អានតួអត្ថបទ
ក្រិក

ហេតុអ្វី​បានជា​ក្រិក​ធ្លាក់​ផុងខ្លួន​ក្នុង​វិបត្តិ​ប្រាក់បំណុល​ដូច​សព្វថ្ងៃ​នេះ?

បំណុល​របស់​រដ្ឋាភិបាល​ក្រិក​​ គិតជា​សរុប មាន​ប្រមាណ​ ៤៨៥ពាន់លាន​ដុល្លារ (​ជាង ១៤០% នៃ​ផលិតផល​ក្នុង​ស្រុកសរុប)។ បើទោះជា​សហភាព​អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​បាន​សម្រេច​ផ្តល់​ជំនួយ​រាប់រយពាន់លាន​ដុល្លារ​រួចហើយ​ក៏ដោយ ក៏​​ក្រិក​នៅតែ​មិនទាន់​ឃើញ​ពន្លឺ​ចេញ​ពី​វិបត្តិ​ប្រាក់​បំណុល​នៅឡើយ។ បន្ថែម​ពីលើ​នេះ​ទៀត ក្រិក​កំពុង​តែ​ធ្លាក់​ក្នុង​វិបត្តិ​នយោបាយ​ថែមទៀត ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​គិតថា ក្រិក​អាច​នឹង​ត្រូវ​ក្ស័យធន ហើយ​ត្រូវ​បង្ខំ​ចិត្ត​ចេញ​ពី​តំបន់​អឺរ៉ូ។ តើ​ហេតុអ្វី​បាន​ជា​ក្រិក​ធ្លាក់​ផុងខ្លួន​ដល់​កម្រិត​នេះ?

លោក George Papandreou នាយករដ្ឋមន្រ្តី​ក្រិក
លោក George Papandreou នាយករដ្ឋមន្រ្តី​ក្រិក REUTERS/Thierry Roge
ផ្សាយពាណិជ្ជកម្ម

ក្រិក​មានទម្លាប់​ចាយ​ច្រើន​ជាង​ចំណូល​តាំង​ពី​យូរណាស់មកហើយ ពោល​គឺ តាំង​ពីមុន​ចូល​ជា​សមាជិក​តំបន់​ចាយលុយ​អឺរ៉ូ​ម៉្លេះ។

ថ្វីដ្បិត​តែ​​ស្ថិត​ក្នុង​ចំណោម​ប្រទេស​អភិវឌ្ឍ ក៏ប៉ុន្តែ ក្រិក​​ជា​ប្រទេស​មាន​អំពើ​ពុករលួយ​ច្រើន។ ក្នុង​ចំណោម​សហភាព​អឺរ៉ុប ក្រិក​ជា​ប្រទេស​ជាប់លេខ​១ ខាង​ពុករលួយ។ អំពើ​ពុករលួយ បូកផ្សំ​នឹង​ការ​ប្រមូលពន្ធ​មិនបាន​ហ្មត់ចត់​​ធ្វើ​ឲ្យ​រដ្ឋ​បាត់បង់​ប្រាក់ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុងមួយ​ឆ្នាំៗ។

ក្នុងពេល​ដែល​មិនសូវ​មាន​ប្រាក់ចំណូល រដ្ឋាភិបាល​ក្រិក​មាន​មុខ​ចំណាយ​ច្រើន​ហួស​ពី​សមត្ថភាព ជាពិសេស ការចំណាយ​ទៅលើ​បៀវត្សរ៍​មន្រ្តី​រដ្ឋការ។ មន្រ្តី​រដ្ឋការ​ក្រិក​មាន​ចំនួន​ច្រើន​ហួស​ពី​តម្រូវការ ហើយ​​​ទទួល​ប្រាក់បៀវត្សរ៍ និង​ប្រាក់​​រង្វាន់​ប្រចាំ​ឆ្នាំ​ច្រើន (ក្នុងមួយឆ្នាំ​មន្រ្តី​រដ្ឋការ​ក្រិក​ទទួលបាន​ប្រាក់​បៀវត្សរ៍​រហូតដល់​ទៅ ១៤ខែ)។ ម្យ៉ាងទៀត ដោយសារ​មាន​ជម្លោះ​រ៉ាំរ៉ៃ​ជាមួយ​ប្រទេស​តួកគី ក្រិក​បាន​ចំណាយ​លុយ​យ៉ាងច្រើន​ទៅលើ​វិស័យ​ការពារជាតិ។

លុយ​ដែល​រដ្ឋាភិបាល​ក្រិក​យក​មក​ចាយ​លើ​មុខចំណាយ​ទាំងនេះ គឺ​បាន​មក​ពី​ការ​ខ្ចី​បំណុលគេ។

នៅឆ្នាំ​២០០១ ​ក្រិក​បាន​ចូល​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ។ អឺរ៉ូ​ជា​រូបិយបណ្ណ​​មាន​ស្ថិរភាព ហើយ​ប្រើប្រាស់​ដោយ​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន (ដូចជា អាល្លឺម៉ង់ និង​បារាំង ជាដើម)។ អត្រាការប្រាក់​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ​ក៏​មាន​កម្រិត​ទាប ហើយ​អ្នកវិនិយោគ​ក៏​មាន​ទំនុកចិត្ត​ក្នុងការ​វិនិយោគ​ក្នុង​តំបន់​អឺរ៉ូ។ ដោយសារ​តែ​ការខ្ចីលុយ​មាន​ភាព​ងាយស្រួល ហើយ​មាន​អត្រា​ការប្រាក់​ទាប​បែបនេះ រដ្ឋាភិបាល​ក្រិក​ក៏​​បង្កើន​ការខ្ចីលុយ​គេ​យក​មកចាយ​កាន់តែ​ច្រើន​ថែមទៀត។

នៅឆ្នាំ​២០០៤ រដ្ឋាភិបាល​ក្រិក ​ដែល​កំពុង​តែ​មិនសូវ​មានលុយ​ស្រាប់ផង​នោះ ​បាន​ខ្ចីលុយ​គេ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ ដើម្បី​យក​មក​រៀបចំ​ការ​ប្រកួត​កីឡា​អូឡាំពិច។

នៅក្រោយ​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​ឆ្នាំ​២០០៨ សេដ្ឋកិច្ច​ក្រិក​បាន​ធ្លាក់​ដុនដាប ធ្វើ​ឲ្យ​ប្រាក់ចំណូល​រដ្ឋ​ធ្លាក់ចុះ​កាន់តែ​ខ្លាំង ចំណែក​មុខចំណាយ​មានកាន់តែ​ច្រើន។ ក្រិក​ត្រូវការ​លុយ​​កាន់តែច្រើន​ ដើម្បី​ជួយ​ប្រជាជន​ដែល​អត់ការងារធ្វើ និង​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឲ្យ​ចេញ​ពីវិបត្តិ។ ក៏ប៉ុន្តែ នៅពេលនោះ ក្រិក​លែង​អាច​ខ្ចីលុយ​គេ​បាន​ស្រួល​ដូចមុន​ទៀត​ហើយ។ ម្យ៉ាង​ អ្នកវិនិយោគ​ ដែល​បារម្ភ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក ចាប់ផ្តើម​មានការ​ប្រយ័ត្នប្រយែង​ក្នុង​ការ​វិនិយោគ។ ម្យ៉ាងទៀត បំណុល​ចាស់​របស់​ក្រិក​ក៏​មាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់ដែរ ដែល​ជា​ហេតុធ្វើ​ឲ្យ​គេ​បារម្ភ​​ខ្លាច​ក្រិក​គ្មាន​លទ្ធភាព​សង។

មុខចំណាយ​ក៏​មាន​ច្រើន ឯ​លុយ​ចំណូល​ក៏មិនសូវមាន។ បំណុល​ថ្មី​ក៏​ពិបាក​ខ្ចី ចំណែក​បំណុល​ចាស់​ក៏​មាន​ច្រើន ហើយ​ខ្លះ​ក៏​ត្រូវ​ដល់​ពេលសង។ ក្រិក​ក៏​ត្រូវ​ប្រឈមមុខ​នឹង​ការ​ក្ស័យធន។

ដើម្បី​ទប់កុំ​ឲ្យ​ក្រិក​ក្ស័យធន ប្រទេស​ចាយលុយ​អឺរ៉ូ រួមជាមួយ​នឹង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) ក៏​បាន​សុខចិត្ត​ផ្តល់​លុយ​​រាប់រយពាន់លាន​ដុល្លារ​ឲ្យ​ក្រិក​ខ្ចី ដោយ​យក​ការប្រាក់​ទាប។ ជាថ្នូរមកវិញ គេ​ទាមទារ​ឲ្យ​ក្រិក​កាត់បន្ថយ​ការ​ចំណាយ​របស់​រដ្ឋ និង​បង្កើន​ពន្ធ ដើម្បី​បង្កើន​ប្រាក់​ចំណូល។ ការ​ចាត់​វិធានការ​កាត់បន្ថយ​ចំណាយ និង​បង្កើន​ពន្ធ​នេះ​​បាន​ធ្វើ​ឲ្យ​ប្រជាជន​ក្រិក​មាន​ការ​ខឹងសម្បារ​យ៉ាងខ្លាំង ហើយ​នាំគ្នា​ធ្វើ​កូដកម្ម និង​បាតុកម្ម​​ស្ទើរតែ​រៀងរាល់ថ្ងៃ។ នៅ​ក្នុង​បាតុកម្ម​ខ្លះ ថែមទាំង​មាន​ការ​ប៉ះទង្គិច​ជាមួយ​ប៉ូលិស​ទៀតផង ដែល​ជា​ហេតុធ្វើ​ឲ្យ​បាតុករ​ផ្ទុះ​កំហឹង​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត។

ក្នុង​ស្ថានភាព​បែបនេះ គណបក្ស​ប្រឆាំង​ក្រិក​ក៏​ឆ្លៀតឱកាស​ទាញ​យក​ផលចំណេញ​ផ្នែក​នយោបាយ ដោយ​ទាមទារ​ឲ្យ​រំលាយ​រដ្ឋសភា​ចោល ហើយ​រៀបចំ​ការបោះឆ្នោត​មុន​កាលកំណត់ ដោយពួកគេ​ដឹង​ថា ប្រសិន​បើ​រៀបចំ​បោះឆ្នោត​នៅពេលនេះ ពួកគេ​ប្រាកដ​ជា​ឈ្នះ ព្រោះ​ប្រជាជន​កំពុង​តែ​ស្អប់​រដ្ឋាភិបាល។ ការយក​ផលប្រយោជន៍​នយោបាយ​ជា​ធំ​បែបនេះ​ កំពុងតែ​បង្ក​​ជា​ឧបសគ្គ​ដ៏ធំ​ ក្នុងការ​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល​ក្រិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ