium ​គឺជា​អធិករណ៍​ដ៏​សំខាន់​និងជា​យូរឆ្នាំ​មកហើយ​រវាង​ប្រទេស​អ៊ីរ៉ង់​និង​សហគមន៍​អន្តរជាតិ​ ​ ដែល​បារម្ភ​ខ្លាច​ក្រែង​កម្មវិធី​នុយក្លេអ៊ែរ​របស់​តេហេរ៉ង់​មាន​កម្មវត្ថុ​យោធា​ ​ ទោះបីជា​ប្រទេស​អ៊ីរ៉ង់​បាន​ឆ្លើយ​បដិសេធ​ដដែលៗ​យ៉ាងណាក្តី។

 
ទូរទស្សន៍​អ៊ីរ៉ង់​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃពុធ​ម្សិលមិញ​ដោយផ្ទាល់​បង្ហាញ​ឲ្យ​ឃើញ​នូវ​ ការយក​បន្ទះ​ឥន្ធនៈ​នុយក្លេងអ៊ែរ​ចម្រើនធាតុ​២០%​ដាក់​បញ្ចូល​ទៅក្នុង​ម៉ាស៊ីន​ប្រតិករ​ស្រាវជ្រាវ​នៅ​ទីក្រុង​តេហេរ៉ង់​ ​ ដែលផលិត​ isotopes ​សម្រាប់​អ្នកមាន​ជម្ងឺ​មហារីក។

ពិធីនេះ​បាន​ប្រព្រឹត្តទៅ​ដោយមាន​វត្តមាន​របស់​លោកប្រធានាធិបតី​អ៊ីរ៉ង់​ Mahmoud Ahmadinejad ​និង​ក្រុមគ្រួសារ​នៃ​អ្នកវិទ្យាសាស្ត្រ​នុយក្លេអ៊ែរ​អីរ៉ង់​ជាច្រើននាក់​ដែលបាន​ត្រូវ​គេ​ធ្វើឃាត​ ​ ហើយ​ដែល​ទីក្រុង​តេហេរ៉ង់​យល់ថា​ជាស្នាដៃ​របស់​ក្រុម​អ្នកយកការណ៍​សម្ងាត់​អាមេរិកាំង​និង​អ៊ីស្រាអែល។

ស្របគ្នានេះ​ លោកប្រធានាធិបតី​អ៊ីរ៉ង់​ Mahmoud Ahmadinejad ​បាន​ថ្លែងឲ្យ​ដឹងថា​ ​ កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​បាន​រៀបចំ​ឲ្យ​មាន​សកម្មភាព​​​នូវ​ ឧបករណ៍​ centrifugeuses ​ថ្មីទៀត​ប្រមាណ​៣ ០០០ ​នៅ​មជ្ឈមណ្ឌល​ចម្រើនធាតុ​នៅ​តំបន់​ Natanz (​ឋិតនៅប៉ែក​កណ្តាល​នៃ​ប្រទេស)​។​ ទាំងនេះ​ធ្វើឲ្យ​ ឧបករណ៍​ centrifugeuses ​របស់​អ៊ីរ៉ង់​កើនឡើង​ដល់ទៅ​៩ ០០០។

គួរកត់​សម្គាល់ថា​ ​ ការចេះ​ចម្រើន​ធាតុ​ឥន្ធនៈ​នុយក្លេអ៊ែរ​២០%​ដោយ​ប្រទេស​អ៊ីរ៉ង់​​នេះ​ បានធ្វើឲ្យ​ប្រទេស​លោកខាងលិច​មាន​ការ​ភ្ញាក់ផ្អើល​ ​ ដោយហេតុថា​ អ្នកដឹកនាំ​នៃ​ប្រទេស​លោកខាងលិច​តែង​យល់ថា​ ​ ទីក្រុង​តេហេរ៉ង់​នៅពុំទាន់​មាន​​សមត្ថភាព​គ្រប់គ្រាន់​ឡើយ​ក្នុង​ការ​ក្តោបក្តាប់​បច្ចេកវិទ្យា​ជាន់​ខ្ពស់​ក្នុង​វិស័យ​នុយក្លេអ៊ែរ។

សូមបញ្ជាក់ថា​ ​ ជាតិ​ uranium ​ចម្រើន​ធាតុ​តិចជាង​២០%​ត្រូវគេ​យកទៅប្រើ​នៅក្នុង​វិស័យ​ស៊ីវិល។​ ហើយបើ​ចម្រើន​ធាតុ​លើសពី​៩០%​ ​ នោះ​គេ​អាច​យកទៅ​ប្រើ​សម្រាប់​ផលិត​គ្រាប់បែក​បរមាណូ។
ហើយ​ការប្រកាស​របស់​លោកប្រធានាធិបតី​អ៊ីរ៉ង់​ Mahmoud Ahmadinejad ​នេះ​ធ្លាក់ចំ​ពេល​ដែល​ទីក្រុង​តេហេរ៉ង់​និង​ប្រទេស​មហាអំណាច​៥+១​ត្រូវ​ចាប់​ធ្វើ​កិច្ចចរចា​ឡើងវិញ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ