អានតួអត្ថបទ
ក្រិក-វិបត្តិហិរញ្ញវត្ថុ

ប្រជាមតិក្រិក​ធ្វើឲ្យ​តំបន់​អឺរ៉ូ​ភ័យជ្រួល​ស្លន់ស្លោ​

អឺរ៉ុប​បាន​ធ្លាក់​ទៅក្នុង​អស្ថិរភាព​ភ័យ​ជ្រួល​ច្របល់​កាលពី​ថ្ងៃអង្គារ​ម្សិលមិញ​ ​ ក្រោយពី​មាន​ការប្រកាស​ដោយ​លោក​នាយករដ្ឋមន្ត្រី​ក្រិក​ថា​​ ​ នឹង​​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​មួយ​ស្តីពី​ការអនុម័ត​ផែនការ​ដើម្បី​សង្គ្រោះ​ប្រទេស​ក្រិក​ដែល​សម្រេច​បាន​កាលពី​សប្តាហ៍​មុន​នៅ​ទីក្រុង​ព្រុចសែល។តើ​ប្រជាមតិ​ក្រិក​នេះ​អាចជះ​ចេញជា​ផលវិបាក​ធ្ងន់ធ្ងរ​យ៉ាងណា​ខ្លះ​ដល់​តំបន់​អឺរ៉ូ?

លោក​នាយករដ្ឋមន្ត្រី​ក្រិក​ Georgrs Papandréou
លោក​នាយករដ្ឋមន្ត្រី​ក្រិក​ Georgrs Papandréou ©​ REUTERS/Kerek Wongsa
ផ្សាយពាណិជ្ជកម្ម

លោក​នាយករដ្ឋមន្ត្រី​ក្រិក​ Georgrs Papandréou ​ប្រកាស​ធ្វើ​ប្រជាមតិ​នៅពេលនេះ​ ​ មកពី​លោកយល់ថា​ ​ ការត្រួត​ពិនិត្យ​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ​សាធារណៈ​របស់​ប្រទេស​ក្រិក​ដោយ​ ​ មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ​ FMI​ ​ សហភាព​អឺរ៉ុប​ ​ និង​ធនាគារ​កណ្តាល​អឺរ៉ុប​ធ្វើឲ្យ​ប៉ះពាល់​ដល់​អធិបតេយ្យ​របស់​ប្រទេស​ក្រិក។​ ហើយម្យ៉ាងទៀត​ ​ បើគ្មាន​ការ​ត្រួត​ពិនិត្យ​​ទាំងនេះ​ ​ ទីក្រុង​អាថែន​អាចនឹង​អនុវត្ត​វិធានការ​ត្បិតត្បៀត​របស់​ខ្លួន​បាន​ធូរស្រួល។

 
ការ​ប្រកាស​ដោយ​លោក​នាយករដ្ឋមន្ត្រី​ក្រិក​ Georgrs Papandréou ​ថា​ ​ នឹង​រៀបចំ​ឲ្យ​មាន​ការបោះឆ្នោត​ធ្វើ​ប្រជាមតិ​មួយ​ស្តីពី​ការអនុម័ត​ផែនការ​ដើម្បី​សង្គ្រោះ​ប្រទេស​ក្រិក​ដែល​សម្រេច​បាន​កាលពី​សប្តាហ៍​មុន​ ​ បាន​ធ្វើឲ្យ​ទីផ្សារ​ហិរញ្ញវត្ថុ​នៅទូទាំង​ពិភពលោក​ហើយនិង​ជាពិសេស​តំបន់​អឺរ៉ូ​ធ្លាក់​ទៅក្នុង​អស្ថិរភាព​ទាំងស្រុង។​ ដូច្នេះ​ហើយ​បាន​ជា​ប្រទេស​បារាំង​តាមរយៈ​ការថ្លែង​គូស​បញ្ជាក់​របស់​លោក​ប្រធានាធិបតី​នីកូឡា​សាកូហ្ស៊ី​ថា ​ “​ផែនការ​សង្គ្រោះ​ប្រទេស​ក្រិក​ដែល​សម្រេច​ជា​ឯកច្ឆ័ន្ទ​ដោយ​ប្រទេស​សមាជិក​ទាំង​១៧ប្រទេស​នៃ​តំបន់​អឺរ៉ូ​កាលពី​ថ្ងៃទី​២៦​តុលា​កន្លង​ទៅ​គឺ​ពិតជា​ច្រកចេញ​តែ​មួយគត់​សម្រាប់​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​ក្រិក"។

ដូច្នេះ​ ​ ជាផ្លូវការ​ ​ ការប្រកាស​ធ្វើ​ប្រជាមតិ​របស់​លោក​នាយករដ្ឋមន្ត្រី​ក្រិក​ពុំបាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ព្រុចសែល​ឡើយ។​ ក៏ប៉ុន្តែ​ អ្វីដែល​ប៉ះពាល់​គឺ​អាចមាន​ការ​អាក់ខាន​ក្នុង​ការ​ផ្តល់​ប្រាក់កម្ចី​ប្រមាណ​៨ពាន់លាន​អឺរ៉ូ​ដោយ​មូលនិធី​រូបិយវត្ថុ​អន្តរជាតិ​ FMI ​និង​ដោយ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន។​ ដោយហេតុថា​ ​ គេនឹង​ផ្តល់​ប្រាក់កម្ចី​៨ពាន់លាន​អឺរ៉ូ​នេះ​ឲ្យ​ប្រទេស​ក្រិក​ ​ លុះត្រាណា​តែ​ទីក្រុង​អាថែន​យល់ព្រម​អនុវត្ត​វិធានការ​ត្បិតត្បៀត​ហើយនិង​យល់ព្រម​ឲ្យ​មូលនិធិ​​រូបិយវត្ថុ​អន្តរជាតិ​ FMI ​ ​ សហភាព​អឺរ៉ុប​ ​ ហើយនិង​ធនាគារ​កណ្តាល​អឺរ៉ុប​ធ្វើការ​ត្រួត​ពិនិត្យ​ទៅលើ​វិស័យ​ហិរញ្ញវត្ថុ​សាធរណៈ​របស់​ខ្លួន។

គួរបញ្ជាក់ថា​ ​ វិធានការ​ផ្តល់​ជំនួយ​ឲ្យ​ប្រទេស​ក្រិក​ទាំង​អម្បាលមាណ​ដែល​ក្នុង​នោះ​មាន​ចំនួន​ទឹក​ប្រាក់​ប្រមាណ​១០០ប្លាយ​ពាន់លាន​អឺរ៉ូ​ដែល​មាន​គ្រោង​នៅ​ក្នុង​កិច្ចព្រមព្រៀង​អឺរ៉ុប​នៃ​ថ្ងៃទី​២៦តុលា​ឆ្នាំ២០១១​នោះ​ ​ នឹង​ត្រូវ​ព្យួរផ្អាក​សិន​ ​ ដោយ​គេ​ត្រូវ​រង់ចាំ​មើល​ប្រជាមតិ​ក្រិក​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ដើមឆ្នាំ​២០១២​ខាងមុខនេះ។​ ក៏​ប៉ុន្តែ​ រយៈពេល​រង់ចាំ​បីខែ​ជារយៈកាល​មួយ​ដ៏​សែន​យូរ​សម្រាប់​ទីផ្សារ​ហិរញ្ញវត្ថុ​និង​សម្រាប់​តំបន់​អឺរ៉ូ។

បើ​ប្រសិនជា​ប្រជាជន​ក្រិក​បោះឆ្នោត​បដិសេធ​ពុំព្រម​ទទួល​យក​កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ព្រុចសែល​កាលពី​ថ្ងៃទី២៦​តុលា​ឆ្នាំ២០១១​ទេ​ ​ នោះ​ធនាគារ​បារាំង​និង​ធនាគារ​អឺរ៉ុប​សំខាន់ៗ​មួយចំនួន​ដែល​បាន​ផ្តល់​ប្រាក់កម្ចី​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​ឲ្យ​ប្រទេស​ក្រិក​ច្បាស់ជា​ត្រូវ​បាត់បង់​ក្តី​សង្ឃឹម​ថា​នឹងអាច​ទារយក​ប្រាក់​បំណុល​របស់​ខ្លួន​បាន​មកវិញ​។​ គួរបញ្ជាក់ថា​ ​ ធនាគារ​បារាំង​និង​ធនាគារ​អឺរ៉ុប​ក៏​បាន​ផងដែរ​ផ្តល់​ប្រាក់កម្ចី​ជិត​៣៥ពាន់លាន​អឺរ៉ូ​ឲ្យ​ទៅ​ប្រទេស​អ៊ីតាលី​ ​ ហើយនិង​ប្រាក់កម្ចី​ដ៏​ច្រើន​ទៀត​ឲ្យ​ទៅ​ប្រទេស​អេស្ប៉ាញ​និង​ប្រទេស​ព័រទុយហ្កាល់។​ ហើយបើ​ធនាគារ​អឺរ៉ុប​ទាំងនោះ​គ្មាន​លទ្ធភាពនឹង​ទារយក​ប្រាក់​កម្ចី​បាន​មកវិញ​ទេ​ ​ នោះ​ពួកគេ​ច្បាស់ជា​ជួបនឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​សែន​ធ្ងន់ធ្ងរ។

គួរកត់សម្គាល់ថា​ ​ គ្រាន់តែ​កាលពី​ម្សិលមិញ​ ទីផ្សារ​មូលបត្រ​បាន​ធ្លាក់​ដួល​ដាំដូង​យ៉ាងខ្លាំង​ ​ ទីផ្សារ​ភាគហ៊ុន​នៅ​ទីក្រុង​ប៉ារីស​បាន​ស្រុតចុះ​អស់​-៥,៣៨%​ ​ ហើយ​តម្លៃ​ភាគហ៊ុន​នៃ​ធនាគារ​បារាំង​ក៏​បាន​ធ្លាក់​ស្រុត​ចុះ​យ៉ាង​សែន​ខ្លាំង​៖​ ធនាគារ​ Socièté Générale ​បាន​ធ្លាក់​បាត់បង់​អស់​-១៦,២%​ ​ ធនាគារ​ BNP ​Paribas បាន​ធ្លាក់​បាត់បង់​អស់​-១២%​ ​ ហើយនិង​ Crédit Agricole ​បាន​ស្រុតចុះ​អស់-១២,៥%។

ជំនួប​កំពូល​អឺរ៉ូប​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃទី​២៦តុលា​ឆ្នាំ២០១១​គឺ​រៀបចំ​ធ្វើឡើង​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ក្រិក​ ​ ហើយនិង​ដើម្បី​ជួយ​បញ្ចៀស​កុំឲ្យ​វិបត្តិ​ហិរញ្ញវត្ថុ​នេះ​រីករាលដាល​ឆ្លង​ទៅប្រទេស​អឺរ៉ុប​ដទៃទៀត។​ ក៏​ប៉ុន្តែ​ ​ ការ​ប្រកាស​បោះឆ្នោត​ធ្វើ​ប្រជាមតិ​ដោយ​លោក​នាយករដ្ឋមន្ត្រី​ក្រិក​នេះ​ ​ ច្បាស់​ជា​ក្លាយ​ទៅជា​កត្តា​ដ៏​សែន​អវិជ្ជមាន​មក​ជួយ​ជំរុញ​ប្រទេស​អឺរ៉ុប​ដែល​មាន​ស្ថានភាព​ហិរញ្ញវត្ថុ​ទន់ខ្សោយ​ដូចជា​ប្រទេស​អ៊ីតាលី​ ​ ឬ​ប្រទេស​អេស្ប៉ាញ​ឲ្យ​ធ្លាក់​ទៅក្នុង​ជ្រោះ​វិបត្តិ​ហិរញ្ញវត្ថុ​មួយ​ដ៏​គួរឲ្យ​បារម្ភ។​ ដោយហេតុថា​ ​ ប្រទេស​អ៊ីតាលី​ជា​មហាអំណាច​សេដ្ឋកិច្ច​ទី៣​នៅក្នុង​តំបន់​អឺរ៉ូ​ ​ ហើយប្រទេស​នេះ​មាន​ជាប់​ជំពាក់​បំណុល​គេ​វណ្ឌក​ ​ រីឯ​អត្រា​នៃ​កំណើន​សេដ្ឋកិច្ច​ទៀតសោត​ក៏​មាន​​យ៉ាងសែន​តិចតួច​បំផុត​សឹងតែ​សូន្យ​ទៅហើយ​ ​ ធ្វើម្តេច​ប្រទេស​អ៊ីតាលី​មាន​លទ្ធភាព​នឹង​ធ្វើការ​ប្រឈមមុខ​ទល់នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​ធ្ងន់ធ្ងរ​នេះកើត?

នៅក្នុង​ប្រជាមតិ​ ​ បើប្រសិនជា​ប្រជាជន​ក្រិក​បោះឆ្នោត​ប្រឆាំង​ពុំព្រម​ទទួល​យក​កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ព្រុចសែល​នៃថ្ងៃទី​២៦តុលា​ឆ្នាំ២០១១​ ​ នោះ​បញ្ហា​ធនក្ស័យ​ ​ ហើយនិង​បញ្ហា​ដើរចេញ​ពី​តំបន់​អឺរ៉ូ​ដោយ​ប្រទេស​ក្រិក​ពិតជា​នឹង​ត្រូវ​ចោទ​លេចឡើង​ជាពុំខាន់។

បើប្រសិនជា​ប្រទេស​ក្រិក​បដិសេធ​ពុំព្រម​អនុវត្ត​តាម​កិច្ចព្រមព្រៀង​នៃ​ទីក្រុង​ព្រុចសែល​ទេ​ ​ នោះ​ប្រទេស​នៃ​តំបន់​អឺរ៉ូ​នឹង​ត្រូវ​រុញច្រាន​ប្រទេស​ក្រិក​ឲ្យ​ដើរចេញ​ពី​តំបន់​អឺរ៉ូ។​ ហើយទាំងនេះ​ ក៏ជា​សារមួយ​ដែល​លោកប្រធានាធិបតី​បារាំង​សាកូហ្ស៊ី​និង​លោកស្រី​នាយករដ្ឋមន្ត្រី​អាល្លឺម៉ង់​នឹង​​ថ្លែង​ប្រាប់​លោក​នាយករដ្ឋមន្ត្រី​ក្រិក​ Georgrs Papandréou ​នៅ​ថ្ងៃនេះ។

គួរបញ្ជាក់ថា​ ​ បើប្រទេស​ក្រិក​ដើរចេញ​ពី​តំបន់​អឺរ៉ូ​មែន​ ​ នោះ​ទីក្រុង​អាថែន​នឹង​ត្រូវ​វិលត្រឡប់​ទៅ​យក​ប្រាក់​ក្រិក​ drachme ​មកប្រើ​ជំនួស​ប្រាក់​អឺរ៉ូ​វិញ​ ​ ហើយ​ប្រាក់​ក្រិក​ drachme ​ក៏​នឹង​ប្រហែល​ត្រូវ​បញ្ចុះ​តម្លៃ​ប្រមាណ​៥០%​។​ នៅពេលនោះ​ ​ ប្រទេស​ក្រិក​ក៏​នឹង​ធ្លាក់​ទៅក្នុង​វិបត្តិសេដ្ឋកិច្ច​និង​វិបត្តិ​ហិរញ្ញវត្ថុ​មួយ​ដ៏​ធ្ងន់ធ្ងរ។​ ណាមួយ​ត្រូវ​ធ្វើការ​ប្រឈមមុខ​ទល់នឹង​បញ្ហា​ហិរញ្ញវត្ថុ​ ​ ណាមួយ​ត្រូវ​ធ្វើការ​ប្រឈមមុខ​ទល់នឹង​បញ្ហា​ទំនិញ​ឡើងថ្លៃ។

បើ​ប្រទេស​ក្រិក​ដោះស្រាយ​វិបត្តិ​ហិរញ្ញវត្ថុ​និង​វិបត្តិ​សេដ្ឋកិច្ច​ពុំបាន​ ​ ហើយ​ស្ថានភាព​នៅតែ​ធ្ងន់ធ្ងរ​បែបនេះ​ ​ សភាព​ធនក្ស័យ​នៃ​ប្រទេស​ក្រិក​ច្បាស់ជា​ចៀស​ពុំ​រួច​ឡើយ។​ ហើយម្យ៉ាងទៀត​ ​ បើ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​និង​ប្រទេស​អឺរ៉ុប​ពុំ​ព្រម​ផ្តល់​ប្រាក់កម្ចី​៨ពាន់លាន​អឺរ៉ូ​នៅ​ពាក់​កណ្តាល​ខែវិច្ឆិកា​ឆ្នាំ២០១១​ទេ​ ​ តើ​ទីក្រុង​អាថែន​ទៅ​រក​ប្រាក់​ពី​ទីណា​មក​បើក​ប្រាក់​បៀវត្សរ៍​ជូន​មន្ត្រី​រដ្ឋការ​របស់​ខ្លួន?
ដូច្នេះ​ ​ សភាព​ធនក្ស័យ​របស់​ប្រទេស​ក្រិក​ពិត​ជា​ពិបាក​នឹង​ចៀសផុត។

នៅក្នុង​ស្ថានភាព​បែបនេះ​គេពុំអាច​ដឹងថា​ ​ តើ​ប្រាក់អឺរ៉ូ​នឹង​ត្រូវ​ក្លាយ​ទៅជា​យ៉ាងណា​នោះឡើយ។​ ក៏​ប៉ុន្តែ​ អ្វីដែល​ជាក់ច្បាស់​គឺ​អ្នក​ទិញ-លក់​កេង​យក​ចំណេញ​ច្បាស់ជា​នាំគ្នា​ធ្វើការ​វាយប្រហារ​ទៅលើ​ប្រាក់​អឺរ៉ូ​ ​ ដោយនាំគ្នា​លក់ប្រាក់អឺរ៉ូ​ចេញ​នៅ​ពេលនេះ​ ​ ធ្វើឲ្យ​ប្រាក់អឺរ៉ូ​ធ្លាក់​ចុះថ្លៃ​ខ្លាំង​ ​ គ្រាន់តែ​កាលពី​ម្សិលមិញ​តម្លៃ​ប្រាក់​អឺរ៉ូ​បាន​បាត់បង់​តម្លៃ​របស់​ខ្លួន​ដល់ទៅ​ជាង២%​ទៅហើយ​ ​ ហើយ​ពួកគេ​នឹង​នាំគ្នា​ទិញយក​ប្រាក់​អឺរ៉ូ​មកវិញ​នៅពេល​ដែល​តម្លៃ​ប្រាក់​អឺរ៉ូ​ធ្លាក់ដល់​បាត​បាដាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ