អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​បោះឆ្នោត​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់ ៖ វិញ្ញាសា​​ដ៏​​គ្រោះ​ថ្នាក់​​របស់​​រដ្ឋាភិបាលបារាំង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​នេះ ជា​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ ចំនួន ៦៤៥៥​ឃុំ​សង្កាត់ជុំ​ទីពីរ នៅ​ប្រទេស​បារាំង​។ គណបក្ស​ កាន់​អំណាច សង្គម​និយម ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ព្រោះ​អាច​នឹង​ទទួល​បរាជ័យ​ បាត់​បង់​​អំណាច​តាម​តំបន់ ព្រមទាំង​អាច​ឈាន​ដល់​​​ការ​រុះ​រើ​រដ្ឋាភិបាលផង។ គណបក្ស​ស្តាំ​និយមវិញ រីក​រាយ​​ស្រស់​ថ្លា​រង់ចាំ​លទ្ធផល ហើយ​គណបក្ស​រណសិរ្ស​ជាតិ ស្តាំ​និយម​ជ្រុល​ កាន់​តែ​មាន​មោទនភាព ចង់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ខ្លាំង​លើស​ជុំ​ទី​មួយ កាលពី​សប្តាហ៍មុន។ ការិយាល័យ​បាន​បើក​ទ្វារ​នៅម៉ោង​៨ព្រឹក រហូត​ដល់​ម៉ោង​៨​ល្ងាច សម្រាប់​រដ្ឋធានី​និង​ក្រុង​ធំៗ។ ​ចំនួន​អ្នក​អវត្តមាន​មិន​ទៅ​បោះឆ្នោត អាច​ប្តូរ​ផ្លាស់​ទិន្នន័យ​ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​បេក្ខជន​ឈរ​ឈ្មោះ​​គ្រប់រូប​​ ប្រឹង​បញ្ចុះ​បញ្ចូល​ប្រមូល​ប្រជាជន​​ឱ្យ​ទៅ​បោះឆ្នោត​​ ដើម្បី​ប្រមូលសំឡេង​បាន​ច្រើន។

ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជុំ​ទីពីរ ថ្ងៃទី ៣០ មីនា ២០១៤
ការ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ជុំ​ទីពីរ ថ្ងៃទី ៣០ មីនា ២០១៤ REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

ក្នុង​សម័យ​​​បោះឆ្នោតជុំ​ទី​មួយ សប្តាហ៍​មុន បាន​ប្រព្រឹត្ត​ទៅ​ជាមួយ​នឹង​ចំនួន​អ្នក​អវត្តមាន​​មិន​ទៅ​បោះឆ្នោត ច្រើន​បំផុត​មិន​ធ្លាប់​មាន​ទេ។ ហើយ​ជា​លទ្ធផល​ គណបក្ស​សង្គម​​និយម កាន់​អំណាច បាន​ទទួល​បរាជ័យ​យ៉ាង​ជូរ​ចត់។ នៅ​តាម​ឃុំ​សង្កាត់​ខ្លះ គណបក្ស​នេះ​ ធ្លាក់​ដល់​លំដាប់​ទីបី​​ផង។ តើ​និន្នាការ​នេះ​នឹង​បន្ត​មាន​នៅ​ជុំ​ទីពីរ​ទៀតឬ​ទេ ? តើ​អាច​មាន​ការ​ប្តូរ​ផ្លាស់​ទេ ប្រសិន​បើ​​មាន​អ្នក​ទៅ​ចូល​រួម​បោះឆ្នោតច្រើន​ជាង​ជុំ​ទី​មួយ ?

 
អត្រា​អ្នក​ចូលរួម​បោះឆ្នោត​​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ជុំ​ទីមួយ នៅ​ឆ្នាំ​២០១៤ មាន​ត្រឹម​តែ​៦៣,៥៥%​ប៉ុណ្ណោះ ពោល​គឺ​ជាចំនួន​ដ៏​តិច​តួច​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៥៩​មក។ សម្រាប់​ថ្ងៃ​នេះ បើ​តាម​ការ​ប៉ាន់​ប្រមាណ​ដំបូង នៅ​វេលា​ម៉ោង ១២​ថ្ងៃ​ត្រង់​មាន​តែ​បណ្តា​ជន​បារាំង តែ ១៩,៨% បាន​ទៅ​បោះឆ្នោត (ប្រៀប​ទៅនឹងឆ្នាំ​២០០៨ ២៣,៦%)។

ចុះ​តើ​ហេតុ​អ្វី​បាន​បណ្តា​ជន​បារាំង​កាន់​តែ​ច្រើនទៅៗ​មិន​ទៅ​បោះឆ្នោត​ដូច្នេះ ?
 
មាន​មូល​ហេតុ​ច្រើន​ណាស់​ ដែ​ល​អាច​ពន្យល់​អំពី​អវត្តមាន​នេះ បើ​តាម​ការ​ស្ទង់​មតិ គឺ​បណ្តា​មក​ពី​​ប្រជាជន​លែង​សូវ​ចាប់​អារម្មណ៍​នឹង​នយោបាយ គ្មាន​ទំនុក​ចិត្ត​ លើ​អ្នក​នយោបាយ ការ​មិន​ពេញ​ចិត្ត​​លើ​រដ្ឋាភិបាល ឬ​លើ​ប្រធានាធិបតី។​

​ម្ចាស់​ឆ្នោត​អ្នក​ឆ្វេង​និយម ឬ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ដែលមិន​សូវ​ខ្វល់​ខ្វាយ​ទៅ​បោះឆ្នោត ​អត្រា​អវត្តមាន​មាន​កំរិត​ខ្ពស់​ជាង​មធ្យមភាគ​ជាតិ។ ប៉ុន្តែ​នេះ​មិន​មែន​ជាអភូត​ចម្លែក​អ្វី​ទេ ព្រោះ​ជា​ទូទៅក្រុម​បក្ស​ប្រឆាំង​តែង​ស្វាហាប់​ទៅ​បោះឆ្នោត​ណាស់។ តាំង​ពី​ឆ្នាំ​១៩៧៨​មក គេ​មិន​ដែល​ឃើញ​គណបក្ស​កាន់​អំណាច​ឈ្នះ​ ក្នុង​សម័យ​បោះឆ្នោត​ពាក់​កណ្តាលអាណត្តិ ឬ​ឃុំ​សង្កាត់​ទេ។ សកម្មជន​បក្ស​ តែង​ព្រមាន​រដ្ឋាភិបាល​ តាម​រយៈ​ការ​បោះឆ្នោត​អនុបវាទ ឬ​បោះឆ្នោត​ឱ្យ​ក្រុម​ផ្សេង។

អ្នក​ស្ទង់​មតិ មិន​អាច​ វាស់​វែង​ ការ​ប្តូរ​ផ្លាស់​ឥវិយាបថ​​បោះឆ្នោត​បាន​ទេ។ ហើយ​ម្យ៉ាង​ទៀត នៅ​ចន្លោះ​ពេល​មួយសប្តាហ៍ គឺ​ពី​ជុំ​ទី​មួយ​ទៅ ជុំ​ទីពីរ​នេះ មាន​សកម្មភាព​នយោបាយ​ខ្លាំង​ណាស់។ សេចក្តី សម្រេច​ចិត្ត​របស់​បុគ្គល​ម្នាក់​ គឺ​ពិត​ជា​ពិបាក​វាស់​ស្ទង់ ប៉ុន្តែ​នៅ​ក្នុង​ប្រវត្តិ​នៃ​ការ​បោះឆ្នោត ចំនួន​អ្នក​ចូល​រួម​បោះឆ្នោត​ មិន​សូវ​ប្រែ​ប្រួល​ខុស​គ្នា ពី​ជុំ​ទីមួយ ទៅ​ជុំ​មួយ​ទៀត​ទេ។ ហើយ​ក៏​ជាការ​កម្រ​ដែរ ដែល​ការ​បោះឆ្នោត​ជុំ​ទីពីរ​ប្តូរ​ក្រឡាប់​ចាក់លទ្ធផល​​ខុស​ពី​ជុំ​ទី​មួយ​នោះ។

នេះ​ជា​គ្រោះ​ថ្នាក់ ដែល​គណបក្ស​កាន់​អំណាច​សង្គម​និយម​ កំពុង​ប្រឈម និង​ត្រូវ​កំរិត​ឱ្យ​បាន។ គណបក្ស​ កាន់​អំណាច អាច​នឹង​ត្រូវ​បាត់​បង់​ឃុំ​សង្កាត់​ជាច្រើន ទៅ​ឱ្យខាង​គណបក្ស​ប្រឆាំង​ស្តាំ​និយម UMP ឬ​គណបក្ស​​ស្តាំ​ជ្រុលនិយម​រណសិរ្ស​ជាតិ FN។ ជាមួយ​នឹង​បរាជ័យ​ បាត់​បង់​​អំណាច​តាម​មូលដ្ឋាន ការ​រុះ​រើ​រដ្ឋាភិបាល ត្រូវ​បាន​គេ​មើល​ឃើញ​កាន់​​តែ​ច្បាស់​ឡើងៗ។

តើ​ហេតុអ្វី​បាន​ជាបក្ស​ក្រុម​ជ្រុលនិយម​បារាំង​ឡើង​ខ្លាំង​ ?

ដូច​យើង​ធ្លាប់​បាន​ជូន​ជា​ព័ត៌មាន​ស្រាប់ ថា​គណបក្ស​ស្តាំ​ជ្រុល​និយម របស់​លោកស្រី ម៉ារីន ឡឺប៉ែន បាន​ឈ្នះ​ឆ្នោត ក្លាយ​ជា​មេ​ឃុំ​ ម្នាក់ តាំង​ពី​ជុំ​ទី​មួយ និង​នាំ​មុខ​នៅក្នុង​ឃុំ​ជាង​ដប់ទៀត នៅ​ជុំ​ទីពីរ ព្រម​ទាំង​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ ជាង​ពីរ​រយ​ឃុំ​សង្កាត់​ផ្សេង​ទៀត។ គណបក្ស​នេះ​កំពុង​ពង្រឹង​វត្តមាន និង​ជំហរ ឱ្យ​ក្លាយ​ជា​បក្ស​នយោបាយ​មួយ ដែល​មាន​ឥទ្ធិពល​និង​អំណាច​ តាំង​ពី ថ្នាក់​មូលដ្ឋាន ​ទៅ​ថ្នាក់​តំបន់​រហូត​ដល់​ថ្នាក់​ជាតិ​និង​ថ្នាក់​អឺរ៉ុប។ លោកស្រី​ម៉ារីន ឡឺប៉ែន ប្រធាន​គណបក្ស​សង្ឃឹម​ថា​នឹង​អាច​បញ្ចូល​សមាជិក​ជាង​មួយ​ពាន់​នាក់​ ក្នុង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដើម្បី​អាច​ចាក់​ឬស​ចាក់​គល់​នយោបាយ។

គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​ បាន​​ទម្លាក់​កំហុស​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ថា​ជា​បុព្វហេតុ​នាំ​ក្រុម​អ្នក​ជ្រុល​និយម​ឡើង​ខ្លាំង។ រវាង​អសន្តិសុខ​ អស្ថិរភាព​សង្គម អន្តោប្រវេសន៍ រដ្ឋាភិបាល​ស្ទុយៗគ្មាន​ប្រសិទ្ធិភាព បក្ស​ប្រឆាំង​ហែកហួរគ្នា និងមាន​​រឿង​អាស្រូវច្រើន រវាង​ការ​បោះឆ្នោត​ព្រមាន អនុបវាទ ឬ​អវត្តមាន អស់​ទំនុកចិត្ត ផល​ចំណេញ​គឺ​ពិត​ជា​ធ្លាក់​ទៅ​ក្នុង​ដៃ​អ្នក​ជ្រុល​និយម​ហើយ។ ម្យ៉ាង​ទៀត ក្នុង​ភូមិ​ឃុំ​ដែល​បក្ស​ជ្រុល​និយម​ឈ្នះ គេ​សង្កេត​ឃើញ​អត្រា​អ្នក​បោះឆ្នោត​មាន​កំរិត​ខ្ពស់​ណាស់។

តាំង​ពី​លោកស្រី ម៉ារីន ឡឺប៉ែន ក្លាយ​ជា​ប្រមុខ​ដឹកនាំ​បក្ស​មក លោកស្រី បាន​ពង្រាយ​វត្តមាន​បក្ស​នៅ​ពេញ​ផ្ទៃ​ប្រទេស និង​ប្រមូល​សកម្មជន​​ក្មេងៗ​​ ដាក់​បញ្ចូលក្នុង​បញ្ជី​បោះឆ្នោត​ជាមួយ​សកម្មជន​ចាស់​មាន​បទ​ពិសោធន៍​ ព្រមទាំង​តាំង​ខ្លួនជា​បក្ស​ប្រឆាំង​នយោបាយ​ និង​ជា​ចរន្ត​ទីបី​នៅក្នុង​ឆាក​នយោបាយ​បារាំង។

ប៉ុន្តែ​បើ​ឱ្យ​​អ្នក​ជ្រុល​និយម​ដឹកនាំ​ប្រទេស ដឹកនាំ​ឃុំ​សង្កាត់​ នោះ​​មិន​វីវរ​ធំ​ហើយ ?!

 
វា​មិន​មែន​ជា​ប្រការ​ល្អទេ ដែល​ត្រូវ​ឱ្យ​អ្នក​មាន​គំនិត​ជ្រុល​និយម ឬ​ជាតិ​និយម​ជ្រុល​ដឹក​នាំ​ប្រទេស​នោះ។ ពាក្យ​ថា​ជ្រុល​ គឺ​មិន​ល្អទេ ! បណ្តា​ជ​ន​ទូទៅ​ សុទ្ធ​តែ​ខ្លាច​រអាគ្រប់គ្នា។ ការ​ងាក​ទៅ​រក​ក្រុម​ជ្រុលនិយម​ដើម្បី​ដាក់​តឿន​អ្នក​ដឹកនាំ​នយោបាយ​ឱ្យ​កំរើក​ឡើង តែ​ក៏​អាច​ជា​អាវុធ​មុខ​ពីរ។ កាលពី​ឆ្នាំ​១៩៩៥ បារាំង​ធ្លាប់​មាន​មេឃុំ​ម្នាក់​ជា​​អ្នក​ស្តាំ​ជ្រុល​និយម ដែល​ពេល​នោះ ​ឃុំ​សង្កាត់​បាន​កាត់​ជំនួយ​ឧបត្ថម្ភ​ ព្រោះ​តែ​មិន​មែន​ជា​ជនជាតិ​បារាំង​សុទ្ធ។ ក្រុម​អ្នក​ជាតិ​ជ្រុល​និយម គឺ​ប្រឆាំង​នឹង​សកលោកភាវូបនីកម្ម ប្រឆាំង​នឹង​វប្បធម៌បរទេស ... ចំណាត់ការ​ដឹក​នាំ​ប្រទេស ក៏​ចេះ​តែ​ជ្រុល ទៅ​តាម​បែប​ជ្រុល​និយម​។

គណបក្ស​ស្តាំ​ជ្រុល​និយម​នេះ កំពុង​ប្រឹង​កែ​លម្អ​រូបភាព​បក្ស​ និង​ចង់​បង្ហាញ​បណ្តាជន​ថា​គេ​អាច​ដឹកនាំ​ប្រទេស​ដោយ​បែប​ផ្សេង ពោល​គឺ​មិន​ស្ថិត​នៅ​ប៉ូល​ ស្តាំ ឬ​ឆ្វេង​និយម​ តែ​ពីរទិស​នោះ​ទេ។ លុប​បំបាត់​ចោល​គំនិត​ចាស់​គំរិល ខ្លាច​បក្ស​ជ្រុល​និយម​ ព្រោះ​បក្ស​នេះ​ចេះ​តែ​បំប៉ោង និង​បន្លាច​ប្រជាជន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ