អានតួអត្ថបទ
ក្រិក

វិបត្តិ​ប្រាក់​បំណុល៖ ក្រិក​លុបចោល​គម្រោង​បោះឆ្នោត​ប្រជាមតិ​លើ​ជំនួយ​របស់​អឺរ៉ុប

នៅថ្ងៃ​សុក្រ ៤ វិច្ឆិកា ២០១១​នេះ រដ្ឋាភិបាល​ក្រិក​បាន​ប្រកាស​ជាផ្លូវការ​លុបចោល​គម្រោង​បោះឆ្នោត​ប្រជាមតិ លើ​ផែនការ​ជំនួយ​របស់​អឺរ៉ុប។ រដ្ឋាភិបាល​ក្រិក​បាន​ផ្លាស់ប្តូរ​ជំហរ​នេះ ក្រោយ​ពី​​មេដឹកនាំ​បារាំង និង​អាល្លឺម៉ង់​បាន​ព្រមាន អំពី​ជោគវាសនា​របស់​ក្រិក ក្នុង​តំបន់​អឺរ៉ូ។ ម្យ៉ាងទៀត រដ្ឋាភិបាល​របស់​លោក​ George Papandreou ក៏​ប្រឈមមុខ​នឹង​ការ​​ដក​សេចក្តីទុកចិត្ត​ពី​រដ្ឋសភា​ផងដែរ។

លោក George Papandreou នាយករដ្ឋមន្រ្តី​ក្រិក នៅក្នុង​អង្គប្រជុំសភា ថ្ងៃទី៣ វិច្ឆិកា ២០១១
លោក George Papandreou នាយករដ្ឋមន្រ្តី​ក្រិក នៅក្នុង​អង្គប្រជុំសភា ថ្ងៃទី៣ វិច្ឆិកា ២០១១ ©Reuters
ផ្សាយពាណិជ្ជកម្ម

កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ លោក​ George Papandreou នាយករដ្ឋមន្រ្តី​ក្រិក​បាន​ថ្លែង​នៅ​ក្នុង​រដ្ឋសភា​ថា លោក​នឹង​សុខចិត្ត​លុបចោល​គម្រោង​បោះឆ្នោត​ប្រជាមតិ​វិញ ប្រសិន​បើ​គណបក្ស​ប្រឆាំង​សុខចិត្ត​បោះឆ្នោត​គាំទ្រ ផែនការ​ដោះស្រាយ​វិបត្តិ​ប្រាក់​បំណុល ដែល​អនុម័ត​ដោយ​ប្រទេស​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ កាលពីថ្ងៃ​ទី២៧ តុលា។ នៅថ្ងៃ​សុក្រ​នេះ ឧបនាយករដ្ឋមន្រ្តី​ក្រិក​បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​បញ្ជាក់​ជាផ្លូវការ​ថា គម្រោង​បោះឆ្នោត​ប្រជាមតិ​ត្រូវ​បាន​លុប​ចោល​វិញ​ហើយ។

គួររំឭក​ថា គម្រោង​បោះឆ្នោត​ប្រជាមតិ​នេះ ត្រូវបាន​​នាយករដ្ឋមន្រ្តី​ក្រិក​​ប្រកាសឲ្យដឹង កាលពី​ថ្ងៃ​ចន្ទ។ ការ​ប្រកាស​ដ៏គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​បាន​បណ្តាល​ឲ្យ​ទីផ្សារ​មូលបត្រ​​ច្រួលច្របល់​ស្ទើរតែ​គ្រប់កន្លែង។

នៅថ្ងៃពុធ ប្រមុខដឹកនាំ​បារាំង និង​អាល្លឺម៉ង់​បាន​ព្រមាន​ក្រិក​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​ប្រជាមតិ​នេះ​នឹង​កំណត់​ជោគវាសនា​របស់​ក្រិក​ នៅ​ក្នុង​តំបន់​ចាយលុយ​អឺរ៉ូ។ ប្រសិនបើ​ក្រិក​បដិសេធ​មិនទទួល​យក​ផែនការ​ដែល​បាន​ព្រមព្រៀង​គ្នា កាលពីថ្ងៃទី២៧ តុលា​នេះទេ ក្រិក​មិនអាច​បន្ត​ស្ថិត​នៅ​ជា​សមាជិក​តំបន់​អឺរ៉ូ​ទៀត​បានទេ។ អឺរ៉ុប និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) បានសម្រេច​ផងដែរ​ថា​នឹងផ្អាក​​រាល់​ការផ្តល់​ឥណទាន​ទាំងអស់​ទៅ​ឲ្យ​ក្រិក រហូតដល់​ក្រិក​អនុម័ត​ផែនការ​ថ្ងៃ២៦តុលា។ ទឹកប្រាក់​ចំនួន ៨ពាន់លាន​អឺរ៉ូ ដែល​គេ​គ្រោង​នឹង​ផ្តល់​ទៅឲ្យ​ក្រិក នៅ​ក្នុង​ខែវិច្ឆិកា​នេះ​ក៏​នឹង​ត្រូវ​ផ្អាកវិញ​ដែរ។

នៅក្នុង​ប្រទេស​ក្រិក​វិញ គម្រោង​រៀបចំ​​បោះឆ្នោត​ប្រជាមតិ ក៏​ប្រឈមមុខ​នឹង​ការ​ប្រឆាំង​យ៉ាងខ្លាំងក្លា​ដែរ។ សូម្បីតែ​សមាជិករដ្ឋាភិបាល និង​សមាជិកសភា​មក​ពី​គណបក្ស​កាន់អំណាច ក៏​ប្រឆាំង​នឹង​​ការបោះឆ្នោត​ប្រជាមតិ​នេះដែរ។ ដោយខ្វះសំឡេងគាំទ្រ​ក្នុង​រដ្ឋសភា លោក​ George Papandreou ត្រូវ​ប្រឈមមុខ​នឹង​ការ​​បោះឆ្នោត​ដកសេចក្តីទុកចិត្ត​ ដែល​គេ​នឹង​រៀបចំ​ធ្វើ នៅយប់ថ្ងៃ​សុក្រ​នេះ។

ដើម្បី​បញ្ចៀសវិបត្តិនយោបាយនេះ លោក Papandreou បាន​ប្រកាស​ថា លោក​សុខចិត្ត​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ​មួយ ជាមួយ​គណបក្ស​ប្រឆាំង ហើយ​បន្ទាប់មក​នឹង​រៀបចំ​ការបោះឆ្នោត​សភា​មុន​កាលកំណត់។ ក៏ប៉ុន្តែ មុននឹង​រៀបចំ​បោះឆ្នោត​ជ្រើសរើស​សមាជិក​សភាថ្មី សភា​ចាស់​ត្រូវតែ​អនុម័ត​ទទួល​យក​ផែនការ​ប្រាក់បំណុល​របស់​អឺរ៉ុប​ជាមុនសិន។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន នៅព្រឹកថ្ងៃ​សុក្រ​នេះ ឧបនាយករដ្ឋមន្រ្តី​ក្រិក​ក៏​បាន​ឲ្យដឹង​ផងដែរ​ថា នៅ​ក្នុង​ការ​បោះឆ្នោត​យប់នេះ រដ្ឋាភិបាល​នឹង​ទទួល​បាន​ការគាំទ្រ​ពី​រដ្ឋសភា​ ដើម្បី​បង្កើត​រដ្ឋាភិបាល​រួបរួមជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ