អានតួអត្ថបទ
កម្ពុជា

រដ្ឋា​ភិបាល​បដិ​សេធរ​បាយ​ការណ៍​ដី​ធ្លី​របស់​លីកាដូ

រដ្ឋា​ភិបាល​តាម​រយៈ​ក្រសួង​រៀបចំ​ដែនដី​នគ​រូប​នីយកម្ម​និង​សំណង់​បាន​បដិសេធ​ចោល​របាយ​ការណ៍​របស់​អង្គការ​លីកាដូ​ដែល​រក​ឃើញ​ថា ចំនួន​អ្នក​រង​គ្រោះ​ដោយ​បញ្ហា​ដីធ្លី​នៅ​កម្ពុជា​កើន​លើស​ពី​កន្លះ​លាន​នាក់។ នៅ​ក្នុង​សន្និសីទ​កាសែត​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ​ក្រសួង​ដែល​ទទួលបន្ទុក​គ្រប់​គ្រង​ដីធ្លី​មួយ​នេះ​បាន​អះ​អាង​ថា ទំនាស់​ដី​ធ្លី​នៅ​កម្ពុជា​មាន​ចំនួន​តិច​តួច​ប៉ុណ្ណោះ ហើយ​ទំនាស់​ជាច្រើន​ត្រូវបាន​ដោះស្រាយ​ក្រោម​គោល​នយោបាយ​កំណែ​ទម្រង់​របស់​រដ្ឋាភិបាល។

លោក លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម (រូបកណ្តាល)
លោក លឹម វាន់ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម (រូបកណ្តាល) @RFI
ផ្សាយពាណិជ្ជកម្ម

ផ្ទុយ​ពី​អង្គការ​លីដា​ដែល​បាន​ហៅ​គោលនយោបាយ​កំណែទម្រង់​ដីធ្លី​របស់រ​ដ្ឋា​ភិ​បាល​ថា​ជា​បរាជ័យ​នោះ មន្ត្រី​រដ្ឋាភិបាល​បាន​អះអាង​នៅថ្ងៃនេះ​ថា កំណែទម្រង់​ដីធ្លី​របស់​ខ្លួន​បានទទួល​ជោគជ័យ​យ៉ាង​ធំធេង។ លោក លឹម វាន់ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា គិត​មកដល់ពេលនេះ ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ចំនួន​ជាង ៣,៤ លាន​ប័ណ្ណ​ត្រូវបាន​ចែកជូន​ប្រជាពលរដ្ឋ។

 
ការចែក​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ទាំងនោះ​ធ្វើឡើង​តាមរយៈ ការចុះបញ្ជី​ជា​លក្ខណៈ​ប្រព័ន្ធ​ផង តាមរយៈ​បទបញ្ជា ០១ ផង និង​តាមរយៈ​ការចុះបញ្ជី​ដែលមាន​លក្ខណៈ​ដាច់​ដោយ​ដុំ​ផង។ លោក​រដ្ឋា​លេខាធិការ​បញ្ជាក់ទៀតថា ទំនាស់​ដីធ្លី​ដែល​កំពុង​កើតមាន​ភាគ​ច្រើ​ជា​ទំនាស់​ព្រំដី ចំណែក​ទំនាស់​ដណ្តើម​កម្មសិទ្ធិ​គ្នា​រវាង​ដីឯកជន​និង​ឯកជន​ក៏មាន​ចំនួន​តិចតួច​ដែរ។

ការបង្ហាញ​របាយការណ៍​ទាំងនេះ​បានធ្វើ​ឡើង​បន្ទាប់ពី​អង្គការ​លីកាដូ​បានចេញ​របាយការណ៍​កា​លពី​ថ្ងៃទី០១មេសា​ដែល​បង្ហាញថា គិត​មក​ត្រឹម​ខែ​មិនា​ឆ្នាំ ២០១៤ នេះ ចំនួន​គ្រួសារ​ដែល​រងគ្រោះ​ដោយសារ​ជម្លោះដីធ្លី​ដែល​ពាក់ព័ន្ធ​នឹង​រដ្ឋ​ក៏ដូចជា​ភ្នាក់ងាររដ្ឋ​នៅបាន​កើនឡើង​លើស​កន្លះ​លាន​នាក់​ហើយ។ របាយការណ៍​អង្គការ​លីកាដូ​បន្តថា ជម្លោះដីធ្លី​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល ១៣ ឆ្នាំ​កន្លងទៅនេះ ជាពិសេស រលក​នៃ​ការរំលោភ​ដីធ្លី ដែលមាន​អំពើហិង្សា​ផង​បាន​ផ្ទុះឡើង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ២០១៤  ដែល​បាន​បង្ក​ផលប៉ះពាល់​អាក្រក់​ដល់​ប្រជាពលរដ្ឋ​ជាង ២០០០ គ្រួសារ​នៅ​ស្ទើរ​គ្រប់​ខេត្ត។

កំណើន​ករណី​រំលោភ​ដីធ្លី​ត្រូវបាន​អង្គការក្រៅរដ្ឋាភិបាល​មួយ​នេះ​ហៅ ថា​ជា​បរាជ័យ​របស់​រដ្ឋាភិបាល​ក្នុងការ​ដោះស្រាយ​បញ្ហា​ដែល​កំពុង​បន្ត​កើតមាន​ទាំងនោះ។ ប៉ុន្តែ លោក សរ សុវណ្ណ រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​បាន​ច្រានចោល​ទាំងស្រុង​ការវាយតម្លៃ​នេះ។ លោក​បាន​ហៅ​របាយការណ៍​របស់​អង្គការ​លីកាដូ​ថា​លម្អៀង​ដែល​មិន​ឆ្លុះបញ្ចាំង​ការពិត​ទេ។ លោក សរ សុវណ្ណ បញ្ជាក់ទៀតថា នៅ​កម្ពុជា​ទំនាស់​ដីធ្លី​មាន​តិចតួច​បំផុត​ពោល​គឺមាន​ត្រឹមតែ៣ឬ៤ករណី​ប៉ុណ្ណោះ​ក្នុង១០០០ ក្បាលដី​ឬ​មិន​ដល់១ភាគរយ​ផង។

លោក​រដ្ឋលេខាធិការ​ក៏បាន​ស្តីបន្ទោស​អង្គការក្រៅរដ្ឋាភិបាល​ដែល​ធ្វើការ​ពាក់ព័ន្ធ​បញ្ហាដីធ្លី​ថា​មិនបាន​ផ្តល់​កិច្ចសហការ​ល្អជា​មួយ​ក្រសួង​ជំនាញ​ឡើយ។ ទោះបីជា​បដិសេធ​មិន​ទទួលយក​ព័ត៌មាន​ក្នុង​របាយការណ៍​របស់​លីកាដូ ប៉ុន្តែ លោក ស សុវណ្ណ បាន​បញ្ជាក់ថា ក្រសួង​អាច​យក​របាយការណ៍​នេះ​មក​សិក្សា ហើយ​ត្រៀមខ្លួន​ពិភាក្សាគ្នា​ដោយ​តម្លាភាព​ជាមួយ​សង្គម​ស៊ីវិល​ដើម្បី​ឈានទៅ​ដោះស្រាយ​បញ្ហាដីធ្លី​ដែល​អាច​ទទួលយកបាន​ទាំងអស់គ្នា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ