អានតួអត្ថបទ
ក្រិក

ប្រទេស​ក្រិក​ត្រូវ​ជ្រើសរើស​ឲ្យ​បាន​លឿន​​ថា នៅ​ឬ​ចេញ​ ពី​តំបន់​អឺរ៉ូ

សេណារីយោ ក្រិក ប្រទេស​ជា​សមាជិក​មួយ ដើរ​ចេញ​ពី​​តំបន់​អឺរ៉ូ ហាក់​ដូច​ជា​ត្រូវ​បាន​លើក​ឡើង​កាន់​តែ​ច្បាស់​ទៅៗ ជា​លើក​ទី​មួយ​។ ល្ងាច​មិញ នៅ​ទីក្រុង​កាន ប្រទេស​បារាំង មុន​ពេល​ជំនួប​កំពូល​ហ្សេ-២០ បើក​ជា​ផ្លូវការ លោក​ប្រធានាធិបតី​បារាំង  និង​លោក​ស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​​កោះ​ហៅ​លោក​នាយក​រដ្ឋមន្ត្រី​ក្រិក ហ្សក ប៉ាប៉ង់ដ្រេអ៊ូ ដែល​មាន​ជំហរ​មិន​ច្បាស់​លាស់​ មក​ព្រមាន។

លោក​នាយក​រដ្ឋមន្ត្រី​ក្រិក George Papandreou
លោក​នាយក​រដ្ឋមន្ត្រី​ក្រិក George Papandreou REUTERS/Thierry Roge
ផ្សាយពាណិជ្ជកម្ម

ជា​ជំនួប​​ក្រៅ​ផ្លូវការ ដែល​ប៉ារីស និង​ប៊ែរឡាំង បាន​គំរាម​និងដាក់​កំហិត​ដល់​ប្រទេស​ក្រិក​ ឲ្យ​​បង្ហាញ​ពី​ជំហរ​ច្បាស់​លាស់​ និង​ ​ឲ្យ​បាន​លឿន​បំផុត អំពី​ចេតនា​ចង់ ឬ​មិន​ចង់​​ចេញ​ពី​តំបន់​អឺរ៉ូ។ ជា​ការ​ឆ្លើយ​តប ​​ លោក​នាយក​រដ្ឋមន្ត្រី​ក្រិក​បាន​សម្រេច​ប្រកាស​លើក​ពេល​ធ្វើ​​ប្រជាមតិ មក​​ថ្ងៃ​ទី​៤​ធ្នូវិញ។ ​ ប៉ុន្តែ នៅ​ព្រឹក​មិញ​នេះ រដ្ឋមន្ត្រី​ក្រសួង​​ហិរញ្ញវត្ថុ​ក្រិក​បាន​សម្តែង​ការ​ប្រឆាំង​នឹង​ការ​ធ្វើ​ប្រជាមតិ​ស្តីពី​ការ​ចង់​ដក​ខ្លួន​ពី​តំបន់​​អឺរ៉ូ។



ការ​រារែក​ដែលធ្វើ​ឲ្យ​តំបន់​អឺរ៉ូ​ទាំង​មូល​ជួប​នឹង​ភាព​ច្របូក​ច្របល់ ត្រូវ​តែ​បញ្ចប់ ! ប្រទេស​ក្រិក​ត្រូវជ្រើសរើស​ឲ្យ​បាន​​ច្បាស់​លាស់ និង​លឿន​បំផុត ថា​ “ចង់នៅ​ចាយ​​​ប្រាក់​អឺរ៉ូ​​ទៀត ឬ​ក៏​ទេ !” នេះ​ជា​សារ​​ដ៏ម៉ាត់ប្រៃ​របស់​ប្រមុខ​​រដ្ឋបារាំង លោក នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) និង​ប្រមុខ​រដ្ឋាភិបាល​ ​អាល្លឺម៉ង់​លោកស្រី អង់ហ្គឺឡា មែរគែល (Angela Merkel) ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​ក្រិក​។

​ប្រសិន​បើ​ក្រិក ដើរ​ចេញ​ពី​អឺរ៉ូ​មែន ​វា​អាច​បង្ក​ឲ្យ​ស្ថានភាព​ក្នុង​តំបន់​ធ្លាក់​ធ្ងន់ធ្ងរ​កាន់​តែ​ខ្លាំង ប៉ុន្តែ​ប៉ារីស និង​ប៊ែរឡាំង​ គោរព​សេចក្តី​សម្រេច​ចិត្ត​របស់​ប្រជាពលរដ្ឋ​ក្រិក ហើយ​មិន​បោះបង់​អឺរ៉ូ​ចោល​ជា​ដាច់​ខាត។ នេះ​ជា​ការ​ប្រកាស​បញ្ជាក់​របស់​លោកស្រីប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​។

ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប បាន​ជួយ​ស្រោចស្រង់​​ក្រិក​អស់​រយៈពេល​១៨​ខែ​មក​ហើយ តែ​ក្រិក​ខ្លួន​ឯង ​អល់អែក​ពុំ​ព្រម​​ធ្វើ​កំណែទម្រង់​​ចាំ​បាច់​ ដើម្បី​ស្តារ​កំណើន​សេដ្ឋកិច្ច​ជាតិ​​ទេ។ ដូច្នេះ សម្រាប់​បារាំង និង​អាល្លឺម៉ង់ ទង្វើ​របស់​ក្រិក​បែប​នេះ​មិនអាច​​​អនុគ្រោះ​បាន​ទៀត​ឡើយ ព្រោះ​វាអាច​នឹង​​​ធ្វើ​ឲ្យ​​ប្រាក់​អឺរ៉ូ​ ស្គាល់​អស្ថិរភាព​។

បើ​នៅ​តែ​មាន​​មន្ទិល មិន​ដឹង​ពី​លទ្ធផល​នៃ​ប្រជាមតិ និង​គ្មាន​ការ​អនុម័ត​ផែន​ការ​ត្បិតត្បៀត​​ប្រឆាំង​នឹង​វិបត្តិ​បំណុល​ជាតិ​ទេ សហភាព​អឺរ៉ុប​នឹង​មិន​ផ្តល់​ប្រាក់​ជំនួយ ​ដល់​ក្រិក សូម្បី​តែ​មួយ​សេនក៏​គ្មាន​ដែរ។ នេះ​ជា​ការ​ព្រមាន​របស់​លោក​ នីកូឡា សាកូហ្ស៊ី ព្រោះ​បើ​ជា​សមាជិក​អឺរ៉ូ ត្រូវ​គោរពនិង​អនុវត្ត​​វិន័យ​របស់​តំបន់។

លោក​នាយក​រដ្ឋមន្ត្រី​ក្រិក​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ ជាង​ពេល​ណាៗ​ទាំង​អស់ ព្រោះ​ហិប​រដ្ឋ​នឹង​ត្រូវ​រលីង​ស្អាត​ក្នុង​រយៈ​ពេលមួយ​ខែ​ទៀត​នេះ ឯកញ្ចប់​ប្រាក់​កម្ចី​៨ពាន់​លាន​អឺរ៉ូ ក្នុងក្រប​ខ័ណ្ឌ​ផែនការ​សង្គ្រោះ​ក្រិក​១១០​ពាន់​លាន​ ត្រូវ​អឺរ៉ុប​ផ្អាប់​ទុក​វិញ៕​​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ