អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

តម្លាភាព និង​ភាព​ជា​ដៃ​គូ​ គឺ​ជា​ស្នូល​នៃ​ដំណោះ​ស្រាយ​បញ្ហា​ដី​ធ្លី​

ចុះផ្សាយ​នៅ​ថ្ងៃ៖

របាយការណ៍​ និង​ការវាយតម្លៃផ្សេងៗ​របស់​រដ្ឋាភិបាល​ និង​អង្គការ​សង្គម​ស៊ីវិល​ទាក់ទង​នឹង​បញ្ហាដីធ្លី​បានបង្ហាញ​ពី​ស្ថាន​ភាព​ផ្ទុយគ្នា​ស្រឡះ។ ខណៈដែល​អង្គការ​សង្គម​ស៊ីវិល​បាន​បង្ហាញ​​របាយ​ការណ៍​នៃ​ការកើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នៃ​ការរំ​លោភ​ដីធ្លី រដ្ឋាភិបាល​បាន​បញ្ចេញ​របាយ​ការណ៍​ដែល​បង្ហាញ​ពី​ជោគជ័យ​គួរ​ឲ្យ​រីករាយ​នៃ​គោលនយោបាយ​ដោះស្រាយ​​ទំនាស់​ដីធ្លី។ បញ្ហា​តែមួយ​ ប៉ុន្តែ ម្ខាង​បង្ហាញ​ស និង​ម្ខាង​ទៀត​បង្ហាញ​ខ្មៅ នេះ​សបញ្ជាក់​អំពី​កង្វះ​ភាពជា​ដៃគូ​រវាង​ភាគី​ពាក់ព័ន្ធ​ដែល​ធ្វើការ​ក្នុង​វិស័យ​តែមួយ។ ដូច្នេះ មានតែ​តម្លាភាព ​និង​កិច្ចសហការ​ក្នុងនាម​ជា​ដៃគូ​ទេ ​ទើប​អា​ចរក​ការពិត​ឃើញ។  

ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែរក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមក
ពលរដ្ឋ​សហគមន៍​បុរីកីឡា​អ្នកភូមិបឹងកក់​និង​សហគមន៍​៣៤៧​​ដង្ហែរក្បួន​យកញត្តិ​ដាក់ជូន​លោកនាយករដ្ឋមន្រ្តី​ឲ្យជួយអន្តរាគម​ន៍ក្នុងជម្លោះដីធ្លីរ៉ាំរ៉ៃនាពេលកន្លងមក RFI/Ly Meng Hour
ផ្សាយពាណិជ្ជកម្ម

ជម្លោះដីធ្លី​ជា​បញ្ហា​ស្លាប់​រស់​មួយ​ក្នុងចំណោម​កិច្ចការ​ចាំបាច់​ជាច្រើន​ទៀត​ដែល​ត្រូវ​ដោះ​ស្រា​យ​។ នេះ​ជា​ទស្សនៈ​រួម​ដែល​ទាំង​រដ្ឋាភិបាល​ទាំង​សង្គម​ស៊ីវិល​យល់ស្រប​គ្នា។ ប៉ុន្តែ ការវាយ​តម្លៃ​ទៅលើ​លទ្ធផល​បែរជា​ផ្ទុយគ្នា​ស្រឡះ​ទៅវិញ។ ទាំង​អង្គការ​លីកាដូ ទាំង​អាដហុក សុទ្ធតែ​បានបង្ហាញ​ពី​ពី​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហាដីធ្លី។ បរាជ័យ​ដោយ​ហេតុ​ថា ជម្លោះដីធ្លី​មិនបាន​ស្រកស្រុត តែ​បែរជា​កើនឡើង​ទៅវិញ ហើយ​ភាគច្រើន​នៃ​ទំនាស់​មាន​ពាក់ព័ន្ធ​ជាមួយ​រដ្ឋ​និង​ភ្នាក់ងារ​របស់​រដ្ឋ។

 ប៉ុន្តែ បើ​ពិនិត្យមើល​របាយការណ៍​របស់​ក្រសួង​ជំនាញ​វិញ ស្ថានភាព​ដីធ្លី​ខុសស្រឡះ​ពី​របាយ​ការណ៍​សង្គម​ស៊ីវិល។ ក្រសួង​ដែនដី​បាន​បញ្ជាក់ថា ទំនាស់​ដីធ្លី​នៅ​កម្ពុ​ជាមាន​តិចតួច​បើ​ធៀប​នឹង​ប្រទេស​ផ្សេង​ពោលគឺ​មានតែ៣ឬ៤ឬ​យ៉ាង​ច្រើនណាស់៨ករណី​ក្នុង១០០០ ក្បាលដី​ឬ​តិច​ជាង១ភាគរយ។ រីឯ​ទំនាស់​ភាគច្រើន​ជា​បញ្ហា​ព្រំប្រទល់​ដី​និង​ជា​ទំនាស់​រវាង​បុគ្គល​ឯកជន​និង​ឯកជន​តែប៉ុណ្ណោះ។ ភាគច្រើន​លើសលប់​នៃ​ទំនាស់​ទៀតសោត​ត្រូវបាន​ដោះស្រាយ​រួចរាល់។ ការចង្អុល​មុខ​គ្នា​រវាង​រដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​ជា​រឿង​មួយ ប៉ុន្តែ ការពិត​នៅតែ​ជាការ​ពិត​ដដែល​ដោយ​គ្មាន​អ្នកណា​អាច​កាឡៃ​បានឡើយ។

ជាការ​ពិតណាស់ ជោគជ័យ​ក្នុងការ​ដោះស្រាយ​ជម្លោះដីធ្លី​ពិតជា​មាន ប៉ុន្តែ បញ្ហាដីធ្លី​ក៏​នៅតែ​ជា​បច្ចុប្បន្នភាព​ក្តៅ​នៅឡើយ ហើយ​មាន​បញ្ហា​ជាច្រើន​បានអូសបន្លាយ​យូរ​ឆ្នាំ​មកហើយ​ដោះ​ស្រាយ​មិន​ចេញ។ ដោយ​មិនចាំបាច់​និយាយ​ដល់​បញ្ហា​ជាច្រើន​នៅតាម​បណ្តា​ខេត្ត សំណុំរឿង​បឹងកក់​និង​បូរី​កីឡា​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ជា​ឧទាហរណ៍​ជាក់ស្តែង​បំផុត។ ហេតុអ្វី​បានជា​បញ្ហា​នេះ​ដោះស្រាយ​មិន​ចេញ? សំណួរ​នេះ​ក៏​អាច​ឆ្លុះបញ្ចាំង​បាន​នូវ​ករណី​ស្រដៀង​គ្នា​ជា​ច្រើ​ន​​​​ទៀត​នៃ​ទំនាស់​ដីធ្លី​ដែល​ពិបាក​ដោះស្រាយ។

មាន​បញ្ហា​ច្រើនយ៉ាង​ដែល​គេ​អាច​ពន្យល់បាន​អំពី​ភាពស្មុគស្មាញ​នៃ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា។ បញ្ហាសំខាន់​ទី១ដែល​មិនអាច​មើលរំលង​បាន​គឺ​ប្រវត្តិ​នៃ​ការកាន់កាប់​ដីធ្លី​នៅ​កម្ពុជា​នៅក្រោយ​របប​ខ្មែរក្រហម។ ចេញពី​របប​មួយ​ដែល​មនុស្ស​គ្មាន​កម្មសិទ្ធិ​អ្វី​ទាំងអស់ ពលរដ្ឋ​ខ្មែរ​ក្រោយ​ឆ្នាំ ១៩៧៩ ប្រៀបបាន​នឹង​មនុស្ស​ដែល​ទើប​ចាប់កំណើត​ថ្មី​នៅលើ​ផែនដី​ដែលម្នាក់ៗអាច​រស់នៅ​ទីណា​ក៏បាន។ នេះ​ជា​ឫសគល់​នៃ​បញ្ហាដីធ្លី​ដែល​មិនអាច​ប្រកែក​បាន។

បន្ទាប់មកទៀត ការអភិវឌ្ឍន៍​ដែល​ខ្វះ​តម្លាភាព​ក៏បាន​ចូលរួមចំណែក​ធ្វើ​ឲ្យ​បញ្ហា​កាន់តែ​ស្មុគ​ស្មាញ​ថែមទៀត។ នៅពេលដែល​ប្រទេសជាតិ​ឈានដល់​ដំណាក់កាល​នៃ​ការអភិវឌ្ឍ ពលរដ្ឋ​ខ្មែរ​មួយចំនួន​បែរជា​រងគ្រោះ​ព្រោះ​បាត់បង់​ផ្ទះសម្បែង​និង​ដីស្រែ​ចម្ការ​ដែលជា​ដង្ហើម​រស់​របស់​ខ្លួន​ដោយសារ​ការបណ្តេញចេញ​ដោយ​គ្មាន​សំណង​សមរម្យ។ សំណង​មិន​សមរម្យ​គឺជា​លទ្ធ​ផល​​នៃ​ការឃុបឃិត​ដើម្បី​ផលប្រយោជន៍​រវាង​អាជ្ញាធរ​ឬ​អ្នកមានអំណាច​ជាមួយ​ក្រុមហ៊ុន។ មាន​​ករណីខ្លះ​ការឃុបឃិត​មាន​កម្រិត​ខ្ពស់​ហួស​ពី​សមត្ថកិច្ច​របស់​អាជ្ញា​ធរ​ទៅទៀត។ ក្នុង​ករ​ណី​នេះ បញ្ហា​មិនអាច​ដោះស្រាយ​បានទេ​ពីព្រោះ​សមត្ថកិច្ច​ស្ថិតក្នុង​ស្ថានភាព«លេប​ស្លាក់​ខ្ជាក់​ស្លែង»។   

ម្យ៉ាងទៀត នៅពេលដែល​ដី​មានតម្លៃ​ដូច​មាស ក្រុម​អ្នកមាន​លុយ​និង​មានអំណាច​មួយចំនួន​ក៏​ផ្តើម​វាត​យក​ដី​ឬក៏​ទិញ​ដី​ពី​អ្នកក្រ​ក្នុងតម្លៃ​ថោក​ដោយ​ប្រើ​គំនាប​និង​ល្បិចកលផ្សេង។ ពួកគេ​ច្រើនតែ​ឃុបឃិត​គ្នា​លួច​ធ្វើ​ប្លង់ស្ងាត់ៗដើម្បី​ធ្វើជា​ភស្តុតាង​ប្តឹងទៅ​តុលាការ។ ដោយ​ការមិន​សុខចិត្ត ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ក៏​នាំ​លើកគ្នា​តវ៉ា។ ក៏មានដែរ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ធ្វើ​ចំណាកស្រុក​ហើយ​ចាប់យក​ដី​ទំនេរ​ធ្វើជា​កម្មសិទ្ធិ។ ប៉ុន្តែ ទោះជា​យ៉ាងនេះ​ក៏ដោយ ពលរដ្ឋ​
ខ្មែរ​គ្រប់គ្នា​មាន​សិទ្ធិ​ទទួលបាន​ដី​កម្មសិទ្ធិ ហើយ​រដ្ឋ​មាន​កាតព្វកិច្ច​ផ្តល់ជូន​ពួកគេ។

ឥឡូវនេះ រដ្ឋាភិបាល​កំពុង​ពុះពា​រដោះ​ស្រាយ​បញ្ហាដីធ្លី​ដ៏​ស្មុគស្មាញ​នេះ ចំណែក​អង្គការ​សង្គ​ម​​ស៊ីវិល​ក៏បាន​បង្ហាញ​ភាព​សកម្ម​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​ដូចគ្នា​ដែរ។ ដូច្នេះ អ្វីដែល​នៅ​សេសសល់​គឺ​ការរក​ឲ្យ​ឃើញ​ភាពជា​ដៃគូ​រវាង​ភាគី​ទាំងពីរ​តែប៉ុណ្ណោះ។ ការដាក់​បញ្ហា​លើ​តុ ហើយ​រួមគ្នា​ដោះស្រាយ​ដោយ​តម្លាភាព​និង​ដោយ​គ្មាន​គំនាប​ពី​អ្នកមាន​ឥទ្ធិពល គឺជា​ផ្លូវ​តែ​មួយ​គត់​ដើម្បី​ឈានទៅ​លុបបំបាត់​បញ្ហាដីធ្លី​នៅ​កម្ពុជា​ដែល​គ្រប់គ្នា​អាច​ទទួលយកបាន។

សូម​​កុំភ្លេចថា «ដំរី​ស្លាប់​មិនអាច​យក​ចង្អេរ​បាំង​បានឡើយ»។ យ៉ាងណាមិញ បញ្ហាដីធ្លី​មិន​អាច​​លាក់បាំង​ពី​ភ្នែក​មហាជន​បានទេ។ ប្រសិនបើ​បញ្ហា​មិន​ត្រូវបាន​ដោះស្រាយ​ឲ្យ​ជ្រះ​ស្រ​ឡះ​​ទេនោះ ផលវិបាក​នឹង​ធ្លាក់​ទៅលើ​រដ្ឋាភិបាល​វិញ​តែ​ដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ